​ខេត្តតាកែវ បើក​វគ្គ​ប្រកួត​កីឡា​កម្រង​សិស្ស មធ្យមសិក្សា ជ្រើសរើស​ជើងឯក ប្រចាំឆ្នាំ ២០១៧-២០១៨

991
ចែករម្លែក

ដោយ​៖ តាកែវ
​តាកែវ​៖ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាកែវ បាន​បើក​ការប្រកួត​កីឡា សិស្ស​មធ្យ​សិក្សា​ជ្រើសរើស ជើងឯក​ទូទាំង​ខេត្ត នៅ​ទីលាន​បាល់ទាត់ មជ្ឈមណ្ឌល​គរុកោសល្យ ភូមិភាគ​តាកែវ នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នេះ ។

​លោក ឡោ វី​រិ​ទ្ធ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាកែវ បាន​មានប្រសាសន៍ ក្នុង​ពិធី​បើក​ការប្រកួត​នេះ​ថា ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​មកនេះ វិស័យ​កីឡា កំពុងតែ​ផុលផុស​ខ្លាំង នៅក្នុង​ទឹកដី នៃ​ខេត្តតាកែវ ទាំង​អ្នកលេង និង​អ្នកគាំទ្រ​។​

​លោក ឡោ វី​រិ​ទ្ធិ បាន​បន្តថា ឥទ្ធិពល​នៃ​វិស័យ​កីឡា បាន​បម្រើ​ជា​ផលប្រយោជន៍ ដល់​មនុស្ស និង​សង្គមជាតិ​ទូទៅ ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឋានៈ​ក្នុងសង្គម​អ្វី​ឡើយ​។ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវតែ​លើកទឹកចិត្ត ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​លេង​កីឡា ដោយ​ចាត់ទុក​វិស័យ​កីឡា ជា​សេវា​បម្រើ​មនុស្សជាតិ ដែល​ក្នុងនោះ ត្រូវ​ធានា​ឱ្យបាន​នូវ គោលការណ៍​យុត្តិធម៌ ក្នុង​ការលេង​កីឡា ហ្វែ​រ ផ្លេ (fair play) ។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស ជាពិសេស​យុវជន និង​កុមារា កុមារី គាំទ្រ​លើ​វិស័យ​កីឡា ទាំងអស់គ្នា ដោយ​ចូលរួម​លេង​កីឡា ដើម្បី​មិត្តភាព សុខភាព និង​ឆ្លើយ​ទេ ចំពោះ​គ្រឿងញៀន ។

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ការប្រកួត​កីឡា កម្រង​សិស្ស​មធ្យមសិក្សា​នេះ គឺមាន​វិញ្ញាសា ចំនួន ៤ រួមមាន បាល់ទាត់​បុរស ចំនួន ១០​ក្រុម នារី​ចំនួន ៧ ក្រុម បាល់ទះ​បុរស​ចំនួន ១០​ក្រុម និង​បាល់ទះ​នារី ចំនួន ៦​ក្រុម បាល់បោះ​បុរស​ចំនួន ៤​ក្រុម និង​បាល់​បោ នារី ចំនួន ៣​ក្រុម​។ ចំណែក​វិញ្ញាសា ចុងក្រោយ គឺ​វិញ្ញាសា​ប៉េតង់ បុរស​នារី ដែល​នៅ​គ្រប់​វិញ្ញាសា​ទាំងអស់នេះ មាន​កីឡាករ កីឡាការិនី ចំនួន សរុប​ចំនួន ៦៨៤​នាក់ ៕​V

បើកវគ្គប្រកួតកីឡាកម្រងសិស្សមធ្យមសិក្សា(wrapped)