​គង់ សំបូរ ខ្ទាត​ចេញពី​ការប្រកួត ទាំង​សោកស្ដាយ​

119
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
អ្នក​ប្រដាល់ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ បាន​ខ្ទាត​ចេញពី ការប្រកួតប្រជែង​យក​កៅអី ដើម្បី​បន្តទៅ​ជុំ​ទី​៣ នៃ​ព្រឹ​ត្តិ្ក​ការណ៍ TV5 Boxing Knock-Out Serie បន្ទាប់ពី​ប្រកួត​ចាញ់ អ្នក​ប្រដាល់ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល នា​យប់​ថ្ងៃទី​២២ កុម្ភៈ កន្លងទៅនេះ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ កាលពី​អតីតកាល គេ​ធ្លាប់​ជួប​ប្រកួត​គ្នា ជា​ញឹកញាប់ ដោយមាន​ឈ្នះ មាន​ចាញ់ ទៅវិញទៅមក ហើយ​នៅក្នុង ការប្រកួត​ជម្រុះ ជុំ​ទី​២​នេះ ពួកគេ​សុទ្ធតែ​សម្លៀង​កែង និង​កណ្ដាប់ដៃ ដើម្បី​ប្រជែង​យកជ័យ​ជំនះ ដូចៗ​គ្នា ។ សំបូរ ខ្ពស់ជាង​វិឆ័យ​មែន តែ​ការ​វ៉ៃ​ចេញ​របស់គេ មិន​អស្ចារ្យ ជាង​វិឆ័យ​ឡើយ ។

សកម្មភាព​លើស​ង្វៀន​

​វិឆ័យ មុខរឹង​ជាង មិនតែប៉ុណ្ណោះ កណ្ដាប់ដៃ និង​កែង​របស់គេ វ៉ៃ​ចេញ​បានល្អ ជាង​សំបូរ ។ សំបូរ ជា​អ្នក​ប្រដាល់ ដែល​ខ្លាច​មុខ រីឯ​វិឆ័យ កណ្ដាប់ដៃ​របស់គេ បានធ្វើ​ឲ្យ​សំបូរ មានការ​លំបាក ក្នុងការ​ការពារ​ជាខ្លាំង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ពូកែ​ទាត់​ផ្កាប់​ចាន ដូចគ្នា ព្រោះ​កន្លងមក នរណា ជួប​ជាមួយ​សំបូរ ឬ វិឆ័យ បើ​ហ៊ាន​តែ​ប្រហែស គេ​នឹង​សន្លប់ ដោយសារ​ការ​ទាត់​ផ្កាប់​ចាន ជាមិនខាន ។ ការប្រកួត ដែល​មានតែ ៣ ទឹក​នោះ វិឆ័យ មានប្រៀប​លើ​សំបូរ តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ គង់ សំបូរ ខ្ទាតរ​ចេញ ពី​ការប្រកួត​ត្រឹមនេះ ក្នុងខណៈដែល វិឆ័យ ត្រៀមខ្លួន​ឡើង​ប្រកួត​បន្ត នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ទៀត​នោះ ។​

​រឿ​ម វណ្ណៈ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ទោះបី​គេ​បានទទួល​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដោយសារ​គូប្រកួត របស់គេ​គឺ សារឿន​ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ មាន​របួស​ក៏ពិតមែន ក៏​គេ​ត្រូវតែ​បញ្ចេញ​កម្លាំង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សំ អាន ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដែរ ។ ការប្រកួត​នេះ ទោះបី​វណ្ណៈ ឈ្នះ ឬ ចាញ់ ក៏​គេ​មាន​កៅអី ដើម្បី​ឡើងទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​៣ ដោយ​ស្វ័យប្រវត្តិ​ទៅហើយ ។ ក្នុងការ​ប្រកួត​នេះ វណ្ណៈ ពិតជា​វ៉ៃ​បាន​អស្ចារ្យ បាន​ដោយ​ពិន្ទុ​។​

សកម្មភាព​លើស​ង្វៀន​

​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣ រឿ​ម វណ្ណៈ ត្រូវ​តស៊ូ​ជាមួយ សោម វិឆ័យ ។ ការប្រកួត​ជម្រុះ​ពីមួយ​ជុំ ទៅមួយ​ជុំ កាន់តែ​អស្ចារ្យ​។ ទាំង វិឆ័យ ទាំង វណ្ណៈ សុទ្ធតែ​អះអាងថា គេ​ត្រូវតែ​ឆ្លង​ឲ្យ​ផុត ជុំ​ទី​៣ ឲ្យ​បាន​ដូចគ្នា ។ ពិតជា​អស្ចារ្យ​មែន ។​

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់ បរទេស​វិញ​នោះ នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្លា ឃុន​ស៊ឹ​ក (Kla Khunsoek) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម​។ តាមពិត ក្លា ឃុន​ស៊ឹ​ក ត្រូវ​ជួប​ប្រកួត​ជាមួយ រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ តែ​មិនដឹង​ជា​មូលហេតុ យ៉ាងណា​នោះទេ ស្រាប់តែ​គេ​ប្ដូរ​ដាក់ នី សុ​ភី ឲ្យ​ប្រកួត​ជាមួយ ក្លា ឃុន​ស៊ឹ​ក ទៅវិញ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ៥ ទឹក​ពេញ ដែល​លទ្ធផល ចុងក្រោយ បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ ។​

សកម្មភាព​លើស​ង្វៀន​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រើពេល​តែមួយ​ទឹក​ប៉ុណ្ណោះ ផ្ដួល​អ្នកលេង​កណ្ដាប់ដៃ ភួង ពិសិដ្ឋ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ឲ្យ​បោះបង់ចោល​ការប្រកួត ។ គ្រាន់តែ​ទឹក​ទី​១ ចាប់ផ្ដើម សៀវ ង៉ុ​យ ទាត់​សន្ធាប់​លើ ពិសិដ្ឋ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់ ៨ បន្ទាប់មក រាប់​ជា​លើក​ទី​២ ក្នុង​ទឹកតែ​មួយ ហើយ​បន្ទាប់ពី សៀវ ង៉ុ​យ ទាត់​ម្ដងទៀត​នោះ អាជ្ញាកណ្ដាល មិន​រាប់​ទៀតឡើយ គឺ​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ តែម្ដង ៕v