​គណៈប្រតិភូ​សភា​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អន្តរ​សភា IPU

1196
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈប្រតិភូ​សភា​កម្ពុជា​បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង​សហភាព​អន្តរ​សភា​IPU​។​បើទោះបីជា​គណៈប្រតិភូ​កម្ពុជា​បានផ្តល់​ជូន​នូវ​ព័ត៌មាន​ដែល​អាច​ជឿទុកចិត្ត​បាន​ដ៏​សន្ធឹកសន្ធាប់​ជាច្រើនលើក​ច្រើនសារ​ក៏​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​ហាក់​ពុំបាន​ធ្វើការ​គិតគូរ​ពិចារណា​ឱ្យបាន​ហ្ម​ត​ចត់​សោះ​ទ្បើ​យ​។​

​ផ្ទុយទៅវិញ​ដោយ​ផ្អែកលើ​ប្រភពព័ត៌មាន​ដែលមាន​លក្ខណៈ​នយោបាយ​ពី​ភាគី​ម្ខាង​គណៈកម្មាធិការ​បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឱ្យ​ខ្មៅ​ងងឹត​តាមរយៈ​ការចេញ​នូវ​សេចក្តីសម្រេច​ដែលមាន​លក្ខណៈ​លម្អៀង ដោយ​ការធ្វើ​ព្រងើយកន្តើយ​ចំពោះ​សេចក្តីត្រូវការ​ពិតប្រាកដ​ជា​មូលដ្ឋាន​និង​ផ្លូវ​ដ៏​គ្រោះថ្នាក់​​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការសម្រេចបាន​សន្តិភាព ស្ថិរភាព​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ដោយ​ការពុះពារ​យ៉ាង​លំបាក​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណៈប្រតិភូ​សភា​កម្ពុជា​បាន​បញ្ជាក់ថា​ពិតណាស់​សិទ្ធិមនុស្ស​ដូចដែល​បានចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​សេចក្តីថ្លែងការណ៍​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​និង​លិ​ខិ​តូ​បក​រណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​។ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ត្រូវបាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​តាម​កាលកំណត់​ជា​ទៀត​ទាត់​។

​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា កន្លងទៅ ចំនួន​អ្នកចូលរួម​បោះឆ្នោត​ដ៏​ខ្ពស់​រហូតដល់ ៨៣,០២ ភាគរយ​នៃ​ចំនួន​ប្រជាជន​ចុះឈ្មោះ​បោះឆ្នោត​បានទទួល​ការ​សាទរ​ថា​ជា​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ប្រទេស​កម្ពុជា​ដែល​ក្នុងនោះ​មាន​គណបក្សនយោបាយ​
​ចំនួន​២០ ដែលមាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា បាន​ចូលរួម​ប្រកួតប្រជែង​។

​អ្នកសង្កេតការណ៍​ជាតិ​ចំនួន​៨០.០០០​នាក់​អ្នកសង្កេតការណ៍​អន្តរជាតិ​ប្រហែល​៥០០​នាក់​និង​ភ្នាក់ងារ​មកពី​គណបក្សនយោបាយ​នានា​ចំនួន​៩០.០០០​នាក់​បាន​បញ្ជាក់ថា​ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី​យុត្តិធម៌​និង​តម្លាភាព​។​

ដំណើរការ​បោះឆ្នោត​ត្រូវបាន​រៀបចំ​ដោយមាន​សណ្តាប់ធ្នាប់​និង​សន្តិសុខ​ដ៏​ល្អប្រសើរ​ជាង​ពេលណា​ណា​ទាំងអស់​ដោយ​ពុំមាន​ការគំរាមកំហែង​ការបង្ក​របួសស្នាម​អំពើ​ហឹ​ង្សា​ឬ​ការបំភិតបំភ័យ​ណាមួយ​ទ្បើ​យ​ដែល​នេះ​សបញ្ជាក់​ឱ្យឃើញ​ច្បាស់​ថា​លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សង្គម​កម្ពុជា​។​

​ជា​អកុសល​ទោះជា​យ៉ាងណាក៏ដោយ​ដោយ​គ្រាន់តែ​ផ្អែកលើ​អវត្តមាន​អតីត​គណៈបក្សនយោបាយ​មួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​បែរជា​មើលឃើញ​បរិយាកាស​សិទ្ធិមនុស្ស​ជុំវិញ​ការបោះឆ្នោត​កាលពី​ខែកក្កដា​ក្នុង​ផ្លូវ​អវិជ្ជមាន​ដោយ​មើលរំលង​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈបក្ស​​នយោបាយ​ចំនួន​២០​ផ្សេងទៀត​ព្រមទាំង​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស​ប្រកបដោយ​ភាពចាស់ទុំ​របស់​ប្រជាជន​កម្ពុជា​។​

​បើ​ក្រឡេក​មក​មើល​សេរីភាព​បញ្ចេញមតិ​វិញ សេរីភាព​បញ្ចេញមតិ​ត្រូវអនុវត្ត​ដោយមាន​ករណី​យ កិច្ច និង​ការទទួលខុសត្រូវ​ពិសេស ដោយ​មិន​បំពាន​សិទ្ធិ​អ្នកដទៃ​សន្តិសុខ​ជាតិ​និង​សណ្ដាប់ធ្នាប់​​សាធារណៈ​ដូច​មានចែង​ក្នុង​មាត្រា​១៩​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​នោះ​។ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ មុខរបរ ឬ​ឋានៈ​សង្គម​ឡើយ​។​

​ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​ដោយ​អំណាចតុលាការ មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះទេ ប៉ុន្តែ​ដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។​រាជរដ្ឋាភិបាល​មិនមាន​តួនាទី​អ្វី​នៅក្នុង​ដំណើរការ​នីតិវិធីតុលាការ ដែលជា​ស្ថាប័ន​ដាច់ដោយឡែក និង​ឯករាជ្យ ដែល​ធានា​ដោយ​មាត្រា​១២៨ និង​១៣០ នៃ​រដ្ឋធម្មនុញ្ញ​។​

ជាមួយគ្នានេះ គណៈប្រតិភូ​សភា​កម្ពុជា បាន បកស្រាយ​បំភ្លឺ​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា ដែល​ជន​ត្រូវ​ចោទ ត្រូវបាន​ផ្ទេរ​ពី​ការឃុំខ្លួន​បណ្ដោះអាសន្ន មក​ស្នាក់នៅ​ក្នុងផ្ទះ ក្រោម​លក្ខខណ្ឌ​របស់​តុលាការ ដែលជា​កិច្ច​មនុស្សធម៌ ធ្វើឡើង​ស្របតាម​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​។

​ការឃុំខ្លួន​ឱ្យនៅ​ក្នុងផ្ទះ​ពុំមាន​នៅក្នុង​ច្បាប់​កម្ពុជា​ទេ​។ សូមបញ្ជាក់ថា ឈ្មោះ​ដែល​ត្រូវបាន​លើកឡើង​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា​នោះ មិនមែនជា​សមាជិកសភា​ទៀតឡើយ ហើយ​គណៈប្រតិភូ​សភាក​ម្ពុ​ជា​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​សេចក្ដីសម្រេចចិត្ត​នេះ​៕S/​

#