ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​:​តាម​ព័ត៌មាន​ពី​មន្ត្រី​កសិកម្ម​ខេត្ត​ប៉ៃលិន​ប្រាប់​នៅ​ថ្ងៃទី​១១​ ខែមិថុនា ​ឆ្នាំ​២០១៩​នេះ​ថា​ នៅ​ខេត្ត​ប៉ៃលិន​ការរាំងស្ងួត​អត់​ភ្លៀង​ធ្លាក់​នៅ​ដើមរដូវ​វស្សា​នេះ​បានអូសបន្លាយ​ជាង​១​ខែ​មកហើយ ​អ្នក​ដាំ​ដំណាំ​នា​ដើមរដូវ​នឹង​ជួប​ការខាតបង់​។​

​លោក​សាយ​ សុផាត ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹង​នៅថ្ងៃនេះ​ថា​ មាន​ដំណាំ​មួយចំនួន​ត្រូវ​ខូចខាត ​ដូចជា​ពោតក្រហម​​ដាំ​បាន​ជាង​៧.០០០​ហិកតា​​ឥឡូវ​ខូច​អស់​៦.000​ហិកតា​។​ដំឡូង​មី​ដាំ​បាន​ជាង​៤​ម៉ឺន​ហិកតា​ ខូច​អស់​ជាង​១.០០០​ហិកតា​។​

ដំណាំ​តា​ង៉ែ​ន​មិន​ខូចខាត​ទេ​​ តែ​រាំងស្ងួត​យូរ​ធ្វើឱ្យ​ថយចុះ​ទិន្នផល​ទៅវិញ​។​នៅមាន​ដំណាំ​បន្លែបង្ការ​ទទួលផល​ប្រចាំថ្ងៃ​មួយចំនួនទៀត​រង​ផលប៉ះពាល់​ធ្វើឲ្យ​លំបាក​ជីវភាព​រស់​របស់​អ្នក​ប៉ៃលិន​ផងដែរ​។​លោក​ប្រធាន​មន្ទីរ​បាន​ប្រាប់ថា​ រាល់​ការខូចខាត​ដំណាំ​ទាំងនេះ​មិនអាច​រក​វិធី​ស្រោចស្រង់​បានទេ​។​មានតែ​បំផុស​ឲ្យ​អ្នក​ដាំ ដាំ​ជាថ្មី​ឡើងវិញ​។​ពីព្រោះ​មិនទាន់​ហួសពេល​ការដាំដុះ​នៅឡើយ​ទេ​។​

លោ​កថា​​ការរាំងស្ងួត​នេះ​វា​ទាក់ទង​ទៅ​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​។​តែង​ជួប​ភាពរាំងស្ងួត​គ្រោះ​ទឹកជំនន់​ទៅតាម​តំបន់​តាម​ភូមិសាស្ត្រ​។​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​ជង្រុក​ដំណាំ​កសិឧស្សាហកម្ម​យ៉ាង​សម្បើម​ជាប់​ព្រំដែន​ថៃ​ក្នុង​ភូមិភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។​ដែលជា​ខេត្ត​ធ្លាប់​សម្បូរព្រៃឈើ​មក​ប្រែក្លាយ​ទៅជា​ខេត្ត​សម្បូរ​ដំណាំ​កសិកម្ម​ទៅវិញ​៕S/​Ha