​ខែប្រាំង​ឆ្នាំនេះ​ក្តៅ​ខ្លាំង​ធ្វើឱ្យ​ស្ករត្នោត​ផលិត​មិន​គ្រប់​ផែនការ​ទេ​

428
ចែករម្លែក
  • 74
    Shares

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៧​កុម្ភៈ​ឆ្នាំ​២០១៩​ថា​ស្ករត្នោត​ឆ្នាំនេះ​នឹង​ជួប​បញ្ហា​ផលិត​មិន​គ្រប់​តម្រូវការ​ទីផ្សារ​ដែល​ក្រុមហ៊ុន​កុម្ម៉ង់​ទេ​។​

​លោក​សំ​សារឿន​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​បាន​ប្រាប់ថា​ឆ្នាំនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង អ្នក​ឡើងត្នោត​មិនអាច​យក​ទឹកត្នោត​បាន​ច្រើន​ដូច​បណ្តា​ឆ្នាំមុនៗ​បានទេ​ដោយ​ក្តៅ​ខ្លង​ធ្វើឱ្យ​ទឹកត្នោត​ខះ​ចេញ​ទឹក​មិន​បានល្អ​ឬក៏​ថយ​ទឹកត្នោត​ចេញពី​ផ្កា​របស់​វា​មានន័យថា​បរិមាណ​ទឹក​ត្នោត​ថយចុះ​។​

​បើ​ទឹកត្នោត​ថយ​ស្ករ​ក៏​ថយ​ទៅតាម​ហ្នឹង​។​ផលប៉ះពាល់​មួយទៀត​គឺ​អ្នក​ឡើងត្នោត​ឥឡូវ​នៅក្នុង​សមាគម​មាន​សុទ្ធតែ​មនុស្ស​ចាស់ៗ​។​យុវជន​ពេញកម្លាំង​គេ​ទៅ​ធ្វើការ​នៅតាម​រោងចក្រ​និង​រកស៊ី​មុខរបរ​ផ្សេងៗ​មក​ក្នុង​ក្រុង​ឬ​ធ្វើ​ពលកម្ម​ទៅ​ក្រៅប្រទេស​អស់ហើយ​។​អីចឹង​មនុស្ស​ចាស់​ឆាប់​ប៉ះពាល់​សុខភាព​ណាស់​។​យើង​ក៏ត្រូវ​គិតគូ​ពី​បញ្ហា​នេះដែរ​។​ដូច្នេះ​គំរោង​ថា​ផលិត​ឱ្យបាន​៣៥​តោន​គឺ​មិនបាន​នោះទេ​។​

​លោក​សំ​សារឿន​ប្រធាន​សមាគម​បាន​បន្តថា​យើង​សង្ឃឹមថានឹង​ផលិត​បាន​ប្រមាណ​៤០​ភាគរយ​នៃ​គម្រោង​របស់​យើង​។​១០​ក្រុមហ៊ុន​ដែល​យក​ស្ករ​យើង​នាំចេញ​ឆ្នាំនេះ​ក៏​មិនអាច​ទទួលបាន​តាម​កា​រ​កុម្ម៉ង់​បាន​គ្រប់​ចំនួន​នោះទេ​។​យើង​នឹង​បែងចែក​ចំនួន​នេះ​ឱ្យ​ស្មើៗ​គ្នា​ដោយសារ​យើង​ខ្វះ​ស្ករ​។​

​លោក​សារឿន​បាន​ប្រាប់ទៀតថា​ដោយសារ​មើលឃើញ​ការលំបាក​ដល់​អ្នក​ឡើង​ត្នោត​ជា​មនុស្ស​ចាស់ៗ បណ្តា​ក្រុមហ៊ុន​ទិញ​ស្ករត្នោត​ទាំង​ប៉ុន្មាន​បាន​តម្លើងថ្លៃ​ស្ករត្នោត​ដល់​ពួកគាត់​គឺ​ថ្លៃ​ជាង​៥១០០​ទៅ​៥២០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ស្ករ​ក្រហម​។​ថ្លៃដើម​ដូចជា​ពពេល​បង្អោង​បំពង់​ទឹកត្នោត​ជាដើម​។​ល​។​ក្នុង​សមាជិកសមាគម​អ្នក​ឡើងត្នោត​ទាំងអស់​មាន​ចំនួន​៣៧​គ្រួសារ​។​

​ចំណែក​ផល​ស្ករ​នាំចេញ​ក្រុមហ៊ុន​នីមួយៗ​កែច្នៃ​វេច​ខ្ចប់​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ខាងក្រៅ​ប្រទេស​អត់​មាន​ឧបសគ្គ​អ្វី​ទាំងអស់​។​គាត់​ថា​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​គឺ​ខែមីនា​មេសា​និង​ឧសភា​ខាងមុខនេះ​តែម្តង​៕S/​