ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមកម្រិតបរិញ្ញាប័ត្រ របស់ខ្លួន ជាលើកដំបូង ដែលមានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៣ ដល់ ១៤ វិច្ឆិកា ២០១៩ ។
បើតាមការឲ្យដឹងពី លោកឩត្តមសេនីយ៍ទោ និន ភិរម្យ អគ្គលេខាធិការរង សហព័ន្ធកីឡាគុនខ្មែរ បានឲ្យដឹងថា សិក្ខាកាម មានចំនួន២៦រូប ដែលក្នុងនោះ កម្រិតបរិញ្ញាប័ត្រ មានចំនួន២៣រូប ដែលមានមួយរូប ជានារី ក្រៅពីនោះ ជាអតីតកីឡាករប្រដាល់ល្បីៗ និងជនបរទេស ចំនួន២រូប ។ នេះជាវគ្គបឋម ដែលការសិក្សាផ្ដោតសំខាន់ ទៅលើបច្ចេកទេស និងក្រមសីលធម៌ ។ អ្នកដែលបានឆ្លងវគ្គសិក្សានេះ បានទទួលវិញ្ញាបនប័ត្រ ដែលមានតម្លៃ សម្រាប់ការចូលរួមបំពេញការងារ ក្នុងការប្រកួតប្រដាល់គុនខ្មែរ ។
លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងដែរថា វគ្គនេះ គឺចំណាយថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាកាម ដែលភាគច្រើន ជាគរុសិស្ស មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះ សុទ្ធតែជាអ្នកមានចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះ ពួកគេងាយនឹងទទួលយក នូវពុទ្ធិថ្មីៗទាំងអស់ ។
លោកឩត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានប្រាប់បណ្ដាញព័ត៌មានដែរថា សិក្ខាកាមទាំងអស់ មិនត្រឹមតែពួកគេ សុទ្ធតែមានអាយុ ៣៥ ឆ្នាំចុះនោះទេ ពួកគេមានចំណេះដឹង និងមានកាយសម្បទាល្អ គឺសហព័ន្ធ មិនយកអ្នកដែលមានកំពស់ មិនគ្រប់គ្រាន់នោះទេ។
សូមបញ្ជាក់ថា វគ្គនេះ ឧទ្ទេសនាម ដោយលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ដែលជាអនុប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធន្ធកីឡាសកលកម្ពុជា លោក អ៊ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕v