​គរុ​សិស្ស​នៅ​ខេត្តព្រៃវែង​ទទួល​ការបណ្ដុះបណ្ដាល​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

2384
ចែករម្លែក

ដោយ​: ង៉ូ​វ ជី​ហ័​រ និង ឡុង មុនី​វណ្ណ​
​ភ្នំពេញ​: កាលពី​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ សិក្ខាសាលា ស្ដីពី​ការបញ្ជ្រាប «​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់​គរុ​សិស្ស​នៃ​ម​ជ្ឈ មណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាល័យ​ព្រះ​អង្គឌួង ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។​

​គរុ​សិស្ស​នៅ​ខេត្តព្រៃវែង​ទទួល​ការបណ្ដុះបណ្ដាល​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​(​រូបថត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​សិក្ខាសាលា​ដែលមាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ដោយមាន​ការ ចូលរួម​ពី​សំណាក់​គរុ​សិស្ស​ឆ្នាំ​ទី​១​និង​ទី​២​ចំនួន​៦១​នាក់​។ សិក្ខាកាម​ទាំងអស់​ទទួលបាន​ការ​បង្ហាត់បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ពី​គ្រូឧទ្ទេស​ថ្នាក់ជាតិ​ចំនួន​៤​នាក់ មកពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

​នៅក្នុង​ពិធី​បើក​សិក្ខា​សិលា លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ការបង្រៀន​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម គឺជា​កត្តា​ដែល​ចាំបាច់ ដើម្បី​ឲ្យ​យុវវ័យ​ជំនាន់​ក្រោយ​មានការ​យល់ដឹង​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​លោកស្រី​បន្តថា​មូល​ហេតុដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ឲ្យ​មានការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទៅកាន់​សិស្សានុសិស្ស គឺ​ដើម្បី​ការចងចាំ និង​ការទប់ស្កាត់​អំពើហិង្សា​និង​អំពើ​ប្រល័យពូជសាសន៍​កុំ​ឲ្យ​កើតឡើង​ម្ដងទៀត​នៅ​កម្ពុជា​។​

សូមបញ្ជាក់ថា សិក្ខាសាលា​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ទៅក្នុង​ឯកទេស​ដែល​មិនមែនជា​ឯកទេស​ប្រវត្តិវិទ្យា​។
​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ម​ជ្ឃ​មណ្ឌល​ឯកសារ​កម្ពុជា​រៀបចំ​សិក្ខាសាលា ហើយ​មានការ​ចូលរួម​ពី​គរុ​សិស្ស​ដែល​មិនមែន​រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​។ កន្លងមក ម​ជ្ឃ​មណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ចំនួន​២៣​លើក​រួចមកហើយ ប៉ុន្តែ​មានការ​ចូលរួម​ពី​សំណាក់​គ្រូ​ប្រវត្តិ​-​ភូមិ សីលធម៌​ពលរដ្ឋ និង​គរុ​សិស្ស​-​និស្សិត​ឯកទេស​ប្រវត្តិវិទ្យា​តែប៉ុណ្ណោះ​។​

​លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ថ្លែង​នៅក្នុង​កម្មវិធី​នោះ​ថា សិក្ខាសាលា​នេះ​ជា​ផ្នែក​មួយ​ក្នុងការ​អប់រំ និង​ថែរក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ​។ លោក​បាន​បន្តថា ៖«​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មើលឃើញ​ពិ​ចក្ខុវិស័យ​វែងឆ្ងាយ ដោយ​ស្របទៅតាម​យុទ្ធសាស្ត្រ​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ដែល​លោក​បាន​មានប្រសាសន៍ថា លោកគ្រូ​អ្នកគ្រូ​មាន​តួនាទី​យ៉ាងសំខាន់​ដែល​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​ថែរក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​។ លោកគ្រូ អ្នកគ្រូ​គឺជា​អ្នកបញ្ជា​ចង្កូត​នាវា​ប្រវត្តិសាស្ត្រ ដែល​ដឹកនាំ​សិស្សានុសិស្ស​ទាំងអស់​ឆ្លងកាត់​ព្យុះសង្ឃរា​នៃ​អតីតកាល​ដ៏​វឹកវ​របស់​ជាតិ​យើង ដើម្បី​ឆ្ពោះ​ទោ​កាន់​អនាគត​ដ៏​រុងរឿង​មួយ​។​»

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បន្ដ​កិច្ចការ​របស់ខ្លួន​តទៅទៀត​ក្នុងការ​បង្រៀន​នឹង​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ធានាថា ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ បាន​ជ្រាប​ទៅដល់​ប្រជាជន​ភាគច្រើន និង​សិស្សានុសិស្ស​ភាគច្រើន​ក្នុងប្រទេស​កម្ពុជា​៕ ល​