​គណបក្ស​ប្រជាជន​ នឹង​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​១​ឆមាស​និង​លើក​ទិសដៅ​បន្ត​នៅ​សប្តាហ៍​ក្រោយ

649
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​-ភ្នំពេញ៖​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​បានចេញ​លិខិត​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១៦​កក្កដា​ ដោយបាន​កោះប្រជុំគណៈកម្មាធិការ​កណ្តាល​របស់ខ្លួន​នៅ​ថ្ងៃទី ២២ ខែសីហា​ខាងមុខ ។ សេចក្តីជូនដំណឹង​បញ្ជាក់ថា​ ​កិច្ចប្រជុំ​នេះដើម្បី​បូកសរុប​លទ្ធផល​ការងារ​រយៈ ពេល ១ ឆមាស​និង​លើក​ទិសដៅ​បន្ត ។

​បើ​គ្មាន​ការប្រែប្រួល​ទេ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​បើកប្រជុំ​នៅ​ថ្ងៃទី ២២ ខែសីហា​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ កិច្ចប្រជុំ​ដែល​ធ្វើឡើង​តែមួយព្រឹក​នឹងមាន​ការចូលរួម​ពី​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ជាង១ពាន់​នាក់​នេះ​នឹងពិភាក្សា​ទៅលើ​របៀបវារៈ​សំខាន់​ចំនួន​ពីរ​៖​ទី​១.​ការ​បូកសរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ក្នុង​រយៈពេល​១​ឆមាស​និង​របៀបវារៈ​ទី​២​គឺ​ការលើក​ទិសដៅ ការងារ​បន្ត​របស់​គ​ណ​បក្ស។នេះ​បើតាម​ការគូសបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ​។​

លោក ឈឹម ផល​វរុណ បាន​ឲ្យ​ដឹងថា​ កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នេះ​ត្រូវបាន​គ្រោង​ធ្វើ​តាំងពី​សប្តាហ៍​មុន​មកម្ល៉េះ។ក៏ប៉ុន្តែ​កិច្ចប្រជុំ​នេះ​ត្រូវបាន​លើក​ពេល​ដោយសារតែ​ស្ថានភាព​ជំងឺ​គ្រេច​ស្មា​ស្តាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​។​

​អ្នកវិភាគ​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា​ ការវិវឌ្ឍ​នៃ​ស្ថានការណ៍​នយោបាយ​ថ្មីៗ​និង​ចុងក្រោយ​នៅ​កម្ពុជា​ក៏​នឹងត្រូវ​លើក​យកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ។​

​គួរ​ជម្រាបជូន​ថា​ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ចុងក្រោយ​របស់ខ្លួន​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៨ ​តាមរយៈ​សន្និបាត​លើក​ទី ៤១ ដោយមាន​ការចូលរួម​ពី​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ៨២៩ រូប​លើ​រចនាសម្ព័ន្ធ​រួម​ចំនួន​៨៦៥​រូប ៕/Ha