«​ខ្សែក្រវាត់​និង​ផ្លូវ »​ជា​គំរោង​ឈ្នះ​ឈ្នះ មិនមែន​ជា​ការ​វាតទី​និយម​បែប​ថ្មី​

273
ចែករម្លែក

​វេទិកា «​ខ្សែក្រវាត់​និង​ផ្លូវ​» សំរាប់​កិច្ចសហការ​អន្តរជាតិ​បាន​ចាប់ផ្តើម​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​២៥​មេសា​។​ដោយ​ត្រូវ​បាន​ផ្តួចផ្តើមឡើង​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​នៅ​​ឆ្នាំ​២០១៣ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​(BRI)​នេះ​កាន់តែ​ទទួល​ការ​សាទរ ដោយ​ប្រទេស​១២៦​និង​អង្គការ​អន្តរជាតិ​ចំនួន​២៩​បាន​ចុះហត្ថលេខា​សំរាប់​គំរោង​ភ្ជាប់​អន្តរទ្វីប​​លាតសន្ធឹង​ទូទាំង​ពិភពលោក​នេះ ទោះជា​មាន​ការព្យាយាម​ប្រឆាំង​ជំទាស់​ដ៏​សង្កៀរត្រចៀក​ពី​កម្លាំង​អមិត្ត​ក្តី​។​

BRI​តំលៃ​១​លាន​លាន​ដុល្លារ​របស់​ចិន​នេះ ធំធេង​ណាស់ និង​មហិច្ឆតា​ណាស់​ដោយ​វា​បង្កើតបាន​ជា​រលក​ដ៏​ធំៗ​នៅ​ចិន​និង​បរទេស​។​វា​ជា​សក្កា​នុព​ល​សេដ្ឋកិច្ច​ដ៏​ធំ​វា​នឹង​ផ្លាស់ប្តូរ​​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​នៅក្នុង​ប្រទេស​ជាង​៦០​នៅ​អាស៊ី អាហ្វ្រិក​និង​អឺរ៉ុប​។​

​គំរោង​BRI​អាច​ជំរុញ​វិនិយោគ ធ្វើអោយ​ប្រសើរឡើង​ហេដ្ឋារចនាសម្ពន្ធ​និង​ការភ្ជាប់​គ្នា ព្រមទាំង​ជំរុញ​ពាណិជ្ជកម្ម ជាពិសេស​នៅក្នុង​តំបន់​ដែល​ត្រូវការ​វា​ខ្លាំង​។​ហេតុ​ដូច្នេះ​ហើយ​​បាន​ជា​រដ្ឋាភិបាល​ជាច្រើន​ត្រូវការ​BRI​។​

​សំរាប់​រយៈពេល​យូរ គំរោង​សតវត្សរ៍​របស់លោក​ស៊ី ជីន​ពីង​នេះ អាច​នាំ​ចិន​អោយ​កាន់តែ​ជិតស្និទ្ធ​ឡើង​ជាមួយ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក និង​ប្រែក្លាយ​ចិន​ទៅ​ជា​មជ្ឈមណ្ឌល​ន​យោ​​បាយ​សកល​មួយ​។​

​ដោយសារ​ទំហំ​របស់​BRI​បណ្តាល​អោយ​មាន​ការរារាំង​និង​ប្រឆាំង​។​ពួក​អ្នក​រិះគន់​និយាយថា​វា​ជា​«​ក្លឹប​របស់​ចិន​»​និង​ចោទប្រកាន់​ចិន​ថា​ចង់​វិនិយោគ​ខាង​ពាណិជ្ជកម្ម​និង​ហេ​ដ្ឋា​​រចនា​សម្ពន្ធ​គមនាគមន៍​ដើម្បី​បង្កើត​ឧត្តមភាព​ភូមិសាស្ត្រ​នយោបាយ​និង​ពាណិជ្ជកម្ម​នៅក្នុង​លោក​។​

​ជា​ការពិត​ដែលថា​BRI​នឹង​បង្កើន​ឥទ្ធិពល​របស់​ចិន​។​តែ​ត្រូវ​ទទួលស្គាល់ថា ប្រទេស​ណាមួយ​ដែល​វិនិយោគ​ឬ​ធ្វើ​ពាណិជ្ជកម្ម​ក្រាស់ក្រែល​ជាមួយ​ប្រទេស​មួយទៀត​ជៀស​មិន​​ផុតពី​ការជះឥទ្ធិពល​នយោបាយ​និង​វប្បធម៌​លើ​ដៃគូ​របស់​ខ្លួន​ទេ​។​

​ទោះជា​យ៉ាងណាក្តី ប្រទេស​ផ្សេងៗ​គ្នា​មាន​ការគិត​អំពី​ភូមិសាស្ត្រ​នយោបាយ​ផ្សេង​គ្នា​។​

BRI​ផ្តោត​លើ​ការអភិវឌ្ឍ ជំនួស​អោយ​សន្តិសុខ​ជា​ប្រពៃណី​។​ដោយ​យក​ការអភិវឌ្ឍ​ជា​ស្នូល វា​អាច​ផ្លាស់​ប្តូរ​ពី​ការប្រកួតប្រជែង​អន្តរជាតិ​ទៅ​ជា​កិច្ចសហការ​អន្តរជាតិ​វិញ ពី​ហ្គេម​ដែល​​មាន​ឈ្នះ​មួយ​ចាញ់​មួយ​មក​កាន់​ឈ្នះ​ទាំងអស់គ្នា​។​

​ចេញពី​ទស្សនវិស័យ​នេះ ពួក​អ្នក​ជំរុញ​ឃោសនា​វា​និយាយថា​BRI​ជា​គំរូ​អភិវឌ្ឍន៍​មួយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ទាំង​ចិន​និង​ប្រទេស​ចូលរួម​ដោយសារតែ​វា​នឹង​ជួយ​អោយ​ប្រសើរ​​ឡើង​ហេដ្ឋារចនាសម្ពន្ធ​ប្រទេស​ចូលរួម ដែល​មាន​សារសំខាន់​សំរាប់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​៕​ប្រែសម្រួលពីcgtnដោយ​៖​វាសនា​