​គ្រប់ផ្នែក​ទាំងអស់​កំពុង​មមាញឹក​ដើម្បី​ភាពជោគជ័យ​សម្រាប់​ពិធីបុណ្យ​សមុទ្រ

237
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្តកំពត​បា​ន​បញ្ជាក់ថា​គ្រប់ផ្នែក​កំពុងមាន​ភាព​មមាញឹក​រៀងៗ​ខ្លួន​បំណង​ស្រូប​ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​ពិសេស​ភាព​ដើម្បី​ជោគជ័យ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ប្រាំបី​។​ថ្លែង​បញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​។​

​លោក​ជាវ តា​យ​បាន​មានប្រសាសន៍ថា​ព្រោះតែ​ឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​កាន់តែ​ខិតជិត​ចូលមក​ដល់ ពេលនេះ​គ្រប់ផ្នែក​របស់​រដ្ឋបាល​ខេត្តកំពត​បាន និង​កំពុង​មមាញឹក​រៀងៗ​ខ្លួន​។ សកម្មភាព​ទាំងនោះ រួមមាន​ការបង្កើន​សោភ័ណភាព​អនាម័យ​បរិស្ថាន​និង​ការបង្កើត​បន្ថែម​នូវ​សមិទ្ធផល​នានា​ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ដោយ​ធ្វើយ៉ាងណា​រិះរក​វិធី​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​គម្រោង​ដែល​បាន​ស្ថាបនា និង​កំ​ពុ​សម្រុក​ឱ្យ​រួចរាល់​ក្នុង​ខែវិច្ឆិកា​នេះ ដូចជា​បន្ទប់​អនាម័យ​លំដាប់​ស្តង់ដារ​ពីរ​កន្លែង​ការស្ថាបនា​ពង្រីក​និង​កែលម្អ​ផ្លូវ​បេតុង​ប្រាំ​ខ្សែ​ព្រមទាំង​ការដាក់​ពង្រាយ​ភ្លើងពណ៌​តាម​ទី​សំខាន់ៗ​ក្នុង​ក្រុង​។​ការ​បូម​ខ្សាច់​ទប់​ច្រាំង​ព្រែក​ពិសេស​ការសាងសង់​ខ្លោងទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ដែលជា​កត្តាចាំបាច់​សម្រាប់​បុណ្យ​សមុទ្រ​ក៏ដូចជា​ពិធី​ផ្សេងៗ​ទៀត​ជាដើម​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​តែង​គិតគូរ​ពី​កា​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​តាម​ទីសាធារណៈ ការស្តារ​ប្រព័ន្ធ​លូ​ដើម្បី​រំដោះ​ទឹក​ដែល​ធ្លាប់​បង្ក​ការលិចលង់​ក្រោយ​ភ្លៀង​ម្តងៗ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ខេត្តកំពត​ពិសេស​ការយកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ​បរិស្ថាន​និង​សោភ័ណភាព​ក្រុង​។​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​អនុគណៈកម្មការ​ទាំ​ង​អស់​ត្រូវ​ព​ន្លឿ​ន​និង​អនុម័ត​គម្រោង​ផែនការ​របស់ខ្លួន​ហើយ​រួមគ្នា​ចាប់ផ្តើម​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ដើម្បី​ធ្វើឱ្យ​ពិធីបុណ្យ​សមុទ្រ​នាពេល​ដ៏​ខ្លី​ខាងមុខ មានដំណើរ​ការល្អ និង​ទទួលបាន​នូវ​ភាពជោគជ័យ​សម្រាប់​ទាំងអស់គ្នា​៕S/​