​ខ្ញុំ​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការពារ​កុំ​ឲ្យ​របប​នេះ​កើតឡើង​ម្តងទៀត​

1583
ចែករម្លែក
  • 91
    Shares

​ដោយ : ហាត សេងហុង គរុ​សិស្ស​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ព្រៃវែង​
​ខ្ញុំ​ឈ្មោះ ឌី កិ​ញ អាយុ​៥៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ភ្នំស្រុក ខេត្តបាត់ដំបង​។ បច្ចុប្បន្ន ខ្ញុំ​រស់នៅក្នុង​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មានមុខរ​បរជាកសិក​រ​។ នៅពេល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ ប្រទេសជាតិ​កំពុង​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ដោយ​ការដណ្តើម​អំណាច​គ្នា​រវាង​សេនាប្រមុខ លន់ នល់ និង​ក្រុមខ្មែរក្រហម​។ ក្រោយ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ប្រជាជន​ទាំងអស់​អបអរសាទរ​ដល់​កងទ័ព​ខ្មែរក្រហម​ដោយ​គិតថា សង្គ្រាម​ត្រូវបាន​បញ្ចប់​ហើយ​ខ្លួន​នឹង​អាច​រស់​នៅបាន សុខសាន្ត​។ ប៉ុន្តែ​ផ្ទុយស្រឡះ​ពី​ការគិត​របស់​ប្រជាជន ប្រទេសជាតិ​បាន​ធ្លាក់ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​របប​ផ្តាច់ការ​របស់​ខ្មែរក្រហម​។ ក្រោយ​ខ្មែរក្រហម​ឡើងកាន់​អំណាច ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង និង​ទីប្រជុំជន​នានា​ឲ្យ​ទៅ​រស់នៅ​តំបន់​ដាច់ស្រយាល ដោយ​យក​លេស​ថា​ខ្លាច​ប្រទេស​អាមេរិក​ទម្លាក់​គ្រាប់បែក និង​ប្រ​ព័​ន្ឋ​ផ្លូវ​គមនាគមន៍​ត្រូវបាន​បំផ្លិចបំផ្លាញ ដែល​មិនអាច​ឲ្យ​ខ្លួន​ដឹកជញ្ជូន​ស្បៀង​ចូលក្នុង​ទីក្រុង​ដើម្បី​ផ្គត់ផ្គង់​ប្រជាជន​បាន​។
​ម្យ៉ាងទៀត​ខ្មែរក្រហម​មានបំណង​បោសសម្អាត​ខ្មាំងសត្រូវ​ដែល​នៅ​សេសសល់​ឲ្យ​អស់ពី​ទីក្រុង​។ ប្រជាជន​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង​ដោយ​គ្មាន​ការរៀបចំ​ត្រឹមត្រូវ គ្មាន​ស្បៀងអាហារ​ហូប​គ្រប់គ្រាន់ គ្មាន​សម្លៀក​បំ​ពាល់​សម​រម្យ ព្រមទាំង​គ្មាន​យានជំនិះ​ដើម្បី​ធ្វើដំណើរ​។ ក្នុងពេលនោះ ខ្មែរក្រហម​បាន​បែងចែក​ប្រជាជន​ជា​ពីរ​វណ្ណៈ គឺ ១) ប្រជាជន​មូលដ្ឋាន គឺជា​ប្រជាជន​ដែលមាន​កំណើត​ដើម​នៅតាម​ស្រុក​ស្រែចម្ការ និង​ប្រជាជន​ថ្មី (​ឬ ប្រជាជន ១៧ មេសា​) គឺជា​ប្រជាជន​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​និង​ពី​ទីប្រជុំជន​នានា​ក្រោយ​ថ្ងៃទី​១៧ ខែមេសា ១៩៧៥​។ នៅពេលដែល​ប្រជាជន​ថ្មី​ធ្វើដំណើរ​មកដល់​តំបន់​ដែល​ខ្មែរក្រហម​បានរៀបចំ ខ្មែរក្រហម​បាន​ប្រមូលយក​នូវ​រាល់​សម្ភារ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ថ្មី ហើយ​បាន​បែងចែក​ប្រជាជន​ទាំងនេះ​ឲ្យ​ទៅ​រស់នៅ​ជា​ក្រុម​ដាច់ដោយឡែក​ពី​ប្រជាជន​មូលដ្ឋាន​។​

ឌី កិ​ញ

​នៅក្នុង​សម័យ​នោះ​ប្រជាជន​ទាំងអស់​ត្រូវបាន​បែង​ចែកជា​សហករណ៍​តូចៗ​ដើ​ម្ប​បំពេញភារកិច្ច​ដែល​ប្រធាន​សហករណ៍​បានកំណត់​។ នៅពេលនោះ ខ្ញុំ​និង​ក្មេងៗ​ដទៃទៀត​ត្រូវបាន​បញ្ចូល​ទៅក្នុង​កងកុមារ ដែលមាន​តួនាទី​ឃ្វាលគោ ឃ្វាលក្របី ស្វែងរក​រុក្ខជាតិ រើស​លាមក​សត្វ​ដើម្បី​ធ្វើ​ជី និង​ជញ្ជូន​ជី​ដាក់​ស្រែ​។ ចំណែកឯ​យុវជន​ដែលមាន​កម្លាំង​ខ្លាំង ត្រូវបាន​ខ្មែរក្រហម​បញ្ចូល​ទៅក្នុង​កងចល័ត​ដែល​ត្រូវបំពេញ​ការងារ ដូចជា ភ្ជួរ​រាស់ ជីក​ស្រះ ជីក​ប្រឡាយ លើកភ្លឺស្រែ លើក​ទំនប់ ស្ទូងស្រូវ និង​ដាំ​ដំណាំ ។ ជាធម្មតា កងចល័ត​ទាំងអស់​ត្រូវ​ទៅធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះសម្បែង​របស់ខ្លួន ដោយ​ហូបចុក និង​ស្នាក់នៅ​រួមគ្នា​។ នៅក្នុង​សម័យ​នោះ​ប្រជាជន​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ចាប់ពី​១០ ទៅ​១២ ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ឈប់សម្រាក​ឡើយ​។ នៅក្នុងពេល​ធ្វើការ ប្រជាជន​មិនអាច តម្អក់​អែអង់ ឬ ខ្ជិល​បានឡើយ ព្រោះ​គ្រប់​កងចល័ត​ទាំងអស់ មាន​កម្មាភិបាល​ខ្មែរក្រហម​ជា​អ្នក​ចាំ​ត្រួតពិនិត្យ និង ឃ្លាំមើល​ជាប្រចាំ​។ ប្រសិនបើ​កម្មាភិបាល​ខ្មែរក្រហម​ចាប់បាន​សមាជិក​កងចល័ត​ណា​ម្នាក់​ខ្ជិលច្រអូស កម្មាភិបាល​ខ្មែរក្រហម​នឹង​វាយ​ធ្វើបាប​សមាជិក​កងចល័ត​នោះ​នៅនឹងកន្លែង​តែម្តង ហើយ​ពេលខ្លះ​វាយ​រហូតដល់​ស្លាប់​ក៏មាន​។​

​ក្នុងសម័យ​ខ្មែរក្រហម ការហូបចុក​មាន​ភាព​ខ្វះខាត​ខ្លាំងណាស់​។ របប​អាហារ​មិន​សក្តិសម​នឹង​កម្លាំង​ពលកម្ម​ដែល​ប្រជាជន​បានធ្វើ​ដើម្បី​អង្គការ​ឡើយ​។ នៅក្នុង​សម័យ​នោះ ខ្មែរក្រហម​តម្រូវ​ឲ្យ​ប្រជាជន​ទាំងអស់​បរិភោគ​អាហារ​រួមគ្នា​នៅក្នុង​រោង​បាយ ដែលមាន​នៅក្នុង​សហករណ៍​នីមួយៗ​។ ប្រជាជន​ទាំងអស់​ទទួលបាន​អាហារ​ពីរ​ពេល​ក្នុង​មួយថ្ងៃ គឺ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​។ នៅក្នុង​តំបន់​៥ (​ស្រុក​ភ្នំស្រុក​) ជា​តំបន់​ដែល​ខ្ញុំ​រស់នៅ ខ្មែរក្រហម​បានផ្តល់​របប​សម្រាប់​ម​នុស្ស​ពី​៣០ ទៅ​៤០ នាក់ គឺ​មានតែ​អង្ករ​មួយ​កំប៉ុង​សម្រាប់​បបរ​លាយ​ជាមួយ​គល់​ល្ហុង គល់​ចេក មិន​ខុសពី​ចំណី​សម្រាប់​សត្វ​ជ្រូក​នាពេល​បច្ចុប្បន្ន​ឡើយ​។ ការហូបចុក​មិនមាន​ទៀងទាត់​ទេ​នៅក្នុង​របប​ខ្មែរក្រហម ពេលខ្លះ​ប្រជាជន​អាច​ទទួលបាន​អារ​ហារ​គ្រប់គ្រាន់ និង​ពេលខ្លះទៀត​ក៏មាន​ភាពខ្វះខាត​ដែរ​។ ប្រជាជន​ដែលមាន​ដើមកំណើត​នៅ​ស្រុកស្រែ​ចម្ការ​អាច​ទ្រាំទ្រ​ទុក្ខលំបាក​នេះ​បាន ដោយសារតែ​ប្រជាជន​ទាំងនេះ ធ្លាប់​ឆ្លងកាត់​ការ​ហត់នឿយ​ពីមុនមក ប៉ុន្តែ​ខ្ញុំ​អាណិត​ប្រជាជន​ថ្មី​ដែល​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​មក​ឲ្យ​រស់នៅក្នុង​ព្រៃ​ឆ្ងាយ​ពី​ភូមិ​ស្រុក មិនមាន​អាហារ​ហូប​គ្រប់គ្រាន់ និង​មិនមាន​ផ្ទះសម្បែង​សម្រាប់​ស្នាក់អាស្រ័យ​ទេ​។ លើសពីនេះ ប្រជាជន​ថ្មី ដែល​ខ្មែ​ក្រហម​ជម្លៀស​មកពី​ទីក្រុង បាន​ទទួលរង​ការធ្វើ​បាប និង​កៀបសង្កត់​គ្រប់បែបយ៉ាង​។ ប្រជាជន​ថ្មី​ខ្លះ​បាន​យក​កម្មសិទ្ធិ​ដែល​សេសសល់​បន្តិចបន្តួច​ទៅ​ដូរ​យក​អាហារ​ពី​ប្រជាជន​ចាស់​ក្នុង​តំបន់​នោះ ដោយ​មាស​មួយ​ជី​អាច​ដូរ​បាន​អង្ករ​២ ទៅ​៣​កំប៉ុង​ប៉ុណ្ណោះ​។ ដោយសារតែ​ការអត់ឃ្លាន ប្រជាជន​ខ្លះ បាន​លួច​អង្ករ​ពី​សហករណ៍ ខ្លះទៀត​បាន​ដើរ​បូត​គួរ​ស្រូវ​នៅតាម​វាលស្រែ​យកមក​បុក​ធ្វើជា​អង្ករ​ដើម្បី​ទទួលទាន​។ ខ្ញុំ​ក៏​ធ្លាប់បាន​លួច​បូត​ស្រូវ​មក​បរិភោគ​ដែរ ប៉ុន្តែ​ត្រូវ​ឈ្លប​ខ្មែរក្រហម​តាម​ទាន់​។ ខ្ញុំ​បាន​បោះ​គួរ​ស្រូវ​ទាំងអស់នោះ​ចោល ដោយបាន​កុហក​ឈ្លប​ខ្មែរក្រហម​ថា ខ្ញុំ​មក​ស្ទូចត្រី​យកទៅ​ឲ្យ​សហករណ៍​ធ្វើ​ម្ហូប ទើប​ឈ្លប​ខ្មែរក្រហម​នោះ​មិន​ធ្វើ​ទារុណកម្ម​ខ្ញុំ​។ ដោយសារតែ​ការហូ​ម​ចុក​មិន​គ្រប់គ្រាន់ និង​ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង ទើប​បណ្តាល​ឲ្យ​ប្រជាជន​ជាច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ និង​មួយចំនួនទៀត​បាន​ស្លាប់​។ បើទោះបីជា​បាន​ហូប​គ្រប់គ្រាន់ ឬ​មិន​គ្រប់គ្រាន់​យ៉ាងណាក៏ដោយ ក៏ដោយ​ប្រជាជន​ទាំងអស់​មិនមាន​សិទ្ឋិ​ក្នុងការ​តវ៉ា​ឡើយ បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាន​ចោទថា​ក្បត់​អង្គការ​ដែល​អាច​ទទួល​រង​ទោសទណ្ឌ ដូចជា ការ​បង្អត់អាហារ ការវាយដំ និង ការយកទៅ​កសាង​(​សម្លាប់ចោល​)​ជាដើម​។ ដូច្នេះ ប្រជាជន​ទាំងអស់​ត្រូវ​ធ្វើគរ ធ្វើ​ថ្លង់ រឿង​លំបាក​យ៉ាងណាក៏ដោយ ក៏​មិនអាច​និយាយ​ចេញ​ម​ក្រៅ​បានដែរ ចំណែក​មិត្តភក្តិ ឬ​បងប្អូន​រាប់អាន​គ្នា​ជិតស្និត​យ៉ាងណា​ក៏​មិនអាច​ទុកចិត្ត​បានដែរ​។

​នៅ​ក្នុងសម័យ​ខ្មែរក្រហម មន្ទី​ពេទ្យ គ្រឹះស្ថានសិក្សា វត្ត​អារាម​ទាំងអស់​ត្រូវបាន​ខ្មែរក្រហម​យក​ធ្វើជា​ឃ្លាំង ឬ​កន្លែង​សម្រាប់​ដាក់​អ្នកទោស​។ ប្រជាជន​ដែលមាន​ជំងឺ​មិនបាន​ទទួល​សេវា​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ដោយសារ​មិនមាន​ថ្នាំពេទ្យ​ឲ្យ​អ្នកជំងឺ​លេប និង​មិនមាន​ការមើល​ថែទាំ​ដិតដល់​ពី​ក្រុមគ្រូពេទ្យ​។ ខ្មែរក្រហម​បាន​ផលិត​ថ្នាំ​ម្យ៉ាង​ឈ្មោះថា ថ្នាំ​អាចម៍​ទន្សាយ​សម្រាប់​ឲ្យ​អ្នក ជំងឺ​ផឹក​។ ទោះបី​អ្នកជំងឺ​នោះ​ឈឺ​អ្វី​ក៏ដោយ ក៏​ខ្មែរក្រហម​ប្រើ​ថ្នាំ​ប្រភេទ​នេះ​ដើម្បី​ព្យ​បាល​ដែរ​។ ដូច្នេះ​ប្រជាជន​ដែល​ធ្លាក់ខ្លួន​ឈឺ​ភាគច្រើន​បាន​បាត់​បង់ជីវិត​។ ខ្មែរក្រហម​បាន​លុបបំបាត់ចោល​ទាំងស្រុង និង​បាន​ហាមឃាត់​រាល់​ប្រណិប័តន៍​សាសនា​។ ចំណែក​ព្រះសង្ឃ​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​សឹក រួចហើយ​បាន​បញ្ជូន​ឲ្យ​ទៅធ្វើ​ស្រែចម្ការ​ដូចជា​ប្រជាជន​ទូទៅ​ដែរ​។ ចំពោះ​ការរៀប​ការ ខ្មែរក្រហម​ពិធី​ជួបជុំ​មួយ​ដែលមាន​ឈ្មោះថា ការចាប់អារម្មណ៍​។ ពេល​រៀបចំ​ធ្វើ​ពិធី​នេះ​ម្តងៗ មាន​មនុស្ស​ចាប់ពី​៣០​គូ ទៅ ៤០​គូ សម្រាប់​ពិធី​តូច និង ពី​៥០​គូ ទៅ​១០០​គូ សម្រាប់​ពិធី​រៀបការ​ធំ​។ កូនកំលោះ និង​កូនក្រមុំ​ជាច្រើន​ត្រូវបាន​ខ្មែរក្រហម​ចាប់បង្ខំ​ឲ្យ​រៀបការ ដោយ​អ្នកខ្លះ​មិន​ធ្លាប់បាន​ជួប​មុខ​គ្នា​ឡើយ​។ នៅក្នុង​ពិធី​រៀបការ​កូនកំលោះ និង​កូនក្រមុំ ត្រូវតែមាន​ការសន្យា​យកគ្នា​ជា​ប្តី​ប្រពន្ធ​ចំពោះមុខ​គណអធិបតី រួច​វិលត្រឡប់​មកកាន់​លំនៅឋាន​របស់ខ្លួន​វិញ​។ ក្រោយពី​រៀបការ​គូ​ស្វាមីភរិយា​ថ្មី​អាច​នៅ​ជាមួយគ្នា​រយៈពេល​២ ទៅ​៣​ថ្ងៃ​តាម​ការយោគយល់​របស់​ប្រធាន​សហករណ៍​។ ក្នុងកំឡុងពេល​នៅ​ជាមួយគ្នា​ស្វាមីភរិយា​ស្ថិតក្រោម​ការ​តាន​ដាន​របស់​កងឈ្លប​ជាប្រចាំ​។ ប្រសិនបើ​ស្វាមីភរិយា​មិន​ចុះសម្រុង​គ្នា ឬ​មិន​ព្រម​រួមរស់​ជាមួយគ្នា កងឈ្លប​នឹង​រាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​ដាក់ទោស​ដល់​ស្វាមីភរិយា​ទាំងពីរ​។ ក្នុង​តំបន់​របស់ខ្ញុំ​រស់នៅ មាន​ស្វាមីភរិយា​ខ្លះ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយសារ​អ្នក​ទាំងពីរ​មិន​ស្រឡាញ់គ្នា ចំណែក​អ្នកខ្លះ​ទៀត​បាន​ទ្រាំ​រួមរស់​ជាមួយគ្នា​ទាំង​បង្ខំ​រហូតដល់​ផុត​សម័យ​សង្គ្រាម ដោយសារ​ខ្លាច​កងឈ្លប​សម្លាប់​។ កងឈ្លប​ខ្មែរក្រហម​ភាគច្រើន ជា​កុមារ​អាយុ​ចាប់ពី​១៥​ទៅ​១៦​ឆ្នាំ ដែលជា​កូន​របស់​ប្រជាជន​មូលដ្ឋាន និង​ក្មេង​កំព្រា​ដែល​ឪពុកម្តាយ​ស្លាប់ចោល​។ ប្រសិនបើ​បុរស​នារី​ស្រឡាញ់គ្នា​ទៅវិញទៅមក អ្នក​ទាំងពីរ​អាច​ស្នើសុំ​ប្រធាន​សហករណ៍​ដើម្បី​រៀបការ​។ ប្រសិនបើ​មាន​កម្មាភិបាល​ខ្មែរក្រហម​ណា​ម្នាក់​ជំទាស់ ឬ និង​មាន​ទាហាន​ខ្មែរក្រហម​ណា​ម្នាក់​ស្រឡាញ់​នារី​នោះដែរ នារី​នោះ​មិនអាច​ធ្វើការ​ស្នើសុំ​រៀបការ​បានទេ គឺ​នារី​នោះ​ត្រូវ​មក​រៀបការ​ជាមួយ​កម្មាភិបាល រី​យោធា​ខ្មែរក្រហម​វិញ បើទោះបីជា​នារី​នោះ​មិន​ពេញចិត្ត​ក៏ដោយ​។​
​នៅក្នុង​របប​ខ្មែរក្រហម ប្រជាជន​ទូទាំងប្រទេស​រងទុក្ខវេទនា​យ៉ាងខ្លាំង សិទ្ឋិ​សេរីភាព​គ្រប់បែបយ៉ាង​របស់​ប្រជាជន​ត្រូវបាន​ដកហូត​។ ប្រជាជន​គ្មាន​សិទ្ឋិ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា គ្មាន​សិទ្ឋិ​ក្នុងការ​បញ្ចេញ​មតិយោបល់ ឬ​ស្នើសុំ​អ្វី​ឡើយ​។ នៅក្នុង​ស្រុកភូមិ​របស់​ខ្ញុំ សូម្បីតែ​ឪពុកម្តាយ បងប្អូន​សាច់ញាតិ​គ្នា​ក៏​មិន​ហ៊ាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ដែរ ព្រោះ​ខ្លាច​ខ្មែរក្រហម​ចោទថា​ក្បត់ ។​

​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ចងចាំ​មិន​ភ្លេច​នោះ គឺ​ខ្មែរក្រហម​បាន​កាប់សម្លាប់​ប្រជាជន​ដោយ​មិន​ញញើត​ឡើយ​។ ជាក់ស្តែង​ប្រជាជន ១៧ មេសា នៅក្នុង​តំបន់​៥ (​ស្រុក​ភ្នំស្រុក​) ទទួលរង​ការកាប់សម្លាប់ និង​ការជិះជាន់​ខ្លាំង​ជាង​ប្រជាជន​មូលដ្ឋាន​។ ចំពោះ​ប្រជាជន​ថ្មី​ដែល​ខ្មែរក្រហម​ជម្លៀស​មកពី​ទីក្រុង​ត្រូវ​បានដាក់​ឃុំឃាំង​នៅក្នុង​សាលារៀន​ភ្នំស្រុក បន្ទាប់មក​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ រួច​ទម្លាក់​ចូលទៅក្នុង​អណ្តូងទឹក​នៅក្នុង​សាលារៀន​ស្ទើរតែ​ទាំងអស់​។ ចំណែក​ប្រជាជន​មួយចំនួនទៀត​ត្រូវបាន​ខ្មែរក្រហម​បញ្ជូនទៅ​ក្នុង​ព្រៃ​ដោយ​បង្អត់អាហារ និង​ធ្វើ​ទារុណកម្ម​រហូត​បាត់បង​ជីវិត​។ ប្រជាជន​ដែលមាន​កំហុស​បន្តិចបន្តួច ដូចជា លួច​ហូប​បន្លែ​ផ្លែឈើ​របស់​អង្គការ និយាយ​ប៉ះពាល់​ដល់​អង្គការ ឬ​ប្រឆាំងនឹង​បញ្ជា​ថ្នាក់លើ ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​ទាំងអស់​។ ប្រជាជន​ខ្លះ​មិនមាន​កំហុស​ទេ ប៉ុន្តែ​ដោយសារ​មានការ​សង្ស័យ ទើប​ខ្មែរក្រហម​យកទៅ​សម្លាប់​ដោយ​គ្មាន​ការសួរនាំ​ឡើយ​។ ចាប់តាំងពី​ពេល​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ភ្លាមៗ ខ្មែរក្រហម​បាន​ព្យាយាម​សម្លាប់ ទាហាន មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន បញ្ញវន្ត ក្នុង​របប​ចាស់​ចោល​ទាំងអស់​។ នៅ​ក្នុងភូមិ​របស់ខ្ញុំ មាន​ស្ត្រី​ចំណាស់​ម្នាក់​មកពី​ខេត្តសៀមរាប ដែលមាន​ប្តី​ធ្លាប់​ធ្វើជា​ទាហាន​ក្នុង​របប លន់ នល់ ត្រូវបាន​ខ្មែរក្រហម​យកប្តី​របស់គាត់​ទៅ​សម្លាប់ចោល​។ ក្រោយមក​ខ្មែរក្រហម​បាន​ប្រាប់​ស្ត្រី​នោះ​ថាបើ​មាន​បងប្អូន​សាច់ញាតិ ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​គាត់​ទៅ​រស់នៅ​ជុំគ្នា​បាន​។ បន្ទាប់មក​គ្រួសារ និង​សាច់ញាតិ​របស់​ស្ត្រី​នោះ​ទាំងអស់​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ចោល​បន្តទៀត​នៅ​ភ្នំ​ទ្រង់​បាត ក្នុង​ឃុំ​កំពង​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​នៅ​ខែធ្នូ ឆ្នាំ​១៩៧៨ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ មួយរយៈ​ក្រោយមក ខ្មែរក្រហម​ក៏​ជម្លៀស​គ្រួសារ​ខ្ញុំ​ទៅ​នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​វិញ​។ នៅ​ទីនោះ ដោយសារ​គ្រួសារ​របស់ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អតីត​យោធា​ម្នាក់ ទើប​យោធា​នោះ​លួច​ប្រាប់​ឪពុក​របស់ខ្ញុំ​ថា គ្រួសារ​ខ្ញុំ​នឹងត្រូវ​ខ្មែ​ក្រហម​យកទៅ​សម្លាប់​បន្ទាប់ពី​ការជម្លៀស​មិន​ខាន​។ ខណៈនោះ ស្រាប់តែ​ខ្មែរក្រហម​បានមក​ឃោសនា​ប្រាប់​ប្រជាជន​ថា ឲ្យ​ទៅ​ចូលរួម​ពិធីជប់លៀង​នៅ​ភ្នំ​ថ្ម​ក្រាប នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩៧៩​។ ប៉ុន្តែ​សំណាង​របស់ខ្ញុំ កងទ័ព​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​បាន​រំដោះ ខ្ញុំ​និង​ក្រុមគ្រួសារ​ខ្ញុំ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ប្រជាជន​ទាំងអស់​អាចមាន​សេរីភាព មាន​ចំណីអាហារ​ហូប​គ្រប់គ្រាន់ បាន​ជួបជុំ​បងប្អូន សាច់ញាតិ និង​បាន​វិល​ត្រឡប់មក​ស្រុកភូមិ​របស់ខ្លួន​វិញ​។ ពេលនោះ​រដ្ឋអំណាច​ក៏បាន​បែងចែក​ដីធ្លី ឲ្យ​គ្រួសារ​របស់ខ្ញុំ​ធ្វើស្រែ​ចម្ការ​សារជាថ្មី​។ ចំណែក​កងឈ្លប​ខ្មែរក្រហម​នៅក្នុង​ភូមិ​ដែល​ធ្លាប់​ធ្វើបាប​ប្រជាជន និង​មានការ​ភ័យខ្លាច​ក៏បាន​រត់​ភៀសខ្លួន​ទៅ​រស់​នៅតាម​ជំរំ រីឯ​ប្រធាន​សហករណ៍​ខ្លះ​ដែល​មិនអាច​រត់​រួច ត្រូវបាន​ប្រជាជន​វាយ​សម្លាប់ ដោយសារ​ការឈឺចាប់ និង​កំហឹង​គុំ​គួ​ន​។​
​អ្វីដែល​ធ្វើ​ឲ្យ ខ្ញុំ​ចងចាំ​មិនអាច​បំភ្លេចបាន​ពី​សម័យ​ខ្មែរក្រហម គឺ​ការអត់ឃ្លាន ការព្រាត់ប្រាស់ និង​ភាពភ័យខ្លាច​។ ខ្ញុំ​ចង់​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព និង​ប្រជាជន​រស់នៅ​ជួបជុំគ្នា​។ ខ្ញុំ​ចង់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ការពារ​កុំ​ឲ្យ​របប​នេះ​កើតឡើង​ម្តងទៀត​៕