​ខ្ញុំ​មិន​ចង់​ឲ្យ​របប​ខ្មែរក្រហម​កើតឡើង​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​មានការ​ចងចាំ​ពី​របប​នេះ​

1393
ចែករម្លែក
  • 27
    Shares

ដោយ​៖ ឆោម លីដា គរុ​សិស្ស​ឆ្នាំ​ទី​២ ជំនា​ន់ទី​២៧ ឯកទេស ភាសា​អង់គ្លេស​-​ខ្មែរ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ព្រៃវែង​
​ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ មឹង លាត អាយុ​៥៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ខ្ញុំ​បាន​ផ្លាស់​មក​រស់នៅ​ក្នុងភូមិ​គោក​សំ​ពណ៌ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ អស់​រយៈពេល​១៤​ឆ្នាំ​មកហើយ​។ នៅមុន​របប​ខ្មែរក្រហម ខ្ញុំ​បានរស់នៅ​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​។ ឪពុកម្តាយ​របស់ខ្ញុំ​ប្រកបរ​បរជាកសិករ ចំណែក​ខ្ញុំ​បាន​ជួយ​មើលថែ​ប្អូន​តូចៗ​។


​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ពេលដែល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ខ្មែរក្រហម​បាន​បំបែក ខ្ញុំ​ចេញពី​ក្រុមគ្រួសារ ។ ប៉ុន្តែ​ខ្មែរក្រហម​មិនបាន​ជម្លៀស​ខ្ញុំ​ទៅ​តំបន់​ឆ្ងាយ​ឡើយ ដោយសារតែ​ខ្ញុំ​មាន​ប្រវត្តិរូប​ជា​កូន​កសិករ​។ ផ្ទុយទៅវិញ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ដែលមាន​ប្រវត្តិ​ជា​គ្រូបង្រៀន ឬ​គ្រូពេទ្យ​ទៅ​តំបន់​ឆ្ងាយៗ​។​

​ដោយសារ​ខ្ញុំ​នៅ​ជា​កុមារ​នា​សម័យ​នោះ ខ្មែរក្រហម​បាន​បញ្ជា​ខ្ញុំ​ឲ​ទៅ​កាប់​ទន្ទ្រានខែត្រ​យកមក​ចិញ្ច្រាំ​ធ្វើ​ជី រែក​ដី លើក​ទំនប់ ដាំដំឡូង និង​ជញ្ជូន​កណ្តាប់​ជាដើម​។ ចំពោះ​ការរៀនសូត្រ​វិញ ខ្ញុំ​និង​ក្មេងៗ​ដទៃទៀត​នៅក្នុង​ភូមិ​ត្រូវបាន​ខ្មែរក្រហម​អនុញ្ញាត​ឲ្យ​រៀនអក្សរ​បន្តិចបន្តួច​ជាមួយ​គ្រូបង្រៀន​នៅក្រោម​ម្លប់​ឫស្សី​។

​នៅពេលនោះ ខ្ញុំ​បានឃើញ​ខ្មែរក្រហម​ចាប់​មនុស្ស​យកទៅ​សម្លាប់ និង​យកទៅ​មន្ទីរ​សន្តិសុខ​ដែល​ភាគច្រើន​អ្នក​ទាំងនោះ​ជា​គ្រូបង្រៀន គ្រូពេទ្យ និង​អ្នកចេះដឹង​ជាដើម​។ ដោយសារ​ខ្ញុំ​មាន​អាយុ​តិច និង​នៅ​វ័យក្មេង​នៅឡើយ ដូច្នេះ​ខ្ញុំ​មិនសូវ​ភ័យខ្លាច​ពេល​មើល​ហេតុការណ៍​នៃ​ការសម្លាប់​ប្រជាជន​ទាំង​នោះទេ ទោះបី​ឪពុកម្តាយ​របស់ខ្ញុំ​បាន​ហាមឃាត់​មិន​ឲ្យ​ទៅ​មើល​ក៏ដោយ​។ ចំពោះ​ការបរិភោគ​ប្រចាំថ្ងៃ ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ដាំបាយ និង​ហូប​ជុំ​គ្រួសារ​នៅផ្ទះ​ឡើយ​។ ប្រជាជន​ទាំងអស់​ត្រូវតែ​ហូប​ជុំគ្នា​នៅ​រោង​បាយ​សហករណ៍​។ អាហារ​នៅក្នុង​សហករណ៍​មាន​បាយ ឬ បបរ លាយ​ដំឡូង​មី និង​បន្លែ​ផ្សេងៗ​។ នៅពេល​សហករណ៍​ខ្វះខាត​អង្ករ​ម្តងៗ ប្រជាជន​ត្រូវ​ហូប​បបរ​រាវ​រយៈពេល​កន្លះ​ខែ ទៅមួយ​ខែ​។ នៅក្នុង​សម័យ​នោះ ប្រជាជន​មិនមាន​សិទ្ធិ​ជ្រើសរើស​ប្តី​ប្រពន្ធ​ដោយ​ខ្លួនឯង​បានឡើយ គឺ​ខ្មែរក្រហម​ជា​អ្នក​រៀបការ​ឲ្យ​ប្រជាជន​ទាំងនោះ ដោយ​ក្នុង​ពិធី​រៀបការ​នីមួយៗ​មាន​ប្តី​ប្រពន្ធ​ដល់​ទៅ​៥០​គូ​។​

​នៅពេល​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម ខ្ញុំ​បែរជា​មាន​អារម្មណ៍​ភិតភ័យ​យ៉ាងខ្លាំង​ទៅវិញ ព្រោះ​ខ្ញុំ​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​អំពី “​កំពប់​តែ​អុង​” ដែល​មានន័យថា​វៀតណាម​បាន​ប្រើប្រាស់​ក្បាល​ជនជាតិខ្មែរ​ធ្វើជា​ចង្ក្រាន​ដាំ​តែ​។ ពេលនោះ​កងទ័ព​វៀតណាម​បាន​បង្គាប់​ឲ្យ​ខ្ញុំ​និង​ប្រជាជន​ដទៃទៀត​ទៅ​សម្រាក​នៅលើ​វាលស្រែ ហើយ​បាន​ចែក​ថ្នាំពេទ្យ និង​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ​ឲ្យ​ខ្ញុំ និង​ប្រជាជន​នៅ​ទីនោះ​ទៀតផង​។​
​ខ្ញុំ​សប្បាយរីករាយ​យ៉ាងខ្លាំង​ព្រោះ​បាន​ជួបជុំ​ជាមួយ​ឪពុកម្តាយ និង​មក​រស់​នៅផ្ទះ​របស់ខ្លួន​វិញ​។ បន្ទាប់មក រដ្ឋអំណាច​ថ្មី​នៃ​របប​សាធារណរដ្ឋ​ក៏បាន​ចែកចាយ​ដីស្រែ និង​ពូជស្រូវ​ឲ្យ​គ្រួសារ​ខ្ញុំ និង​ប្រជាជន​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​គ្រួសារ ។​

​ទោះបី​របប​ខ្មែរក្រហម​ដួលរលំ​ទៅហើយ​ក៏ដោយ ក៏​សង្គ្រាម​នៅ​បន្ត ហើយ​ខ្ញុំ​និង​ក្រុមគ្រួសារ​តែងតែ​រត់គេច​ពី​ការវាយប្រហារ​គ្នា​រវាង​យោធា​របស់​ខ្មែរក្រហម និង​កងទ័ព​របស់រ​ដ្ឋា​ភិ​បាល​នៅ​ភ្នំពេញ ដែល​គាំទ្រ​ដោយ​វៀតណាម​។

​នៅពេលដែល​សង្គ្រាម​បាន​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៧ ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​វិល​ត្រឡប់មក​រស់នៅ​ស្រុកកំណើត​នៅ​ស្រុក​ជីក្រែង​។ ទោះបី​របប​ខ្មែរក្រហម​បាន​ផុតរលត់​ទៅជា​ង​៣៩​ឆ្នាំ​មកហើយ​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ចងចាំ និង​នឹកឃើញ​អំពី​ហេតុ​ការ​នៃ​ការសម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ ហើយ​អដ្ឋិធាតុ​របស់​ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​តម្កល់​នៅ​វត្ត​មួយ​ក្នុង​ឃុំ​កំពង់ក្តី​រហូតមកដល់​សព្វថ្ងៃ​។ ខ្ញុំ​មិន​ចង់​ឲ្យ​របប​បែបនេះ​កើតឡើង​នៅ​ប្រទេស​កម្ពុជា​ទៀតឡើយ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​មានការ​ចងចាំ​ពី​របប​នេះ​ដើម្បី​ជាការ​ផ្សះផ្សា និង​ជំរុញ​ឲ្យ​មាន​សន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​៕ ល​

#