​ខ្មែរ​អ៊ិស្លាម​ជាង​១​ពាន់​គ្រួសារ ​នៅ​ក្រុង​ខេមរភូមិន្ទ​ បង្ខំចិត្ត​ប្រើ​ទឹកស្រះ​ដែល​ចោល​យូរ​ឆ្នាំ​

444
ចែករម្លែក
  • 17
    Shares

ដោយ: ​សុ​ផានី​តា​/​កោះកុង​៖​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​រស់នៅ​ភូមិ​៤​សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ដែល​ភាគច្រើន​ជា​បងប្អូន​ខ្មែរ​អ៊ិ​ស្លាម​ បាន​ត្អូញត្អែរថា​ពួកគាត់​បង្ខំចិត្ត​ដងទឹក​ស្រះ​ដែល​គេ​បោះបង់ចោល​យូរ​ឆ្នាំ​នោះមក​ប្រើប្រាស់ ខណៈ​កង្វះខាត​ទឹកស្អាត​ប្រើ​ជាង​៣​ខែ​មកនេះ​។

​ទោះបី​កន្លងទៅ​មាន​អាជ្ញាធរ​ សមត្ថកិច្ច​ចុះ​ចែក​ទឹកស្អាត​ដល់​លំនៅដ្ឋាន​ក៏ដោយ​។​៣​ខែ​មកហើយ​ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេ​ម​ភូមិន្ទ​ខេត្តកោះកុង​ប្រមាណ​១​ពាន់​គ្រួសារ​ជួប​កង្វះខាត​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ជាក់ស្តែង​គឺ​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ភូមិ​៤​សង្កាត់​ដងទង់​ កំពុង​ជួប​ការខ្វះខាត​ខ្លាំងជាងគេ​ ដោយ​ពួកគាត់​បង្ខំចិត្ត​ដឹក​ទឹក​តាម​រថយន្ត​និង​ដងទឹក​ស្រះ​ដែល​មិន​ស្អាត​ល្អ​យកទៅ​ប្រើ​គ្រាន់​នឹង​ដោះស្រាយ​ជា​បណ្តោះអាសន្ន​។

​លោក​រស់​ឌុល​ឡោះ​ និង​អ្នកស្រី​ម៉ាស​រៀម ​តំណាង​ប្រជាពលរដ្ឋ​អ៊ិស្លាម​បានលើកឡើង​ស្រដៀង​គ្នា​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា​ឆ្នាំ​២០១៩​នេះ ថា ពួកគាត់​ខ្វះខាត​ទឹកស្អាត​ប្រើ​ជាង​៣​ខែ​ហើយ ដែល​បង្ក​ការលំបាក​ក្នុងការ​រស់នៅ ប្រកប​អាជីវកម្ម បញ្ហា​សុខភាព និង​ខាតបង់​ថវិកា ។​ពី​ព្រោះតែ​ការចំណាយ​​ទិញ​ទឹក​មក​ប្រើ​ក្នុងតម្លៃ​ថ្លៃ​ខុសពី​ពេល​មានទឹក​។ ប៉ុន្តែ ទោះ​ចង់ ឬ​មិន​ចង់ក៏​តម្រូវឱ្យ​ពួកគាត់​ដងទឹក​ស្រះ​ក្បែរ​ព្រះវិហារ​យកទៅ​ជំនួស​ទឹកស្អាត​ ដ្បិត​ដឹងថាទឹក​គ្មាន​សុវត្ថិភាព​រមាស់​យ៉ាងណាក្តី​។

​ជាក់ស្តែង​ទឹកស្រះ​នេះ​គេ​បោះបង់ចោល​យូរ​ឆ្នាំ​មកហើយ​ បច្ចុប្បន្ន​គេ​ធ្លាប់តែ​ប្រើ​ទឹក​សម្រាប់​លាង​សម្អាត​​ជើងដៃ​មុន​ឡើង​ថ្វាយបង្គំ​ព្រះ​ប៉ុណ្ណោះ​។​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាមដដែល បញ្ជាក់ទៀតថា ទឹកស្រះ​ក្បែរ​ព្រះវិហារ​អ៊ិ​ស្លាម​នេះ ប្រើប្រាស់​ត្រឹមតែ​សម្រាប់​បោក​គក់​ខោអាវ លាងចាន​ឆ្នាំង និង​ងូត ពុំ​យកទៅ​ផឹក ឬ​ដាំ​ស្ល​បានទេ​។ ចំពោះ​ទឹក​សម្រាប់​ដាំ​ស្ល​ហូប​នោះ គឺ​ត្រូវ​ទិញ​ទឹក​តាម​រថយន្ត ដែល​គេ​ដឹក​លក់​តាម​ផ្ទះ​។ ក្នុងនោះ​១​ម៉ែត្រគុបថ្លៃ​២​ម៉ឺន​រៀល​ឡើងទៅ តាម​ទឹកថ្លា​ល្អ ឬ​មិនល្អ​។ គឺឆ្នាំនេះមានការ​ចំណាយ​ថវិកា​ច្រើន​ទេ្វ​ដង​តាមរយៈ​ការទិញ​ទឹក​មក​ប្រើ​។​

​ក្រៅពី​ភូមិ​៤​សង្កាត់​ដងទង់​ដែល​នៅ​ជាយក្រុង​ខេមរភូមិន្ទ​ ក៏មាន​​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ​រស់នៅ​ភូមិ​ស្មាច់មានជ័យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដូចគ្នា ​ទោះ​ចង់​ជីក​អណ្តូង​ក៏​មិនបាន​ ព្រោះ​ស្ថានភាព​ដី​ក្បែរ​មាត់​ព្រែក​សមុទ្រ​ទឹក​មាន​រសជាតិ​ប្រៃ​និង​កខ្វក់ ​ក្រហម​ក្រ​មៅ​។​ដូច្នេះ​មានតែ​ទិញ​តាម​រថយន្ត​ដូច​ពលរដ្ឋ​ភូមិ​៤​ដែរ​។​

ពាក់ព័ន្ធ​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ក្រុង​ខេមរភូមិន្ទ លោក អន ភារៈ អភិបាលរង​ខេត្តកោះកុង ថ្លែងថា បច្ចុប្បន្ន ក្រុមហ៊ុន​LYP Group ដែល​ទទួលបន្ទុក​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តកោះកុង កំពុង​មមាញឹក​ត​ភ្ជាប់​បណ្តាញទឹក​ពី​ខេត្ត​ត្រាត​ប្រទេស​ថៃ​ដើម្បី​សម្រួល​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​។

ទន្ទឹម​នោះ លោក ស្នើ​ដល់​ម្ចាស់​ទីតាំង​ផ្ទះសំណាក់ សណ្ឋាគារ និង​អាជីវកម្ម​ផ្សេងៗ កុំ​បូមទឹក​ស្តុក​ប្រយោជន៍​របស់ខ្លួន ​សូមឱ្យ​ចែកចាយ​ទឹក​ទៅឱ្យ​ដល់​លំនៅពលរដ្ឋ​ដែល​ខ្វះខាត​ខ្លាំង​។​ករណី​បើ​កា​រត​បណ្តាញ​ទឺឹកមាន​ភាពយឺតយ៉ាវ​អាជ្ញាធរ​នឹង​ដឹក​ទឹក​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​។​

គួរ​កត់សម្គាល់ថា ប្រភព​ទឹកសាប​តំបន់​ជ្រោះ​តា​ប៉ន និង​តំបន់​រមណីយដ្ឋាន​សិលា​មានជ័យ ក្នុង​ក្រុង​ខេមរភូមិន្ទ ដែល​គេ​រំពឹងថា មាន​បរិមាណ​ទឹក​បូម​បញ្ចូនទៅ​អាង​ស្តុក​ទុក បាន​ប្រែជា​រីងស្ងួត​ស្ទើរតែ​ទាំងស្រុង ​បង្ក​ឱ្យ​កើត​ក្តីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចែកចាយ​ទឹក​ជូន​ពលរដ្ឋ​។ ទៀតសោត បរិមាណ​ទឹក​នៅក្នុង​អាង​ក្បែរ​អតីត​ព្រលានយន្តហោះ​ជាប់​ផ្លូវជាតិ​លេខ​៤៨ ដែល​កំពុង​ប្រើប្រាស់​បណ្តោះ​អាសន្ន គឺ​ប្រើ​បានតែ​កន្លះ​ខែ​ទៀត​ប៉ុណ្ណោះ បើ​គ្មាន​ភ្លៀង​កក់ខែ​ទេ​៕S/Ha