​ខេត្ត​យូ​ណាន និង​ខេត្តបន្ទាយមានជ័យ រឹតចំណង​មេត្រីភាព និង​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត​

371
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ​
​បន្ទាយមានជ័យ : រដ្ឋបាលខេត្ត ក៏ដូចជា មន្ត្រី និង​ប្រជាជន ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម​ភាគី​ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ពី ការ​រឹតចំណង​មេត្រីភាព ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ អោយបាន​ផ្លែផ្កា ថ្មីៗ​បន្ថែមទៀត ។​

នេះ​បើ​យោង​លទ្ធផល ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អោម ចន្ថា អភិបាល​ស្តីទី​ខេត្ត ទទួល​ស្វាគមន៍ ពិភាក្សា​ការងារ​ជាមួយ គណៈប្រតិភូ​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោកស្រី ជីន ជិ​ង (Mrs Jin Jing) អគ្គលេខាធិការ សមាគម​មិត្តភាព ប្រជាជន​ខេត្ត​យូ​ណាន ជាមួយ​បរទេស និង​លោក យ៉ាង បូ ( Mr Yang Bo) នាយករង​វិទ្យាស្ថាន​វិជ្ជាជីវ​: និង​បច្ចេកទេស​កសិកម្ម ខេត្ត​យូ​ណាន កាលពី​ល្ងាច ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ ។

លោក អោម ចន្ថា បាន​ថ្លែងថា​: ការអញ្ជើញ​មក​ទស្សនកិច្ច លើក​នេះ ក៏​ដូច​ការបើក​សិក្ខាសាលា បណ្តុះបណ្តាល ជំនាញ​បច្ចេកទេស​កសិកម្ម ដល់​អ្នកជំនាញ​បច្ចេកទេស​កសិកម្ម និង​អ្នកពាក់ព័ន្ធ នៃ​គណ​:​ប្រតិភូ​ខេត្ត​យូ​ណាន បានបង្ហាញ​ពី​ស្មារតី​សាមគ្គីភាព មិត្ត​ភាពជា​អន្តរជាតិ នៃ​ភាគី​ខេត្ត​យូ​ណាន ជាមួយ​ខេត្តបន្ទាយមានជ័យ​។​

លោក​សង្ឃឹមថា នឹង​ទទួលបាន​ផ្លែផ្កា និង​ជោគជ័យ​ត្រចះត្រចង់ ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍ វិស័យ​កសិកម្ម ក៏​ដូច​វិស័យ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព រស់នៅ​របស់​ប្រជាជន ខេត្តបន្ទាយមានជ័យ​។​

លោក អោម ចន្ថា បាន​រំលឹក​ពី​ភូមិសាស្ត្រ សក្តានុពល​ខេត្ត និង​ពី​លទ្ធផល​នៃ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​ចំណង​មេត្រីភាព ថ្នាក់​ខេត្ត រវាង​ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ខេត្តបន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១១ មក ខេត្តបន្ទាយមានជ័យ ទទួលបាន​សមិទ្ធផល​ជាច្រើន ពី​ខេត្ត​យូ​ណាន ដូចជា​ជួយ​កសាង​ឧទ្យាន​គំរូ​មិត្តភាព វិទ្យាសាស្ត្រ និង​បច្ចេកទេស​កសិកម្ម ខេត្តបន្ទាយមានជ័យ – យូ​ណាន , មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កសិក នៅ​ស្រុក​ម៉ាឡៃ ផ្តល់​មន្ទីរពិសោធន៍​ក​សិ​កម្ម ដល់​សាកលវិទ្យាល័យ មានជ័យ​, ផ្តល់​ម៉ាស៊ីនបូមទឹក​តូច​, សង់​អគារ​សាលាបឋមសិក្សា​សំរោង នៅ​ស្រុក​ព្រះនេត្រព្រះ , បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​, ផ្តល់​អាហារូបករណ៍ ដល់​និស្សិត ពី​ខេត្ត​នេះ និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវការ ទស្សនកិច្ច​សិក្សា ដល់​ប្រតិភូ​ច្រើន​ថ្នាក់ និង​ផ្នែក​នៃ​ខេត្ត​ទាំងពីរ ។​

ចំណែក​លោកស្រី ជីន ជិ​ង (Mrs Jin Jing) បាន​ថ្លែងថា : ប្រជាជន​ចិន​និង​ប្រជាជន​កម្ពុ​ជាមាន​ប្រវត្តិសាស្ត្រ ទំនាក់ទំនង និង​ប្រពៃណី​ជិតស្និទ្ធ ជាមួយគ្នា​ដ៏​យូរលង់​មកហើយ ទុកដូចជា​បងប្អូន ក្នុង​គ្រួសារ​តែមួយ ។​

ដោយឡែក រដ្ឋបាលខេត្ត មន្ត្រី និង​ប្រជាជន ខេត្ត​យូ​ណាន និង​ខេត្តបន្ទាយមានជ័យ បាន​បង្កើត​ចំណង​មេត្រីភាព កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ ជាមួយគ្នា​តាំង​ពីមុនមក ពិសេស​ពី​ឆ្នាំ​២០១១ មក​នោះ បាន​នាំអោយ​ភាពជិតស្និទ្ធ ការយល់​ទុក្ខ​ធុ​រ និង​សេចក្តីត្រូវការ​ពីគ្នា កាន់តែជ្រាលជ្រៅ​ បន្ថែមទៀត​។​

លោកស្រី ជីន ជី​ង បាន​អះអាងថា សមាគម​មិត្តភាព​ប្រជាជន ខេត្ត​យូ​ណាន ជាមួយ​បរទេស មាន​តួនាទី​សំខាន់ ក្នុងការ​សម្របសម្រួល នូវ​រាល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជន មន្ត្រី រដ្ឋបាល​គ្រប់ផ្នែក នៃ​ខេត្ត​ទាំងពីរ ក៏ដូចជា ប្រទេស​កម្ពុជា ហើយ​ជឿជាក់ថា ពីនេះ​ត​ទៅមុខទៀត ពួកយើង​ទាំង ២ នឹង​សម្រេចបាន​គោលដៅ ដូច​មាន​ក្នុង និង​បន្ថែម​លើ​កិច្ចព្រមព្រៀង ជា​បន្ថែម​ថ្មីៗ​ទៀត ៕v