​ខេត្តសៀមរាប​បេក្ខជន​ទទួលបាន​និទ្ទេស​A​ចំនួន​៣៨​នាក់​ក្នុង​លំដាប់​លេខ​២​ទូទាំងប្រទេស​

203
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ខេត្តសៀមរាប​មាន​បេក្ខជន​ទទួលបាន​និទ្ទេស​A​មាន​ចំនួន​៣៨​នាក់​ស្ថិតនៅ​លំដាប់​លេខ​២​បន្ទាប់ពី​រាជធានី​ភ្នំពេញ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ ខណៈ​ឆ្នាំ​២០១៨ ខេត្តសៀមរាប​មាន​ចំនួន ៣១ នាក់​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ យុវជន និង កីឡា ចុះ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ សម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា​ឆ្នាំ​២០១៩​នៅ​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស​A​ចំនួន​៣៨​នាក់​។​

​នៅ​ពីក្រោយ​រាជធានី​ភ្នំពេញ ដែលមាន​ចំនួន​១៤១ នាក់ ,​ខេត្តបាត់ដំបង ចំនួន ៣២ នាក់ , តាកែវ ចំនួន ២៩ នាក់ , កំពង់ចាម ចំនួន ២៧ នាក់ , ព្រៃវែង ចំនួន ២៧ នាក់ ,​បន្ទាយមានជ័យ​ចំនួន​២៥​នាក់​, កណ្តាល ចំនួន ២៣ នាក់ , កំពត​ចំនួន ២៣ នាក់ ,។ ត្បូងឃ្មុំ ចំនួន ១៥ នាក់ , កំពង់ធំ ចំនួន ១៨ នាក់ , ព្រះសីហនុ ចំនួន ១៣ នាក់ , ស្វាយរៀង ចំនួន ៨ នាក់ ,​ពោធិ៍សាត់​ចំនួន​៧​នាក់​,​កំពង់ឆ្នាំង​ចំនួន​៦​នាក់ , កំពង់ស្ពឺ ចំនួន ៦ នាក់ , ក្រចេះ​ចំនួន ៨ នាក់ , រតនគិរី ចំនួន​២​នាក់​,​កោះកុង​ចំនួន​ម្នាក់​,​មណ្ឌល​គី​រី ចំនួន​ម្នាក់​និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​ម្នាក់​។​

​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​បន្ថែមថា បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧៥.០៥២​នាក់ ត្រូវជា ៦៨,៦២​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​មាន​ចំនួន​៦៧,០៧​ភាគរយ​ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ៤០៨ នាក់ , និទ្ទេស B មាន ចំនួន ២.៤៣០ នាក់​។

ខណៈ​ឆ្នាំ​២០១៨ ចំនួន ២.២២២ នាក់ , និទ្ទេស C មាន​ចំនួន ៥.៨៤៧ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ៦.០៤១ នាក់ , និទ្ទេស D មាន​ចំនួន ១៤.១០០ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ១៥.១៨០ នាក់​,​និង​និទ្ទេស E មាន​ចំនួន ៥៦.២៣២ នាក់ ខណៈ​ឆ្នាំ​២០១៨ ចំនួន ៥២.១៨៣ នាក់ ។​

​សូមបញ្ជាក់ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ​នៅ​ខេត្តសៀមរាប​មាន​បេក្ខជន​សរុប​ចំនួន​៨.៤២៨​នាក់​។​ក្នុងនោះ​ស្រី​ចំនួន​៤.៦៨៩​នាក់​ហើយ​បេក្ខជន​ទទួលបាន​និទ្ទេស​A​មាន​ចំនួន​៣៨​នាក់​។​ខណៈ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប មាន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ចំនួន ៥.៩៧០​នាក់​។ ក្នុងនោះ​ស្រី​ចំនួន​៣.៣៨០​នាក់ ហើយ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៨​នាក់ ៕S/