​គាំទ្រ​ទិវា​សម្អាត​ពិភពលោក​ទីក្រុង​ភ្នំពេញ​មាន​សំរាម​រហូតដល់​២.៧០០​តោន​ជា​រៀងរាល់ថ្ងៃ​

684
ចែករម្លែក
  • 10
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​គាំទ្រ​ដល់​គម្រោង​ថ្នាក់ជាតិ​ក្នុង​ការជួយ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ស្អាត មាន​អនាម័យ​ជាង​មុន​និង​គ្មាន​សំរាម​បុគ្គលិក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ឬ​ហៅ​កាត់​ថា​“​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​”​ជាង​១៣០​នាក់​បាន​ចូលរួម​ក្នុង​ទិវា​សម្អាត​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែកញ្ញា​។

​កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​ក្រោម​ប្រធានបទ​“​តោះ​!​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​!” ដែលមាន​ការសហការ​ពី​អង្គការ GoGreen Cambodia ។ ទិវា​សម្អាត​ពិភពលោក បាន​ក្លាយជា​ចលនា​ដ៏​ធំ​បំផុត​របស់​ប្រជាជន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​សំរាម​ដែលមាន​អ្នកស្ម័គ្រចិត្ត​ប្រមាណ ១៣ លាន​នាក់​មកពី ១៥៥ ប្រទេស​ទូទាំង​ពិភពលោក​បាន​ចូលរួម​ដើរ​ប្រមូល​សំរាម​។

​អង្គការ​GoGreenCambodia​មាន​សំរាម​ប្រមាណ​២,១២​ពាន់​លាន​តោន​ត្រូវបាន​ចាក់ចោល​ដោយ​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់​នៅក្នុង​សកលលោក​ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក ប្រទេស​កម្ពុជា មាន​សំរាម​ប្រមាណ ១,៤២ លាន​តោន​កាលពី​ឆ្នាំមុន​ដោយ​ក្នុងនោះ​ទីក្រុង​ភ្នំពេញ​មាន​សំរាម​រហូតដល់ ២.៧០០ តោន​ជា​រៀងរាល់ថ្ងៃ ខណៈ​ការ​ចោល​សំរាម គឺជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​។

​បន្ទាប់ពី​ពិធី​បើក​ទិវា​សម្អាត​ពិភពលោក​នៅ​ក្រសួងបរិស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​ក្រុមការងារ​សង្គម​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ជាមួយ​អ្នកស្ម័គ្រចិត្ត​រាប់ពាន់នាក់ បានរួម​គ្នា​ដើរ​ប្រមូល​សំរាម​នៅតាម​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​សិស្ស និស្សិត និង​ប្រជាជន​មកពី​១.៦៤៦​ឃុំ​/​សង្កាត់​ទូទាំង​២៥​រាជធានី​-​ខេត្ត​ក៏បាន​រួមគ្នា​ប្រមូល​សំរាម​ទូទាំងប្រទេស​ផងដែរ​។

​នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មានប្រសាសន៍ថា “​ការចូលរួម​របស់​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស​នៅក្នុង​យុទ្ធនាការ​សកល​នេះ​គឺ​ដើម្បី​ជួយ​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាជន​ស្តីអំពី​បរិស្ថាន​និង​អប់រំ​ពួកគេ​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងមូល​។​យើង​ត្រូវ​រួមគ្នា​គ្រប់គ្រង​សំរាម​និង​ការពារ​បរិស្ថាន​ដើម្បី​ពិភពលោក​កាន់តែ​បៃតង និង​ស្អាត​ជាង​មុន​!”​។

​សូមជម្រាបថា​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥​។ ណាហ្គា​វើ​លដ៍​បាន និង​កំពុង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។​ក្នុង​ខែមីនា​ឆ្នាំ​២០១៤​ក្រុមការងារ​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ត្រូវបាន​បង្កើត​ឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​

ជាមួយ​គោលបំណង​ផ្តោតទៅលើ​សសរស្តម្ភ​៤​គឺ​លើកកម្ពស់​ការអប់រំ​ចូលរួម​ក្នុង​សហគមន៍​អភិវឌ្ឍ​វិស័យ​កីឡា​និង​អភិរក្ស​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​។​បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុ​ជាជាង​១៦០.០០០​នាក់​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕S/