​ខ្ញុំ​នៅ​រស់រានមានជីវិត​ដោយសារ​អ៊ួ​ន​

94

អ៊ុក ប៉ុល កើត​នៅ​ឆ្នាំ​១៩៤៣ នៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ (​ពី​ជំនាន់​មុន ស្រុក​ស្វាយរៀង​) ខេត្តស្វាយរៀង​។ ប៉ុល មាន​ឪពុកម្តាយ​ជា​កសិករ និង​មាន​បងប្អូន​ចំនួន​១០​នាក់​។ ប៉ុល គឺជា​កូនពៅ​។

អ៊ុក ប៉ុល ថត​នៅផ្ទះ​កូន​ក្នុង​ក្រុងភ្នំពេញ ខែកក្កដា ឆ្នាំ​២០១៧​

​ប៉ុល បាន​រៀន​ដល់​ថ្នាក់​ទី​១ (​សង្គមចាស់​) នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ នៅ​ឆ្នាំ​១៩៦៥ ប៉ុល បាន​ប្រឡង​ចូល​គ្រូ និង​រៀន​នៅ​សាលា​គរុកោសល្យ​រយៈពេល​មួយឆ្នាំ​ទៀត​។ បន្ទាប់ពី​រៀន​ចប់​សាលា​គរុកោសល្យ ប៉ុល បានចេញ​ទៅធ្វើ​ការ​នៅ​ស្រុកកំណើត​វិញ​។ ប៉ុល បាន​ចេញទៅ​បង្រៀន​នៅ​សាលា​មួយ​ស្ថិតនៅ​បោះ​ព្រីង ដែលជា​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​ក្រុង​ស្វាយរៀង​។ ប៉ុល បាន​រៀបការ​នៅ​ឆ្នាំ​១៩៦៧ ជាមួយ​ប្រពន្ធ​ឈ្មោះ កៅ សាមឿន ដែល​បច្ចុប្បន្ន​អាយុ​៦៩​ឆ្នាំ​។ ប៉ុល និង​ប្រពន្ធ មានកូន​ចំនួន​៧​នាក់​។​

 

​រហូតដល់​រដ្ឋប្រហារ​ទម្លាក់​ស​មេ្ត​ច ព្រះ​នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០ ប៉ុល ត្រូវបាន​រដ្ឋាភិបាល សាធារណរដ្ឋ​ខ្មែរ កោះហៅ​ឲ្យ​ត្រឡប់មក​បង្រៀន​នៅ​សាលា​ស្វាយរៀង​ក្រុង ស្ថិតនៅក្នុង​ក្រុង​ស្វាយរៀង​វិញ​។ ពេលនោះ ក៏មាន​មន្ត្រីរាជការ​ស៊ីវិល​ផ្សេងទៀត​ត្រូវបាន​កោះហៅ​ឲ្យ​ចូលមក​ធ្វើការ​នៅក្នុង​ក្រុង​វិញ​ដែរ​។ ចំណែក​ឪពុក ម្តាយក្មេក​របស់ ប៉ុល នៅ​ប្រកប​របរ​រកស៊ី​ទិញស្រូវ អង្ករ នៅ​ស្រុកកំណើត​នៅក្នុង​ឃុំ​តា​សួស ស្រុក​ស្វាយជ្រុំ​ដដែល​។ សភាពការណ៍​នៅពេលនោះ​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ព្រោះ​កងទ័ព​វៀត​កុង​បាន​ចូលមក​រស់នៅ​ឡូកឡំ​ជាមួយ​ប្រជាជន​នៅតាម​ព្រំដែន​ខ្មែរ​វៀតណាម ហើយ​ការ​ជ្រួលច្របល់​ក៏​ចាប់ផ្តើម​កើតឡើង​ដោយសារ​ប្រជាជន​មិនដឹងថា​ត្រូវ​នៅ​ខាង​ណា (​ខាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ លន់ នល់ ឬ​ខាង​កងទ័ព​រំដោះ ដែល​គាំទ្រ​ដោយ​កងទ័ព​វៀត​កុង​)​។ ចំណែក​ការ​ការសម្លាប់​អ្នកមានចំណេះដឹង និង​ពូកែ​ខាង​វោហា (​ឃោសនា​) នៅក្នុង​ភូមិ ដែលមាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​ប្រជាជន ក៏​កើតមាន​នៅក្នុង​ឃុំ​របស់ ប៉ុល ដែរ ដោយ​ក្នុង​មួយ​យប់នោះ​មាន​សម្លាប់​មនុស្ស​ដល់​ទៅ​បីនាក់​។ ប៉ុន្តែ​មុននឹង​មាន​ហេតុការណ៍​កាប់សម្លាប់​នេះ​កើតឡើង ក៏មាន​កងទ័ព​វៀត​កុង​ចូលមក​បញ្ចុះបញ្ចូល​អ្នក​ទាំង​នោះដែរ​។ ដោយ​ខ្លាច​ការកាប់សម្លាប់​នេះ​កើតមាន​ចំពោះ​គ្រួសារ​ខ្លួន ឪពុកក្មេក​របស់ ប៉ុល បានគេច​ខ្លួន​មក​រស់នៅ​ជាមួយ ប៉ុល នៅ​ក្រុង​ស្វាយរៀង​វិញ ដោយពេល​នោះ​ឪពុក​គាត់​ស្លៀក​ខោខ្លី​មួយ​ប៉ុណ្ណោះ​ដើម្បី​កុំ​ឲ្យ​ប្រជាជន​នៅ​ក្នុងភូមិ​កត់សម្គាល់​ពី​ការធ្វើដំណើរ​គេចខ្លួន​របស់គាត់​។

​ក្រោយមក ដោយសារ​ចលនា​រំដោះ​របស់​ខ្មែរក្រហម​កាន់តែ​រីក​សុសសាយ និង​ផុសផុល​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៧៤ មាន​អ្នកភូមិ​ម្នាក់​ឈ្មោះ ភា​ង ដែល​រស់នៅ​ក្នុងភូមិ​តា​ធាន ឃុំ​តា​សួស ជាមួយ ប៉ុល បានគេច​ខ្លួន​មក​ជួល​ផ្ទះ​ស្នាក់នៅ​ក្នុង​ក្រុង​ស្វាយរៀង ស្ថិតនៅ​ក្បែរ​ផ្ទះ​របស់ ប៉ុល ដែរ ដោយសារតែ​មានការ​គាបសង្កត់​ពី​ខាង​ខាង​កងទ័ព​រំដោះ​។ ប៉ុល បាន​ជួប ភា​ង ជាច្រើន​ដង​នៅ​តៀម​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ហើយ​មាន​ពេល​មួយ​គាត់​ក៏​សួរ ភា​ង ថា​ទៅណា (​ធ្វើ​ការងារ​អ្វី​)? ព្រោះ​ឃើញ ភា​ង ស្លៀកពាក់​ខ្មៅ ទើប ភា​ង ឆ្លើយតប​មកវិញ​ថា​នៅ​ខាង “​ក្រុម​ឆ្មា​ខ្មៅ​”​។ ភា​ង បាន​ចូលធ្វើ​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ខ្មែរ និង​បាន​ស្ម័គ្រចិត្ត​ចេញទៅ​ស៊ើបការណ៍​នៅ​ភូមិកំណើត​ក្នុង​តំបន់​រំដោះ ដើម្បី​មក​រាយការណ៍​ឲ្យ​ខាង​រដ្ឋាភិបាល​។ ដូច្នេះ​ក្រុម​របស់ ភា​ង ត្រូវបាន​ហៅថា “​ក្រុម​ឆ្មា​ខ្មៅ​” ព្រោះ​ក្រុម​នេះ​ស្លៀកពាក់​ខោអាវ​ពណ៌​ខ្មៅ និង​ចេញ​ធ្វើការ​តែ​នៅពេល​យប់​។ ជា​ញឹកញាប់ ភា​ង បានចេញ​ទៅធ្វើ​ការ​នៅក្នុង​ភូមិកំណើត​តែម្នាក់ឯង ម្យ៉ាងទៀត ភា​ង មានបំណង​ទៅយក​ប្រពន្ធ​ពី​តំបន់​រំដោះ​មក​រស់នៅ​ជាមួយ​ខ្លួន ក្នុង​ក្រុង​ស្វាយរៀង​វិញ​។ រយៈពេល​ជិត​មួយឆ្នាំ​ក្រោយមក ប៉ុល បានទទួល​ដំណឹង​ថា ភា​ង ត្រូវ​កងឈ្លប​ក្នុងភូមិ​លប​បាញ់សម្លាប់​នៅពេល​យប់​ជិត​ផ្ទះ​ប្រពន្ធ​របស់ ភា​ង នៅក្នុង​ភូមិ​។ ចាប់តាំងពី​ពេលនោះ​មក ប៉ុល មិនដែល​ឮដំណឹង​ពី ”​ក្រុម​ឆ្មា​ខ្មៅ​” នោះ​ទៀត​ទេ​។​

​ក្រោយមក ផ្លូវជាតិ​លេខ​១ ពី​ស្វាយរៀង ទៅ​ភ្នំពេញ ត្រូវបាន​កាត់ផ្តាច់ ដូច្នេះ​ការធ្វើដំណើរ និង​ការដឹក​ជំនួយ​មនុស្សធម៌​ផ្សេងៗ​នៅតាម​ផ្លូវគោក​មក​ខេត្តស្វាយរៀង​ត្រូវ​បង្វែរ​ដឹក​តាម​ក្រុមហ៊ុន​យន្តហោះ​ឯកជន ដែលមាន​គណៈកម្មាធិកា​រ​ទទួល​ជំនួយ​ឈ្មោះ ឧ​ត្ត​ម​សេនីយ៍ ណុប ប៉ា​រ៉ា​ម៉ុ​ន ចៅហ្វាយខេត្ត (​ជា​ប្រធាន​) និង​មេ​គយ​ឈ្មោះ សោម អ៊ា​វ​ស្រ៊ុន (​ជា​អនុប្រធាន​) គ្រប់គ្រង​លើ​កិច្ចការ​ជំនួយ​មនុស្សធម៌​នេះ​។ ហេតុដូច្នេះ គណៈកម្មាធិការ​ទទួល​ជំនួយ​មនុស្សធម៌ បានប្រកាស​ប្រាប់​ទៅ​ក្រសួង​អប់រំ​ដើម្បី​រក​ជួល​បុគ្គលិក​ផ្នែក​ជំនួយការ មក​មើល​ការខុសត្រូវ​លើ​កិច្ចការ​ជំនួយ​ដោយផ្ទាល់ ព្រោះ​អ្នក​ទាំងពីរ​ដែលមាន​តួនាទី​ធំ​មិន​ចង់ទៅ​ឈរ​រង់ចាំ​រាប់ និង​កត់​ចំនួន​ជំនួយ​នៅ​នឹង​វាល​យន្តហោះ​ដោយផ្ទាល់​ទេ​។ ពេលនោះ​មន្ទីរអប់រំ​ក៏បាន​ហៅ ប៉ុល ឲ្យ​មក​ធ្វើ​កិច្ចការ​នេះ ព្រោះ ប៉ុល ចេះ​និយាយ​ភាសា​បារាំង និង​អាច​និយាយ​ទំនាក់​ទំនងជា​ភាសា​អង់គ្លេស​បាន​ខ្លះ​។ ការងារ​របស់ ប៉ុល គឺ​ប្រចាំការ​នៅ​វាល​យន្តហោះ​ដើម្បី​រាប់​អង្ករ​ដែល​ដឹកជញ្ជូន​តាម​យន្តហោះ​ដា​កូតា មកពី​ភ្នំពេញ ដោយ​ក្នុង​មួយ​ជើងយន្តហោះ​អាច​ផ្ទុក​បាន​អង្ករ​៤ ទៅ​៦​តោន​។ ចំណែក​ការដឹកជញ្ជូន​មាន​រយៈពេល​ប្រមាណ​៣​ទៅ​៦​ខែ​ក្នុង​មួយឆ្នាំ ទៅតាម​បរិមាណ​អង្ករ និង​ពេលវេលា​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន ហើយ​យន្តហោះ​បាន​ចុះចត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ (​ម្តុំ​ស្ពាន​កន្ទុយ​វៃ​) ក្បែរ​ខ្សែត្រៀម​ប្រយុទ្ធ​តែម្តង​។​

​ដោយសារ​ស្ថានភាព​ដឹកនាំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅក្នុង​ខេត្តស្វាយរៀង​កាន់តែ​ចុះខ្សោយ​ទៅៗ ឧ​ត្ត​ម​សេនីយ៍ ប៉ា​រ៉ា​ម៉ុ​ន បានធ្វើ​ដំណើរ​មក​ភ្នំពេញ​វិញ​។ ប៉ុន្តែ​ក្រុមការងារ​របស់គាត់​បា​ន​អញ្ជើញ​គាត់​ត្រឡប់មក​ស្វាយរៀង​វិញ​ដែរ​ដើម្បី​ជ្រើសរើស​ទ័ព​បន្ថែមទៀត​។ រហូត​ជិត​ដល់​ដួលរលំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ឆ្នាំ​១៩៧៥ ឧ​ត្ត​ម​សេនីយ៍ ប៉ា​រ៉ា​ម៉ុ​ន បានរៀបចំ​ធ្វើដំណើរ​តាម​យន្តហោះ​មក​ភ្នំពេញ​ម្តងទៀត តែ​ខាង​យោធា​ឃាត់ ដោយ​សូម​ឲ្យ​គាត់​ស្នាក់នៅ​បន្ត និង​តស៊ូ​ស្លា​ប់រស់​ជាមួយគ្នា​។ អំឡុង​ពេលនោះ កងទ័ព​រំដោះ​ក៏បាន​ជូនដំណឹង​មក​ឧ​ត្ត​ម​សេនីយ៍ ប៉ា​រ៉ា​ម៉ុ​ន ឲ្យ​មក​ចរចា​គ្នា​មុន​ដើម្បី​កុំ​ឲ្យ​ក្រុម​ខ្លួន​មក​វាយយក​ក្រុង​ស្វាយរៀង​ដោយ​អាវុធ ដែល​ក្នុង​ក្រុមការងារ​ចរចា​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ក្នុង​ខេត្តស្វាយរៀង ក៏មាន​ដុក​ទ័​រ ឡុង ចា​ឡឹង ដែល ប៉ុល បាន​ស្គាល់​ច្បាស់​ជា​សមាជិក​ម្នាក់​ដែរ​។

​ប៉ុល បាន​នៅ​ធ្វើការ​នៅ​វាល​យន្តហោះ រហូតដល់​ក្រុង​ស្វាយរៀង​ត្រូវបាន​រំដោះ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​១៩៧៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ ប៉ុល ត្រូវបាន​កងទ័ព​រំដោះ​ជម្លៀស​ចេញពី​ក្រុង​ស្វាយរៀង​ដោយ​ប្រាប់ថា ឲ្យ​ទៅ​ភូមិកំណើត​វិញ​ដោយមាន​ខាង​ភូមិ​ឃុំ​រង់ចាំ​ទទួល​។ ប៉ុល បាន​យក​រឺ​ម៉ក​មួយ​មក​ដឹក​អង្ករ របស់របរ និង សម្ភារ​ប្រើប្រាស់ រួមទាំង​អ៊ួ​ន​ដែល​គាត់​បាន​ទិញ​ពី​ផ្សារ​សម្រាប់​ទុក​បង់​ត្រី ក្រោយ​សម្រាក​ពី​ការងារ​ពេល​គាត់​ធ្វើការ​នៅ​វាល​យន្តហោះ​។ ពេលធ្វើ​ដំណើរ​ចេញពី​ក្រុង​ស្វាយរៀង ប៉ុល បានឃើញ​ប្រជាជន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង​នៅក្នុង​ភូមិ​ខ្លះ​ស្លៀកពាក់​ខោអាវ​ខ្មៅ កំពុង​រាំ និង​ច្រៀង​ដើម្បី​អបអរ​ថ្ងៃ​ចូលឆ្នាំថ្មី​។ ប៉ុល បានមក​ឈប់​នៅ​វត្ត​ស្វាយជ្រុំ​តាម​ការប្រកាស​ប្រាប់​ពី​កងទ័ព​រំដោះ​។ បន្តិចក្រោយមក ប៉ុល បានឃើញ​ដុក​ទ័​រ ឡុង ចា​ឡឹង មកដល់​ទីនោះ​ដែរ ដោយ​ជិះ​រថយន្ត​ពេទ្យ រួមជាមួយ​គិលានុប្បដ្ឋាយិកា​៤​នាក់ និង​ថ្នាំពេទ្យ​មួយចំនួន​។ ប៉ុល បាន​ឆ្លៀត​ទៅសួរសុខទុក្ខ​ដុក​ទ័​រ ឡុង ចា​ឡឹង ទើប​ដុក​ទ័​រ ចា​ឡឹង បាន​ប្រាប់​គាត់​ថា “​កងទ័ព​រំដោះ​សូម​ឲ្យ​ប្រជាជន​ជម្លៀសចេញ​បី​ថ្ងៃ​សិន​ដើម្បី​បោសសម្អាត​ខ្មាំង​ខាងក្នុង និង​រៀបចំ​ការដឹកនាំ រួចរាល់​ហើយ​ទើប​ឲ្យ​ចូលមក​នៅផ្ទះ​វិញ​”​។ បន្ទាប់ពី​ជជែក​គ្នា​បាន​បន្តិច ប៉ុល ក៏​ត្រឡប់​មកកាន់​រឺ​ម៉ក​ដែល​ចត​នៅក្បែរនោះ​វិញ​។ ស្រាប់តែ​ពេលនោះ ប៉ុល ឮ​ឈ្លប​ដែល​ឈរ​យាម​នៅក្បែរ​គាត់​ខ្សឹប​គ្នា​ថា “​តើ​ទុក​ដល់​ពេលណា ដកយក​ឡាន​មកៗ រួច​ឲ្យ​ដោះ​ខោអាវ​ពេទ្យ​ចេញ ហើយ​ឲ្យ​ទៅណា​ក៏​ទៅៗ​”​។ មួយរយៈ​ពេល​ខ្លី​ក្រោយមក អង្គការ​ក៏​ប្រកាសប្រាប់​អ្នក​ជម្លៀស​ទាំងអស់​ឲ្យ​ទៅ​ជុំគ្នា​នៅ “​វត្ត​បន្លា​ស្អិត​” វិញ​។ នៅ​ទីនោះ ឈ្លប​បាន​ហៅ ប៉ុល ទៅ​សួរ​ឈ្មោះ ចំនួន​កូន​ក្នុងបន្ទុក ការងារ និង​ក្រដាស់​ស្នាម​បញ្ជាក់បន្ថែម​។ ប៉ុល បាន​ប្រាប់​ឈ្លប​តាម​ត្រង់​ថា “​គាត់​ធ្វើជា​គ្រូបង្រៀន​” រួចហើយ​គាត់​បាន​យក​ឯកសារ​ដែល​គាត់​បានរៀបចំ​ទុក រួមមាន ៖ សំបុត្រកំណើត​កូន ប្លង់ដី សៀវភៅ​កំណត់ហេតុ​ពេល​គាត់​នៅ​ជា​សិស្ស​យកទៅ​ប្រគល់​ឲ្យ​ឈ្លប​នោះ​។ ឈ្លប​បាន​ក្រឡេកមើល​មួយ​ភ្លែត ដោយ​មិនបាន​ពិនិត្យមើល​ល្អិតល្អន់​ទេ ក៏​លាន់មាត់​ថា ”​រកតែ​អាហ្នឹង (​ប្លង់ដី​) សម័យនេះ​គ្មាន​ប្លង់​គ្មាន​អី​ទេ​” រួចហើយ​ក៏​ឈួ​ល​រំសេវ​ដុត​ឯកសារ​របស់គាត់​ចោល​ទាំងអស់​។ បន្ទាប់មក​ឈ្លប​ដែល​ភាគច្រើន​មាន​វ័យក្មេងៗ ក៏​សុំ​ដកយក​ម៉ូតូ​របស់ ប៉ុល និង​សម្ភារ​ផ្សេង​ដែល​ចាំបាច់​សម្រាប់​បម្រើ​ការងា​រ​របស់​អង្គការ រួចហើយ​បានជ្រើសរើស ប៉ុល ឲ្យ​ទៅ​ចូលប្រជុំ​នៅ​វត្ត​ស្វាយ​ផ្អែម ដោយ (​ទុក​ប្រពន្ធ កូន​ពីរ​នាក់ និង​ឪពុក​ម្តាយក្មេក​នៅ​វត្ត​បន្លា​ស្អិត​។

​មុន​ចេញដំណើរ​ទៅ​វត្ត​ស្វាយ​ផ្អែម ប្រពន្ធ​របស់ ប៉ុល បាន​លួច​យក​មាស​មួយ​តម្លឹង​ទៅ​ឲ្យ ប៉ុល ដោយ​ដាក់​នៅក្នុង​ហោប៉ៅ​ខោ​ក្នុង​របស់ ប៉ុល​។ ពេលនោះ​គ្រួសារ ប៉ុល បាននាំគ្នា​យំ ព្រោះ​គិតថា ឈ្លប​នឹង​យក ប៉ុល ទៅ​សម្លាប់​។ ឃើញ​ដូច្នេះ ប៉ុល ក៏បាន​និយាយ​លួងលោម​ក្រុមគ្រួសារ​របស់គាត់​ថា “​គាត់​នឹង​មិនមាន​បញ្ហា​ទេ កុំ​បារម្ភ​អី​”​។ ប៉ុល បាន​ចេញទៅ​វត្ត​ស្វាយ​ផ្អែម​ជាមួយ​ខោអាវ​ជាប់​នឹង​ខ្លួន​មួយ​កំ​ប្លេ​រ និង​ក្រមា​មួយ​ប៉ុណ្ណោះ​។ វត្ត​ស្វាយ​ផ្អែម នៅពេលនោះ ជា​កន្លែង​ដែល​ប្រមូលផ្តុំ​អ្នក​ជម្លៀស​ដែល​ឈ្លប​បានជ្រើសរើស​មកពី​គ្រប់​ភូមិ​ឃុំ​ក្នុង​ខេត្ត​។ ក្រោយពេល ប៉ុល ចាក​ចេញពី​គ្រួ​សារបាន​បន្តិច ក្មួយ​ប្រសារ​រ​របស់គាត់​ឈ្មោះ ថន ដែល​ធ្វើការ​នៅ​ភូមិ​បាន​ទៅ​តាមរក តែ​ដោយ​រក​គាត់​មិនឃើញ ថន ក៏បាន​យក​អ៊ួ​ន​របស់គាត់​មក​រក្សាទុក​។ ពេលទៅដល់​វត្ត​ស្វាយ​ផ្អែម ឈ្លប​បានរៀបចំ​បាយ និង​សម្ល​ដើម​ចេក​ឲ្យ​ហូប ហើយ​ថែមទាំង​ប្រកាសប្រាប់​អ្នក​ជម្លៀស​ថា “​កុំ​ភ័យ​បារម្ភ អង្គការ​មិន​ឲ្យ​ដាច់ពោះ​ស្លាប់​ទេ គឺ​ទៅ​ទីណា​គឺមាន​ហូប​នៅ​ទីនោះ​”​។ ប៉ុល បាន​ដេក​នៅ​សាលារៀន​ជាប់​វត្ត​ស្វាយ​ផ្អែម​មួយ​យប់ ព្រឹក​ឡើង​គាត់​ក៏​គក់ខោអាវ​រួច​យកទៅ​ហាល​នៅ​របង​សាលារៀន ស្រាប់តែ​ពេលនោះ “​តា​ធុច​” ជា​គណៈ​តំបន់ បាន​កោះហៅ​អ្នក​ជម្លៀស​ទៅ​ប្រជុំ​។ ប៉ុន្តែ​ដោយ​ខ្លាច​បាត់​មាស​ដែល​ដាក់​ក្នុង​ហោប៉ៅ​ខោ​ដែល​ហាល ទើប ប៉ុល មិនបាន​ទៅ​ចូលរួម​។ ចេញពី​កន្លែង​ស្នាក់នៅ ប៉ុល បានឮ តា​ធុច ប្រកាស​តាម​មេក្រូ​សួររក​ឈ្មោះ​គាត់​ថា “​ឮដំណឹង​មិត្ត ប៉ុល មក​ទី​នេះដែរ​ម៉េច​ក៏​មិនឃើញ​”​។ ក្រោយពី​ប្រជុំ​ចប់ មាន​គ្រូបង្រៀន​មួយចំនួន​មក​ខ្សឹបប្រាប់​គាត់​ថា តា​ធុច គណៈ​តំបន់​ជា​គ្រូបង្រៀន ទើប​គាត់​ដឹងថា តា​ធុច ជា​មិត្តភក្តិ​របស់គាត់​ដែល​បង្រៀន​នៅ​សាលា​បោះ​ព្រីង​ជាមួយគ្នា ដែល​កាលនោះ​មាន​ឈ្មោះថា “​គ្រូ​ឆាំ​”​។ ពេលនោះ តា​ធុច ក៏បាន​យក​គ្រូៗ​ដែល​ធ្លាប់​ស្គាល់គ្នា​មួយចំនួន​ទៅធ្វើ​ការ​ជាមួយ ដោយ​ប្រគល់​ភារកិច្ច​ឲ្យ​ចាំ​បញ្ចុះបញ្ចូល​ប្រជាជន ដែល​ជម្លៀស​ចេញពីផ្ទះ​ឲ្យ​ប្រាប់​ពី​ប្រវត្តិ រូប​ពិតប្រាកដ នៅ​ម្តុំ​ក្រោលគោ ក្នុងស្រុក​ស្វាយជ្រុំ​។​

​ចំណែក ប៉ុល ស្នាក់នៅ​សាលារៀន​ជិត​វត្ត​ស្វាយ​ផ្អែម​បាន​រយៈពេល​មួយអាទិត្យ អង្គការ​ក៏​ប្រកាស​ឲ្យ​ត្រឡប់មក​ជួបជុំ​ប្រពន្ធ កូន និង​ម្តាយ​នៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួស​វិញ​។ ពេលនោះ​ក្មួយ​របស់​ប្រសារ​របស់គាត់​ឈ្មោះ ថន ក៏បាន​យក​អ៊ួ​ន​មក​ប្រគល់​ឲ្យ​គាត់​វិញ​។ ប៉ុល ស្នាក់​នៅផ្ទះ​បាន​ពីថ្ងៃ អង្គការ​ក៏​មក​ហៅ​គាត់​ឲ្យ​ទៅ​រៀនសូត្រ​នៅ​វត្ត​តា​សួស ដោយ​អង្គការ​បែងចែក​គ្រូបង្រៀន អ្នក​ធ្លាប់ធ្វើ​ទាហាន​ឲ្យ​រស់​ដាច់ដោយឡែក​ពីគ្នា ហើយ​អ្នកគ្រប់គ្រង​នៅ​ទីនោះ​ឈ្មោះ ថន ត្រូវជា​ក្មួយ​ប្រសារ​របស់គាត់​។ ក្រៅពី ប៉ុល អង្គការ​ក៏​ហៅ​ឪពុកក្មេក​របស់គាត់​ទៅ​រៀនសូត្រ​ដែរ ដោយ​ចោទ​ឪពុកក្មេក​គាត់​ថា “​ទាហាន​ពាក់​ស័ក្តិ​៤” ហើយក៏​បាត់​ខ្លួន​រហូតដល់​សព្វថ្ងៃនេះ​។ អ្នក​ដែល​នាំ​ឪពុកក្មេក​គាត់​ទៅ​ពេលនោះ គឺជា​បងប្អូន​ជីដូនមួយ​ខាង​ឪពុកក្មេក​គាត់​តែម្តង​។ នៅ​សម័យ​នោះ ប៉ុល ក៏មាន​បង​ពីរ​នាក់ ម្នាក់​ឈ្មោះ អ៊ុក សយ ធ្វើការ​ងារ​នៅ​ភូមិ ក្រោយមក​បាន​ឡើង​ធ្វើការ​នៅ​ឃុំ ត្រូវបាន​អង្គការ​ចាប់ខ្លួន​បញ្ជូន​មក​ឃុំឃាំង​នៅ​គុក​ទួលស្លែង ដោយ ប៉ុល បានឃើញ​រូបថត​បងប្រុស​គាត់​តាំង​នៅ​គុក​ទួលស្លែង ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩​។ មុនពេល​ចាប់​បង​របស់គាត់ មេភូមិ និង មេឃុំ កម្មាភិបាល​ដែល​បញ្ជូន​មកពី​ភូមិភាគ​និរតី បាន​ចាប់ គណៈ​ស្រុក និង​គណៈ​តំបន់​យកទៅ​អស់ហើយ​។​

​ប៉ុល បាន​ស្នាក់នៅ និង​រៀនសូត្រ​នៅ​វត្ត​តា​សួស តែ​អង្គការ​ក៏បាន​អនុញ្ញាត​ឲ្យ​គាត់​មកលេង​គ្រួសារ​បាន​ពីរ​បី​ដង​ដែរ ព្រោះ​មាន​ក្មួយ​ប្រសារ​គ្រប់គ្រង​នៅ​ទីនោះ​។ ជារឿយៗ​អង្គការ​បាន​ហៅ​អ្នក​ដែលមាន​ឈ្មោះ​នៅ​រៀនសូត្រ​ទាំងអស់​ឲ្យ​មក​ប្រជុំ រួចហើយ​ឲ្យ​សម្តែង​ពី​ភាពស្មោះត្រង់ ដោយ​ប្រាប់​ពី​តួនាទី​ពិតប្រាកដ ដោយ​អង្គការ​តែង​លើកឡើងថា ដូចជា “​តា​ប៉ុល​” គាត់​ប្រាប់​ពី​ការពិត​ធ្វើជា “​គ្រូបង្រៀន​”​។ ប៉ុល រៀនសូត្រ​នៅ​វត្ត​តា​សួស​បាន​រយៈពេល​បី​ខែ អង្គការ​ក៏​ដោះលែង​គាត់​ឲ្យ​មក​រស់នៅ​ជុំ​គ្រួសារ​វិញ​។ ពេលមកដល់​ផ្ទះ គាត់​ត្រូវបាន​បន្ធូរបន្ថយ​ឲ្យ​មាន​សិទ្ធិសេរីភាព​ជាង​មុន និង​អាច​ដើរទៅ​កន្លែង​ផ្សេងៗ​បាន ព្រោះ​គាត់​បាន​យក​អ៊ួ​ន​របស់គាត់​ដើរ​បង់​ត្រី យកមក​ប្រគល់​ឲ្យ​សហករណ៍​ដើម្បី​ធ្វើ​ម្ហូប​ឲ្យ​សមាជិក​កង​ហូប​។ ចំណែក​ម្ហូបអាហារ គាត់​បាន​ហូប​ឆ្អែត ដោយ​គាត់​អាច​ដុត​ត្រី​ហូប​នៅតាម​វាល បឹង និង​អាច​លាក់ទុក​យកមក​ឲ្យ​ប្រពន្ធ​កូន​នៅផ្ទះ​ហូប​បាន​ថែមទៀត​។ ប៉ុល នៅតែ​ចងចាំ និង​រំឭក​ពី​អ៊ួ​ន​ដែល​ធ្វើ​ឲ្យ​គាត់​រួច​រស់​ជីវិត​មកទល់​ស​ព្វ​ថ្ងៃ​។​

​រហូតដល់​កងទ័ព​វៀតណាម​វាយ​ចូលមក នៅ​ដើមឆ្នាំ​១៩៧៩ អង្គការ​បាន​ជម្លៀស ប៉ុល និង​គ្រួសារ​មកដល់​ភាគខាងត្បូង​ស្រុក​កំពង់ត្របែក​ជាប់មាត់​ទន្លេ ស្ថិតនៅក្នុង​ខេត្តព្រៃវែង​។ ពេល​គាត់​កំពុង​រក​ទូក​ឆ្លងទៅ​ត្រើយម្ខាង​ទៀត ស្រាប់តែ​គាត់​ឃើញ​កងទ័ព​វៀតណាម​កំពុង​ដើរ​លើ​មាត់ច្រាំង​ទន្លេ​ម្ខាង​នោះ​ហើយ ដូច្នេះ​គាត់​ក៏​គេ​ចម​កនៅ​ភូមិកំណើត​វិញ​។​

នៅពេលនោះ អាជ្ញាធរខេត្ត និង​ជំនាញការ​វៀតណាម បានមក​ហៅ​គាត់​ឲ្យ​ចូលធ្វើការ​ខាង​ផ្នែក​អប់រំ​វិញ តែ​គាត់​បាន​បដិសេធ​ដោយ​សុំ​នៅផ្ទះ​មួយឆ្នាំ​សិន​ដើម្បី​ធ្វើស្រែ​ចិញ្ចឹម​គ្រួសារ​។ ក្រោយមក ដោយ​ខាង​អប់រំ​មាន​អ្នកគ្រប់គ្រង​រួចហើយ ប៉ុល ក៏​មក​គ្រប់គ្រង​មណ្ឌលកុមារ​កំព្រា នៅ​ខេត្តស្វាយរៀង ហើយ​នៅ​អំឡុង​ពេលនោះ គាត់​ក៏​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​អនុប្រធាន​កាកបាទក្រហម​ខេត្ត ព្រោះ​គាត់​ធ្លាប់មាន​បទពិសោធ​ន៍ខា​ង​ទទួល​ជំនួយ​មនុស្សធម៌ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​។ ពេលធ្វើការ​នៅ​កាកបាទក្រហម ប៉ុល បាន​សុំ​ជំនួយ​ពី​អង្គការ ហាស់​សេ​អ៊ែរ (U.N.H.C.R) ដើម្បី​កសាង​ភូមិ​ចេក ឲ្យ​ទៅជា​ភូមិ​គំរូ ខាង​ផ្នែក​កសិកម្ម សិប្បកម្ម មន្ទីរពេទ្យ និង​សាងសង់​សាលារៀន​ចេក ដែល​បច្ចុប្បន្ន​វិទ្យាល័យ​ចេក​។

មកដល់​ឆ្នាំ​១៩៩០ ប៉ុល បាន​លាលែង​ពី​ការងារ ហើយ​នាំ​គ្រួសារ ប្រពន្ធ​កូន​មក​រស់នៅ​ភ្នំពេញ​រហូតមកដល់​ស​ព្វ​ថ្ងៃ​៕

ដោយ​: ​សោម ប៊ុនថន បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​