​គម្រោង​អភិវឌ្ឍន៍​ក្រុង​កំពង់ចាម​នឹង​ចំណាយ​ថវិកា​ជាង​២០​លាន​ដុល្លារ​

914
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ចប់​ការសិក្សា​ស្រាវជ្រាវ​រួចរាល់​ហើយ លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​កំពង់ចាម ដែល​នឹង​ចំណាយ​ទុន​កម្ចី​ប្រមាណ​ជាង​២០​លាន​ដុល្លារ​។​គឺ​នឹង​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​ជាប់​ដង​ទន្លេមេគង្គ​ដ៏​ធំ​មួយ​នេះ​នៅ​ចន្លោះ​ឆ្នាំ​២០១៩-២០២១​។​

​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​ប្រាប់​ដល់​មន្ត្រី​ពាក់ព័ន្ធ និង​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​សាលាក្រុង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ក្នុងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន បួន គឺ បណ្តាញ​ប្រព័ន្ធ​លូ​មេ , ប្រព័ន្ធ​ការពារ​ទឹកជំនន់ , ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ទីលាន​ចាក់សំរាម​ជា​រោងចក្រ​កែច្នៃ​ឱ្យទៅជា​ឧបករណ៍ប្រើប្រាស់​។​
​ ​
​លោក ចាន់ ផល្លី បានឱ្យដឹង​ទៀតថា យើង​នឹង​ពង្រីក​ប្រព័ន្ធ​លូ​មេ​ក្នុង​ក្រុង​ដើម្បី​ប្រមូល​ប​ញ្ជូ​ល​ទឹក​កខ្វក់ និង​ទឹកភ្លៀង​ស្ទះលូ​ជន់​លិច ផ្លូវថ្នល់ និង​លំនៅស្ថាន​ប្រជាពលរដ្ឋ​នា​ឆ្នាំកន្លងមក​គឺ ដោយ​តែ​ប្រព័ន្ធ​លូ​តូច​បង្ហូរ​ចូក​ទន្លេមេគង្គ​មិនទាន់​នោះ​។

ប៉ុន្តែ​ប្រព័ន្ធ​លូ​ថ្មី​នេះ គឺ​ធានាបាន​ទឹក​ទាំងពីរ​នេះ​នឹង​បង្វែរ​ចូលទៅ​ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់​ថ្មី​ដែល​នឹង​សង់​លើ​ទីតាំង​ដី​ជាង​១០​ហិកតា ក្បែរ​ទំនប់​ព្រែក​ដើម​ចាន់ ស្ថិតក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម គឺ​ប្រែក្លាយ​ទឹក​កខ្វក់​ទាំងនោះ​ជា​ទឹក​អាច​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​។​
​ ​
​លោក​អភិបាលក្រុង​បាន​បន្ថែមថា​ដោយឡែក​ប្រព័ន្ធ​ការពារ​ទឹកជំនន់​នឹង​សង់​តាម​បណ្តោយ​ច្រាំង​ទន្លេមេគង្គ​គឺ​ដើម្បី​ការពារ​ទប់ស្កាត់​ពី​ការវាយប្រហារ​ដោយ​ទឹកជំនន់​របស់​ទន្លេ​នេះ​ចូល​ក្រុង​កំពង់ចាម​នា​រដូវវស្សា ដែល​កើតឡើង​មិន​ទៀង​ទាន់​ជា​រៀងរាល់ឆ្នាំ​នោះ​។

ចំណែក​ទីលាន​ចាក់សំរាម បាន​សង់​ជា​រោងចក្រ​ដែលមាន​ទីតាំង​ស្ថិត​ភូមិ​ផ្កាយព្រឹក ឃុំ​មៀន ស្រុក​ព្រៃឈរ​នោះ គឺ​សម្រាប់​ផលិត​កែច្នៃ​កាកសំណល់​រឹង​រាវ ទៅជា​របស់ ឬ​ឧបករណ៍​ផ្សេងៗ​អាច​ប្រើប្រាស់​។​
​ ​
​លោក ផល្លី បាន​បន្តថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​កំពង់ចាម​នាពេល​អនាគត គឺជា​ទីក្រុង​មាន​សំណង់​រៀបរយ , ទីក្រុង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ , ជាទី​ក្រុងមាន​បរិស្ថាន​ល្អ , ជាទី​ក្រុងមាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​,​ជាទី​ក្រុង​សម្បូរ​ធនធានមនុស្ស​និង​ជាទី​ក្រុងមាន​តំបន់​ទេសចរណ៍​។​ក្នុងនោះ​ក៏មាន​ផែនការ​បង្កើតជា​ក្រុង​រណប​ឆ្ពោះទៅ​ទិស​ខាងត្បូង​និង​ខាង​ទិស​ខាងលិច​ក្រុង​បន្ថែមទៀត​។​

អ្នកស្រី ឃាង ស៊ី​ផូ តំណាង​កសិករ​ដាំ​បន្លែ​សរីរាង្គ និង​បន្លែ​សុវត្ថិភាព​ជាង​៣០ គ្រួសារ​នៅ​ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បានឱ្យដឹង​នៅ​ថ្ងៃទី ១៩ មិថុនា​ថា សូម​សម្តែង​ការអបអរសាទរ និង​រំភើប​រីករាយ​ក្រោយពី​បានទទួល​ព័ត៌មាន​ខាងលើនេះ​។​

ពិសេស​សង្ឃឹម​នឹង​បានទទួល​អត្ថប្រយោជន៍​ពី​អាង​ចម្រោះ​ទឹក​កខ្វក់​ដែល​ឃ្លាត​ពី​ចម្ការ​បន្លែ​ប្រហែល​១.០០០​ម៉ែត្រ​ដែលមាន​ទំហំ​សរុប​ទាំងអស់គ្នា​ប្រមាណ​ជិត​១០ ហិកតា​។ ដោយ​នឹង​ទទួលបាន​ទឹក​ពី​អាង​ចម្រោះ​នេះ​យកទៅ​ស្រោច​បន្លែ​ដែល​តាំងពី​ដូនតា​មក​បូមទឹក​បឹង​បាសាក់ រែក​ដោយ​កម្លាំង​មនុស្ស និង​បូម​តាម​ទុយោ​ប្រើ​ភ្លើងអគ្គិសនី​នោះ​៕S/

​គម្រោង​អភិវឌ្ឍន៍​ក្រុង​កំពង់ចាម​នឹង​ចំណាយ​ថវិកា​ជាង​២០​លាន​ដុល្លារ​

​ ​

#