​ខ្មែរ ៥ រូប និង​ថៃ ៥ រូប លើស​ង្វៀន DNA Star Vagas Super Fight Night

202
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​ប្រដាល់​គុន​ខ្មែរ ជា​លក្ខណៈ​អន្តរជាតិ ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​៥ ធ្នូ នា​សណ្ឋាគារ និង​កាស៊ីណូ​ផ្កាយ​៥ DNA Star Vegas នឹងមាន​អ្នក​ប្រដាល់​កម្ពុជា ៥ រូប និង​អ្នក​ប្រដាល់​ថៃ ៥ រូប ចូលរួម​ប្រកួត ។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ សមាគម​ប្រដាល់ ខេត្តបន្ទាយមានជ័យ ជាមួយ​សហព័ន្ធ​ប្រដាល់​ថៃ ។​

​លោក​ថៃ អ៊ូ ដែលជា​ប្រធាន​សមាគម​ប្រដាល់ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នេះ​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ ដែលមាន​ការគាំទ្រ ពី​លោក​អភិបាល ខេត្តបន្ទាយមានជ័យ និង​សណ្ឋាគារ និង​កាស៊ីណូ DNA Star Vegas ។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា DNA Star Vagas Super Fight Night ។​

​លោក​បាន​បន្តថា អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា ដែល​ចូលរួម​ប្រកួត​នោះ មាន សុធា ឈី​ង ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ភី​ត អា​រុណ (Phit Aroun) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ។ វ័​ន្ដ ថៃ​ដេ​ត ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ដែរនោះ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កៀង កៃ (Keang Kai) ។ ពួកគេ​ទាំង ២ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម​ដែរ ។​

ជើង​ខ្លាំង​ខ្មែរ និង ថៃ ដែល​ត្រូវ​ប្រកួត​គ្នា​

​លោក ហេង ប៊ុន​ឃីម ដែលជា​គ្រូបង្វឹក ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​ទាំង ២ រូប ជា​អ្នក​ប្រដាល់​វ័យក្មេង​មែន តែ​គេ​បាន​ឆ្លងកាត់ ការប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ញឹកញាប់​ណាស់ដែរ ។​

​យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍ ខេត្តបន្ទាយមានជ័យ ដែលមាន​រហស្សនាម​ថា យក្ស​តឿ ទិសពាយ័ព្យ​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ដេ​ត ខេន (Deth Khen) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ជួប​ប្រកួត​សងសឹក ជាមួយ​អ្នក​ប្រដាល់​ថៃ កាំ​ឡៃ យុគ (Kamlay Yuk) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ វិច្ឆិកា កន្លងមកនេះ សា​ម៉េ​ត ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់​ថៃ​រូបនេះ ម្ដង​ហើយ នៅលើ​ទឹកដី​ខ្លួនឯង គឺ​ប្រកួត​លើស​ង្វៀន ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ។ ជំនួប​សងសឹក​លើទឹក​ដី ជាយដែន​លើក​នេះ មិនដឹងថា អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ធ្វើបាន​សម្រេច ឬក៏​ត្រូវ​បង្កើន​ស្ថិតិ​ចាញ់ នៅក្នុង​កំណត់ត្រា​ប្រកួត របស់ខ្លួន​នោះឡើយ ។​

​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ថ្ម ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត ភី​ត ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ សំណាង ជា​អ្នក​ប្រដាល់ ដែលមាន​ផ្លែ​វ៉ៃ​ល្អ តែ​សម្រាប់ យ៉​ត ភី​ត ក៏​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ ។ ជំនួប​មួយ​នេះ​ ​មិនដឹងថា សំណាង អាច​កសាង​ជ័យជំនះ នៅលើ​ទឹកដី ទល់ដែន​បាន​ឬទេ ៕v