​គម្រោង​អភិវឌ្ឍន៍​លំនៅស្ថាន​ដ៏​ធំ​លើផ្លូវ​៦០​ម៉ែត្រ​សហការ​ជាមួយ KW Cambodia

1010
ចែករម្លែក

​ដោយ បូ​រិ​ន​/​ភ្នំពេញ​៖ គម្រោង​អភិវឌ្ឍន៍​លំនៅស្ថាន​ដ៏​ធំ​លើផ្លូវ​៦០​ម៉ែត្រ​របស់​ក្រុមហ៊ុន Urban Village ដែល​ប្រើ​ដើមទុន​ជាង​មួយ​ពាន់​លាន​ដុល្លារ​។​បាន​ចាំ​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី របស់​អាមេរិក​ប្រចាំ​កម្ពុជា Keller Williams Cambodia(KW Cambodia) ក្នុង​ការទទួល​សិទ្ធ​ផ្ដាច់មុខ លក់​គម្រោង​ខុន​ដូ ឱ្យ​ភ្ញៀវ​ទេសចរណ៍​ឬ​អ្នកវិនិយោគ​ជា​ជនជាតិ វៀតណាម ថៃ និង ចិន​។

​លោក​BenLi​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​UrbanVillage​បាន​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៩​ឱ្យដឹងថា​លោក​បានផ្តល់​សិទ្ធ​ឱ្យ​KWCambodia​ចេញមុខ​លក់​គម្រោង​លំនៅស្ថាន​និង​ខុន​ដូរ​បស់​ក្រុមហ៊ុន Urban Village មួយទៀត​ហើយ​។ ជាមួយ​កិច្ចសន្យា​ប្លែក មិន​ធ្លាប់មាន គឺ​កិច្ចសន្យាលក់ ឲ្យ​តែ​អ្នកប្រើប្រាស់​ប៉ាស្ព័រ​ថៃ និង​វៀតណាម ឬ​ជនជាតិ​ថៃ និង​វៀតណាម​ប៉ុណ្ណោះ ។​

​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​បញ្ជាក់ថា នេះ​គឺជា​គម្រោង​ទី​៥ ដែល​ក្រុមហ៊ុន​ខ្លួន​បាន​ចុះកិច្ចសន្យា ទទួល​សិទ្ធ​លក់​ផ្ដាច់មុខ តែ​គម្រោង Urban Village មាន​លក្ខណៈពិសេស ហើយ​ប្លែក ដែល​អាច​និយាយបានថា មិន​ធ្លាប់មាន​ពីមុន ។

​ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​ថ្លែង​ទៀតថា “​ថ្ងៃនេះ យើង​ចុះ​កិច្ចសន្យាលក់​ផ្ដាច់មុខ សម្រាប់​អ្នកទិញ ជា​ជនជាតិ​ថៃ និង​វៀតណាម ។ វា​ប្រហែលជា​ប្លែក​បន្ដិច ប៉ុន្ដែ​វា​នឹងមិន​ប្លែក​ទេ សម្រាប់​រយៈពេល ៣​ឆ្នាំក្រោយ ។ ខ្ញុំ​តែង​និយាយ KW តែង​ធ្វើ​អ្វី ដែល​អ្នកដទៃ​មិនទាន់​ធ្វើ យើង​គឺជា​អ្នកដឹកនាំ​គេ​ធ្វើ​មុន អ្វីដែល​យើង​ធ្វើ ថ្ងៃក្រោយ​គេ​ធ្វើតាម​យើង​” ។​

​លោក គីម ហ៊ាង បាន​សង្កត់ធ្ងន់ថា “​ខុន​ដូ​ក្នុងស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន អ្នកទិញ​ច្រើនជាងគេ មាន​ចិន តៃវ៉ាន់ សិង្ហ​បុរី ហុងកុង ម៉ា​កាវ កូរ៉េ ជប៉ុន វៀតណាម ថៃ និង​ខ្មែរ​ជាដើម ។ ប៉ុន្ដែ​គម្រោង​នេះ មាន​កិច្ចសន្យា រយៈពេល ២​ឆ្នាំ ដើម្បី​លក់​ផ្ដាច់មុខ លើ​ខុន​ដូ តែ​យើង​លក់ ឲ្យ​អ្នក​ប្រើ​ប៉ាស្ព័រ​ថៃ និង​វៀតណាម ។

​មានន័យថា ក្នុង Urban Village ទាំងមូល សម្រាប់ ២​ឆ្នាំ​ពី​ឥលូវ ចំពោះ​អ្នកទិញ ដោយ​ប្រើ​ប៉ាស្ព័រ​ថៃ និង​វៀតណាម គឺជា​ភ្ញៀវ​របស់ KW Cambodia ។ យើង​ធ្វើបែបនេះ ដើម្បី​ងាយ​សិក្សា ពី​បរទេស ព្រោះ​យើង​ត្រូវ​សិក្សា ជាមួយ​ក្រុមហ៊ុន​ធំៗ របស់​បរទេស​ទៀត ដើម្បី​បន្ដ​សហការ នា​ថ្ងៃ​អនាគត​”​។

ក្នុង​ពិធី​ចុះ​MOU​នេះ លោក Ben Li បាន​សម្រេចចិត្តថា ការសហការ​លើក​នេះ ជាមួយ​ក្រុមហ៊ុន KW Cambodia ព្រោះ​លោក​ជឿជាក់ លើ​កេរ្ដិ៍ឈ្មោះ របស់​ក្រុមហ៊ុន​នាំចូល ពី​សហរដ្ឋអាមេរិក​នេះ ដែលជា​ក្រុមហ៊ុន មាន​សមាជិក​ច្រើន រហូត​ជិត ២១​ម៉ឺ​នាក់ លើ​ពិភពលោក ។

​ម្យ៉ាងវិញទៀត លោក​ក៏​ទុកចិត្ត លោក​បណ្ឌិត គីម ហ៊ាង ដែលជា​អ្នកមាន បទពិសោធន៍​ចាស់វស្សា ក្នុង​វិស័យ​ដ៏​មាន​សក្ដានុពល​នេះ​ផងដែរ ។ លើក​នេះ​លោក​រំពឹងទុក​ថា Urban Village នឹង​ទទួលបាន​ជោគជ័យ ហើយ​មានការ​គាំទ្រ​ច្រើន ពី​អតិថិជន តាមរយៈ​កិច្ចសហការ​មួយ​នេះ ៕S/​