​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដាក់​ពាក្យសុំ​បង់ប្រាក់​តម្កល់​១៥​លាន​រៀល​នៅ​គ​.​ជ​.​ប​

1162
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បានដាក់​ពាក្យសុំ​បង់ប្រាក់​តម្កល់​ចំនួន​១៥​លាន​រៀល​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ នេះ​។ ចំណែក​ការចុះបញ្ជីឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គ្រោង​នឹងដាក់​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​សឹង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រ​រួបរួម​ជាតិ ដែល​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ​២០១៨​។​

​យោងតាម​លិខិត​របស់លោក​សឹង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់ជូន​ប្រធាន​គ​.​ជ​.​ប កាលពី​ថ្ងៃទី​៣ ខែឧសភា បាន​ឲ្យ​ដឹងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មានបំណង​ចុះបញ្ជី​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើស​តតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នាពេល​ខាងមុខនេះ​។​

ដូច្នេះ​ដើម្បី​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ចំណុច​ទី​១០ នៃ​មាត្រា​២៧ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សូម​លោក​ប្រធាន​គ​.​ជ​.​ប មេត្តា​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បង់ប្រាក់​តម្កល់​ចំនួន ១៥​លាន​រៀល ចូលក្នុង​គណនី​របស់​ធនាគារជាតិ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​លោក​សឹង្ហ គី​រី បាន​បញ្ជាក់ថា ឈ្មោះ​លោក​ញឹក ប៊ុនឆៃ កំពុងតែ​សម្រួល​ដាក់​ក្នុង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​។​គណបក្ស​គ្រោង​នឹងដាក់​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ដើម​សប្តាហ៍​ខាងមុខនេះ​។

​រហូតមកដល់​ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៦​ហើយ ដែល​បានមក​ដាក់​ពាក្យសុំ​បង់ប្រាក់​តម្កល់​ចំនួន​១៥​លាន​រៀល នៅ​គ​.​ជ​.​ប រួមមានៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ពន្លឺ​ថ្មី គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

​ចំណែក​គណបក្សនយោបាយ​ចំនួន​២០ បានទទួល​ពាក្យសុំ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។ ក្នុងចំណោម​គណបក្សនយោបាយ​ទាំង​២០ គឺមាន​គណបក្ស​ចំនួន​៣ បាន​ចុះបញ្ជី​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ រួមមានៈ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ទាំង​២៥ រាជធានី ខេត្ត (២៥​មណ្ឌលបោះឆ្នោត​) មាន​បេក្ខជន​សរុប​ចំនួន​២៧១​នាក់​។​ក្នុងនោះ បេក្ខជន​ពេញសិទ្ធិ​មាន​ចំនួន​១២៥​នាក់ (​តាម​អាសនៈ​របស់​រដ្ឋសភា គឺ​១២៥​អាសនៈ​) និង​បេក្ខជន​បម្រុង​១៤៦​នាក់ និង​បេក្ខជន​ជា​នារី​ចំនួន​៤៧​នាក់​។

គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ ១៧​ខេត្ត ក្រុង មាន​បេក្ខជន​សរុប​ចំនួន​២៣៤​នាក់ ក្នុងនោះ បេក្ខជន​ពេញសិទ្ធិ ចំនួន​១១៧​នាក់ និង​បេក្ខជន​បម្រុង​១១៧​នាក់ ។​បេក្ខជន​ឈរឈ្មោះ​សុទ្ធតែជា​យុវជន និង​យុវនារី ។ គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ទាំង​២៥ រាជធានី ខេត្ត​៕S/

​រូបថត​៖​លោក​សឹង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ​មុនី​រ័ត្ន​)
​រូប​សញ្ញា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​

#