​ខ្ញុំ​ហៀបនឹង​ស្លាប់​ដោយសារ​ជំងឺ​

455

យាយ ហឿន​

​ជាមួយ​វ័យ​ជរា រស់នៅ​តែម្នាក់ឯង នៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង​ចាស់ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ យាយ រី​ប ហឿន មាន​វ័យ​៧៣​ឆ្នាំ​ហើយ​។ ប្តី​របស់​យាយ ហឿន បាន​ស្លាប់​តាំងពី​បី​ឆ្នាំមុន​ម្ល៉េះ ហើយ​កូនៗ​ប្រុស​ស្រី​ទាំង​៧​នាក់​របស់គាត់​បាន​រៀបការ និង​រស់នៅ​បែក​ពី​គាត់​អស់ហើយ​។ យាយ​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ដែល​បាន​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម​ថា​៖

​ក្រោយ​ឆ្នាំ​១៩៧០ បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់ស​ម្តេច សីហនុ ការទម្លាក់​គ្រាប់បែក បាន​កើតមានឡើង​ស្ទើរ​គ្រប់​ទីកន្លែង​។ សំឡេង​យន្តហោះ​បានធ្វើ​ឲ្យ​ប្រជាជន​គ្រប់គ្នា​មានការ​ភ័យ ខ្លាច អ្នកខ្លះ​បាន​រត់ចោល​ផ្ទះសម្បែង ដោយសារតែ​ភិតភ័យ​នឹង​សំឡេង​លាន់​កងរំពង​របស់​ម៉ាស៊ីន​យន្តហោះ​។ ពេលនោះ គាត់​និង​ប្តី​ឈ្មោះ ហ៊ី​ន បានសម្រេច​ចិត្ត​ចេញពីផ្ទះ គាត់ ទៅ​រស់ នៅក្នុង​ទឹកដី​ថៃ ដែល​ស្ថិត​នៅជាប់​នឹង​ព្រំដែន​ខ្មែរ​វិញ​។ ប៉ុន្តែ​រយៈពេល​មួយខែ ក្រោយមក ថៃ​បាន​បញ្ជូន​គាត់ និង​ប្តី​មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ការទម្លាក់​គ្រាប់បែក​បាន ស្ងប់ស្ងាត់ យាយ ហឿន និង​ប្តី​បាន​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ធម្មតា​វិញ​។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ គឺ​ឪពុកម្តាយ​របស់គាត់ បាន​ស្លាប់​ក្នុងអំឡុងពេល​ដែលមាន​ការទម្លាក់​គ្រាប់បែក​នោះ​។

​នៅ​ឆ្នាំ​១៩៧៣ ប្តី​របស់​យាយ ហឿន និង​បងប្រុស​របស់គាត់ ឈ្មោះ រី តាប់ បាន​ស្ម័គ្រ ចិត្ត​ធ្វើជា​ទាហាន លន់ នល់​។ ប្តី​របស់គាត់​ចូលធ្វើ​ទាហាន​មិនបាន​ប៉ុន្មាន ក៏មាន​ជំងឺ គ្រុនចាញ់ ហើយ​ត្រូវ​អង្គភាព​បញ្ជូនមក​ផ្ទះ​វិញ​។ ក្រោយមក គាត់​និង​ប្តី​បាន​ផ្លាស់​ទៅ​រស់ នៅ​ខេត្តសៀមរាប​។​

​នៅ​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ជ័យជម្នះ និង​គ្រប់គ្រង​ប្រទេស តន្ត្រី សិល្បៈ សាសនា ទំនៀមទម្លាប់​ប្រពៃណី ត្រូវបាន​ខ្មែរក្រហម​ហាមឃាត់ ហើយក៏​ជា​ពេលដែល​កូន​ត្រូវ​បែក​ពី​ឪពុកម្តាយ ប្រពន្ធ​បែក​ពី​ប្តី គឺ​ស្ទើរតែ​គ្រប់​គ្រួ​សារបាន​បែកបាក់​គ្នា​។ ប្រជាជន​ដែល​រស់​នៅតាម​ទីក្រុង ទីប្រជុំជន​នានា ត្រូវ​ខ្មែរក្រហម​ជម្លៀសចេញ​ឲ្យ​ទៅតាម​ទីជនបទ ដោយ​យក​លេស​ថា អាមេរិកាំង​នឹង​មក​ទម្លាក់​គ្រាប់បែក​។ ប្រជាជន​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​ផ្ទះសម្បែង ដោយ​មិនបាន​យក​អ្វី​ទៅ​ជាប់​នឹង​ខ្លួន​ច្រើន​នោះទេ ព្រោះ​គិតថា នឹង​បាន​ត្រឡប់មកផ្ទះ​វិញ ក្នុង​រយៈពេល​បី​ថ្ងៃក្រោយ​។

​ជាក់ស្តែង យាយ ហឿន និង​គ្រួសារ​ត្រូវ​ខ្មែរក្រហម​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ស្រុក ក្រឡាញ់ ដោយ​ធ្វើដំណើរ​តាម​រថយន្ត និង​ថ្មើរជើង​។ យាយ ហឿន បាន​ឲ្យ​ដឹងថា គាត់​ត្រូវធ្វើ ដំណើរ​ទាំងថ្ងៃទាំងយប់ ដោយ​មានតែ​អាហារ​បន្តិចបន្តួច​ហូប​ប៉ុណ្ណោះ​។ ទៅដល់​ស្រុក ក្រឡាញ់ អង្គការ​បាន​បែងចែក​ប្រជាជន​ទៅតាម​ក្រុម​រៀងៗ​ខ្លួន​។ ដោយឡែក យាយ ហឿន ត្រូវ​អង្គ​ការចាត់​ឲ្យ​ចូល​កង​នារី​ធ្វើស្រែ​។ ប៉ុន្មាន​ខែក្រោយ​មក ប្តី​របស់​យាយ ហឿន ត្រូវបាន អង្គការ​នាំទៅ​សួរចម្លើយ​ទាក់ទង​នឹង​ទាហាន លន់ នល់​។ យាយ ហឿន បាន​ឲ្យ​ដឹងថា ប្តី​របស់ គាត់​ពេល​នៅ​ស្រុក​ក្រឡាញ់​មិនបាន​ប្រើ​ឈ្មោះ​ដើម​ទេ គឺ​ប្តី​របស់គាត់​បាន​ប្តូរ​ឈ្មោះ​ថ្មី (​មក ដល់​សព្វថ្ងៃ​គាត់​មិន​ចាំ​ឈ្មោះ​ថ្មី​របស់​ប្តី​គាត់​ទេ​)​។ ប្តី​របស់គាត់ តា​ហ៊ី​ន ត្រូវបាន​អង្គការ​បញ្ជូនទៅ​សួរចម្លើយ​នៅ​ខេត្តបន្ទាយមានជ័យ (​តំបន់​៥) និង​ក្រោយមក​បាន​ដោះលែង​មកវិញ ដោយ​រក​មិនឃើញ​ឈ្មោះ​ប្តី​របស់គាត់​ពាក់ព័ន្ធ​ជាមួយ​អតីត​ទាហាន លន់ នល់​។ ប៉ុន្តែ​បង ប្រុស​របស់​យាយ ហឿន ឈ្មោះ រី តាប់ មិនមាន​វាសនា​រួច​ជីវិត​ដូច​ប្តី​គាត់​ទេ​។ បងប្រុស​របស់ គាត់​ត្រូវ​អង្គ​ការចាប់​បញ្ជូនមក​ភ្នំពេញ ទាក់ទង​នឹង​អតីត​ភាពជា​ទាហាន លន់ នល់​។ មួយខែ​ក្រោយមក ទើប​គាត់​ដឹងថា បងប្រុស​របស់គាត់​ត្រូវបាន​អង្គការ​យកទៅ​សម្លាប់​។

​នៅ​ឆ្នាំ​១៩៧៧ តា​ហ៊ី​ន ត្រូវបាន​អង្គការ​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​នៅ​កងចល័ត ខេត្តកំពង់ធំ ដែល​ត្រូវ​ទៅ​លើក​ទំនប់​១​មករា​។ ចាប់តាំងពី​ពេលនោះ​មក យាយ ហឿន ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ប្តី រហូតដល់​របប​ខ្មែរក្រហម​ដួលរលំ​។ អំឡុងពេល​រស់នៅ​តែម្នាក់ឯង យាយ ហឿន កើត មាន​ជំងឺផ្លូវចិត្ត​ដែល​គាត់​ត្រូវ​រស់នៅ​ឆ្ងាយ​ពី​ប្តី ម្យ៉ាងទៀត គាត់​ត្រូវ​ធ្វើការ​ទាំងយប់ ទាំង​ថ្ងៃ និង​ហូប​មិន​គ្រប់គ្រាន់ រហូតដល់​គាត់​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​។ ពេលនោះ ម្រាមដៃ​របស់គាត់ ក៏​កើត​ពិស ជាហេតុ​ធ្វើ​ឲ្យ​គាត់​មិនអាច​ទៅធ្វើ​ការ​បាន​។ អង្គការ​បាន​ហៅ​យាយ ហឿន ទៅ​សាកសួរ និង​បាន​ពិនិត្យឃើញថា​គាត់​ពិតជា​ឈឺ ទើប​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​។ អំឡុងពេល​គាត់​សម្រាក​ព្យាបាល​ជំងឺ មេកង​នារី​របស់គាត់​តែងតែ​យក​របប​អាហារ​មក​ឲ្យ​គាត់​ហូប​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក អង្គការ​បាន​ហៅ​មេកង​នារី​នោះ​ទៅ​រៀនសូត្រ​បាត់​ដោយ​មិនដឹង​ពី​មូលហេតុ ហើយ​ចាប់តាំងពី​ថ្ងៃ​នោះមក​គាត់​មិនដែល​ឃើញ​មេកង​នារី​នោះ​ត្រឡប់មកវិញ​ទេ​។ គាត់​បានត្រឹមតែ​ឮ​ពាក្យ​ច​ចាម​អារាម​ថា អង្គការ​បាន​ចោទថា មេកង​នារី​នោះ ក្បត់​នឹង​អង្គការ​។ ដោយ​ឈឺ​នឹង​ជំងឺ​ពិស​ដែល​កើត​នៅ​ម្រាមដៃ​គាត់​ខ្លាំងពេក យាយ ហឿន បានសម្រេច​ចិត្តកា​ត់ម្រា​ម​ដែល​កើត​ពិស​នោះ​ចោល​តែម្តង​។​

ក្រោយ​របប​ខ្មែរក្រហម​បាន​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ ប្តី​របស់​យាយ​បាន​ត្រឡប់​មករក​យាយ​វិញ និង​នាំគ្នា​ទៅ​រស់នៅក្នុង​ទឹកដី​ថៃ​អស់​រយៈពេល​២​ឆ្នាំ​។ អំឡុង​ពេលនោះ យាយ និង​ប្តី​ប្រកបរ​បរបោច​វ​ល្លិ៍ បាញ់​សត្វ និង​កាប់​ឈើ​លក់​។ បន្ទាប់ពី​ស្ថានការណ៍​វាយ​ប្រយុទ្ធ​គ្នា​ស្ងប់ស្ងាត់​បន្តិច យាយ ហឿន និង​ប្តី​បាន​ត្រឡប់មក​នៅ​ស្រុក​អន្លង់វែង ដែលជា​តំបន់​កាន់កាប់​របស់​កម្លាំង​ខ្មែរក្រហម​ដែល​នៅ​សេសសល់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ តា​ម៉ុក​។ យាយ ហឿន បាន​ឲ្យ​ដឹងថា តា​ម៉ុក គ្រប់គ្រង​តំបន់​អន្លង់វែង ចំណែក​ប្រជាជន​រស់នៅ ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​ធម្មតា ប៉ុន្តែ​មិន​តឹងរ៉ឹង​ដូច​មុន​ទេ​។ បន្ទាប់មក ប្តី​របស់គាត់ តា​ហ៊ី​ន ក៏បាន​ចូល​បម្រើ​បម្រើកងទ័ព តា​ម៉ុក​។

​យាយ ហឿន បាន​ឲ្យ​ដឹងថា តា​ម៉ុក គ្រប់គ្រង​តំបន់​អន្លង់វែង និង​មិនមាន​ជម្លៀស​ប្រជាជន​ទៅណា​ទេ​។ នៅពេល នោះ ការប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​វៀតណាម​មិនទាន់​បញ្ចប់​ទេ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​។ មិនយូរប៉ុន្មាន ប្តី​របស់គាត់​បាន​ធ្លាក់ខ្លួន​ឈឺ ហើយក៏​លាឈប់​ពី​កងទ័ព និង​ត្រឡប់មក​រស់នៅ​ជាមួយ​គាត់​នៅ​ភូមិ​វិញ​៕L ដោយៈ រិ​ន រចនា និស្សិត​ឆ្នាំ​ទី​៤ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​