​ខ្ញុំ​យំ​គ្រប់​ពេលដែល​ខ្មែរក្រហម​បង្គាប់​ឲ្យ​ហៅ​ឪពុក​ខ្ញុំ​ថា “​មិត្ត​”

2305
ចែករម្លែក
  • 124
    Shares

​ផល្លី មិន​ព្រម​ហៅ​ឪពុក​របស់ខ្លួន​ថា “​មិត្ត​” តាម​បញ្ជា​របស់​ក​ម្មា​ភ​បាល​ខ្មែរក្រហម​នៅក្នុង​ភូមិ​ទេ​។ ផល្លី បាន​រៀបរាប់ថា មុនពេល​របប​ខ្មែរក្រហម​គ្រប់គ្រង ឪពុក​របស់គាត់​ជាជាង​ធ្វើ​ប៉ោត ធុង ចំណែកឯ​ម្តាយ​ប្រកប​របរ​ធ្វើស្រែ​។ ជា​រៀងរាល់ថ្ងៃ ផល្លី ទម្លាប់​ហៅ​អ្នក​ទាំងពីរ​ថា “​ប៉ា​” និង “​ម៉ាក់​”​។

​ផល្លី បាន​បន្តថា ដោយសារ​មិនដែល​ឮ​ពាក្យ “​មិត្ត​” និង​មិន​ទម្លាប់​និយាយ​ពាក្យ​នេះ​ពីមុនមក ទើប​គាត់​ប្រកែក និង​យំ នៅពេលដែល​ខ្មែរក្រហម​បង្គាប់​គាត់​ឲ្យ​ប្រើពាក្យ​នេះ​។ ខ្មែរក្រហម​ប្រចាំ​នៅ​ភូមិ​គំរាម​វាយ និង​យក​គាត់​ទៅ​សម្លាប់ចោល ប្រសិនបើ​នៅតែ​រឹងទទឹង​ហៅ​ឪពុក​ខ្លួនឯង​ថា “​ប៉ា​” ដែល​ខ្មែរក្រហម​បាន​ចាត់ទុកថា ជា​ពាក្យ​របស់​មូលធន នាយទុន សក្តិភូមិ​។ ចាប់តាំងពី​ពេលនេះ​មក ផល្លី បាក់ស្បាត និង​ខ្លាច​ខ្មែរក្រហម​រហូតមក​។​

​ផល្លី បាន​រៀបរាប់ថា គាត់​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ក្រុងភ្នំពេញ​។ គាត់​មាន​ឈ្មោះថា តិច ផល្លី ឪពុក​ឈ្មោះ កៅ តិច ដែល​បច្ចុប្បន្ន​នៅរស់​។ ចំណែក​ម្តាយ​មាន​ឈ្មោះថា កៅ ម៉ៅ បានទទួល​មរណៈភាព​កាលពី​ឆ្នាំមុន​ដោយសារ​ជំងឺ​។ ផល្លី មាន​បងប្អូន​ចំនួន​៦​នាក់ ហើយ​គាត់​គឺជា​កូនច្បង​។

​នៅពេល​ខ្មែរក្រហម​ចូលមក​ក្រុងភ្នំពេញ ផល្លី មាន​អាយុ​បី​ឆ្នាំ​។ ក្រុមគ្រួសារ ផល្លី រួមទាំង​បងប្អូន​ត្រូវបាន​អង្គការ​ជម្លៀស​ទៅ​ភូមិ​បង្អោង ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ នៅពេល​ធ្វើដំណើរ ឪពុក ផល្លី មិនមាន​កម្លាំងកំហែង និង​ដើរ​ពុំបាន​ឆ្ងាយ​ទេ​។ ម្តាយ​របស់គាត់​បាន​យក​គាវ (​រទេះ​ធ្វើ​ពី​ឈើ តែ​ពុំមាន​កង់​) មក​ឲ្យ​ឪពុក​គាត់​ជិះ រួចហើយ​យក​គោ​មក​អូស​។

​គ្រួសារ​របស់ ផល្លី បាន​ទៅ​រស់នៅ​ភូមិ​បង្អោង​រយៈពេល​បី​ខែ ទើប​កម្មាភិបាល​ខ្មែរក្រហម​នៅក្នុង​ភូមិ​បាន​បែងចែក​ក្រុមគ្រួសារ​គាត់​ឲ្យ​ទៅ​រស់នៅ​ភូមិ​ស្នោ​វិញ​។

​ក្រោយមក អង្គការ​បាន​បំបែក​ម្តាយ​របស់ ផល្លី ឲ្យ​ទៅ​លើក​ទំនប់​នៅ​ព្រែក​ព្នៅ​។ ផល្លី និង​ប្អូនស្រី​នៅ​កងកុមារ​នៅ​ភូមិ​រំដួល​។ ចំណែក​ឪពុក​របស់ ផល្លី រស់នៅ និង​ធ្វើការ​ក្នុងភូមិ​ស្នោ​ដដែល​។ ផល្លី ចាំបាន​ថា ពី​ភូមិ​អង្គ​រំដួល ទៅ​ភូមិ​ស្នោ មាន​ចម្ងាយ​ឆ្ងាយ​ពីគ្នា ប៉ុន្តែ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ គាត់​មិន​ចំណាំ​ទីតាំង​ភូមិ​ទាំងពីរ​នេះ​ទេ​។ នៅ​ភូមិ​ស្នោ ឪពុក​របស់គាត់​មាន​ជំងឺ​ហើម​ដោយសារ​ហូប​មិន​គ្រប់​គ្រាប់​។ ចុងភៅ​ស្ល​តែ​ស្លឹក​ដំឡូង​មី ដំឡូងជ្វា ស្លឹក​អំពិល​បារាំង និង​ខ​ត្នោត​ឲ្យ​ឪពុក​គាត់​ហូប​តែប៉ុណ្ណោះ​។ រហូតមកដល់​សព្វថ្ងៃ ឪពុក​របស់គាត់​នៅតែ​ដំណាល​ពី​ខ​ត្នោត​ដែល​ចុងភៅ​កាប់​ដុំៗ ខ​លាយ​ជាមួយ​ទឹក​ស្ករ ដោយ​ក្នុង​ត្នោត​មួយ​ដុំ​សម្រាប់​សមាជិក​បួន​នាក់​។​

​ផល្លី រស់នៅក្នុង​កងកុមារ​។ អង្គការ​បាន​សង់រោង​ពី​ឫស្សី​ដែលមាន​បណ្តោយ​១០​ម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ​ឲ្យ​ស្នាក់នៅ ដោយ​ក្នុង​មួយ​កង​មាន​កុមារ​ប្រមាណ​៥០​នាក់ និង​មាន​ស្ត្រី​ចំណាស់​ម្នា​ក់នៅ​គ្រប់គ្រង​។ រៀងរាល់​ព្រឹក ផល្លី បានចេញ​ដើរ​រើស​អាចម៍​ទន្សាយ​តាម​គុម្ព​ល្ពា​ក់ និង​គុម្ព​ឫស្សីព្រៃ​។ ផល្លី បាន​ទៅ​វែក​ស្មៅ​ទ្រោប​នៅ​នឹង​ដី ជាមួយនឹង​អ្នក​នៅក្នុង​កង​ជាមួយ​។ នៅពេល​ឃើញ​អាចម៍​ទន្សាយ​ទាំងនោះ កុមារ​ដែល​ស្គាល់​ច្បាស់​ក៏បាន​ចង្អុល​ប្រាប់ ផល្លី ឲ្យ​រើស​ដាក់​ថ្នក់​ក្រមា​ពណ៌​ស​ខ្មៅ​ដែល​អង្គ​ការចែក​ឲ្យ​។ ផល្លី ដើរ​រើស​អាចម៍​ទន្សាយ​ក្នុង​មួយថ្ងៃ​ឲ្យ​បាន​មួយ​ថ្នក់​ក្រ​ម៉ា ដើម្បី​យកទៅ​ប្រគល់​ឲ្យ​មិត្ត​ពេទ្យ​ដែល​ភាគច្រើន​មាន​អាយុប្រមាណ​តែ​១០​ឆ្នាំ​។ ពេទ្យ​បាន​យក​អាចម៍​ទន្សាយ​ទាំងនោះ ទៅ​ចែក​ឲ្យ​អ្នកជំងឺ​ដែលមាន​អាការ​គ្រុនក្តៅ​ដែល​មក​ស្នើសុំ​ថ្នាំ​។ មុននឹង​ផ្តល់​អាចម៍​ទន្សាយ​ឲ្យ ទាល់តែ​ពេទ្យ​ពិនិត្យឃើញ​អ្នកជំងឺ​នោះ​ឈឺ​ធ្ងន់​។ នៅពេល​ខ្លះ​ពេទ្យ​ក៏បាន​យក​ទឹកដូង​ទៅ​ចាក់​ឲ្យ​អ្នកជំងឺ​ទាំងនោះ​ដែរ​។

​បន្ទាប់ពី​សម្រាក​ពី​ការងារ ផល្លី និង​កុមារ​ផ្សេងទៀត​នៅពេល​ឮ​សំឡេង​ជួង​ត្រូវរ​ត់ទៅ​ហូប​អាហារ​ដែល​មានតែ​បបរ​រាវៗ​នៅ​រោង​បាយ​ជុំគ្នា​។ កងកុមារ​នៅពេលនោះ​ត្រូវ​ដេក​ទល់​ជើង​គ្នា​នៅ​ផ្ទាល់​នឹង​ដី ដោយ​មិន​កន្ទេល ភួយ និង​ខ្នើយ​ទេ គឺ​មានតែ​ក្រមា​មួយ​ប៉ុណ្ណោះ​។ យប់​ខ្លះ ផល្លី រងារ​ខ្លាំងណាស់ ប៉ុន្តែ​គាត់​មិនដែល​ឈឺ​ថ្កាត់​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផល្លី ថែមទាំង​ធាត់​ទៀតផង​រហូតដល់​ប្រធាន​កង​សង្ស័យថា ឪពុក​របស់គាត់​លួច​យក​អាហារ​ឲ្យ​គាត់​ហូប​។ ផល្លី បាន​ឲ្យ​ដឹងថា គាត់​មាន​សុខ​ភាពល្អ​ប្រហែល​មកពី​ឪពុក​គាត់​ធ្លាប់​ដុត​សត្វ​ថ្លែន​ឲ្យ​គាត់​ហូប​។​

​នៅ​ថ្ងៃមួយ ខណៈពេល ផល្លី កំពុង​ដើរ​រើស​អាចម៍​ទន្សាយ​នៅតាម​គុម្ព​ឫស្សី និង​គុម្ពោធ​ល្ពា​ក់ ក៏​ឃើញ​អង្គការ​កំពុង​រៀបចំ​ពិធី​មួយ​។ ផល្លី បាន​សួរ​ក្មេងៗ​ដែល​នៅ​កង​ជាមួយ ទើប​ដឹងថា​អង្គការ​កំពុង​រៀបការ​ឲ្យ​ប្រជាជន ហើយ​អ្នក​នៅក្នុង​កង​របស់គាត់​ក៏បាន​ហាមឃាត់​គាត់​កុំ​ឲ្យ​នៅ​ឈរ​មើល ព្រោះ​បើ​អង្គការ​ដឹង​នឹង​ចាប់គាត់​យកទៅ​វាយ​សម្លាប់​មិន​ខាន​។

​ក្រោយមក ប្រជាជន​នៅក្នុង​ភូមិ​ជាមួយគ្នា​បាន​រាយការណ៍​ទៅ​អង្គការ​ថា ឪពុក​របស់ ផល្លី ជា​ទាហាន​ពាក់​ស័ក្តិ​៥ និង​ជា សេ អ៊ី អា​។ ចាប់តាំងពី​ពេលនោះ​មក អង្គការ បាន​តាមដាន​ក្រុមគ្រួសារ ផល្លី រហូត​ប្រធាន​សហករណ៍​ដែល​គ្រប់គ្រង​កង​របស់​ម្តាយ​គាត់​នៅ​ព្រែក​ព្នៅ ហៅ​ម្តាយ​គាត់​ទៅ​ប្រជុំ​នៅ​រាល់ពេល​សម្រាក​ពី​ការងារ​ពេល​ល្ងាច ថែមទាំង​ចោទថា ម្តាយ​គាត់​ជា “​ប្រពន្ធ​ស័ក្តិ​៥”​។ ម្តាយ​របស់ ផល្លី បាន​បដិសេធថា “​គាត់​មិនមាន​ប្តី​ពាក់​ស័ក្តិ​៥​ទេ ហើយ​សឹងតែ​មិន​ស្គាល់​ភ្នំពេញ​បែរមុខ​ទៅខាង​ណា​ផង គាត់​ដឹង​តែ​ធ្វើស្រែ​តែមួយ​មុខ​ប៉ុណ្ណោះ​”​។ ពេលឮ​ដូច្នេះ​ប្រធាន​សហករណ៍​ក៏​ស្រែក​បញ្ជា​មក​ថា “​បើ​អីចឹង​មិត្ត ម៉ៅ ឯង​ស្ទូងស្រូវ​ឲ្យ​យើង​មើលឃើញ​ពី​ជ្រុង​ម្ខាង​នេះ​ទៅ​ជ្រុង​ម្ខាង​នោះ (​ស្ទូង​ឲ្យ​ចេញ​ជា​ក្រឡា​ចតុរង្គ​) ដែល​សម័យ​នោះ​អង្គការ​តែង​ហៅថា ស្រែ​គំរូ​” ។ ដោយសារ​ម្តាយ ផល្លី ធ្លាប់​ធ្វើស្រែ ម្តាយ​គាត់​បាន​យក​កណ្តាប់​ស្រូវ​ពី​ផ្លូន​មក​ស្ទូង​ក្នុង​ស្រែ​ម្នាក់ឯង ដែល​មើល​ពីមុខ​ទៅក្រោយ និង​ពីឆ្វេង​ទៅ​ស្តាំ ចេញ​ជា​ក្រឡា និង​បន្ទាត់​ស្មើ​ទាំងអស់​។ ឃើញ​ដូច្នេះ​ទើប​ប្រធាន​សហករណ៍​ជឿថា ម្តាយ​គាត់​ជា​អ្នកស្រែ មិន​ដូច​ការរាយការណ៍​មក​ទេ​។ ក្រោយ​ឆ្នាំ​១៩៧៩ ម្តាយ​របស់ ផល្លី នៅតែ​រំឭក​ប្រាប់ ផល្លី ថា ប្រសិនបើ​គាត់​មិនចេះ​ធ្វើស្រែ ប្រហែល​គាត់​មិនបាន​រស់​ទេ​។​

​បងស្រី​ម្តាយ​របស់ ផល្លី ម្នាក់​ដែល​ជម្លៀស​ពី​ភ្នំពេញ​មក​នៅ​ស្រុក​គងពិសី​ជាមួយ​គ្រួសារ ផល្លី ដែរ ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​បររទេះ​ដឹកស្រូវ​។ ថ្ងៃមួយ ពេល​អ៊ំស្រី​របស់ ផល្លី កំពុង​បររទេះ គោ​បាន​វាត់​កន្ទុយ​ចំ​ភ្នែក ធ្វើ​ឲ្យ​ភ្នែក​អ៊ំស្រី​របស់គាត់​ឡើងបាយ​។ អ៊ំស្រី​របស់គាត់​ក៏​កើត​ជំងឺ​អុតស្វាយ ហើយ​ចេញ​ជា​កន្ទួល និង​ដំបៅ​រលួយ​ដែរ​។ មាន​តា​ម្នាក់​នៅក្នុង​ភូមិ​បាន​ប្រាប់​អ៊ំស្រី​គាត់​ថា បើ​គាត់​កើត​ជំងឺ​អុតស្វាយ តាម​ដំណម​ពី​បុរាណ “​មិន​ឲ្យ​អ្នកជំងឺ​នៅ​ជិត​កន្លែង​ដែលមាន​សម្លេង​ក្តួ​ង​ក្តាំង ហើយ​មិនត្រូវ​រំលំ​ដើមត្នោត​ដែល​ដុះ​នៅ​ជិត​ខ្ទម​ដែល​អ្នកជំងឺ​រស់នៅ​ទេ​”​។ ពេល​លេចឮ​ពាក្យ​នេះ​ដល់​កម្មាភិបាល​នៅក្នុង​ភូមិ ក៏មាន​បញ្ជា​មក​ថា “​ត្រូវតែ​កាប់រំលំ​ដើមត្នោត ដើម្បី​ចង់ដឹង​ថាបើ​រំលំ​ដើមត្នោត​ទៅ​អ៊ំ​របស់គាត់​ងាប់ ឲ្យ​ឃើញ​ងាប់​ពិតប្រាកដ​”​។ បន្ទាប់ពី​កាប់រំលំ​ដើមត្នោត​ភ្លាម ភ្នែក​អ៊ំ​របស់គាត់​ឈឺ​កាន់តែខ្លាំង​ឡើង ទើប​ប្រធាន​កង​យក​អ៊ំ​របស់ ផល្លី ទៅ​ព្យាបាល​នៅ​ពេទ្យ​ភូមិ​ស្នោ​។ ពេទ្យ​បាន​ខ្វេះ​យក​គ្រាប់ភ្នែក​ដែល​ឈឺ​ធ្ងន់​ម្ខាង​ចេញ ធ្វើ​ឲ្យ​អ៊ំ​របស់គាត់​ឈឺចាប់​យ៉ាងខ្លាំង​រហូត​ស្រែក​រក​អ្នក​។ ពេទ្យ​បាន​គំរាម​អ៊ំ​របស់គាត់​ថា “​បើ​មិត្ត​នៅតែ​ស្រែ​កទៀត នឹង​សម្លាប់ចោល​ទាំង​ពូជ​” ទើប​អ៊ំ​របស់គាត់​នៅ​ស្ងៀម​។ ផល្លី បានឮ​សំឡេង​អ៊ំ​របស់គាត់​ស្រែក​នៅពេលដែល​គាត់​ដើរ​រើស​អាចម៍​ទន្សាយ​នៅក្បែរ​មន្ទីរពេទ្យ​ភូមិ​ស្នោ​នោះ​។

​ក្រោយពី​ដឹង​ច្បាស់​ថា​អ៊ំ​របស់ខ្លួន​ហើយ ផល្លី បាន​រត់​ទៅប្រាប់​ឪពុក​គាត់​ថា “​ប៉ា​! អង្គការ​ខ្វេះ​ភ្នែក​ម៉ាក់​ធំ​ហើយ​” ។ ឪពុក​របស់ ផល្លី ក៏​សួរ​បញ្ជាក់ថា ខ្វេះ​នៅ​ណា​? ផល្លី ក៏​ប្រាប់​ទៅ​ឪពុក​វិញ​ថា នៅ​ពេទ្យ​។ បន្ទាប់ពី​ដឹង​ដំណឹង​នេះហើយ ឪពុក​របស់ ផល្លី បាន​លួចខ្សឹប​ប្រាប់ ផល្លី ថា សូម​កូន​កុំ​ហៅ “​ម៉ាក់​ធំ​អី​” បើ​កូន​នៅតែ​ហៅ​ពាក្យ​នេះ​ទៀត “​អង្គការ​នឹង​យក​យើង​ទៅ​សម្លាប់​ទាំងអស់គ្នា​”​។

​ផល្លី បាន​រៀបរាប់ថា ដំបូង​គាត់​អាច​ហៅ​ឪពុក​ថា “​ប៉ា​” បាន ប៉ុន្តែ​ពេល​អង្គការ​បំបែក​គាត់​ឲ្យ​មក​រស់នៅ​ខាងជើង​ផ្លូវ​នៅក្នុង​ភូមិ​អង្គ​រំដួល នៅ​ឆ្នាំ​១៩៧៧ អង្គការ​បង្គាប់​ឲ្យ​គាត់​ប្តូរ​ពី​ហៅ “​ប៉ា​” មក​ហៅ “​ពុក​” វិញ​។ បន្ទាប់មក អង្គការ​បាន​បញ្ជា​គាត់​ឲ្យ​ហៅ​ឪពុក​ថា “​មិត្ត​”​។

​ចាប់តាំងពី​ពេទ្យ​ខ្វេះ​ភ្នែក​មក អ៊ំ​របស់ ផល្លី បាន​ងងឹត​ទាំងសងខាង ទើប​ប្រធាន​កង​ប្រាប់​គ្រួសារ ផល្លី ថា “​បើ​មិត្ត​នេះ (​អ៊ំ​របស់ ផល្លី​) មើលមិនឃើញ រក​អ្នក​មកជួយ​មើលទៅ គ្រាន់​បាន​ជួយ​ដឹក​ទៅ​បត់​ដៃ បត់ជើង គ្មាន​មិត្ត​ណា​មកជួយ​មើល​ទេ​”​។ ខណៈនោះ ប្អូន​របស់ ផល្លី ក៏​ឈឺ​រាក​មួល​ធ្ងន់​ដែរ​។ ផល្លី បានដឹង​រឿងនេះ ព្រោះ​នៅពេលនោះ​គាត់​ស្នាក់នៅ​រោង​មួយ ជាប់​ជាមួយនឹង​រោង​ប្អូនស្រី​របស់គាត់ (​សម័យ​នោះ​អង្គការ​បែងចែក​កុមារ​ទៅតាម​អាយុ និង​ភេទ ហើយ​ពេលខ្លះ​អង្គការ​បំបែក​បងប្អូន​ឲ្យ​នៅ​កង​ចម្ងាយ​ប្រមាណ​ពីរ​ទៅ​បី​គីឡូម៉ែត្រ​ឆ្ងាយ​ពីគ្នា​) ហើយ​មូល​ហេតុដែល​ប្អូន​គាត់​មាន​ជំងឺ​ហូរឈាម​នេះ ដោយសារ​រាល់ពេល​ប្អូន​គាត់​ជុះ ប្រធាន​កង​មើលថែ​កុមារ “​កង​ម៉ែៗ​” យក​ស្រកីដូង​ទៅ​រួស​សម្អាត​កូថ​ប្អូនស្រី​របស់គាត់​បណ្តាល​ឲ្យ​ដាច់ និង​ហូរឈាម​។ ផល្លី បាន​ទៅ​មើល​ប្អូន ប៉ុន្តែ​កុមារ​នៅក្នុង​កង​ជាមួយ​គាត់​ដែលមាន​អាយុ​ច្រើនជាង​គាត់​លួច​ខ្សិ​ប​ប្រាប់​គាត់​ថា “​មិត្តឯង​កុំ​ឧស្សាហ៍​ទៅ​មើល​ប្អូន​ពេក ប្រយ័ត្ន​អង្គការ​សម្លាប់​ទាំងអស់គ្នា​”​។ បើ​អាណិត​ប្អូន​គ្រាន់តែ​សម្លឹងមើល​ពី​ចម្ងាយ​បាន​ហើយ​។ ពេលឮ​ពាក្យ​នេះ ផល្លី ភិតភ័យ​ខ្លាំងណាស់​។​

​មិនយូរប៉ុន្មាន​ដំណឹង​ប្អូន​របស់ ផល្លី ឈឺ​បានឮ​ទៅដល់​ឪពុក​របស់គាត់​នៅឯ​ភូមិ​ស្នោ​។ ឪពុក ផល្លី ក៏បាន​ស្នើ​ទៅ​ប្រធាន​សហករណ៍​ដើម្បី​ទៅ​មើល​កូន​នៅ​ភូមិ​អង្គ​រំដួល​។ ឪពុក​របស់គាត់​បាន​រើសយក​ស័ង្កសី​មក​ធ្វើជា​កា​ដងទឹក យកទៅ​ជូន​ប្រធាន​សហករណ៍​។ ប្រធាន​សហករណ៍​ក៏​សួរ​ឪពុក ផល្លី ថា​មិត្ត​បានកា​នេះ​មកពីណា​? ឪពុក​គាត់​ក៏​ប្រាប់ថា រើស​ស័ង្កសី​ចាស់ៗ​មក​ធ្វើ​។ ប្រធាន​សហករណ៍​នោះ​យល់ព្រម​តាម​សំណើ​របស់​ឪពុក​គាត់ ដោយសារ​អំណោយ​ការ​ដងទឹក​មួយ​នេះ​។​

​មួយរយៈ​ក្រោយមក ដោយមាន​ការលំបាក​ខ្លាំង​ក្នុងការ​មើលថែទាំ​កូន ឪពុក​របស់ ផល្លី ក៏​ស្នើ​ទៅ​ប្រធាន​សហករណ៍​សុំ​ឲ្យ​ម្តាយ ផល្លី មកជួយ​មើល​កូនស្រី​ដែលមាន​ជំងឺរាក​មួល និង​ហូរឈាម​នៅពេល​ជុះ​។ ឪពុក​របស់ ផល្លី លើក​មូល​ហេតុថា គ្រួសារ​គាត់​មាន​បង​ពិការ ហើយ​មានកូន​ឈឺ​ទៀត​។ ប្រធាន​សហករណ៍​បាន​យល់ព្រម​។ ប៉ុន្តែ​ក្រៅពី​មក​មើលថែទាំ​កូន ប្រធាន​កង​បានដាក់​ការងារ​ឲ្យ​ម្តាយ​របស់ ផល្លី ធ្វើ​ថែមទៀត គឺ​រក​អុស​មក​រម្ងាស់​ស្ករត្នោត​ក្នុង​មួយថ្ងៃ​ឲ្យ​បាន​៣០​ខ្ទះ តែដោយសារ​នៅក្នុង​កង​នេះ​មាន​សមាជិក​បីនាក់ ទើប​បែងចែក​ក្នុង​ម្នាក់​រម្ងាស់​១០​ខ្ទះ​វិញ​។ ក្រៅពី​ការងារ​រក​អុស និង​រម្ងាស់​ស្ករ អង្គការ​ចាត់តាំង​ឲ្យ​ម្តាយ​របស់ ផល្លី ទៅ​រែក​ទឹកត្នោត​ពី​ភូមិ​ផ្សេងៗ​នៅ​ជុំវិញ​នោះ​ទៀត​។

​ថ្ងៃមួយ​ប្អូន​របស់ ផល្លី បាន​ទារ​ហូប​ស្ករ​។ ម្តាយ​របស់ ផល្លី បាន​និយាយ​បន្លប់​ថា កូន​កុំ​យំ ចាំ​បន្តិចទៀត​ទៅ បបរ​មិនទាន់​ឆ្អិន​ទេ​។ ឮដូច្នេះ​សមាជិក​ក្នុង​កង​ជាមួយ​បាន​និយាយ​មកកាន់​ម្តាយ​របស់ ផល្លី ថា មិត្ត ម៉ៅ ចេះ​ណាស់​កូន​ទាស្ករ ថា​បបរ​មិនទាន់​ឆ្អិន​។ ចៃដន្យ ពេលនោះ​ប្រធាន​សហករណ៍​មកដល់ ក៏​បញ្ជា​ម្តាយ ផល្លី ថា “​មិត្ត ម៉ៅ ឯង​ទៅ​ខ្វេះ​យក​ស្ករ នៅ​ឆ្នាំង​យកទៅ​ឲ្យ​កូន​កុំ​ឲ្យ​វា​យំ ប្រយ័ត្ន​អង្គការ​យកទៅ​បាញ់ចោល​”​។ ដោយសារ​ខ្លាច​ខុស​វិន័យ​របស់​អង្គការ​ដែល​ហាម​មិន​ឲ្យ​យក​របស់​សមូហភាព ទើប​ម្តាយ​របស់ ផល្លី មិន​ហ៊ាន​ទៅយក​។ ឃើញ​ដូច្នេះ ប្រធាន​សហករណ៍​បាន​ទៅ​ដួស​ស្ករ​ដោយ​ខ្លួនឯង​មក​ឲ្យ​ប្អូន ផល្លី មួយ​ស្លាបព្រា​បាយ​។ ប្អូន​របស់ ផល្លី បាន​លិ​ត​ស្ករ​ហើយ ទើប​ឈប់​យំ​។
​នៅពេលនោះ ឪពុក​របស់ ផល្លី ក៏បាន​ស្កាត់​មកជួប​ម្តាយ ផល្លី ដែរ តែ​មិនដែល​ហ៊ាន​នៅ​យូរ​ទេ ព្រោះ​ត្រូវ​ត្រឡប់​ទៅធ្វើ​ការ​ឲ្យ​ទាន់ពេល​។ ចំណែក ផល្លី បាន​ត្រឹម​សម្លឹងមើល​ម្តាយ​ប៉ុណ្ណោះ​នៅពេល​គាត់​ដើរចេញ​ទៅធ្វើ​ការ​ម្តងៗ ប៉ុន្តែ​គាត់​មិនដែល​ហ៊ាន​ទៅលេង និង​និយាយ​ជាមួយ​ម្តាយ​ទេ ទោះបី​គាត់​នឹក​ម្តាយ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ព្រោះ​នៅ​សម័យ​នោះ​អង្គការ​តែង​បំពាក់បំប៉ន​គាត់​ថា អង្គការ​ជា​ម៉ែឪ​។ ដូច្នេះ​នៅពេល​ឃើញ​ម្តាយ​ម្តងៗ ផល្លី ធ្វើ​ហាក់ដូចជា​អ្នក​ទីទៃ មិនដែល​ស្គាល់គ្នា​។ ដោយសារ​មានរឿង​រ៉ាវ​នេះ​កើតឡើង​ចំពោះ​គាត់ រហូតមកដល់​សព្វថ្ងៃ គាត់​តែងតែ​និយាយប្រាប់​សិស្ស​ឲ្យ​ចេះ​និយាយ​រាក់ទាក់​រកគ្នា រាប់អាន​គ្នា ទៅវិញទៅមក​។​

​ក្រោយមក ប្រធាន​កង​បាន​ដក ផល្លី ពី​កង​រើស​អាចម៍​ទន្សាយ ឲ្យ​មក​រើស​អាច​គោម៍ និង​ដើរកាត់​ដើម​ទន្ទ្រានខែត្រ​វិញ​។ ពេលខ្លះ ផល្លី ទូល​ទន្ទ្រានខែត្រ​ពុំរួច ក៏​អូស​យកមក​កង​ទាំង​ប្រឡាក់​ភក់ ក្នុង​មួយថ្ងៃ​ឲ្យ​បាន​បីបាច់​។ បន្ទាប់មក ផល្លី ត្រូវ​ប្រមូល​ដើម​ទន្ទ្រានខែត្រ​មក​កាប់​ចិញ្ច្រាំ​ទុក​លាយ​ជាមួយ​លាមក​មនុស្ស​ធ្វើ​ជី​។ ថ្ងៃមួយ​បន្ទាប់ពី​ចិញ្ច្រាំ​ជី​ទន្ទ្រានខែត្រ​រួច ប្រធាន​កង​បាន​នាំ ផល្លី និង​កងកុមារ​ទៅ​ងូតទឹក​។ នៅពេលនោះ កុមារ​ដែលមាន​មាឌធំ​ជាង ផល្លី បាន​ហៅ​គាត់​ឲ្យ​ចុះមក​មុជទឹក​ក្នុង​បឹង​។ ខណៈពេលដែល ផល្លី ចុះទៅ​ក៏​ផុត​ជើង និង​បាន​លង់ទឹក ចំណែក​កុមារ​ធំៗ​ទាំងនោះ​ឡើងទៅ​កង​មុន​អស់​។ ចៃដន្យ​ឪពុក​ផល្លី មកពី​ធ្វើការ​ក៏​ឃើញ ក៏​ស្រែក​ពី​ចម្ងាយ​ថា​កូន​រណា ស្រាប់តែ​ស្រង់​មក​ទើប​ដឹងថា​កូន​របស់ខ្លួន​។ ឪពុក​របស់ ផល្លី បាន​លើក​រលាក់​ឲ្យ​ទឹក​ចេញពី​ខ្លួន​របស់គាត់ រួច​យក​គាត់​ទៅ​ឆ្អើរភ្លើង​រហូត​ដឹងខ្លួន​។ ចាប់តាំងពី​ពេលនោះ ផល្លី មិន​ហ៊ាន​ចុះ​ហែល​ទឹក​ទៀត​ទេ​។​
​ផល្លី បាន​រំឭកថា នៅ​យប់​ថ្ងៃមួយ នៅពេល​គាត់​កំពុង​ដេក​ស្រាប់តែ​ពស់ថ្លាន់​ទំហំ​ប៉ុន​ភ្លៅ​បាន​វា​កាត់​លើ​ខ្លួន​របស់គាត់ ធ្វើ​ឲ្យ​គាត់​ភិតភ័យ និង​ស្រែក​យ៉ាងខ្លាំង​។ ពេលនោះ​ម៉ែៗ​គ្រប់គ្រង​កងកុមារ​ប​ម្រុ​ង​នឹង​យក ផល្លី ទៅ​កសាង​។ ឪពុក​របស់ ផល្លី បាន​ទៅ​សូម​អង្វរ​ម៉ែៗ​កុំ​ឲ្យ​យកទោស​ពៃរ៍ ដោយសារតែ “​កូន​ដេក​មមើ​” ទើប​កង​ម៉ែៗ​អនុគ្រោះ រួចហើយ​បញ្ជូន ផល្លី ឲ្យ​ទៅ​គាស់​គល់ឈើ​ជាមួយ​កង​យាយៗ​វិញ​។​
​ក្រោយមក ផល្លី ត្រូវបាន​ចាត់​ឲ្យ​មក​មើលថែ និង​ដឹក​ដៃ​អ៊ំ​របស់គាត់​ទៅ​ហូបបាយ​។ ថ្ងៃមួយ​អ៊ំ​របស់ ផល្លី ក្តៅខ្លួន ត្រូវ​ទៅរក​ពេទ្យ​។ ពេលនោះ ផល្លី មិន​ហ៊ាន​ហៅ​អ៊ំ​របស់គាត់​ថា “​អ៊ំ​” ទេ ដោយសារ​ខ្លាច​ខុស​នឹង​វិន័យ​អង្គការ​ហាមឃាត់ គឺ​ត្រូវ​ប្តូរ​មក​ហៅ “​មិត្ត​” វិញ ព្រោះ​អង្គការ​ធ្លាប់​ប្រជុំ​ប្រាប់​គាត់​ជា​ញឹកញាប់​ថា “​មិត្ត​យើង​ត្រូវតែ​ប្តូរ​តាម​បរិបទ​របស់​អង្គការ​” ទោះបី​គាត់​មិន​យល់​អត្ថន័យ​នោះ​ក៏ដោយ​។

​ទៅ​ទីនោះ ប្រធាន​សហករណ៍​តែង​និយាយ​មកកាន់​អ៊ំ​របស់ ផល្លី ដែល​ពិការ​ថា “​មិត្តឯង​កុំ​ឈឺ​ទម្រន់ ល្មម​ជា​ហើយ​” រួច​ហើយក៏​ចាត់តាំង​អ៊ំ​របស់គាត់​ត្បាញកន្ទេល និង​មើលថែ​កុមារ​នៅក្នុង​កង ទោះបី​ដឹងថា​អ៊ំ​របស់គាត់​ពិការភ្នែក​ទាំងពីរ​ក៏ដោយ​។ តែដោយសារ​តំបន់​ដែល​អ៊ំ​របស់ ផល្លី រស់នៅ​មិនមាន​កុមារ​តូចៗ ទើប​អ៊ំ​របស់គាត់​មិនសូវ​ជួប​ការលំបាក​។ ក្រៅពី​នៅ​មើលថែ​អ៊ំស្រី ផល្លី ក៏ត្រូវ​ទៅ​កាត់​ទន្ទ្រានខែត្រ​មក​ធ្វើ​ជី​ដែរ រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​។​

​គ្រួសារ ផល្លី បានធ្វើ​ដំណើ​ចូលមក​ភ្នំពេញ​វិញ​។ ពេលនោះ ផល្លី ឃើញ​មាន​សាកសព​ជាច្រើន​នៅតាម​ផ្លូវ​។ គ្រួសារ ផល្លី បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ផ្សារ​ដី​ហុយ ដើម្បី​តាម​ស៊ើប​សួររក​បងប្អូន​ដែល​បាត់​ខ្លួន​មួយចំនួន​។ ក្រោយមក ឪពុក​របស់ ផល្លី​បាន​ជួប​អ្នក​ធ្លាប់​ទៅ​ស្រុក​បារាំង​ឈ្មោះ វ៉ន​។ វ៉ន បាន​ប្រាប់​ឪពុក ផល្លី ថា ម៉ុក ស៊ុន​ឃុន ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​ឪពុក​គាត់​ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា និង​ជាប់​នៅ​ទួលស្លែង តែ​មិនដឹង​រស់ ឬ​ស្លាប់​ទេ​។ នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧៩ ឪពុកម្តាយ​របស់ ផល្លី បាន​ពឹង​គិញ​វៀតណាម​ដែល​ធ្លាប់​ស្គាល់គ្នា ឲ្យ​ជូន​មក​គុក​ទួលស្លែង ព្រោះ​ពេលនោះ​ប្រជាជន​មិនទាន់​អនុញ្ញាត​ឲ្យ​ចេញចូល​ក្នុង​ភ្នំពេញ​ដោយ​សេរី​ទេ​។ នៅពេល​ចូលទៅក្នុង​គុក​ទួលស្លែង ឪពុក​របស់ ផល្លី បានឃើញ​រូបថត ម៉ុក ស៊ុន​ឃុន ភ្ជូ​រ​នៅ​នឹង​ជញ្ជាំង​ធ្វើ​ឲ្យ​ឪពុក​គាត់​រន្ធត់​យ៉ាងខ្លាំង​។ ឪពុក ផល្លី និង ផល្លី បាន​ត្រឡប់មកផ្ទះ​វិញ ហើយ​ចាប់តាំងពី​ពេល​នោះមក​គ្រួសារ​គាត់​លែង​នឹកនា និង​ស៊ើប​សួរដំណឹង ម៉ុក ស៊ុន​ឃុន តទៅទៀត​។​

​ផល្លី បាន​រៀបរាប់​ពី​ប្រវត្តិ​របស់ ម៉ុក ស៊ុន​ឃុន ថា ម្តាយ​របស់ ម៉ុក ស៊ុន​ឃុន ត្រូវជា​បងប្អូន​បង្កើត​ម្តាយ​ខាង​ឪពុក​គាត់​។ នៅពេល ម៉ុក ស៊ុន​ឃុន អាយុ​បាន​ពីរ​ឆ្នាំ ម្តាយ​របស់ ម៉ុក ស៊ុន​ឃុន ឈ្មោះ មួយ បាន​ស្លាប់​ដោយសារ​ហូប​ត្រី​ក្អី ហើយ​ទាស់ នៅសល់តែ​ឪពុក​ប៉ុណ្ណោះ ឃើញ​ដូច្នេះ​យាយ​របស់គាត់​ឈ្មោះ ម៉ា​ពួយ បាន​យក ម៉ុក ស៊ុន​ឃុន មក​បំបៅ​ដោះ​ជាមួយ​កូនបង្កើត​របស់ខ្លួន​ម្នាក់ទៀត​ដែល​ទើបនឹង​កើត​បាន​មួយ​ខួប​ឈ្មោះ តាវ ត្រូវជា​អ៊ំ​របស់ ផល្លី ដែល​ក្រោយមក​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​ម្តុំ​បឹង​ទន្លេសាប ក្នុង​ខេត្តពោធិសាត់​។ នៅពេល ម៉ុក ស៊ុន​ឃុន អាយុ​បាន​៧​ឆ្នាំ ឪពុក​របស់ ស៊ុន​ឃុន បាន​ស្លាប់​ដោយសារ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចំ នៅ​ម្តុំ​បន្ទាយ​សានី ឬ​បន្ទាយ​បក្ស (​បច្ចុប្បន្ន ផ្សារ​ចោមចៅ​)​។ ចាប់តាំងពី​ពេលនោះ​មក ម៉ុក ស៊ុន​ឃុន បានក្លាយ​ទៅជា​ក្មេង​កំព្រា​។ ស៊ុន​ឃុន ត្រូវបាន​យាយ​តា​របស់ ផល្លី យកមក​ចិញ្ចឹម​បីបាច់​ថែរក្សា និង​រស់នៅ​ជុំគ្នា​ជាមួយ​កូនបង្កើត​ចំនួន​ប្រាំ​នាក់​ទៀត នៅ​ម្តុំ​ផ្សារ​ចោមចៅ​។ នៅពេលនោះ ស៊ុន​ឃុន បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ស្ថិតនៅ​វត្ត​គោក​បញ្ជាន់ ជិត​វាល​យន្តហោះ​ពោធិ៍ចិនតុង​។ ក្រោយមក ដោយសារ​ជីវភាព​ក្នុង​គ្រួសារ​ជួប​ការលំបាក​ខ្លាំង ស៊ុន​ឃុន បានមក​រស់នៅ​វត្ត​វិញ​។ ដោយសារ ស៊ុន​ឃុន ជា​សិស្ស​ក្រីក្រ និង កំព្រា​ឪពុកម្តាយ ដូច្នេះ​គាត់​ក៏បាន​ទទួល​អាហារ​រូបករណ៍​ចូលរៀន​នៅ​សាលា​វិចិត្រសិល្បៈ ផ្នែក​គំនូរ​។ នៅពេលនោះ ស៊ុន​ឃុន ក៏បាន​ប្រឡង​ជាប់​លេខ​១ និង​ទទួលបាន​អាហារ​រូបករណ៍ ផ្នែក​វិស្វករ គំនូរ ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ហើយ​ក្រោយមក​ក៏​បាត់​ដំណឹង​គាត់​រហូត​។ រហូតមកដល់​ឆ្នាំ​ខែកក្កដា ឆ្នាំ​២០១៧ នៅពេលដែល ផល្លី មក​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-៧៩) រយៈពេល​បី​ថ្ងៃ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ ទើប​គាត់​ស្នើ​រក​ឯកសារ​ពាក់ព័ន្ធ​នឹង ម៉ុក ស៊ុន​ឃុន ម្តងទៀត​។ បន្ទាប់ពី​ស្រាវជ្រាវ​នៅក្នុង​ប្រព័ន្ធ​និ​ន្ន​ន័យ​ឯកសារ បុគ្គលិក​ផែ្ន​ក​ទស្សនា​វ​ដ្តី​ស្វែងរក​កាពិ​តនៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រកឃើញ​ឯកសារ​មួយ​ទំព័រ​ចុះ​លេខ I08421 មាន​បិទ​រូបថត និង​សរសេរថា ប្រវត្តិរូប​សង្ខេប​អ្នកទោស​ជាប់ឃុំ​ឃាំង ៖ ឈ្មោះ​ដើមៈ ម៉ុក ស៊ុន​ឃុន​, ជនជាតិៈ ខ្មែរ​, ភេ​ទៈ ប្រុស​, ក្រសួង​និង​នាទី ប​ច្ចុ​ប្ប​ន្នៈ មុន​វិស្វករ​ខាង​គំនូរ​, ទីកន្លែង​ឃាត់ខ្លួនៈ ស្រុក​បារាំង​, ឆ្នាំ​១៩៧៦​។ ផល្លី មានប្រសាសន៍ថា នៅពេល​ឃើញ​ប្រវត្តិ​រូបនេះ ធ្វើ​ឲ្យ​គាត់​នឹកឃើញ​ឡើងវិញ​ពី ពូ និង​អ៊ំ​មួយ​គ្រួសារ​ទៀត​ដែល​ខ្មែរក្រហម​សម្លាប់ ហើយ​គាត់​តែងតែ​យំ​នៅពេល​រំឭក​ឡើងវិញ​ពី​រឿងរ៉ាវ​នេះ​ម្តងៗ​។​

​បន្ទាប់មក គ្រួសារ ផល្លី បាន​ទៅ​នៅ​ភូមិ​ត្រពាំង​ថ្លឹង (​អតីត​ខ្សែក្រវ៉ាត់​ក្រុងភ្នំពេញ និង​ខេត្តកណ្តាល​) វិញ​។ ទៅដល់​ដំបូង ផល្លី ឃើញ​មាន​ដើមត្នោត​ប្រមាណ​៤០ ដែល​នៅសល់​ពី​ឈ្លប​ខ្មែរក្រហម​ដែល​ធ្លាប់​មក​ស្នាក់នៅ​ភូមិ​នេះ​។ នៅ​ទីនោះ ឪពុកម្តាយ​របស់ ផល្លី​បានចាប់ផ្តើម​ប្រកប​របរ​ធ្វើស្រែ​សារជាថ្មី​។
​នៅ​អំឡុង​ពេលនោះ​ដោយសារតែ​ចង់​រៀន ផល្លី បាន​ទៅ​ឈរ​មើល​សិស្ស​ដែល​កំពុង​រៀន​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត ប៉ុន្តែ​នៅ​សម័យ​នោះ​មុននឹង​បាន​ចូលរៀន​សិស្ស​ត្រូវ​បង់​ជា​អង្ករ​ឲ្យ​ទៅ​គ្រូ ហើយក៏​មិនមាន​សៀវភៅសរសេរ​ដែរ​។

​ក្រោយមក ផល្លី ក៏បាន​ចូលរៀន រហូតមកដល់​ឆ្នាំ​១៩៨៧ ទើប​គាត់​ប្រលង​ឌី​ប្លូ​ម​ជាប់​សញ្ញាបត្រ តែ​ធ្លាក់​កៅអី​។ ដូច្នេះ ផល្លី មិនបាន​ចូលរៀន​ទេ​។ ផល្លី បាន​ដើរ​បេះ​ត្រកួន​ដើម្បី​លក់​នៅ​ផ្សារ​ស្ទឹងមានជ័យ ទួល​ទំពូង និង​ផ្សារ​ដើម​គរ​យកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។ ក្រៅពី​លក់​ត្រកួន ផល្លី បាន​ឆ្លៀត​មក​រៀន​បំពេញវិជ្ជា​នៅ​សាលា​សន្ធរម៉ុក​មួយឆ្នាំ ក៏​ដូរ​ទៅ​រៀន​នៅ​សាលា​ជម្ពូ​វ័​ន្ត ព្រោះ​នៅ​ជិត​ផ្ទះ​។ ផល្លី រៀន​រហូតដល់​ថ្នាក់​ទី​៩ ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប​នៅ​ថ្នាក់​ទី​១០ (​សម័យ​នោះ​សិស្ស​ត្រូវ​ប្រលង​បាក់​ឌុប​ត្រឹម​ថ្នាក់​ទី​១០)​។
​ថ្ងៃមួយ នៅពេលដែល ផល្លី ទៅ​លក់​ត្រកួន​នៅ​ផ្សារ​ពោធិ៍ចិនតុង ក៏​ជួបនឹង​ប្រធាន​អប់រំ​ស្រុក​ដង្កោ គាត់​ក៏​ប្រាប់ ផល្លី ឲ្យ​ទៅ​ប្រលង​គ្រូម​ត្តេ​យ្យ និង​ឲ្យ​ទៅយក​ពាក្យ​ប្រលង​នៅ​កន្លែង​គាត់​ធ្វើការ​។ នៅ​ថ្ងៃ​បន្ទាប់ ពេល​ទៅយក​ពាក្យ​ប្រធាន​អប់រំ​ស្រុក​បាន​សួរ ផល្លី ថា​មានគំនិត​ដូចម្តេច​ទើប​ចង់​ចូលធ្វើ​គ្រូ​? ពេលនោះ​ផល្លី បាន​ឆ្លើយថា​ចង់​កសាង​ប្រទេស និង​ជា​ទំពាំង​ស្នង​ជា​ឫស្សី​រឹងមាំ​ដើម្បី​ប្រទេសជាតិ ទើប​ប្រធាន​អប់រំ​ប្រគល់​ពាក្យ​ឲ្យ​គាត់​ដោយ​មិន​គិតថ្លៃ​។

​ផល្លី បាន​ប្រឡង​ជាប់ និង​ចូលរៀន​នៅ​សា​លាម​ត្តេ​យ្យ​មជ្ឈិម​។ បន្ទាប់ពី​រៀន​ចប់ ផល្លី បាន​ចេញទៅ​បង្រៀន​នៅ​ជម្ពូ​វ័​ន្ត ក្រៅពី​កិច្ចការ​បង្រៀន​គាត់​ត្រូវ​លក់​ចេកចៀន ដើម្បី​យកប្រាក់​មក​ផ្គត់ផ្គង់​ប្អូន​ប្រាំ​នាក់​ទៀត​ឲ្យ​រៀន​បន្ត និង​ចិញ្ចឹម​ឪពុកម្តាយ​។ ប្អូនៗ​របស់ ផល្លី​បាន​រៀន​រហូត​ចប់​វិទ្យាល័យ​។ ក្រោយមក ទើប ផល្លី បានដាក់​ពាក្យ​ប្រលង​ជាប់​បាក់​ឌុប និង​រៀន​បន្ត​យកមុខ​វិជ្ជា​ភូមិវិទ្យា​-​ប្រវត្តិវិទ្យា​។ នៅ​ឆ្នាំ​២០០៧ ប្តី​របស់ ផល្លី បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។ ផល្លី ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន​ពីរ​នាក់​នៅក្នុង​បន្ទុក និង​ឪពុក​ចាស់​។ រហូតមកដល់​សព្វថ្ងៃ ផល្លី បង្រៀន​នៅ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ហើយ​ឆ្លៀតពេល​ថ្ងៃ​សៅរ៍ និង​អាទិត្យ គាត់​ត្រូវ​ជិះ​រថយន្ត​ទៅ​បង្រៀន​សិស្ស​នៅ​សាកល​វិទ្យា​យ​ល័យ​ឯកជន​នៅតាម​ខេត្ត​។ ផល្លី មានប្រសាសន៍ថា នៅពេលដែល​គាត់​ចេញទៅ​ឆ្ងាយ​ម្តងៗ គាត់​តែងតែ​បារម្ភ​ពី​ឪពុក និង​កូនស្រី​ទាំងពីរ​នាក់​របស់គាត់ ព្រោះ​ខ្លាច​បែកបាក់​ដូច​ក្នុងសម័យ​ខ្មែរក្រហម​៕L ដោយ​: សោម ប៊ុនថន បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

រូប​ទីមួយ​រាប់​ពីឆ្វេងៈ អ្នកគ្រូ តិច ផល្លី ថតរូប​ជុំគ្នា​ជាមួយ​សិក្ខាកាម និង​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុងអំឡុងពេល​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-៧៩) រយៈពេល​បី​ថ្ងៃ (​ពីថ្ងៃ​ទី​២៥ ដល់ ២៧ ខែកក្កដា ឆ្នាំ​២០១៧) នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ (​រូប​ថ​តៈ អ៊ូច មករា​)