​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​»

819
ចែករម្លែក

ដោយ ៖ វី​នី​តា រ៉ា​ម៉ា​នី និពន្ធ​នាយក​កាសែត​កុង​ទី​ណង់​តា​លី​ស និង​ជា​សហ​ស្ថាបនិក​អង្គការ​គំនិត​ផ្តួចផ្តើម​យុត្តិធម៌​អន្តរជាតិ​អាស៊ី
​ប្រែ​សម្រួលៈ អ៊ុន សុដាវី និង លីម អ៊ី​ភីង​

​ភ្នំពេញៈ​«​ឆ្មាំ​ព្រៃ​» ដែលជា​ខ្សែភាពយន្ត​មួយ​ផលិតឡើង​ដោយ​លោក អ៊ូច មករា គឺជា​សក្ខីភាព​ចំពោះ​ជំនឿ​នៅ​តំបន់​អាស៊ី​ដែល​ជឿជាក់​ទៅលើ​ដំណើរ​វិ​វដ្ត​របស់​ជីវិត​។ ទីតាំង​ដែល​បាន​បន្សល់ទុក​នូវ​ស្នាមរបួស​អាច​ក្លាយទៅជា​ទីកន្លែង​សម្រាប់​ការសិក្សា​ស្វែងយល់​ចំណែកឯ​ទីតាំង​ប្រ​វ​តិ្ត​សាស្ត្រ​ដែល​ធ្លាប់តែ​បានអូសបន្លាយ​ដោយសារ​សង្គ្រាម​អស់​រយៈពេល​យ៉ាងយូរ ក៏​អាច​ក្លាយទៅជា​ទីកន្លែង​សម្រាប់​ការផ្សះផ្សា និង​ការចងចាំ​។

ប័ណ្ណ​ផ្សព្វផ្សាយ​ស្តីពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ប៉ុន្តែ​អ្វីដែល​នៅ​ឋិតថេរ​គឺជា​ទឹកដី​ដែល​បាន​កើតឡើង​។ ទឹកដី​បានផ្តល់​ឲ្យ​នូវ​លក្ខខណ្ឌ​សម្រាប់​ជីវិត និង​រក្សា​នូវ​លំនឹង​របស់​ធម្មជាតិ ទោះបីជា​មនុស្ស​បាន​បំផ្លិចបំផ្លាញ​ព្រៃឈើ ប្រមាញ់​សត្វ​ដែល​ជិត​ផុត​ពូជ និង​បង្ក​សង្គ្រាម​នៅ​ទីតាំង​ព្រៃឈើ​ដែលជា​កេរដំណែល​ចុងក្រោយ​នៃ​ធនធានធម្មជាតិ​នៅលើ​ភពផែនដី​យ៉ាងណាក៏ដោយ​។​

​ការ​ផ្តិត​យក​រូបភាព​របស់ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​របស់​ផលិតករ អ៊ូច មករា នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ពិពណ៌នា​អំពី​ការពិត​នៃ​ពិភព​ធម្មជាតិ​ដែល​ត្រូវបាន​ចងក្រង​ជា​ឯកសារ​មួយ​។ ពិភព​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែបនេះ បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​ព្រះ​តេជគុណ ប៊ុន សា​លួត ដែលជា​តួអង្គ​ក្នុង​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» ធ្វើ​កិច្ចការ​ជាមួយ​ព្រះ​តេជគុណ សុន ថា គឺជា​អតីត​យោធា​ខ្មែរក្រហម និង​ជា​មិត្តភក្តិ​របស់​ព្រះ​តេជគុណ ដែល​ចាប់ផ្តើម​បង្កើត​កន្លែង​អភិរក្ស​នៅតាម​តំបន់​នៃ​ស្រុក​អន្លង់វែង​។ ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ដើមឆ្នាំ​១៩៩៨ នៅពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ តំបន់​អន្លង់វែង គឺជា​ជាទី​តាំង​សមរភូមិ​ចុងក្រោយ​របស់​ក្រុម​ចលនា​តស៊ូ​ខ្មែរក្រហម​ដែល​នៅ​សេសសល់ និង​កម្លាំង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ អស់​រយៈពេល​យូរណាស់​មកហើយ អន្លង់វែង ត្រូវបាន​ស្គាល់​ថា ជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម និង​ជា​ស្រុក​មួយ​ដែលមាន​រឿងរ៉ាវ​អាថ៌កំបាំង​យ៉ាងច្រើន​ដែល​បន្សល់ទុក​ពី​សង្គ្រាម​។ ព្រះសង្ឃ​ដែល​រស់​នៅតាម​តំបន់​នោះបាន​ចំណាយពេល​អស់​ប្រហែល​១​ទសវត្សរ៍ ដើម្បី​បោសសម្អាត​មីន​ទាំងអស់​ដោយ​ទទួលបាន​ជំនួយ​ពី​អង្គការ​ហា​ឡូ​ត្រាស់​។

ដើម​ស្រឡៅ នៅក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន បានចាប់ផ្តើម​អភិរក្ស​នៅក្នុង​ឆ្នាំ​២០០១ ហើយ​ជា​តំបន់​អភិរក្ស​១​ក្នុងចំណោម​តំបន់​អភិរក្ស​ចំនួន​១៣​ផ្សេងទៀត ដែល​លាតសន្ធឹង​នៅក្នុង​ឃុំ​ចំនួន​៥ ស្ថិតនៅក្នុង​ស្រុក​ចំនួន​២ ក្រោម​ការគ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក អ៊ូច មករា បាន​យក​ការ​ផ្តិត​រូបភាព​ដោយ​ម៉ាស៊ីន​ថត​ពីលើ​អាកាស ពី​តំបន់​ដ៏​ធំធេង​នៃ​ព្រៃឈើ​ខៀវស្រងាត់ និង​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ព្រះសង្ឃ និង​អ្នកស្រុក ដូចជា​ការបង់​សំណាញ់ និង​ការចាប់ផ្តើម​ជីក​កកាយ​ដី​ធ្វើជា​ក្រវាត់​ការពារ​ព្រៃឈើ​ដោយ​ប្រើប្រាស់​ត្រាក់ទ័រ រួមទាំង​រឿងរ៉ាវ​បន្ថែមទៀត​ដែល​ព្រះ​តេជគុណ ប៊ុន សា​លួត បាន​រៀបរាប់​ពី​ដំណើរ​ការដែល​ព្រះ​តេជគុណ​បានចាប់ផ្តើម ក្នុងការ​បង្កើត​តំបន់​អភិរក្ស​ធនធានធម្មជាតិ​នៅលើ​ផ្ទៃដី​សរុប​ចំនួន​១​ម៉ឺន​៨​ពាន់​ហិច​តា​។ ផ្ទៃដី​នៃ​តំបន់​អភិរក្ស​រហូតដល់​សព្វ​ថ្ងៃនេះ​កើនឡើង​រហូតដល់​ជាង​៣​ម៉ឺន​ហិច​តា​។

​ប៉ុន្តែ​ការធ្វើដំណើរ​ដើម្បី​ឈានទៅរក​ភាពជោគជ័យ​គឺ​ពិតជា​មិន​ងាយស្រួល​នោះទេ​។ ចាប់ពី​ឆ្នាំ​២០០២​រហូតដល់​ឆ្នាំ​២០០៨ ព្រះ​តេជគុណ ប៊ុន សា​លួត បានធ្វើ​កិច្ចការងារ​ទាំងអស់នេះ​ជាមួយ​ព្រះសង្ឃ​និង​លោក​នេន​ច្រើនជាង​៩០​អង្គ​ផ្សេងទៀត​ដើម្បី​ដើរល្បាត​ព្រៃ​នៅតាម​តំបន់​ទាំងអស់នោះ​។ នៅ​ដើមឆ្នាំ​២០០៣ ប្រជាជន​ជាច្រើន​បាន​ផ្លាស់​ទីលំនៅ​ចូលមក​រស់នៅ​និង​បង្កើតជា​ភូមិ​ជាច្រើន​។ នៅ​ឆ្នាំ​២០០៦ តំបន់​នេះ​មាន​ភូមិ​ប្រហែលជា​៨​ភូមិ​។ នៅ​ទីកន្លែង​ណា​ដែលមាន​មនុស្ស​រស់នៅ ការសាងសង់​ផ្លូវថ្នល់ អគារ និង​ការទន្ទ្រាន​ដោយ​រំលោភបំពាន​ព្រៃឈើ​គឺ​ពិតជា​មិនអាច​ជៀសផុត​នោះទេ​។ ដោយ​ទទួលស្គាល់ថា​នៅពេល​ដែលមាន​មនុស្ស រស់​នៅតាម​តំបន់​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ អាច​នឹង​បង្ករ​ហានិភ័យ​ដល់​ការអភិរក្ស​សត្វ​ដែល​ជិត​ផុត​ពូជ​ទាំងអស់នោះ ព្រះ​តេជគុណ​ក៏បាន​ស្នើសុំ​ឲ្យ​ប្រជាជន​ឲ្យ​ចាកចេញ ហើយ​ប្រជាជន​ភាគច្រើន​បាន​ចាកចេញ​ដោយសារ​ការគោរព​ចំពោះ​ព្រះសង្ឃ​។

​ចាប់តាំងពី​ពេលនោះ​មក ព្រះ​តេជគុណ ប៊ុន សា​លួត បានធ្វើការ​ស្វែងយល់ និង​ស្វែងរក​វិធីសាស្ត្រ​ដែល​អាចធ្វើ​ឲ្យ​តំបន់​ព្រៃឈើ​នោះ​ទទួលបាន​ការអភិរក្ស​ដោយ​ស្របច្បាប់​។ កិច្ចការ​នេះ​ពាក់ព័ន្ធ​ទៅនឹង​ការទទួលបាន​អាជ្ញាប័ណ្ណ បន្ទាប់មក​ដាក់បញ្ចូល​តំបន់​នោះ​ទៅជា​ព្រៃ​សហគមន៍ ថែមទាំង​អនុ​ញ្ញា​ត្ត​ឲ្យ​មានការ​បង្កើត​ភូមិ​ដែល​មិន​រំលោភបំពាន​លើ​ព្រៃឈើ​ទាំងអស់នោះ​ទៀត​។ ការ​សើចចំអក​មិនបាន​ធ្វើ​ឲ្យ​ព្រះ​តេជគុណ​បោះបង់ចោល​ការងារ​រប​ស់​ខ្លួន​នោះទេ​។ ប៉ុន្តែ​គ្មាន​ការ​ចំអក និង​បញ្ហា​ធ្ងន់ធ្ងរ​ណាមួយ​អាច​បញ្ឈប់​ព្រះ​តេជគុណ​ពី​ការអភិរក្ស​ធនធានធម្មជាតិ​បានឡើយ​។ ភាគច្រើន​នៃ​ប្រភេទ​ឈើ​នៅ​តំបន់​ត្រូ​ពិ​ក​ដែល​បាន​រកឃើញ​នៅក្នុង​ខេត្ត​នេះ​ដូចជា​ប្រភេទ​ឈើ​បេង និង គគីរ បាន​រាប់បញ្ចូល​ថា​ជា​ប្រភេទ​ឈើ​ជិត​ផុត​ពូជ​ដោយ​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​។

សត្វ​សេក នៅក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ព្រះ​តេជគុណ​បានឃើញ​អ្នកប្រមាញ់​សត្វ​ដោយ​ខុសច្បាប់​សម្លាប់​សត្វព្រៃ​នៅក្នុង​តំបន់​ដែល​ព្រះ​តេជគុណ​បាន​អភិរក្ស ដូចជា សត្វ​ក្តាន់ និង​សត្វ​គោព្រៃ​ជាដើម​។ ការគំរាមកំហែង​ចំពោះ​ការសម្លាប់​សត្វព្រៃ​ទាំងអស់នេះ​នៅតែ​បន្ត​។ អ្នកស្រាវជ្រាវ​ល្បីៗ​ជាច្រើន​មកពី​អង្គការ​នានា និង គម្រោង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាមរយៈ​ការកាត់បន្ថយ​ការបាត់បង់ និង​សឹក​រេច​រិល​ព្រៃឈើ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ព្រមទាំង អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​ចុះ​ធ្វើការ​ស្ទាបស្ទង់​មតិ​ដោយបាន​បង្ហាញថា ប្រភេទ​សត្វ​ស្លាប​សរុប​ចំនួន​១៧៤​ក្បាល និង​ថនិកសត្វ​ចំនួន​២៦​ក្បាល​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​នេះ និង​ប្រភេទ​សត្វ​ទាំងនោះ​ភាគច្រើន​ត្រូវបាន​គំរាមកំហែង​សម្លាប់​ជាស​កល​។

​ការការពារ​តំបន់​ព្រៃឈើ​ដ៏​ធំធេង​នេះ​មិនមែន​ងាយស្រួល​នោះទេ​។ ដើម្បី​សម្រេចបាន​នូវ​កិច្ចការ​ទាំងអស់នោះ ព្រះ​តេជគុណ ប៊ុន សា​លួត បាន​កសាង​ទំនុកចិត្ត​ជាមួយនឹង​មន្ត្រី​អភិរក្ស​ព្រៃឈើ ក្រសួង រដ្ឋាភិបាល កងកម្លាំង​យោធា មនុស្ស​ទាំងអស់​ដែល​បាន​ចូលរួម​ធ្វើ​កិច្ចការងារ​ជាមួយនឹង​ព្រះ​តេជគុណ និង​សមាគម​ព្រះសង្ឃ​នៅ​អន្លង់វែង ដើម្បី​យាមល្បាត និង​ការពារ​ព្រៃឈើ ថែមទាំង​ដាក់ទោស​ដល់​អ្នក​ដែល​បាន​កាប់បំផ្លាញ​ព្រៃឈើ​ឬ​ប្រមាញ់​សត្វ​ដោយ​ខុសច្បាប់​។

​ចក្ខុវិស័យ​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត គឺ​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​ពិពណ៌នា​អំពី​ព្រះអង្គ​បានឡើយ​។ ក្នុង​កិច្ចសម្ភាសន៍​មួយផ្នែក​របស់​ព្រះ​តេជគុណ​ជាមួយនឹង​កែវភ្នែក​ដ៏​ភ្លឺ​ថ្លា និង​ការ​ញញឹម​ពព្រាយ ព្រះ​តេជគុណ ប៊ុន សា​លួត បាន​ប្រាប់​ផលិតករ​ថា ព្រះអង្គ​មិនដែល​មាន​កំហឹង​នោះទេ​។ រាល់​ឧបសគ្គ​ទាំងអស់​គឺ​គ្រាន់តែ​ជា​បញ្ហា​ថ្មី​មួយ​ដែល​ព្រះអង្គ​ត្រូវតែ​រិះរក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ដោះស្រាយ​។

សត្វ​ស្វាន នៅក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ឧទាហរណ៍​ជាក់ស្តែង​មួយ គឺ​បន្ទាប់ពី​អ្នកភូមិ​បាន​ទន្ទ្រាន និង​កាប់បំផ្លាញ​ផ្នែក​មួយចំនួន​នៃ​ព្រៃឈើ ព្រះអង្គ​បាន​ចាត់តាំង​ឲ្យ​លោក​នេន ជីក​ប្រឡាយ​ដើម្បី​ធ្វើជា​ក្រវាត់​ការពារ​ជុំវិញ​តំបន់​អភិរក្ស​ព្រៃឈើ​។ ប្រឡាយ​នោះ​ជីក​បាន​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​។ អ្នកភូមិ​ទាំងអស់នោះ​មិនបាន​ឆ្លងកាត់​ទៀតឡើយ ព្រមទាំង​បានទទួល​សារ​នេះ​ផងដែរ​។ ក្រោយមក ការជីក​ប្រឡាយ​ដើម្បី​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​នេះ​ក៏បាន​រួចរាល់​។ នៅក្នុង​ប្រទេស​កម្ពុជា សកម្មភាព​នៃ​ការជីក​ប្រឡាយ ឬ​ជីក​ព្រែក គឺ​ស្ទើរតែ​មានន័យ​ដូច​ទៅនឹង​ការធ្វើការងារ​ធ្ងន់ធ្ងរ​នៅក្នុង​របប​ខ្មែរក្រហម​ដែរ​។ នាពេល​បច្ចុប្បន្ននេះ វា​អាចទាក់ទង​ទៅនឹង​ការងារ​ដែលមាន​ប្រាក់​ឈ្នួល​ទាប​នៅក្នុង​ទីក្រុង​នៃ​ប្រទេស​កម្ពុជា ដែលមាន​គម្រោង​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ត និង​ការ​អភិ​វ​ឌ្ឈ​ន៍​កើតឡើង​យ៉ាង​ឆាប់រហ័ស​។ ដូច​ច្នេះ​ហើយ មាន​អ្វី​ម្យ៉ាង​ដែល​ផ្តល់​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការធ្វើការងារ​ដោយ​កម្លាំង​សម្រាប់​ជីក​ប្រឡាយ​ដើម្បី​ការពារ​សត្វ​ខ្លា ស្វា​ព្រៃ សត្វ​តូច ខ្លាឃ្មុំ គោព្រៃ ឆ្កែព្រៃ និង​សត្វ​ខ្ទីង ។ ប្រភេទ​សត្វ​នីមួយៗ​នេះ អាច​រកឃើញ​នៅក្នុង​តំបន់​នោះ ដែល​សត្វ​ទាំងអស់​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ផុត​ពូជ ប្រសិនបើ​បាត់បង់​ជម្រក និង​នៅតែ​បន្ត​ការ​បរបាញ់​ដោយ​ខុសច្បាប់​។ ក្រោម​ការដឹកនាំ​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​កម្លាំង​ញើស​ឈាម​របស់​ព្រះ​តេជគុណ​នៅទីនេះ​គឺជា​ការការពារ​ជីវិត និង​ការបណ្តុះ​ស្មារតី​។

សត្វ​ត្រដក់ នៅក្នុង​ព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ

​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» ព្រះ​តេជគុណ ប៊ុន សា​លួត បាន​ដើរតួរ​នាទី​ទាំង​ជា​ព្រះសង្ឃ និង​ជា​អ្នកជំនាញ​។ បុរស​ម្នាក់​គឺ​មិនមែន​សម្រាប់​ពិភពលោក​ទាំងមូល​នោះទេ ប៉ុន្តែ​គឺជា​ផ្នែក​មួយ​នៃ​ពិភពលោក​នេះ​។ ដូចដែល​ពាក្យស្លោក​មួយ​ជារឿយៗ​បាន​លើកឡើងថា «​ផ្កាឈូក​ដុះ​ក្នុង​បឹង​ភក់ គឺ​មិនបាន​ទទួលរង​ឥទ្ធិពល​ដែល​ធ្វើ​ឲ្យ​ប្រឡាក់​ភក់​នោះទេ ហើយ​ព្យាយាម​លូតលាស់​ឡើង​ផុត​ដើម្បី​បង្ហាញ​ភាពស្រស់ស្អាត​»​។ ព្រះ​តេជគុណ ប៊ុន សា​លួត គឺជា​សាក្សី​រស់​ដែល​បានជ្រើសរើស​ផ្លូវ​សាសនា ប៉ុន្តែ​ធ្វើការ​ងារ​ដោយ​មិនចេះ​នឿយហត់​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល​។

​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» ដែល​ផលិត​ដោយ​លោក អ៊ូច មករា បាន​អបអរសាទរ​ទៅដល់​គុណ​តម្លៃ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះ​តេជគុណ ប៊ុន សា​លួត​។ ខ្សែភាពយន្ត​នេះ បាន​ស្ងើចសរសើរ​ចំពោះ​ភពផែនដី​របស់​យើង និង​ផ្តល់​កិត្តិយស​ដល់​កិច្ចការងារ​ដ៏​សាមញ្ញ​មួយ​របស់លោក​នេន និង​ព្រះសង្ឃ​នៅក្នុង​ស្រុក​អន្លង់វែង​ក្នុងប្រទេស​កម្ពុជា ដែលជា​អ្នកថែរក្សា និង​អភិរក្ស​ព្រៃឈើ​ទាំងអស់នោះ​៕ ល​

ព្រៃ​សង្ឃ​រុក្ខ​វ័ន នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
ព្រះសង្ឃ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និមន្ត​ទស្សនា​ខ្សែភាពយន្ត​ឯកសា​រឿង «​ឆ្មាំ​ព្រៃ​» ដែល​ចាក់​បញ្ចាំង​នៅ​សួនច្បារ​វិមានឯករាជ្យ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​។​