​គង់ ចំរើន​បុគ្គលិក​ប្រៃសណីយ៍​

1563
ចែករម្លែក
  • 15
    Shares

ដោយៈ ​ប​ណ្ណា​សារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ​បន្ទាប់ពី​ខ្ញុំ​បានបញ្ចប់​ថា្នក់​ទី​៥ នា​សម័យ​សម្តេច​សីហនុ​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​ពី​ខេត្តកណ្តាល​ទៅ​ក្រុងភ្នំពេញ​។ ដូច្នេះ​ខ្ញុំ​អាច​ចូលរៀន​នៅ​វិទ្យាល័យ​បាន​។ ខ្ញុំ​បាន​ប្រឡង​ចូល​បម្រើ​ការងារ​ផ្នែក​សេវាកម្ម​ប្រៃសណីយ៍​។ ខ្ញុំ​បាន​ប្រឡង​ជាប់ និង​ចាប់ផ្តើម​ធ្វើការ​នៅ​ការិយាល័យ​ប្រៃសណីយ៍ នៅក្នុង​ឆ្នាំ​១៩៦១​។​

​ខ្ញុំ​បាន​ចាប់ចិត្ត​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ សាយ ងឹ​ម នៅពេល​នាង​កាត់សក់ ឲ្យ​ខ្ញុំ​នៅក្នុង​ហាង​កាត់សក់​មួយ នៅតាម​ដងផ្លូវ​កម្ពុជា​ក្រោម​។​យើង​បាន​រៀបការ​នៅ​ឆ្នាំ​១៩៦៣​និង​មានកូន​បួន​នាក់​។​គ្រួសារ​យើង​មាន​វណ្ណ​:​ភាព​មធ្យម​និង​មាន​សុភមង្គល​។​យ៉ាងណាក៏ដោយ​សុភមង្គល​របស់​យើង​មិនបាន​ស្ថិត​ស្ថិរ​ដល់ទី​បំផុត​ទេ​គឺ​បាន​ត្រឹម​ពេលដែល​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៧៥ ប៉ុណ្ណោះ​។​

​ខ្មែរក្រហម​បាន​និយាយប្រាប់​យើង​ឲ្យ​ចាក​ចេញពី​ទីក្រុង​តែ​រយៈពេល​បី​ថ្ងៃ​ប៉ុណ្ណោះ​ពីព្រោះ​អាមេរិកាំង​នឹង​មក​ទម្លាក់​គ្រាប់បែក​។ យើង​បាន​យក​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន មួយចំនួន​ដាក់​នៅលើ​ម៉ូតូ និង​ចាក​ចេញទៅ​។ យើង​ចំណាយពេល​១៥​ថ្ងៃ​ដើម្បី​ធ្វើដំណើរ​ទៅ​ភូមិកំណើត​។​

​ភ្លាមៗ​បន្ទាប់ពី​យើង​បាន​ទៅដល់​ភូមិកំណើត​ខ្ញុំ​ត្រូវបាន​មេភូមិ​សួរនាំ​ពី​ប្រវត្តិរូប​។​អ្នកស្រុក​នៅក្នុង​ភូមិ​បានដឹងថា​ខ្ញុំ​ធ្លាប់​បានធ្វើ​ការងារ​នៅ​ទីក្រុង​ភ្នំពេញ ដូច្នេះ​វា​មិនមែនជា​ការងាយស្រួល​ស​ម្រា​ប់​ខ្ញុំ ក្នុងការ​និយាយ​កុហក​ឡើយ​។​

​ការរស់នៅ​ទី​នោះបាន​ក្លាយជា​សុបិន​អាក្រក់​មួយ​។​ខ្ញុំ​មានការ​ព្រួយបារម្ភ​ថា​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹងត្រូវ​ចាប់ខ្លួន​យក​ចេញពី​ភូមិ​ដូច​មន្ត្រី​រដ្ឋការ​ជាច្រើន​អ្នកផ្សេង​ទៀត​ដែរ​។​មិត្តភក្តិ​ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​ជាច្រើន​របស់ខ្ញុំ​ដែល​ធ្លាប់​ធ្វើជា​ទាហាន លន់ នល់ ត្រូវបាន​បញ្ជូនទៅ​សម្លាប់ បន្ទាប់ពី​គាត់​បានមក​ដល់​ស្រុកកំណើត​បាន​មួយថ្ងៃ​។​

​ប្រជាជន​ថ្មី​នៅក្នុង​ភូមិ មាន​ចំនួន​ពាក់កណ្តាល​។ ខណ​:​ខ្ញុំ​ត្រូវបាន​ចាត់ទុកជា​ប្រជា​ជា​ជន​ថ្មី​ម្នាក់ រីឯ​សាច់ញាតិ​របស់ខ្ញុំ​នៅក្នុង​ភូមិ​ជា​ប្រជាជន​មូលដ្ឋាន​។ ខ្មែរក្រហម​បាន​គ្រប់គ្រង​យើង និង​ចាត់ចែង​យើង​ឲ្យ​ធ្វើ​ការងារ​។ ខ្ញុំ​បាន​ជីក​ប្រឡាយ​ជាច្រើន ហើយ​ប្រពន្ធ​របស់ខ្ញុំ​ធ្វើស្រែ​ចម្ការ​។ ការងារ​ធ្ងន់ធ្ងរ​ណាស់ ក្នុង​មួយថ្ងៃ​ខ្ញុំ​ត្រូវ​ជីក​ប្រឡាយ​ឲ្យ​បាន​ប្រាំ​ម៉ែត្រការ៉េ ហើយ​យើង​បានទទួល​របប​អាហារ​ហូប​តិចតួច​បំផុត​។​

​ជា​សំណាងល្អ ខ្ញុំ​បាន​ជួប​គណ​:​តំបន់​កោះធំ ដែល​គាត់ គឺជា​គ្រូ​គណិតវិទ្យា​របស់ខ្ញុំ​។ ពេល​មួយ​នោះ ខ្ញុំ​បាន​ហៅ​គាត់​ថា “​លោកគ្រូ​” ប៉ុន្តែ​គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ហៅ​គាត់​ថា “​សម​មិត្ត​” ជំនួស​វិញ​។ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​គោរព​តាម​វិន័យ​របស់​អង្គការ​ជានិច្ច​។ ខ្ញុំ​បាន​និយាយប្រាប់​គាត់​ដោយស្មោះ​ត្រង់​ថា ប្រជាជន​នៅក្នុង​ភូមិ​ត្រូវបាន​សម្លាប់ ខ្ញុំ​មានការ​ព្រួយបារម្ភ​ថា ខ្ញុំ​នឹង​ត្រូវគេ​សម្លាប់​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។ ដូច្នេះ​គាត់​បាន​សរសេរ​លិខិតផ្លូវការ​មួយ​ឲ្យ​ទៅ​សម​មិត្ត​អនុប្រធាន​របស់គាត់ ដោយ​ត្រូវ​ផ្ទេរ​ខ្ញុំ​ទៅ​ខេត្តបាត់ដំបង​នៅ​ចុងឆ្នាំ​១៩៧៦​។ លិខិត​នោះបាន​ចាត់​ខ្ញុំ​ឲ្យ​ធ្វើដំណើរ​តាម​រទេះភ្លើង​ជើង​ទី​បី​។ ខ្ញុំ​ដឹងថា ប្រជាជន​ទាំងអស់​ដែល​បានធ្វើ​ដំណើរ​តាម​រថភ្លើង​ជើង​ទីមួយ និង​ជើង​ទី​ពីរ​ត្រូវបាន​សម្លាប់ចោល​អស់ហើយ​។​

​នៅ​ខេត្តបាត់ដំបង អង្គការ​បាន​សួរ​អំពី​ប្រវត្តិ​របស់​យើង​ទៀត​។ ខ្ញុំ​បាន​ប្រាប់​អង្គការ​ថា ខ្ញុំ​ជាជាង​កាត់សក់​ម្នាក់​។ ទោះបីជា​ខ្ញុំ​មិនចេះ​កាត់សក់​សោះ​ក៏ដោយ ក៏​ខ្ញុំ​ត្រូវបាន​អង្គការ​ឲ្យ​ធ្វើជា​ជាងកាត់សក់​ដែរ ។ ប្រព​ន្ឋ​របស់ខ្ញុំ​ក៏​ធ្វើ​ការងារ​ជាជាង​កាត់សក់​ដែរ ខណ​:​ដែល​កូន​ទាំងបី​របស់​យើង​ត្រូវបាន​បញ្ជូនទៅ​នៅ​អង្គភាព​កុមារ​។ កូនប្រុស​របស់​យើង មាន​អាយុ​ប្រាំពីរ​ខែ បានរស់នៅ​ជាមួយ​ប្រពន្ធ​ខ្ញុំ​។​

​នៅពេលដែល​អង្គការ​ប្រគល់​កន្ត្រៃ​កាត់សក់​ឲ្យ​ខ្ញុំ​ជា​លើកដំបូង ខ្ញុំ​មានការ​ភ័យព្រួយ​ណាស់ ប្រសិនបើ​ខ្ញុំ​កាត់សក់​ឲ្យ​យោធា​ម្នាក់​មិនបាន​សមរម្យ​ទេ ខ្ញុំ​នឹងមាន​បញ្ហា​ធំ​ជាមិនខាន​។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​ត្រូវតែ​ធ្វើ​។ ខ្ញុំ​គ្មាន​ការស្ទាក់ស្ទើរ​ក្នុង​ការធ្វើការងារ​នេះឡើយ​។ ខ្ញុំ​បាន​ក្លាយទៅជា​ជាងកាត់សក់​ជំនាញ​ម្នាក់​។ ប្រជាជន​ជាច្រើន បាន​តម្រង់​ជួរ​ចូលមក​កាត់សក់​។ ជើង​របស់ខ្ញុំ​បាន​ហើម​ដោយសារ​ខ្ញុំ​ឈរ​កាត់​ជា​រៀងរាល់ថ្ងៃ​។ គណ​:​តំបន់ មាន​សមាន​ចិត្តល្អ​ចំពោះ​ខ្ញុំ និង​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​សម្រាក​ក្នុង​អង្រឹង​មួយ ហើយ​លើកជើង​ខ្ពស់​ឡើងលើ​។ ទោះជា​យ៉ាងណាក៏ដោយ ការលើក​ជើង​នេះ​មិនបាន​ជួយ​អ្វី​ដល់​ខ្ញុំ​ទេ ពីព្រោះ​ជើង​របស់ខ្ញុំ​ហើម​ដោយសារ​កង្វះ​អាហារ​។ គ្រូពេទ្យ​បាន​ឲ្យ​ទឹកត្នោតផ្អែម​ខ្ញុំ​ផឹក​ជាច្រើន បន្ទាប់មក​ខ្ញុំ​បាន​រាគរូស​ជាខ្លាំង​។ ក្នុង​រយ​:​ពេល​បី​ថ្ងៃ ជើង​របស់ខ្ញុំ​បាន​ស្រក​ហើម ប៉ុន្តែ​រូបរាងកាយ​របស់ខ្ញុំ ដូច​គ្រោងឆ្អឹង​មនុស្ស​អ៊ីចឹង​។​

​នៅក្នុង​ខែធ្នូ ឆ្នាំ​១៩៧៨ ខ្មែរក្រហម​បាន​ឲ្យ​យើង​ហូប​តាមចិត្ត​។ ខ្ញុំ​មិនបាន​ហូប​ច្រើន​ទេ ព្រោះ​ក្រពះ​របស់ខ្ញុំ​មាន​ទម្លាប់​ទទួល​អាហារ​តិចតួច រីឯ​ប្អូនប្រុស​របស់ខ្ញុំ​វិញ​ស្ទើរតែ​ស្លាប់​ដោយសារ​ហូប​ច្រើន​ជ្រុល​។ នៅពេលដែល​ខ្ញុំ​ចាប់​ផ្តើមឡើង​ទម្ងន់​បន្តិច គណ​:​តំបន់​បាន​និយាយថា “​ខ្ញុំ​ចង់​ឲ្យ​ឯង​ស្លាប់ ប៉ុន្តែ​ឯង​នៅមាន​ជីវិត​នៅឡើយ​”​។ ខ្ញុំ​បាន​និយាយថា វា​មិនទាន់​ដល់ពេល​សម្រាប់​ខ្ញុំ​ត្រូវស្លាប់​ទេ​។​

​នៅ​ចុងឆ្នាំ​១៩៧៨ ឬ​ដើមឆ្នាំ​១៩៧៩ ប្រពន្ធ​របស់ខ្ញុំ​បានធ្វើ​ជា​ប្រធាន​ក្រុម​នៅ​រោង​កិនស្រូវ​។ ប្រពន្ធ​ខ្ញុំ​បាន​រាយការណ៍​ទៅ​គណ​:​ឃុំ​ថា មាន​ប្រជាជន​មូលដ្ឋាន​ខ្លះ​បាន​ចូលមក​លួច​ស្រូវ​អង្ករ​ពី​រោង​កិនស្រូវ​។ គណ​:​ឃុំ​នោះ​ជា​មិត្ត​ចាស់​របស់​ចោរ​ម្នាក់​នៅក្នុង​ចំណោម​ចោរ​ផ្សេងៗ​ទៀត​។ ដូច្នេះ​គាត់​បាន​បញ្ជូន​ប្រព​ន្ឋ និង​កូនប្រុស​របស់ខ្ញុំ​អាយុ​ប្រាំពីរ​ខែ ឈ្មោះ សំបូរ ចូលទៅ​ក្រុង ដើម្បី​សម្លាប់ចោល​ជំនួស​វិញ​។​
​ខ្ញុំ​បាន​សួរ​ប្រធាន​អង្គភាព​ម្នាក់ ដែល​គាត់​ស្គាល់​ប្រពន្ធ និង​កូនប្រុស​របស់ខ្ញុំ​។ គាត់ ធ្លាប់​រែក​ទឹក​ឲ្យ​គ្រួសារ​ចិន​មួយ​នៅមុន​របប​ខ្មែរក្រហម​។ គាត់​មិនចេះ​អាន និង​សរសេរ​អក្សរ​ទេ ប៉ុន្តែ​ឥឡូវនេះ​គាត់​មាន​តួនាទី​ខ្ពស់​នៅក្នុង​របប​នេះ​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ប្រពន្ធ​របស់ខ្ញុំ​ត្រូវបាន​វាយ​សម្លាប់​ពីក្រោយ​រួច​រុញ​ចូលក្នុង​រណ្តៅ​សាកសព ខណ​:​ដែល​កូនប្រុស​របស់ខ្ញុំ​ត្រូវបាន​សម្លាប់​ដោយ​បោក​ផ្ទប់​នឹង​ដើម​ដូង​។ ខ្ញុំ​បាន​ស្រែកយំ​ខ្លាំងៗ នៅពេលដែល​បានដឹង​រឿងនេះ​។ ខ្ញុំ​ក្លាយទៅជា​បុរស​ពោះម៉ាយ មើលថែរក្សា​ចិញ្ចឹម​កូន​បីនាក់​។​

​បន្ទាប់ពី​ការស្លាប់​របស់​ប្រពន្ធ​ខ្ញុំ អង្គការ​ចង់​ឲ្យ​ខ្ញុំ​រៀបការ​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​។ ខ្ញុំ​បានប្រកែក​ទោះជា​ខ្ញុំ​ដឹងថា វា​មាន​គ្រោះថ្នាក់​សម្រាប់​ខ្ញុំ​ក៏ដោយ​។ ខ្ញុំ​មានការ​ព្រួយបារម្ភ​ថា កម្មាភិបាល​នារី​នេះ​នឹង​សម្លាប់​កូនៗ​របស់ខ្ញុំ​។ ពីរ​បី​ថ្ងៃ​បន្ទាប់មក របប​ខ្មែរក្រហម​ត្រូវបាន ផ្តួលរំលំ​។​

​ខ្ញុំ​មានមុខ​ជំនួញ​ល្អ​មួយ​នៅ​សៀមរាប​។ ខ្ញុំ​បានរស់នៅ​ទៅ​ទីនោះ ព្រោះ​ចង់ឃើញ​ប្រាសាទអង្គរវត្ត​មុនពេល​ខ្ញុំ​ស្លាប់​។ ប្រពន្ធ​ទី​ពីរ​របស់ខ្ញុំ​ឈ្មោះ ពុធ ម៉ា​រី​។ ប្តី​របស់​នាង​ជា​នាយទាហានជាន់ខ្ពស់​ម្នាក់​នៅក្នុង​របប លន់ នល់ ត្រូវបាន​សម្លាប់ និង​កូន​របស់​នាង​ពីរ​នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​។ យើង​បានចាប់ផ្តើម​កសាង​គ្រួសារ​មួយ និង​មានកូន​ប្រាំ​នាក់​។ ឥឡូវនេះ​ខ្ញុំ​រស់នៅ​ពោរពេញ​ទៅដោយ​សេចក្តីសុខ និង​សុខសន្តិភាព​។​