​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ជាន់មីន​

597
ចែករម្លែក

​ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​«​ទោះបី​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ការតស៊ូ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ខ្មែរក្រហម ក៏​ខ្ញុំ​មិនដែល​តូចចិត្ត​នឹង​ខ្លួនឯង​ដែរ ព្រោះ​ការតស៊ូ​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ និង​បាន​ចូលរួមចំណែក​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​រួចផុត​ពីរ​បប​ខ្មែរក្រហម​។​ ​

សុខ ង៉ា កំពុង​ជូ​ស​ជុល​ម៉ាស៊ីនបូមទឹក នៅក្នុង​ស្រុក​ព្រះនេត្រព្រះ (​រូប​ថ​តៈ ហូ ថូ​នា​/ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ខាងលើនេះ គឺជា​ការរៀប​រាប់រប​ស់ សុខ ង៉ា បច្ចុប្បន្ន​រស់នៅក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ង៉ា បាន​និយាយ​មកកាន់​ខ្ញុំ​ទាំង​ទឹកមុខ​រីករាយ នៅ​ខណៈពេលដែល​គាត់​កំពុង​មមាញឹក​ជួសជុល​ម៉ាស៊ីនបូមទឹក​ថា នៅ​ឆ្នាំ​១៩៧៥ ពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច ខ្ញុំ​មាន​វ័យ​ប្រហែល​១៥​ឆ្នាំ និង​រស់នៅ​ខេត្ត​ព្រះ​ត្រពាំង (​កម្ពុជា​ក្រោម​) ប្រទេស​វៀតណាម​។ នាពេលនោះ ខ្ញុំ​គឺជា​សិស្សសាលា​បឋមសិក្សា​ក្នុង​ខេត្ត​ព្រះ​ត្រពាំង​។ ខ្ញុំ​រៀន​បាន​៤​ឆ្នាំ ក៏ត្រូវ​រដ្ឋាភិបាល​វៀត​ណា​ម ចាប់បង្ខំ​ឲ្យ​ចូលធ្វើ​កងទ័ព​ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​ខ្មែរក្រហម ក្នុង​គោលបំណង​រំដោះប្រជាជន​កម្ពុជា​ឲ្យ​រួច​ផុតពី​ការកាប់សម្លាប់ នៅក្នុង​ឆ្នាំ​១៩៧៩​។ ខ្ញុំ​បាន​ធ្វើជា​កងទ័ព​វៀតណាម​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​។ បន្ទាប់មក អង្គភាព​ទ័ព​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​ហ្វឹកហាត់ និង​រៀនសូត្រ​ពី​យុទ្ធសាស្ត្រ​កងទ័ព​នៅ​តំបន់​៤ ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា អស់​រយៈពេល​ប្រាំ​មួយខែ​។ ប្រាំ​មួយខែ​ក្រោយមក ខ្ញុំ​ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​ឲ្យ​ទៅ​ឈរជើង​នៅ​ស្រុក​ម៉ាឡៃ ក្នុង​ខេត្តបន្ទាយមានជ័យ​។
​នៅ​ទីនោះ​ខ្ញុំ​បាន​ចូល​សមរភូមិ​វាយ​ប្រយុទ្ធ​តទល់​នឹង​យោធា​ខ្មែរក្រហម​ជា​រៀងរាល់ថ្ងៃ និង​ស្ទើរតែ​គ្មាន​ពេល​ឈប់សម្រាក​ឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ខ្ញុំ​មិនដែល​រុញ​រា​ដែរ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់ខ្ញុំ​ក្នុងការ​ផ្តួល​វាយ​រំលំ​កងកម្លាំង​របស់​ខ្មែរក្រហម​ដែល​នៅ​សេសសល់​។ មួយរយៈ​ក្រោយមក ខ្ញុំ​និង​កងទ័ព​វៀតណាម​ដទៃទៀត បាន​ផ្លាស់ប្តូរ​ទីកន្លែង​ទៅ​ឈរជើង​នៅក្នុង​ភូមិ​ម៉ក់​ហឺ​ន (​ស្ថិតក្នុង​ស្រុក​ម៉ាឡៃ​ដដែល​) ព្រោះ​កន្លែង​ឈរជើង​ចាស់​ខ្វះ​ទឹក​ប្រើប្រាស់ និង​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ស្បៀង និង​គ្រាប់​សព្វាវុធ ដែល​នាំ​ឲ្យ​មានការ​លំបាក​ក្នុងការ​វាយ​ប្រយុទ្ធ​តទល់​នឹង​យោធា​ខ្មែរក្រហម ព្រោះ​យោធា​ខ្មែរក្រហម​ពូកែ​វាយឆ្មក់​។ ជួនកាល​យោធា​ខ្មែរក្រហម​មាន​ត្រឹមតែ​ដប់​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​អាច​វាយ​កងទ័ព​វៀតណាម​ស្លាប់ និង​របួស​ជាច្រើន​នាក់ ដោយសារ​ការ​លួច​ឆ្មក់​គប់​គ្រាប់បែក​ចូល​បន្ទាយ​ទាហាន​វៀតណាម​។ ពេល​ខ្ញុំ​ឈរជើង​នៅ​ភូមិ​ម៉ក់​ហឺ​ន ពេលនោះ​យោធា​ខ្មែរក្រហម​បាន​វាយ​សម្រុកចូល​ជា​ញឹកញាប់​។

​រហូតដល់​ឆ្នាំ​១៩៨៣ ខ្ញុំ​បាន​ផ្លាស់​ទៅ​ឈរជើង​នៅ​ភូមិ​អូរ​បី​ជាន់​ដើម្បី​ការពារ​ព្រំដែន​ជីក​ប្រឡាយ និង​លើក​ទំនប់​។ មកដល់​ឆ្នាំ​១៩៨៥ ខ្ញុំ​ត្រូវបាន​ថ្នាក់លើ​បញ្ជូន​ឲ្យ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​ខ្មែរក្រហម​នៅ​សមរភូមិ​ក្តុល​តា​យឹ​ង ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ជាមួយ​សមាជិក​ក្រុម​ប្រមាណ​ដប់​នាក់ ខណៈនោះ​ខ្ញុំ​ក៏បាន​ជាន់មីន​៦៩ និង​ធ្លាក់ខ្លួន​ពិការ​មកដល់​សព្វថ្ងៃ​។ ខ្ញុំ​ត្រូវបាន​អង្គភាព​ទ័ព​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភូមិភាគ ស្ថិតនៅក្នុង​ក្រុង​ស្វាយ​ស៊ីសុផុន​។ ខ្ញុំ​បាន​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​អស់ រយៈពេល​បី​ខែ ទើប​ថ្នាក់លើ​បញ្ជូន​ខ្ញុំ​ទៅ​សម្រាក​ព្យាបាល​របួស​បន្ត​នៅ​ខេត្តសៀមរាប​។ បន្ទាប់ពី បានជា​សះស្បើយ​រួចហើយ ខ្ញុំ​ត្រូវបាន​សាច់ញាតិ​បបួល​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ព្រមទាំង​បាន​ណែនាំ​ខ្ញុំ​ឲ្យ​រកស៊ី​ទិញ​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ រួមមាន សម្លៀកបំពាក់ ម្សៅ និង​គ្រឿងទេស ដើម្បី​យកមក​លក់​នៅ​ស្រុក​ខ្មែរ​។ នៅ​ឆ្នាំ​១៩៨៩ ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​ខេត្តសៀមរាប និង​មាន​ប្រពន្ធ​ជា​អ្នក​ខេត្តសៀមរាប​។ រហូតមកដល់​ឆ្នាំ​១៩៩៣ ប្រពន្ធ​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ ទើប​ខ្ញុំ​សម្រេចចិត្ត​មក​រស់នៅ​ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​វិញ​។​

​ក្រោយមក ខ្ញុំ​បាន​រៀបការ​ប្រពន្ធ​ថ្មី នៅក្នុង​ស្រុក​ព្រ​នេត្រ​ព្រះ និង​បាន​ប្រកប​របរ​ជាជាង​ជួសជុល​កង់​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ​។ មកដល់​ឆ្នាំ​១៩៩៥ អង្គការ​ទស្សន​ពិភពលោក​បានមក​ជួប​ខ្ញុំ ហើយ​បាន​សាកសួរ និង​សម្ភាសន៍​ខ្ញុំ​ពី​ពិការភាព​។ អង្គការ​នេះ​បាន​សួរ​ខ្ញុំ​ថា «​តើ​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ចង់​រៀន​ជំនាញ​ជួសជុល​គ្រឿង​ម៉ាស៊ីន​ដែរឬទេ​?» ពេលនោះ ខ្ញុំ​បាន​ឆ្លើយតប​ទៅកាន់​បុគ្គលិក​អង្គការ​ថា «​ខ្ញុំ​ពិតជា​ចង់​រៀន​ណាស់​»​។ ក្រោយមក បុគ្គលិក​អង្គការ​ទស្សន​ពិភពលោក បានស្នើ​ឲ្យ​ខ្ញុំ​ជួយ​បំពេញ​ឯកសារ​បែបបទ​ក្នុង​ការរៀន​វគ្គ​ជំនាញ​ជួសជុល​ម៉ូតូ និង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​។ បន្ទាប់មក ខ្ញុំ​ក៏បាន​មក​រៀន​ជំនាញ​នេះ​នៅ​ឃុំ​អន្លង់​វិល ក្នុង​ខេត្តបាត់ដំបង​។​

​រហូតដល់​ឆ្នាំ​១៩៩៧ ខ្ញុំ​បាន​រៀន​ចប់​វគ្គ​ជំនាញ​ជួសជុល និង​បាន​បើក​របរ​ធ្វើ​ជាជាង​ជួសជុល​ម៉ូតូ និង​ជាង​ជួសជុល​ម៉ាស៊ីន នៅក្នុង​ស្រុក​ព្រះនេត្រព្រះ រហូតមកដល់​សព្វថ្ងៃ​នេះ​។ សព្វថ្ងៃ​ខ្ញុំ​ពិតជា​រវល់​ខ្លាំងណាស់​ចំពោះ​អាជីព​នេះ ព្រោះ​ខ្ញុំ​មិន​ត្រឹមតែ​ជាង​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ​ប៉ុណ្ណោះ​ទេ គឺ​ខ្ញុំ​បាន​ដើរ​ជួសជុល​គ្រឿង​ម៉ាស៊ីន​ស្ទើរតែ​ទូទាំង​ខេត្តបន្ទាយមានជ័យ​។ ទោះបី​ខ្ញុំ​ពិការ​ដោយសារ​សង្គ្រាម​ពិតមែន តែ​ខ្ញុំ​ក៏​អាចធ្វើ​ការរកស៊ី​ដូចជា​ប្រជាជន​ធម្មតា​ផ្សេងទៀត​ដែរ ដូច្នេះ​ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​ដល់​ជនពិការ​កម្ពុជា​ដទៃទៀត ត្រូវតែមាន​ក្តីសង្ឃឹម​»៕ ល​

វាលស្រែ​នៅ​ស្រុក​ព្រះនេត្រព្រះ​