​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ពង្រឹង​សមាជិក​សមាជិកា​ដើម្បី​ដណ្តើម​ជ័យជំនះ​នាពេលខាងមុខ​

932
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​បាន​ជម្រុញ​ឱ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់ខ្លួន​ពង្រឹង​ការងារ​បក្ស​ជាមួយ​សមាជិក​សមាជិកា​និង​ពលរដ្ឋ​ដើម្បី​ដណ្តើម​ជ័យជំនះ​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​។​

​លោក សំ លាង​ទ្រី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស ចុះជួយ​ស្រុក​សង្គម​ថ្មី​បាន​ជំ​រុញឱ្យ​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតាម​ភូមិ​-​ឃុំ​នៅក្នុង​ស្រុក​ត្រូវ​បង្កើន​សកម្មភាព​ការងារ​គណបក្ស ឱ្យបាន​ខ្លាំងក្លា​ដើម្បី​ដណ្តើមយក​ជ័យជំនះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​លោក សំ លាង​ទ្រី បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សកម្មភាព​ការងារ​គណបក្ស ជាមួយ​ប្រធាន​ក្រុមការងារ​គណបក្ស​តាម​ភូមិ​-​ឃុំ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​លោក​សំលាង​ទ្រី​បាន​សង្កត់ធ្ងន់ថា​កិច្ចប្រជុំ​នៅក្នុង​ឱកាស​នេះ​គឺ​ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​សមាជិក សមាជិកា​បក្ស។

សៀវភៅ​គ្រួសារ​បក្ស និង​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​សមាជិក​បក្ស​យើង បាន​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​បញ្ជី​ឈ្មោះ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។​ជាមួយគ្នានេះ​លោក បាន​បន្តថា កន្លងមក មាន​ប្រធាន​ក្រុម​បក្ស​តាម​ភូមិ​-​ឃុំ​មួយចំនួន គឺ​គាត់​មិនសូវមាន​សកម្មភាព​ការងារ​គណបក្ស​នោះទេ ហើយ​របាយការណ៍​ទៀត​សោធន៍ ដែល​ផ្ញើ​ទៅ​ថ្នាក់លើ​គឺជា​របាយការណ៍​ដែល​ធ្វើ​តាមតែ​ចិត្ត​នឹកឃើញ និយាយឱ្យចំ គឺ​មិនបាន​ចុះ​អនុវត្ត​ជាក់ស្តែង​។

​លោក​ក៏បាន​ជម្រុញ​ឱ្យ​ប្រធាន​ក្រុមការងារ​គណបក្ស​តាម​ភូមិ​-​ឃុំ​ត្រូវ​បង្កើន​សកម្មភាព​ការងារ​គណបក្ស​ឱ្យបាន​ខ្លាំងក្លា​និយាយ​រួម​គឺ​ត្រូវ​គិតគូរ​ការងារ​គណបក្ស​ឱ្យ​ដូច​ការងារ​ប្រចាំថ្ងៃ​របស់​យើង​និង​ការងារ​គ្រួសារ​យើង​មិនមែន​ស្រឡាញ់​បក្ស​តែ​មាត់​ដើម្បី​ការពារ​មុខតំណែង របស់ខ្លួន​ដោយ​ខ្លួន​មិន​ធ្វើ​អ្វី​នោះទេ​។​

ទទឹម​នឹង​នេះ​ផងដែរ​លោក សំ លាង​ទ្រី ក៏បាន​ជម្រុញ​ឱ្យ​ប្រធាន​ក្រុម​បក្ស​តាម​ភូមិ​-​ឃុំ ត្រូវបង្កើត​ប្រធាន​ក្រុម​បក្ស​ដោយ​ជ្រើសរើស​សមាជិក​បក្ស​ដែល​មានផ្ទះ​ជិតគ្នា​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ហើយ​ប្រធាន​បក្ស​តាម​ភូមិ​-​ឃុំ​ត្រូវ​គ្រប់គ្រង​សមាជិក​បក្ស​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​ជៀសវាង​កុំឱ្យ​មានតែ​តួលេខ​តែ​មិនមាន​ឈ្មោះ​បោះឆ្នោត​ឱ្យសោះ​៕S/

​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​ពង្រឹង​សមាជិក​សមាជិកា​ដើម្បី​ដណ្តើម​ជ័យជំនះ​នាពេលខាងមុខ​