​ខ្សាច់​បាតទន្លេ​ឆក់​ជីវិត​យុវជន​ម្នាក់​ដែល​បណ្តើរ​យុវតី​ពីរ​នាក់​ទៅ​ហែល​ទឹក​

374
ចែករម្លែក

​ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ នគរបាល​និង​ប្រជា​កា​ពារ​ស្រុក​កោះ​ញែក​បាន​ប្រទះឃើញ​សាកសព​យុវជន​ម្នាក់​ដែល​ជាប់ផុង​ក្នុង​ខ្សាច់​បាតទន្លេ​នៅ​កោះ​ខ្សាច់ ​នា​ភូមិ​កោះ​ម្យើ​ល​លើ ​ឃុំ​ណង​ឃី​លិ​ក ​ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​២១​ខែឧសភា​ ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ យុវជន​រងគ្រោះ​ត្រូវបាន​ជាប់ផុង​ជើង​នឹង​ខ្សាច់​បាតទន្លេ​ បន្ទាប់ពី​បាន​នាំ​គ្នីគ្នា​៣​នាក់​ទៅ​មុជទឹក​លំហែកាយ​ក្រោយ​បញ្ចប់​ម៉ោង​សិក្សា​កាលពី​ថ្ងៃទី​២០​ឧសភា​។​នគរបាល​ស្រុក​កោះ​ញែក​បានឱ្យដឹងថា ​កាលពី​ថ្ងៃទី​២០​ខែឧសភា ​មាន​យុវជន​និង​យុវតី​៣​នាក់​បបួលគ្នា​ទៅ​ហែល​ទឹក​កោះ​ខ្សាច់​ក្នុងភូមិ​កោះ​ម្យើ​ល​លើ​។​

​ដោយ​យុវជន​បាន​ដើរទៅ​កណ្តាលទន្លេ​មុជ​តែម្នាក់ឯង​ ដោយឡែក​យុវតី​២​នាក់​ទៀត​នៅ​ត្រើយម្ខាង​ម្នាក់​នៃ​ទន្លេ​។​ខណៈ​យុវជន​កំពុង​មុជទឹក​កណ្តាលទន្លេ​នោះបាន​ជាប់ផុង​ជើង​និង​លេច​ចូលក្នុង​ទឹក​បាត់​ ហើយ​បាត់​ខ្លួន​តែម្តង​។​គ្រា​ដែល​យុវជន​កំពុង​លង់ទឹក​នោះ ​យុវតី​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​បាន​ស្ទុះ​ទៅ​ជួយ ហើយក៏​លង់ទឹក​ដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា​ ប៉ុន្តែ​ដោយមាន​ការជួយ​ពី​ទូក​នេសាទ​នៅក្បែរនោះ​ យុវតី​ដែល​ស្ទុះ​ទៅ​ជួយ​បាន​រួច​ផុតពី​ការ​លង់ទឹក​។​នគរបាល​មូលដ្ឋាន​បញ្ជាក់ថា យុវជន​ដែល​ស្លាប់​មានឈ្មោះ​គក់ គឹម​ស្រ៊ី អាយុ​១៩​ឆ្នាំ ជា​សិស្សសាលា​ រស់នៅ​ភូមិ​ចំរើន​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក​។​

​យុវតី​ដែល​រួច​ផុតពី​ការ​លង់ទឹក​មានឈ្មោះ​ឆាត​ស្រី​ល​ក្ខ័​អាយុ​១៣​ឆ្នាំ​ រស់នៅ​ភូមិ​រង្សី​ឃុំ​ស្រែ​សង្គម​។​ដោយឡែក​យុវតី​ដែល​រួម​ដំណើរ​ម្នាក់ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះឡើយ​៕S/​Ha