ដោយបូកគោ/កំពតៈគណៈកម្មការចម្រុះដែលមានគ្រប់ជំនាញពាក់ព័ន្ធចូលរួមបានសម្រេចយកគ្រឿងចក្រកាយ និងដឹកចេញនូវដីដែលគេចាក់បំពានលើទីសាធារណៈដើម្បីរក្សាស្ថានភាពដូចដើមវិញ។ប្រាប់ឱ្យដឹងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីតាំងផ្ទាល់ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូជាប់ផ្លូវជាតិលេខ៣៣លោកប៉ឹលកុសលអភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាផ្អែកតាមការសម្រេចរបស់គណៈកម្មការចម្រុះនិងក្រោមបទបញ្ជាពីលោកអភិបាលខេត្ត។
លោកទទួលភារៈដឹកនាំកម្លាំងព្រមទាំងយកគ្រឿងចក្រមកកាយដីដែលគេចាក់លើទីសាធារណៈរួចដឹកជញ្ជូនចេញដើម្បីរក្សាទ្រព្យសម្បត្តិរដ្ឋឱ្យមានស្ថានភាពដូចដើមវិញ។លោកអភិបាលរងខេត្តបានបញ្ជាក់ថាក្នុងប្រតិបត្តិការនេះទោះបីមានអន្តរាគមន៍ពីផ្នែកឬបុគ្គលណាមួយក្តីក្រុមការងារនឹងបន្តធ្វើកិច្ចការនេះរហូតដល់ចប់រួចរាល់ដោយមិនពន្យាពេលឡើយ។
សូមបញ្ជាក់ថាតាមការប្រាប់ឱ្យដឹងរបស់អ្នកដំណើរគឺសកម្មភាពចាក់ដីបំពានទីសាធារណៈរបស់រដ្ឋនេះបានកើតឡើងតាំងពីអំឡុងខែកក្កដាឆ្នាំ២០១៩មកម្ល៉េះ។ដោយសារថ្មីៗនេះការរិះគន់បានកើតមានកាន់តែខ្លាំង ហើយដាក់បន្ទុកលើការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្ត ទើបកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា។
លោកជាវតាយបានដឹកនាំគណៈកម្មការចម្រុះដែលមានគ្រប់ផ្នែកពាក់ព័ន្ធចូលរួមចុះពិនិត្យជាបន្ទាន់។នៅលើទីតាំងផ្ទាល់លោកអភិបាលខេត្តបានតម្រូវឱ្យគណៈកម្មការចម្រុះតាមដានស្រាវជ្រាវនិងកោះហៅអ្នកប្រព្រឹត្តដើម្បីបង្ហាញឯកសារពាក់ព័ន្ធនានាមុននឹងហ៊ានធ្វើសកម្មភាពចាក់ដីនេះ។លោកអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថាមុននឹងចាក់ដីទោះនៅទីតាំងណាក៏ដោយចាំបាច់ម្ចាស់ត្រូវតែមានប័ណ្ណកម្មសិទ្ធិជាមុនសិន។
ផ្អែកលើវិធានការនេះអាចក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅមិនឃើញអ្នកប្រព្រឹត្តចូលខ្លួនមកបង្ហាញឯកសារទើបគណៈកម្មការចម្រុះនិងក្រោមបញ្ជាពីឯកឧត្តមអភិបាលខេត្តសម្រេចកាយដីដឹកចេញបែបនោះ៕S/