​ខេត្តបាត់ដំបង​នឹងមាន​សង្ក្រាន្ត​កាន់តែ​ធំ​និង​ទាក់ទាញ​ខ្លាំង​ជាង​មុន

722
ចែករម្លែក
  • 40
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ឆ្នាំមុន​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​និង​ទទួលបាន​អ្នកចូលរួម​មិនតិចជាង​៧​ម៉ឺន​នាក់​នោះទេ​។​សម្រាប់​ឆ្នាំនេះ​សង្ក្រាន្ត​បាត់ដំបង​នឹង​កាន់តែ​ធំ​និង​កាន់តែ​ទាក់ទាញ​ខ្លាំង​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​បន្ថែមទៀត​។

​សង្ក្រាន្ត​បាត់ដំបង​លើក​ទី​១ ត្រូវបាន​រៀបចំឡើង​ដោយ សហភាព​ស​ហ័​ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត បាត់ដំបង ជាមួយនឹង​ការ​សាទរ​អបអរ​ខ្លាំង​។ ព្រោះតែ​ព្រឹត្តិការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គី និង​ភាពសម្បូរ​សប្បាយ​របស់​ប្រជាជន​រស់នៅ​លើទឹក​ដី​ខេត្តបាត់ដំបង​។

​ព្រឹត្តិការណ៍​កន្លងទៅ​ក៏បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ជាច្រើន​ទាំងពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ផ្ទាល់​ខេត្ត​នានា​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផងដែរ​។​គេ​ចាំបាន​មាន​សិល្បករ​ខ្មែរ​ល្បីៗ​ជាច្រើន​នាក់​បូករួម​ទាំង​សិល្បករ​ចិន​បាន​បង្កើត​បរិយាកាស​កា​ន់​តែ​សប្បាយរីករាយ​។

​អ្វីដែល​គេ​ចាប់អារម្មណ៍​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​ការកសាង​ខ្លោងទ្វារ​ដ៏​ស្រស់ស្អាត​ទាក់ទាញ ពិសេស​រូប​ផ្លែ​ម្នាស់​និង​ពោត​យក្ស​។​នៅមាន​តំបន់​កម្សាន្ត​ជាច្រើន​អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​ពី​មហាជន​ឲ្យ​ចូលរួម​ទស្សនា​ចូលរួម​លេង​កម្សាន្ត​និង​ភ្លក់​រសជាតិ​អាហារ​ប្រចាំ​តំបន់​ជាច្រើន​របស់​ខេត្តបាត់ដំបង​។ កម្មវិធី​នេះ​ប្រមូលផ្តុំ​រៀបចំ​បង្ហាញ​អំពី​សាសនា ល្បែង​ប្រជាប្រិយ ប្រពៃណី​ទំនៀមទម្លាប់ ជីវភាព​រស់នៅ តំបន់​ទេសចរណ៍ របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​មួយ​នេះ​ទៅកាន់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។

​សម្រាប់​ឆ្នាំ​២០១៩​នេះ​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​គ្រោង​នឹង​បង្កើត​ព្រឹត្តិការណ៍​ទាក់ទាញ​ជាច្រើន​ទៀត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៦​ខែមេសា​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​។​

គោលបំណង​សំខាន់​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​បង្កើន​សកម្មភាព​ទាកទាញ បង្ក​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​នាឱកាស​ចូលឆ្នាំថ្មី​ខាងមុខ​។ ក្នុងឱកាស​នោះដែរ​ក៏​នឹងមាន​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ទ្រង់ទ្រាយ​ធំ​នឹង​ត្រូវបាន​ធ្វើឡើង​ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ Nice TV ផងដែរ​។

​គួរ​បញ្ជាក់ដែរថា​ការបង្កើត​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​ឆ្នាំ​២០១៩​នេះ​ក៏​ស្របតាម​ការចង់បាន​ពី​សំណាក់​មហាជន​ជាច្រើន​ព្រោះតែ​ជា​កម្សាន្ត​សប្បាយ​ជួបជុំ​ដូចគ្នានេះ​បន្តទៀត​នៅ​ឆ្នាំក្រោយ​ព្រោះ​ជា​ឱកាស​ជួបជុំ​កម្សាន្ត​សប្បាយ រិត​ចំណងមិត្តភាព ការឆ្លុះបញ្ចាំង និង​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​៕S/​

#