​គំនរ​សំរាម​មាត់​ស្ទឹង​ព្រែក​ត្នោត​ក្រុង​ច្បារមន​អាជ្ញាធរ​មើលរំលង​

463

កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រប​មាត់​ស្ទឹង​ព្រែក​ត្នោត បាន​រិះគន់ថា អាជ្ញាធរ​ក្រុង​ច្បារមន​មើលរំលង​គំនរ​សំរាម ដែល​គេ​លួច​ចាក់ចោល​នៅ​ពីលើ​ប្រព័ន្ធ​ទឹក​ស្អា​ត់​ខេត្តកំពង់ស្ពឺ ធ្វើឱ្យ​ស្អុយរលួយ​។ សំរាម​គរ​ដូច​កូនភ្នំ​នេះ ស្ថិតនៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ សុខា ផល្លី ក្នុងភូមិ​ពាណិជ្ជកម្ម​សង្កាត់​ច្បារមន​ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​៨០០​ម៉ែត្រ ពីលើ​ប្រព័ន្ធ​ទឹកស្អាត​របស់លោក អុ៑ន យុ​ទ្ធី​។​

សំរាម​ស្អុយរលួយ​នៅ​មាត់​ស្ទឹង​ព្រែក​ត្នោត​ពីលើ​ទឹកស្អាត (​រូបថត​៖ សុ​ភ័​ណ្ឌ​) ​

​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ពៅ សំ​អូន រស់នៅ​ភូមិ​រំលោង​ប្រ​ឃ្លះ​សង្កាត់​សុពណ៌​ទេព​ក្រុង​ច្បារមន បាន​និយាយថា សព្វថ្ងៃនេះ​គាត់​ឃើញ​គំនរ​សំរាម​នៅតាម​មាត់​ស្ទឹង​ព្រែក​ត្នោត​គរ​ដូច​ភ្នំ ជាពិសេស​ចំណុច​ខាងក្រោយ​វិទ្យាល័យ​សុខា ផល្លី និង​ពីក្រោយ​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ​កំពង់ស្ពឺ សុទ្ធសឹងតែ​សំរាម​ស្អុយរលួយ ជាពិសេស​ពេល​មាន​ភ្លៀង គឺ​ទឹកស្អុយ​ដែល​ហូរ​ចេញពី​សំរាម​ធ្លាក់ចូល​ស្ទឹ​ក​ព្រែក​ត្នោត ដែល​ប្រជាពលរដ្ឋ​ក្នុង​ច្បារមន​ទាំងមូល​បាន​ប្រើប្រាស់​ទឹកស្ទឹង​នេះ​ជាប្រចាំ​ថ្ងៃ​។ ណាមួយ​ប្រព័ន្ធ​ទឹកស្អាត​នៅ​ពីក្រោម​ទីតាំង​ដែល​គេ​ចាក់សំរាម​ទៀតផង​។​

​តាងនាម​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ច្បារមន​អ្នកស្រី សំ​អូន បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ក្រុង​ច្បារមន​ជួយ​ពិនិត្យ និង​យក​សំរាម​នោះ ចេញពី​មាត់​ស្ទឹង​ហើយ​រដូវ​នេះ ជា​រដូវវស្សា​ឲ្យ​តែ​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែមាន​ទឹក​កង្វក់​ហូរ​ចូល​ស្ទឹង​ព្រែក​ត្នោត បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ ទៅលើ​ប្រជាពលរដ្ឋ​។ ត្រង់ណា​ទៅ​ដែល​ហៅថា ទីក្រុង​ស្អាត​បរិស្ថាន​ស្អាត​នោះ​? បើ​សំរាម​មាន​ពាសវាល​ពាសកាល ជាពិសេស​សំរាម​គរ​ដូច​កូនភ្នំ នៅជាប់​មាត់​ស្ទឹង​ព្រែក​ត្នោត ស្អុយរលួយ គ្មាន​អាជ្ញាធរ​ណា​មើលឃើញ​ឡើយ​។​

​ក្រោម​ការ​សំណូមពរ​អ្នកយក​ព៌​ត័​មាន រស្មី​កម្ពុជា បាន​ទូរស័ព្ទ​ទៅ​លោ​ស្រី ប៉ោក សេដ្ឋា អភិបាលក្រុង​ច្បារមន ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​បញ្ហា​សំរាម ដែល​ប្រជាពលរដ្ឋ​លើកឡើង​នោះ នៅ​រសៀល​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ​២០១៧​។ ប៉ុន្តែ​លោកស្រី​បាន​យក​បំរាម​មិន​ឲ្យ​បងប្អូន​យក​សំរាម និង​កាក់សំណល់​ទៅ​ចោល​នៅ​កន្លែង​នោះ​ទៀត​ទេ បើសិន​ជាមាន​បងប្អូន​ណាមួយ យក​សំរាម​ទៅ​ចោល​ទីនោះ​ទៀត ខាង​ក្រុង​ឃើញ​នឹង​ចាប់​ឲ្យ ខាង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ពិន័យ​តាមច្បាប់​។ រីឯ​សំរាម​ចាស់​លោកស្រី​នឹង​ឲ្យ​ខាង​ក្រុមហ៊ុន​ដឹក​យកទៅ​ចោល នៅ​ទីតាំង​ចាក់សំរាម​ខាងលិច​ភូមិ​តា​មុ​ល​៕ ដោយៈ សុខ សុ​ភ័​ណ្ឌ​

សំរាម​ស្អុយរលួយ​នៅ​មាត់​ស្ទឹង​ព្រែក​ត្នោត​ពីលើ​ទឹកស្អាត (​រូបថត​៖ សុ​ភ័​ណ្ឌ​)