​ខេត្តសៀមរាប​ឆ្នាំ​២០១៨​នេះ​ទូក​.​ង​.​បុរស​និង​ទូក​នារី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១

1224
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​ទូក​.​ង​.​បុរស​ឈ្មោះ​មហា​កោសា​មានជ័យ​និង​ទូក​នារី​ឈ្មោះ​ហង្ស​ច័ន្ទ​មានជ័យ​បារមី​មហានគរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​ការប្រណាំង​ទូក​-​ង​នៅ​ខេត្តសៀមរាប​ឆ្នាំ​២០១៨​នេះ​។

មានប្រសាសន៍​ក្នុងឱកាស​បិទ​ការប្រណាំង​ទូក​-​ង កាលពី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​ប្រធាន​អនុគណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ការប្រណាំង​ទូក​-​ង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ឆ្លងកាត់​ការប្រកួតប្រជែង​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ បាន​រកឃើញថា ទូក​បុរស​ឈ្មោះ មហា​កោសា​មានជ័យ គាំទ្រ​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត វត្ត​ព្រះ​ឥ​ន្ធ​កោសា​ប្រជាពលរដ្ឋ​ភូមិ​បឹង​ដូន​ប៉ា​និង​សាកលវិទ្យាល័យ​យូ​ស៊ី​។​

​ទូក​នារី​ឈ្មោះ​ហង្ស​ច័ន្ទ​មានជ័យ​បារមី​មហានគរ គាំទ្រ​ដោយ​សាខា​ពន្ធដា​ខេត្តសៀមរាប ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការប្រណាំង​ទូក​-​ង នៅ​ខេត្តសៀមរាប​ឆ្នាំ​២០១៨​នេះ ដែលមាន​ទូក​ចូលរួម​ទាំង​បុរស​និង​នារី​សរុប​ចំនួន​៣៣​ទូក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀត ទូក​ឈ្មោះ សូទ្រនិគម​សែន​ជ័យ​បារមី​តា​ពេជ្រ​ជា​ទូក​អុំ​ផ្នែក​បុរស គាំទ្រ​ដោយ​រដ្ឋបាល​ស្រុក​សូទ្រនិគម និង រដ្ឋបាល​ស្រុក​អង្គរធំ និង ទូក​ឈ្មោះ យាយ​ទេព​សំដែងរឹទ្ធិ ជា​ទូក​អុំ​ផ្នែក​នារី ។​គាំទ្រ​ដោយ​សាលាក្រុង​សៀមរាប ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ និង ទូក​ឈ្មោះ គ្រុឌ​មាស​តេ​ជោ​សែន​ជ័យ ជា​ទូក​អុំ​ផ្នែក​បុរស​គាំទ្រ​ដោយ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។​

​អង្គរជុំ​សែន​ជ័យ ជា​ទូក​អុំ​ផ្នែក​នារី គាំទ្រ​ដោយ​រដ្ឋបាល​ស្រុក​អង្គរជុំ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ រីឯ​ទូក​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ គឺ​ទូក​ឈ្មោះ ពាម​សាមគ្គី​សែន​ជ័យ ជា​ទូក​អុំ​ផ្នែក​បុរស គាំទ្រ​ដោយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត និង មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង ទូក​ឈ្មោះ គង់​ជ័យ​បារមី​ស្រី​ខ្ទុ​ម ជា​ទូក​អុំ​ផ្នែក​នារី គាំទ្រ​ដោយ​រដ្ឋបាល​ស្រុក​ជីក្រែង ។

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​បន្ថែមទៀត ទូក​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន​១ ទង់​ជ័យលាភី​១ និង ថវិកា​ចំនួន ៨ លាន​រៀល , ទូក​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ទង់​ជ័យលាភី​១ និង ថវិកា​ចំនួន ៥​លាន​រៀល , ទូក​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទង់​ជ័យលាភី​១ និង ថវិកា​ចំនួន ៣​លាន​រៀល និង ទូក​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ទង់​ជ័យលាភី​១ និង ថវិកា​ចំនួន ២​លាន​រៀល រីឯ​ទូក​បុរស និង​ទូក​នារី មិន​បានទទួល​ចំណាត់ថ្នាក់ នឹង​ទទួលបាន​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ក្នុង​មួយ​ទូកៗ ។​

​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ជា​ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​ដ៏​ធំ​បំផុត​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ ។​មាន​ច​រិ​ក​ជា​បេតិកភណ្ឌ​ជាតិ​អរូបី​យ ហើយ​មានតម្លៃ​សម្រាប់​ទ្រទ្រង់​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ តាមរយៈ​ការលើកកម្ពស់​តំលៃ​វប្បធម៌​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​រដ្ឋ​មួយ​ដ៏​ចំណាស់​ក្នុង​ប្រវត្តិសាស្ត្រ​។

​ធ្លាប់មាន​អារ្យធម៌​ល្បីល្បាញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះហើយ​ឧត្តមភាព​នៃ​វប្បធម៌​និង​ការផ្សព្វផ្សាយ​ព្រឹ​ត្ត​ការណ៍​នេះ​និង​បង្កើន​នូវ​ភាព​ទាក់ទាញ​ថ្មី​ថែមទៀត​ដល់​ភ្ញៀវ​ទេស​ជាតិ​អន្តរជាតិ​ឲ្យ​មក​ទស្សនា​ខេត្តសៀមរាប​ឲ្យ​កាន់តែ​ច្រើនឡើងៗ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​លោក​បាន​បន្តថា ថ្ងៃនេះ គឺជា​ថ្ងៃទី​ពីរ ហើយក៏​ជា​ថ្ងៃ​បញ្ចប់ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្រោយពី​បាន​ដំណើរការ​យ៉ាងសកម្ម និង​រស់​រវើក​អស់​រយៈពេល​ពីរ​ថ្ងៃ ប្រកបដោយ​ភាព​បាន​នូវ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​។

ក្នុងនាម​គណៈ​អភិបាល ក្រុមប្រឹក្សា​ខេត្ត និង ក្នុងនាម​គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៨ រូបលោក​សូម​ថ្លែង​នូវ​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​អង់អាច​ក្លាហាន ការខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​របស់​កីឡាករ កីឡាការិនី​ទាំងអស់។ ទាំង​កីឡាករ​ទូក​មិន​ឈ្នះ​ការប្រកួត ទាំង​កីឡាករ​ឈ្នះ​ការប្រកួត ក៏​នៅតែ​សម្តែង​ក្តី​សោមនស្ស​រីករាយ មោទនភាព​ទទួលយក​លទ្ធផល​ជាក់ស្តែង​តាម​ការរៀបចំ​ត្រឹមត្រូវ​និង​ឥត​លម្អៀង​របស់​អនុគណៈកម្មការ​បច្ចេក​ទេស​ដែល​ទាំងនេះ​ក៏​ជា​សក្ខីភាព​បញ្ជាក់​ឲ្យ​ឃើញថា​ប្រជាជាតិ​ខ្មែរ​យើង​ពិតជា​ម្ចាស់ នៃ​វប្បធម៌​ដែលមាន​វ័យ​ចំណាស់​រាប់ពាន់​ឆ្នាំ​មកហើយ​យ៉ាងពិត​ប្រាកដ​។

​លោក​បាន​បន្តទៀតថា ដោយ​ទីតាំង​ប្រារព្ធ​ពិធី​នៅ​ដងស្ទឹង​សៀមរាប ដែល​លម្អ​ដោយ ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ត្រកាល បាន​បង្កើន​ជាមួយគ្នានេះដែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម លោក​ឧកញ៉ា​លោកជំទាវ​លោកស្រី​អស់លោក​ដែល​បាន​ចែករំលែក​នូវ​ធនធាន​ផ្ទាល់ខ្លួន​ធ្វើ​អំណោយ​ឧបត្ថម្ភ ដោយ​ទឹកចិត្ត​សប្បុរស​ថ្លៃថ្លា​ជូន​ចំពោះ​គណៈកម្មការ​រៀបចំ​ពិធី និង មួយចំនួន​ជូន​ចំពោះ​កីឡាករ កីឡាការិនី​ដោយផ្ទាល់​គឺជា​ប្រភព​នៃ​ការលើកទឹកចិត្ត​ដ៏​ធំធេង​ក៏ដូចជា​ការជួយ​សម្រាល​បន្ទុក​ដល់​គណៈកម្មកា​រ​រៀបចំ ព្រះរាជ​ពិធីបុណ្យ ក៏ដូចជា​កីឡាករ កីឡាការិនី​បាន​មួយកម្រិត​ថែមទៀត ៕S/