​ខេត្តសៀមរាប រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

1202
ចែករម្លែក

ដោយ​៖ គូលែន​/
​សៀមរាប​៖ នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ ខេត្តសៀមរាប បានរៀបចំ​សន្និសីទ សារព័ត៌មាន​មួយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​សណ្ឋាគារ GRAND D’ANGKOR ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានការ​ចូលរួម​ពី​លោកស្រី MICHELLE ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សាកល ក្រោម​ការឧបត្ថម្ភ និង​រៀបចំ​ដោយ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ។

​លោកស្រី MICHELLE YEOH បាន​ថ្លែងថា ដើម្បី​លើកកម្ពស់ ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​កម្ពុជា ក៍​ដូចជា នៅក្នុង​តំបន់​អាស៊ាន ទាំងមូល ត្រូវមាន​ការចូលរួម ពី​ប្រជាពលរដ្ឋ ក៍​ដូចជា ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ក្មូ​យៗ សិស្សានុសិស្ស ត្រូវឱ្យ​ពួកគេ​យល់ច្បាស់ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។​

​លោកស្រី បាន​បញ្ជាក់ថា ការបញ្ជ្រាប​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺមាន​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ចូលរួម​អប់រំ​នេះ ក៍​ដូចជា ការពារ​ប្រជាពលរដ្ឋ​កម្ពុជា ផងដែរ​។

​នាឱកាស​នោះដែរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ក្នុង​ការលើក​កំពស់ ដើម្បី​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​នេះ ដោយ​ចំណាយ​ថវិកា យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយឆ្នាំៗ​។​

​លោក​បាន​កោតសរសើរ​ខ្ពស់ ចំពោះ​ការសហការ រវាង​លោកស្រី MICHELLE YEOH និង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​ចូលរួម​ពង្រឹង ក៍​ដូច​ការកាត់បន្ថយ​ការគ្រោះថ្នាក់ ផ្នែក​ចរាចរណ៍​ផ្លូវគោក និង​បាន​ចូលរួម​ផ្តល់យោបល់ ដោយ​ចុះ​ធ្វើការ​អប់រំ​ពី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយផ្ទាល់​នេះ​។​

​លោក​បានលើកឡើង​ទៀតថា កន្លងមក មន្ត្រី​របស់លោក មាន​អសកម្ម​មួយចំនួន ក៍​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ននេះ លោក​បាន​រឹតបន្តឹង យ៉ាងខ្លាំង អំពី​ច្បាប់​ចរាចរណ៍ តាមរយៈ​ថវិកា​លើកទឹកចិត្ត ដល់​មន្ត្រី​ជាប់​ពាក់ព័ន្ធ ដែល​ខិតខំ​យកចិត្ត​ទុក ដាក់​បម្រើ​ការងារ​។

​លោក ទេសរដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា មន្ត្រី​ទាំងអស់ ត្រូវ​ពិនិត្យ​ប័ណ្ណបើកបរ តៃកុង រថយន្ត និង​ឯកសារ ពាក់ព័ន្ធ​រថយន្ត គ្រប់​ប្រភេទ ជា​កំហិត ដោយ​សហការ​ជាមួយ កំលាំង​ជំនាញ ដែល​កំពុង​ធ្វើ​ចរាចរណ៍ នៅតាម​ដងផ្លូវ ពិសេស​ជាងគេ អ្នកបើកបរ ក្នុងស្ថានភាព ស្រវឹង ត្រូវ​ពិនិត្យ​ទៅតាម​កម្រិត ត្រូវ​ផាកពិន័យ ឬ​ត្រូវ​មានទោស ព្រោះ​កន្លងមក គ្រោះថ្នាក់​ចរាចរណ៍ កើតមានឡើង រៀងរាល់ថ្ងៃ ភាគច្រើន ដោយសារ​អ្នកបើកបរ ស្រវឹង​។​

​លោក​បាន​អំពាវនាវ ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ឱ្យចូល​រួម​គោរព​ច្បាប់ ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់ ដោយ​យថាហេតុ​។

​លោក​បានបញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ បាន​ស្លាប់ និង​១៤​នាក់​ទៀត បាន​របួស​ដោ​សារ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​១​ថ្ងៃៗ នាពេល​បច្ចុប្បន្ននេះ​។​ ​លោក​បាន​បញ្ជាក់ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​បើកបរ​គ្មាន​មួកសុវត្ថិភាព បើកបរ​មាន​ជាតិ​គ្រឿង​ស្រវឹង និង​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាដើម​។

​លោក​បាន​បន្ដថា រាជរដ្ឋាភិបាល បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្លាំង លើ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយបាន​សហការ​ជាមួយ វិស័យ​ឯកជន ដែល​ធ្វើការ​លើ គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​ធ្វើ​ខិ​ត្ដ​ប័ណ្ណ ជាង​៣​លាន​សន្លឹក និង​ស្ព​ត​អប់រំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ស្វែងយល់ អំពី​គ្រោះថ្នាក់​នេះ ក៏ប៉ុន្ដែ​បងប្អូន​ប្រជាពលរដ្ឋ មួយចំនួន មិនបាន​អនុវត្ដ ដូចនេះ​ទើប​មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ដោយ​យថាហេតុ​។

​លោក​បាន​បន្ថែមទៀតថា នៅ​កម្ពុជា នាពេលនេះ ក៏មាន​ផ្លូវធំ​ទូលាយ ងាយស្រួល​បើកបរ ដោយ​សុវត្ថិភាព​ផងដែរ ដែល​បង្ហាញថា ប្រមុខ​រាជរដ្ឋាភិបាល មានការ​យក​ចិ​ត្ដ​ទុកដាក់ លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់​ទីកន្លែង ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ចរាចរណ៍ មាន​ភាពងាយស្រួល ហើយ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​អ្នកបើកបរ​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវាត់ ពេល​កំពុង​បើកបរ បើទោះបី​ជិត​ឬ​ឆ្ងាយ​ក៏ដោយ ៕V

​ខេត្តសៀមរាប ​រៀបចំ​ស​ន្និសិទ​សារព័ត៌មាន ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​​