​គយ​និង​ផ្នែក​ឯកជន​ជួបប្រជុំ​ដោះស្រាយ​នូវ​បញ្ហា​និង​សំណូមពរ​ផ្សេងៗ​

784
ចែករម្លែក
  • 18
    Shares

​ដោយ​: ស៊ា ថាំង / ភ្នំពេញ​: អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​និយាយ​អោយដឹងថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ កន្លងមកនេះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​និង​ផ្នែក​ឯកជន​បានរៀបចំ​នូវកិច្ចប្រជុំ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន​លើក​ទី​៧ ក្នុង​គោលបំណង​បន្ត​ពិភាក្សា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​ការអនុវត្ត​យន្តការ​សម្រួល​ពាណិជ្ជកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​សហប្រធាន នៃ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន​នេះ​បាន​ដឹក​នាំនូវ​កិច្ចប្រជុំ​នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​សមាសភាព​នៃ​យន្តការ ជា​មន្ត្រី​គយ​និង​រដ្ឋាករ និង​តំណាង​វិស័យ​ឯកជន រួមមាន​សភាពាណិជ្ជកម្ម​កម្ពុជា​, សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​, សមាគម​សហគ្រាស​ធុន​តូច​-​មធ្យម​, សមាគម​ដឹកជញ្ជូន​កម្ពុជា​, ក្លឹប​ធុរកិច្ច​ជប៉ុន​, ក្រុមហ៊ុននាំចេញ​-​នាំចូល​, និង​តំណាង​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​ ​

​អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា យន្តការ​ភាពជា​ដៃគូ​គយ​-​វិស័យ​ឯកជន គឺជា​វេទិកា​នៃ​ការពិគ្រោះ​យោបល់​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​នូវ​រាល់​បញ្ហា​នានា ដោយ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ ស្របតាម​ការណែនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​នេះ​បណ្ឌិត គុណ ញឹម បាន​គូស​រំលេច​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ នៃ​ការប្រមូល​ចំណូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ ដែលមាន​តួលេខ​កំណើន​២​ដង ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ឆ្នាំ​។ លោក​មានប្រសាសន៍ថា ប្រការនេះ​បាន​ឆ្លុះបញ្ចាំង​នូវ​ភាពប្រសើរឡើង​ទាំង​កម្រិត​អនុលោមភាព​របស់​វិស័យ​ឯកជន ក៏ដូចជា​អភិបាលកិច្ច​ល្អ ក្នុង​អង្គភាព​គយ​ផងដែរ​។ លោក​បណ្ឌិត​ក៏បាន​លើកឡើង​ពី​ការកែសម្រួល​សមាសភាព​យន្តការ និង​បន្ថែម​ក្រុមការងារ​ជំនាញ​ថ្មី​មួយទៀត គឺ “​ក្រុមការងារ​គយ​-​សហគ្រាស​ធុន​តូច​និង​មធ្យម​” ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកស្ទួយ និង​ជម្រុញ​ការអភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​ឧស្សាហកម្ម​និង​ផលិក​ម្ម​នៅ​កម្ពុជា ។​

​ជាមួយគ្នា​នោះ​តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​នាពេល​កន្លងមក ជាពិសេស​លទ្ធផល​ដែល​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​ការងារ​ជំនាញ​ទាំង​៤ របស់​យន្តការ ក្នុង​ចន្លោះពេល​រវាង​កិច្ចប្រជុំ​លើក​ទី​៦ និង​ទី​៧​នេះ ដែល​បាន​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការងារ​គយ​ចំនួន​៤០​សំណូមពរ ព្រមទាំង​បានចេញ​នូវ​បទ​ប្បញ្ញត្តិ​ចាំបាច់​មួយចំនួន​ផងដែរ ក្នុងការ​បន្តធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន និង​ធុរជន​ពាក់ព័ន្ធ​បន្ថែមទៀត​។​

​កិច្ច​ប្រជុំបាន​ដំណើរការ​ពិភាក្សា​លើ​សំណូមពរ និង​បញ្ហា​ដែល​បានលើកឡើង​ដោយ​វិស័យ​ឯកជន​នាពេល​ថ្មីៗ​នេះ និង​បាន​ឯកភាពគ្នា​លើ​ដំណោះស្រាយ​តាម​បញ្ហា​នីមួយៗ ដែល​ពាក់ព័ន្ធ​នឹង ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​។​ការធ្វើ​សាមញ្ញ​កម្ម​និតិ​វិធី​ទំនិញ​សេវា​បញ្ញើ​រហ័ស​។ ការរៀបចំ​និង​ដាក់​អនុវត្ត​កម្រៃ​សេវា គយ​។​ការ​ផ្ទៀ​ត​ផ្ទាត់​តម្លៃ​គិត​ពន្ធគយ​។ ការចូលរួមចំណែករ​ប​ស់គយ និង​វិស័យ​ឯកជន​ក្នុងការ​អនុវត្ត គោលនយោបាយ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ ការរៀបចំ​ខ្លួន​ឆ្លើយតប​ចំពោះ​ការវិវត្តន៍​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ការ កែសម្រួល​អនុក្រឹត្យ​ស្តីពី​ទំនិញ​ហាមឃាត់​និង​ទំនិញ​ជាប់​កម្រិត​កំណត់ (​អនុក្រឹត្យ ២០៩) ជាដើម​។​

​លើសពីនេះ ភាគី​ទាំងសងខាង​ក៏បាន​បង្ហាញ​នូវ​គោលជំហរ​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​ការងារ​មួយចំនួនទៀត ជាពិសេស ការសម្របសម្រួល​ផ្នែក​ឯកជន​គ្រប់​ស្ថាប័ន​ឲ្យ​មាន​សម្លេង​តែមួយ ដើម្បី​ជជែគ​ជាមួយ​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល ព្រមទាំង​បន្ត​កិច្ច​សហការគ្នា និង​ជំរុញ​ឲ្យ​ក្រុមការងារ​តាម​វិស័យ នីមួយៗ បង្កើន​ការពិភាក្សា​ដោះស្រាយ​បញ្ហា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​៕

#