​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​ចំនួន​៨០​ការបើក​សាខា​កើនឡើង​

968
ចែករម្លែក
  • 1.7K
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា​គិត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅតែ​បន្ត​ការរីកចម្រើន​ជា​លំដាប់​ទាំង​ទំហំ​និង​វិសាលភាព​និង​នៅតែ​រក្សា​តួនាទី​ចម្បង​របស់ខ្លួន​ក្នុង​ការជួយ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​មាន​ចំនួន ៨០ និង​មាន​សមតុល្យ​ឥណទាន​សរុប​ចំនួន ២០,៦២ ទ្រី​លាន​រៀល​ផ្តល់​ដល់​អតិថិជន​ចំនួន​ជាង ១,៨ លាន​នាក់​។​

​ការបញ្ជាក់​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​រ័ត្ន​សុវណ្ណ​នរៈ​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុ​ជានា​ក្នុងឱកាស​បើកសម្ពោធ​អគារ​ថ្មី អិ​ល​អូ​អិ​ល​ស៊ី សាខា​ខណ្ឌ​៧​មករា​កាលពី​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០១៨ កន្លងមក​។

​លោក​បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា​ចំពោះ​ការបើក​សាខា​អគារ​ថ្មី អិ​ល​អូ​អិ​ល​ស៊ី សាខា​ខណ្ឌ​៧​មករា​គឺ​បង្ហាញ​ពី​ការរីកចម្រើន​ឥតឈប់ឈរ​លើ​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ដោយឡែក​បើ​គិតពី​ស្ថិតិ​លើ​វិស័យនេះ​ក្នុង​ឆ្នាំ​២០១៨​គ្រាន់តែ​វិស័យនេះ​ទទួលបាន​ប្រាក់​បញ្ញើ​សរុប​ចំនួន ១០,៣២ ទ្រី​លាន​រៀល ទទួលបាន​ពី​អតិថិជន​ផ្ញើ​ប្រាក់​ចំនួន ២,១ លាន​នាក់​។

​ជាមួយគ្នានេះ​លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី បានឱ្យដឹងថា​ការបើក​សម្ពោធ​អគារ​ថ្មី​នៃ​សាខា​ខណ្ឌ​៧​មករា​នេះ​គឺជា​មោទនភាព​មួយ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​។ដោយ​សាខា​នេះ​ជា​សាខា​ស្តង់ដា​និង​ត្រូវ​បានរៀបចំ​ប្រកបដោយ​ផាសុកភាព​ដើម្បី​បម្រើសេវា​កម្ម​ជូន​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ហើយ​នេះ​ក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​ភាពជោគជ័យ​របស់​អិ​ល​អូ​អិ​ល​ស៊ីក្នុង​អំឡុងពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​ផងដែរ​។

គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​អិ​ល​អូ​អិ​ល​ស៊ី​មាន​ការិយាល័យ​សាខា​ចំនួន​៧៦​សាខា​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំងប្រទេស​ហើយ​អិ​ល​អូ​អិ​ល​ស៊ី​នឹង​បន្ត​បើក​សាខា​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០១៩​ដើម្បី​បំពេញតម្រូវការ​និង​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ជាង​នេះ​បន្ថែមទៀត​។​

​លោក​បន្ថែមថា​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ អិ​ល​អូ​អិ​ល​ស៊ី​មានទ្រព្យ​សកម្ម​សរុប ចំនួន ៦០៣,៥ លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ៦២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧​។ ផលប​ត្រ​ឥណទាន មាន​ចំនួន ៤៦៣​លាន​ដុល្លារ​អាមេរិក​ដែល​កើនឡើង​៤៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧​។​

សមតុល្យ​ប្រាក់​បញ្ញើ​មាន​ចំនួន​២៣០​លាន​ដុល្លារ​អាមេរិក​ដែល​កើនឡើង​១៥៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧​។​ជាមួយគ្នានេះ​លោក​បានឱ្យដឹង​ដែរ​ថា​នៅក្នុង​ឆ្នាំ​២០១៩​ខាងមុខនេះ​អិ​ល​អូ​អិ​ល​ស៊ី​នឹង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ផ្តល់​សេវាកម្ម​ដែល​រហ័ស​ទាន់​ចិត្ត​មាន​សុវត្ថិភាព​និង​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ទៀតផង​៕S/

លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុ​ជានា​ក្នុងឱកាស​បើកសម្ពោធ​អគារ​ថ្មី អិ​ល​អូ​អិ​ល​ស៊ី សាខា​ខណ្ឌ​៧​មករា​កាលពី​ថ្ងៃទី​២៤​ខែធ្នូ ឆ្នាំ​២០១៨(​រូប​៖​ដេប៉ូ​)​