​គិត​ត្រឹម​ខែមិថុនា​នេះ​ការចុះបញ្ជីឈ្មោះ​កម្មករនិយោជិត​កើន​ជាង​១​លាន​នាក់​

663
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​តាម​របាយការណ៍​ការ​ងារ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា គិត​មកដល់ពេលនេះ (​ខែមិថុនា​) មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន បាន​ចុះបញ្ជី​កម្មករនិយោជិត​មក​ក្នុង ប​.​ស​.​ស សរុប​ចំនួន​១១.៩៥២ ស្មើនឹង​សមាជិក​សរុប​ចំនួន ១.៤៦១.១៨២ នាក់​។​

​របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា​ដោយ​ឡែ​ការចុះ​កិច្ចព្រមព្រៀង​ក្នុង​ការផ្តល់សេវា​ពិគ្រោះ​យោបល់​និង​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​ជូន​ដល់​សមាជិក ប​.​ស​.​ស រួមមាន​ទាំង​មន្ទីរពេទ្យ​រដ្ឋ គ្លី​នី​ក និង​មណ្ឌល​សុខភាព​នានា​មាន​ចំនួន​សរុប​១.៣១៩​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​។​

​នៅ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ដល់​រដ្ឋបាល​រោងចក្រ ប្រតិភូ​បុគ្គលិក សហជីព​មូលដ្ឋាន​និង​កម្មករនិយោជិត ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ លោក ម៉េង ហុង នាយករង នៃ​ប​.​ស​.​ស បាន​លើកឡើងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល នៅ​ឆ្នាំ ២០១៩​ខាងមុខនេះ នឹងដាក់​ឲ្យ​ដំណើរ​របប​សន្តិសុខ​សង្គម​ថ្មី​មួយ​បន្ថែមទៀត គឺ​ផ្នែក​ប្រាក់​សោធន (​ប្រាក់​ចូលនិវត្តន៍​) ដើម្បី​ឲ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ទទួលបាន​បន្ទា​ប់​ពី​ពួកគាត់​បាន​បំពេញ​គ្រប់​អតីតភាព​ការងារ​។​

​សូមបញ្ជាក់​បន្ថែមថា សម្រាប់​កិច្ចប្រជុំ​ខាងលើ​នៅ​ខេត្តស្វាយរៀង ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម បញ្ហា​ប្រឈម ជាពិសេស​ធ្វើការ​ពង្រឹង​សេវា​នៃ​ការផ្តល់​តាវកាលិក​ជូន​កម្មករនិយោជិត ដោយបាន​ពន្យល់​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ពី​របប​សន្តិសុខ​សង្គម​រួមមាន​ដូចជា​ផ្នែក​ហានិភ័យ​ការងារ គឺ​គ្រោះថ្នាក់​ទាំងឡាយណា ដែល​កើត​ទ្បើង​ក្នុងកំឡុងពេល​បំពេញការងារ។

ពេលធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ និង​ពី​កន្លែងធ្វើការ​ត្រលប់​ទៅផ្ទះ​វិញ ដោយ​មិនមាន​ការ​វាង​ចូល​កន្លែង​ណាមួយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ជំងឺ​វិជ្ជាជីវៈ និង​ផ្នែក​ថែទាំ​សុខភាព គឺ​ការផ្តល់​ការធានារ៉ាប់រង​សុខភាព សំដៅ​ដល់​ការព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ សេវា​បង្ការ និង​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ដោយមាន​ជំងឺ ឬ​គ្រោះថ្នាក់​ជាយថាហេតុ និង​សម្រាក​មាតុភាព​ដែល​បងប្អូន​កម្មករនិយោជិត អាច​ទៅ​ទទួល​សេវា​នេះ ដោយ​ឥត​បង់ថ្លៃ​នៅតាម​ន្ទីរ​ពេទ្យ​ជា​ដៃគូ​របស់ ប​.​ស​.​ស ទូទាំងប្រទេស​៕S/

​គិត​ត្រឹម​ខែមិថុនា​នេះ​ការចុះបញ្ជីឈ្មោះ​កម្មករនិយោជិត​កើន​ជាង​១​លាន​នាក់​

#