​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​កីឡាករ​តេ​ក្វាន់​ដូ WT ខេត្ត ដណ្ដើមបាន​មេដាយ មុនគេ​

738
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កីឡាករ​តេ​ក្វាន់​ដូ WT (World Taekwondo) ដែលជា​តេ​ក្វាន់​ដូ​ស្ទីល របស់​កូរ៉េខាងត្បូង វ័យក្មេង ឈន គឹម​ហាក់ មកពី​ខេត្តរតនគិរី ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​សម្តែង​មេគុន ឯកត្តជន​បុរស នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ដោយ​រៀបចំ​ដោយ នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត​។​

​វិញ្ញាសា​សំដែង ខុសពី​វិញ្ញាសា​ប្រយុទ្ធ ដោយ​អត្ត​ព​លិ​ក ត្រូវ​ចាំ​ដោយ​ស្ទាត់ជំនាញ លើ​មេគុន​ទាំងអស់ ដែល​គេ​តម្រូវ​ឲ្យ​សំដែង​នោះ​។ សម្រាប់​វិញ្ញាសា​សម្តែង​មេគុន ឯកត្តជន​បុរស កីឡាករ​វ័យក្មេង ឈន គឹម​ហាក់ មកពី​ខេត្តរតនគិរី ដណ្តើម​មេដាយមាស ឯ​កីឡាករ សុខ សញ្ច​នា មកពី​ខេត្តមណ្ឌលគិរី ដណ្តើម​មេដាយប្រាក់ និង​កីឡាករ សែម សុខ​ហៀ​ង មកពី​ភ្នំពេញ ដណ្តើម​មេដាយសំរិទ្ធ​។​

ការប្រកួត​វិញ្ញាសា​មេគុន (​សំដែង​)

​រីឯ​វិញ្ញាសា​សម្តែង​មេគុន ឯកត្តជន​នារី កីឡាការិនី ហែម សុធីរា មកពី​ខេត្តតាកែវ ដណ្តើម​មេដាយមាស កីឡាការិនី ព្រំ គឺ​ម​ឡាង មកពី​ខេត្តបាត់ដំបង ដណ្តើម​មេដាយប្រាក់ និង​កីឡាការិនី ស៊ីម វ​ឌ្ឃ​នា មកពី​ភ្នំពេញ ដណ្តើម​មេដាយសំរិទ្ធ​។​

​ដោយឡែក វិញ្ញាសា​សម្តែង​មេគុន ឯកត្តជន​បុរស​នារី មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តកំពត ដណ្តើម​មេដាយមាស មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្តតាកែវ ដណ្តើម​មេដាយប្រាក់ និង​មន្ទីរអប់រំ​កាយ និង​កីឡា​រាជធានី​ភ្នំពេញ ដណ្តើម​មេដាយសំរិទ្ធ​។​

​ការប្រកួត​ដែល​ធ្វើ​នៅ​អគារ​ប៊ូ​យ៉ុង​ខ្មែរ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​មាន ១០ រាជធានី​-​ខេត្ត ចូលរួម ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និង​ខេត្ត​រតន​គិ​រិ ដែលមាន​កីឡាករ កីឡាការិនី ចំនួន ៩២ នាក់ ក្នុងនោះ​កីឡាការិនី ៤១ នាក់ ។​

​សូមបញ្ជាក់ថា សម្រាប់​វិញ្ញាសា​មេគុន បែងចែក​ទៅតាម​ប្រភេទ​អាយុ គឺ​ឯកត្តជន​បុរស (​អាយុ ១៣-១៨​ឆ្នាំ​) វិញ្ញាសា​មេគុន ឯកត្តជន​នារី (​អាយុ ១៣-១៨​ឆ្នាំ​) វិញ្ញាសា​មេគុន ជា​គូ​បុរស​-​នារី (​អាយុ ១៣-១៨​ឆ្នាំ​)​។ ​ចំពោះ​វិញ្ញាសា​ប្រយុទ្ធ ឯកត្តជន​បុរស (​អាយុ​១៣-១៨​ឆ្នាំ​) ចាប់ពី​ទម្ងន់ ៥៩-៦៣ គីឡូក្រាម និង​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​នារី (​អាយុ ១៣-១៨​ឆ្នាំ​) ចាប់ពី​ទម្ងន់ ៥៣-៥៧ គីឡូក្រាម​។​

​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ ឆ្នាំនេះ ក្រសួង​អប់រំ បានសម្រេច​ដក ១១ ប្រភេទ​កីឡា រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡា​ប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​ការ៉ាត់តេ កីឡា​តេ​ក្វាន់​ដូ WT និង កីឡា​តេ​ក្វាន់​ដូ ITF ដែល​សរុប​មាន ៩៥ វិញ្ញាសា ៕v