ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់កម្ពុជា នន់ ជំនិត ក្លិបស្វាយរលំឬទ្ធិជ័យ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយ អ្នកប្រដាល់ជនជាតិអាមេរិក ហាត់នៅស្រុកថៃ លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២៤ វិច្ឆិកា ខាងមុខនេះ។
នេះជាឱកាស បានប្រកួតជាមួយ អ្នកប្រដាល់បរទេស ដ៏កម្ររបស់អ្នកប្រដាល់កម្ពុជា រូបនេះ ។ កាលពីជាង ១០ ឆ្នាំមុន ជំនិត ជាអ្នកលេងកណ្ដាប់ដៃ មួយរូប ដែលមិនស្រួលបង្ក្រាបនោះឡើយ តែពេលនេះ គេមានវ័យច្រើនហើយៗ គេក៏មិនសូវមានឱកាស បានប្រកួតដែរ ។
ចំពោះអ្នកប្រដាល់អាមេរិក ដែលត្រូវប្រកួតជាមួយ ជំនិត នោះឈ្មោះ អ៊ែន ថូម៉ាស់ (Ian Thomas) ។ អ្នកប្រដាល់ជនជាតិអាមេរិករូបនេះ ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយ ហើយសមត្ថភាពគេប៉ុណ្ណាៗនោះ ក៏មិនមាននរណា ដឹងដែរ ។ បើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថា អ្នកប្រដាល់អាមេរិករូបនេះ មានកណ្ដាប់ដៃល្អ និង ធ្ងន់ ។ បើកណ្ដាប់ដៃល្អនោះ គេពិតជាជួបជាមួយ ជំនិត ដែលល្អដៃដែរហើយ ។
អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួត ចំនួន៨០ដង ឈ្នះ៦២ដង ចាញ់១៦ដង និងស្មើពិន្តុ២ដង ។ ចំពោះអ្នកប្រដាល់អាមេរិក វិញនោះ មានប្រវត្តិប្រកួត ចំនួន២៩ដង ឈ្នះ២១ដង និងចាញ់៨ដង ។ នរណា ឈ្នះ ? ។
ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍ ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃ កាំឡៃ យុគ (Kamlay Yuk) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។
ម៉ន សាម៉េត ជាម្ចាស់ខ្សែក្រវាត់ ៤ សម័យកាល ក្នុងខណៈដែល កាំឡៃ យុគ ក៏ជាម្ចាស់ខ្សែក្រវាត់ ៣ ជំនាន់របស់ថៃដែរ ហើយនរណា ក៏ជឿថា នេះជាជំនួបដ៏អស្ចារ្យមួយ ។ ពួកគេមានផ្លែវ៉ៃល្អដូចគ្នា តែសាម៉េត ចូលចិត្តវាយបន្ថែម លើគូប្រកួត រីឯកម្លាំងវិញ កាំឡៃ យុគ រឹងជាង ។
សាម៉េត មានប្រវត្តិប្រកួត ចំនួន១៤៧ដង ឈ្នះ១០៩ដង ចាញ់៣២ដង និងស្មើពិន្ទុ៦ដង ។ ចំពោះ កាំឡៃ យុគ វិញគេ មានប្រវត្តិប្រកួត ចំនួន៩២ដង ឈ្នះ៧៤ដង ចាញ់១៧ដង និងស្មើពិន្ទុ១ដង ។ ជំនួបរវាងអ្នកប្រដាល់ ទាំង២រូបនេះ នរណា ឈ្នះ នរណា ចាញ់ ក៏ត្រូវតែទ្រមខ្លួន ដូចគ្នាហើយ ។
ចាន់ សំអាត ក្លិបអប់រំកាយស្រុកអន្លង់វែង ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃ ឃូម សេន (Khum Sen) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ អ្នកប្រដាល់ទាំង ២ រូបនេះ មានសមត្ថភាពប្រហាក់ប្រហែលគ្នា គ្រាន់តែ សំអាត ជាអ្នកប្រដាល់ ដែលចូលចិត្តប្រើកែង វាយទៅលើគូប្រកួត តែកែងរបស់គេ វ៉ៃចេញរបៀបផ្សងព្រេងប៉ុណ្ណោះ ។ ចំពោះ ឃូម សេន វិញ កណ្ដាប់ដៃ និង ស្នៀតទាត់របស់គេ ល្អណាស់ ។
ឃូម សេន មានប្រវត្តិប្រកួត ចំនួន៦៧ដង ឈ្នះ៥៥ដង ចាញ់១២ដង ចំពោះចាន់ សំអាត មានប្រវត្តិប្រកួត ចំនួន៨៥ដង ឈ្នះ៦៣ដង ចាញ់១៩ដង និងស្មើពិន្តុ២ដង ។ ចាន់ សំអាត អាចយកឈ្នះ ឃូម សេន បានឬទេ ?។
ជំនួបរវាងអ្នកប្រដាល់ រួមជាតិវិញនោះ សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយ ជ័យ ស៊ីណេត ក្លិបឃ្លាំងមឿងកីឡា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ឡុង សុខលីម ក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយ ផុន សុខវិបុល ក្លិបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕v