​ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម រជ្ជកាល​ទី​១០ ចាប់ផ្ដើម​ហើយ​

166
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​ប្រដាល់ ដណ្ដើម​ខ្សែក្រវាត់ ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម រជ្ជកាល​ទី​១០ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ចាប់ផ្ដើម​ហើយ នៅ​រសៀល​ថ្ងៃទី​២១ កញ្ញា ខាងមុខនេះ​។​

​ព្រឹត្តិការណ៍​នេះ មាន​អ្នក​ប្រដាល់​កម្ពុជា ចំនួន ៤ រូប និង​អ្នក​ប្រដាល់​ថៃ ចំនួន ៤ រូប ចូលរួម ។ សម្រាប់​អ្នក​ប្រដាល់​កម្ពុជា​ទាំង ៤ រូបនោះ មាន រិ​ន សា​រ័ត្ន ក្លិប​កងទ័ពជើងទឹក យ៉េន ឌី​ណា សមាគម​ប្រដាល់​ក្រសួងកសិកម្ម ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា និង សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេ ស ថ្ង​ក ខេត្តស្វាយរៀង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ទាំង ៤ រូប​វិញ​នោះ មាន ឆាង ស៊ើ​ក (Chhang Soek) លូ​ម ឡេង (Loom Leng) កូ​ឡាប ដាំ Kolap Dam) និង វ៉ាន ឆា​លើ​ម (Wan Chhaleum) ។​

រិ​ន សា​រ័ត្ន និង ឆាង ស៊ើ​ក​

​សម្រាប់​ថ្ងៃទី​២១ កញ្ញា កីឡាករ រិ​ន សា​រ័ត្ន ក្លិប​កងទ័ពជើងទឹក ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ឆាង ស៊ើ​ក ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គឺជា​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​ទាត់​អ្នក​ប្រដាល់​កម្ពុជា ២ រូប ឲ្យ​សន្លប់​គឺ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ នៅ​ទឹក​ទី​១ និង សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេ ស ថ្ង​ក ខេត្តស្វាយរៀង នៅ​ទឹក​ទី​២ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៥៩​ដង ចាញ់​១៨​ដង ។ ចំពោះ រិ​ន សា​រ័ត្ន វិញ គេ​ក៏​ជា​អ្នក​ប្រដាល់​ចិត្តធំ​មួយរូប​ដែរ ហើយ​គេ​វ៉ៃ ចូលចិត្ត​ប្ដូរ​កែង តែ​មិនមាន​ប្រសិទ្ធភាព​ឡើយ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៨​ដង ឈ្នះ​៤៤​ដង ចាញ់​១១​ដង និង​ស្មើ​ពិន្ទុ​ដង​។​

​ជំនួប​មួយ​នេះ ទោះបី សា​រ័ត្ន មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល​បាន ក៏ពិតមែន តែ​លទ្ធភាព​ក្នុងការ​ដណ្ដើម​ជ័យជំនះ លើ ឆាង ស៊ើ​ក ពិតជា​លំបាក​ហើយ ។ សង្ឃឹមថា សា​រ័ត្ន ជួប​សំណាងល្អ នៅ​ថ្ងៃ​បើកឆាក នៃ​ខ្សែក្រវាត់​រជ្ជកាល​ទី​១០ នេះ​ទៅ​ចុះ​។​

យ៉េន ឌី​ណា និង លូ​ម លេង

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ យ៉េន ឌី​ណា ឬ ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់ ក្រសួងកសិកម្ម ជួប​ប្រកួត​ជាមួយ អ្នកលេង​ជើង​រន្ទះ​ថៃ លូ​ម លេង (Loom Leng)​។​
​ឌី​ណា មួយរយៈ​នេះ គេ​មានការ​រីកចម្រើន​ខ្លាំងណាស់ ។ បន្ទាប់ពី​ស្រុតចុះ មួយរយៈ​មក​នោះ ពេលនេះ​រាល់​ការប្រកួត គេ​តែងតែ​បានទទួល​ជ័យជំនះ​ជានិច្ច ។ លូ​ម លេង ពិតជា​ខ្លាំង រីឯ ឌី​ណា ក៏​មិនមែនជា​សាច់​កាប់ ដែល​ស្រួល​ទំពារ​នោះដែរ ។​

​ឌី​ណា មាន​ប្រវត្តិ​ប្រកួត ចំនួន​៧២​ដង ឈ្នះ​៦១​ដង ចាញ់​១១​ដង និង​វាយ​គូប្រកួត ឲ្យ​សន្លប់​ចំនួន ២២ ដង ។ ចំពោះ លូ​ម លេង​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦៧​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ ជំនួប​មួយ​នេះ ទាំង យ៉េន ឌី​ណា ទាំង លូ​ម លេង សុទ្ធតែ​មានឱកាស ដើម្បី​ឈ្នះ​ដូចគ្នា តែ​មិនដឹងថា​នរណា ជួប​សំណាងល្អ​នោះទេ ៕v

ជើង​ខ្លាំង​ដែល​ចូលរួម​ប្រកួត ដណ្ដើម​ខ្សែក្រវាត់​