​គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​

272
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ប្រាសាទអកយំ​នៅ​ផ្នែក​ខាងជើង​កំពុង​ទទួលបាន​ការធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

​ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្រប​ពេលដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។​នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ផ្នែក​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​២២ ខែមេសា​ឆ្នាំ​២០១៩​នេះ​។​

​បណ្ឌិត​ផ្នែក​បុរាណវិទ្យា លោក ជា​សុជាតិ​ប្រធាន​គម្រោង​និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន​៨​ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការ​តាំងទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ​។

​លទ្ធផល​បឋម​ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា​ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣​មាន​សំណល់​ខឿន​ក្រោម​បង្អស់​ឬ​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​ដែល​បាន​លុប​បាត់​ក្នុង​តួ​ទំនប់​ខាងត្បូង​បារាយណ៍​កាលពី​គេ​លើក​បារាយណ៍​ទាំងមូល​នេះ​ឡើង​នៅក្នុង​អំឡុង​សតវត្ស​ទី​១១​នៃ​គ​.​ស​។​

សំណល់​ខឿន​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅក្នុង​ជម្រៅ​ចន្លោះ​ជា​មធ្យម​ពី​១០​ស​.​ម​.​ទៅ​១៣០​ស​.​ម​។​ក្រុម​អ្នក​បុរាណវិទ្យា​យល់ថា​លទ្ធផល​នេះ​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុងការ​កំណត់​ទីតាំង​ពិតប្រាកដ​ក៏ដូចជា​ជម្រៅ​របស់​សំណល់​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​ដែរ​។​

​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ជីក​បន្ថែម ដោយ​រំពឹងថា​នឹង​អាច​ទៅដល់​បាត​ក្រោម​នៃ​ខឿន​ប្រាសាទ​នេះ ប្រសិនបើ​គ្មាន​ការរំខាន​ពី​បញ្ហា​ភ្លៀង និង​កម្រិត​ទឹក​ក្នុង​បារាយណ៍​។​ល​។ រីឯ​នៅក្នុង​រណ្ដៅ​ចំនួន​៤​ធំៗ ស្ថិតនៅ​ខាងលិច​នៃ​ជ្រុង​ពាយ័ព្យ​នៃ​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​វិញ​ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​មាន​ថ្មភ្នំ​ដែលមាន​ទំហំ​ធំៗ​ជាច្រើន​។​

តាម​ការវិភាគ​បឋម​ក្រុម​អ្នក​បុរាណវិទ្យា​យល់ឃើញថា​ថ្ម​ទាំងនោះ ត្រូវបាន​អ្នក​ជំនាន់​មុន​យកមក​តំរៀប​ដើម្បី​ទប់​ជើងទេរ​ផ្នែក​ខាងជើង​នៃ​ទំនប់​ខាងត្បូង ហើយក៏​អាច​ប្រើ​ទប់​កុំឱ្យ​ដី​ហូរ​ច្រោះ​បើទោះបីជា​ដី​ដែល​គេ​លើក​យកមក​ធ្វើ​ទំនប់​នោះ​ជា​ប្រភេទ​ដីឥដ្ឋ​ដែល​ត្រូវបាន​បង្ហាប់ មាន​ពណ៌​ប្រផេះ​និង​មាន​លាយ​ខ្សាច់​ក្នុង​បរិមាណ​តិចតួច​បំផុត​ក្តី ។

​លោក​ជា​សុជាតិ​បាន​បន្តទៀតថា​ផ្នែក​ខាងជើង​នៃ​ប្រាសាទអកយំ​ពុំ​ធ្លាប់​បានធ្វើការ​ស្រាវជ្រាវ​បុរាណវិទ្យា​ឱ្យបាន​ដិតដល់​នោះទេ​បើទោះបីជា​មានការ​រុករក​ខឿន​ទីមួយ​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​នេះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣២​និង​ឆ្នាំ​១៩៣៥ ដោយ​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ឈ្មោះ Georges Trouvé (​ហ្ស​ក ទ្រូ​វេ​)​ក៏ដោយ​។

តាមរយៈ​ការស្រាវជ្រាវ​ជនជាតិ​បារាំង​រូបនេះ​បាន​បន្សល់ទុក​រហូតមក​ដល់​សព្វថ្ងៃ​នូវ​ឯកសារ​ជាច្រើន​ដូចជា សំណេរ​ដៃ​ក្នុង​ទិនានុប្បវត្តិ​កំណាយ (Journaux de fouilles) របាយការណ៍​ប្រចាំខែ ឯកសារ​ប្លង់់​ចំនួន​៥៨​ផ្ទាំង និង​រូបថត​ចំនួន​១៣៥​សន្លឹក ដើម្បី​ជា​ឯកសារយោង​។

​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​លោក​ហ្ស​ក​ទ្រូ​វេ​នៅពេល​នោះគេ​អាច​ដឹងបាន​ថា​ខឿន​ទីមួយ​របស់​ប្រាសាទអកយំ​មាន​ប្រវែង ១០០​ម៉ែត្រ​បួន​ជ្រុង កម្ពស់​ប្រវែង​២,៦០​ម៉ែត្រ និង​មាន​កម្រាស់​ទទឹង​ប្រវែង ៣​ម៉ែត្រ ។

រីឯ​ការស្រាវជ្រាវ​ជា​បន្ត​ដោយ​លោក Christophe Pottier(​គ្រី​ស្តូ​ហ្វ​ប៉ូ​ត្យេ​)​ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ​២០០១​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៦​បាន​រំលេច​អោយឃើញ​នូវ​ទិន្នន័យ​ថ្មី​ជាច្រើន​បន្ថែមទៀត​នៅ​ផ្នែក​ខាងត្បូង​ប្រាសាទ​និង​លើស​អំពី​អ្វីដែល​លោក​ហ្ស​ក​ទ្រូ​វេ​ធ្លាប់បាន​រកឃើញ​។

​គម្រោង​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ផ្នែក​ខាងជើង​ប្រាសាទអកយំ​នៅពេលនេះ​គឺ​ស្រប​ពេលដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។

ការសិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ​គឺធ្វើឡើង​ទាំង​សម្រាប់​ការស្រាវជ្រាវ​ផង​និង​សម្រាប់​កំណាយ​បុរាណវិទ្យា​បង្ការ​ផងដែរ​។​គម្រោង​ស្រាវជ្រាវ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខនេះ​៕S/

​រូប​ថ​តៈ​គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​បារាយណ៍​ខាងលិច​រូបភាពៈ​អប្សរា​)​