​គ្រប់​គោលដៅ​ឈរជើង​បាន​ចល័ត​វិលជុំ​អស់ហើយ​រឿង​អី​ចាំបាច់​សូកលុយ​ទៀត​?

635
ចែករម្លែក
  • 667
    Shares

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រយៈពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ​នគរបាល​ចរាចរជើងគោក​ឈរជើង​នៅតាម​គោលដៅ​ជាង​៧០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ធ្វើការ​ចល័ត​វិលជុំ​មួយខែ​ម្តង ដើម្បីឱ្យ​មន្ត្រី​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​មាន​ទំនាក់ទំនង​ល្អ​និង​សាមគ្គី​គ្នា​នៅក្នុង​អង្គភាព​ទាំងមូល​បាន​កាន់តែ​ទូលំទូលាយ​។​

​លោក​វរសេនីយ៍ឯក សែម គុ​ន្ធា ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០១៩​ថា ចាប់តាំងពី​លោក​បាន​ឡើងកាន់តំណែង​ជា​ប្រធាន​មក បានធ្វើការ​កែសម្រួលរ​បៀ​ប​របប​ការងារ​ច្រើន ដើម្បីឱ្យ​មន្ត្រី​មាន​ភាពងាយស្រួល​ធ្វើការ​និង​គោរព​វិន័យ​ជាពិសេស​គឺ​បាន​ផ្លាស់ប្តូរ​របៀប​ធ្វើការ​នៅតាម​គោលដៅ​ពី​ការដាក់​កម្លាំង​មុខ​ដដែលៗ​ជា​អចិន្ត្រៃយ៍​ទៅជា​ចល័ត​វិលជុំ​មួយខែ​ម្តង ដើម្បី​នូវ​បញ្ហា​សតិអារម្មណ៍​របស់​មន្ត្រី​មួយចំនួន​។​

​ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និយាយ​ឲ្យ​ដឹង​បែបនេះ បន្ទាប់ពី​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​ជាមួយនឹង​មេដឹកនាំ​អង្គភាព​នេះ​ថា​បាន​ជម្រិត​ទារប្រាក់​ពី​មន្ត្រី នៅតាម​គោលដៅ​(​ខ្លាញ់​)​នានា​មួយខែ​ពី​១០០​ទៅ​១៥០​ដុល្លារ​ឬ​ច្រើនជាង​នេះ ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​ផ្លាស់ប្តូរ​មន្ត្រី​នោះ​ចេញពី​គោលដៅ​ខ្លាញ់​ត្រូវបាន​គេ​ធ្វើការ​ចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អេ​លិច​ត្រូ​និ​ច​ព្រោង​ព្រាត់​រួចមក​។​

​លោក​សែម​គុ​ន្ធា​មិនបាន​ធ្វើការ​បកស្រាយ​បំភ្លឺ​លើ​ករណី​គេ​ចោទប្រកាន់ថា​បាន​ជម្រិត​យកលុយ​ដាក់​ខែ ពី​តាម​គោលដៅ​ទាំង​ជាង​៧០​កន្លែង​នៅក្នុង​ទីក្រុង​នោះទេ​តែ​បាន​ពន្យល់ថា ចាប់តាំងពី​លោក​ឡើងកាន់តំណែង​ជា​ប្រធាន​មក​បាន​ធ្វើបាន​កែសម្រួល​កងកម្លាំង​នៅតាម​គោលដៅ​ទាំង​អស់ទាំង​មន្ត្រី​ទាំង​ថ្នាក់ដឹកនាំ នៅតាម​បណ្តា​គោលដៅ​នានា ដែល​ពីមុន​ឈរជើង​ជា​អចិន្ត្រៃយ៍ ឥឡូវ​ត្រូវបាន​ចល័ត​វិលជុំ​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​រៀងរាល់​មួយខែ​ម្តង​។​

​គោលបំណង​នៃ​ការ​ចល័ត​កម្លាំង ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​ក្នុង​១​ខែ​ម្តងនេះ ត្រូវបាន​លោក​សែម​គុ​ន្ធា​និយាយថា​ដើម្បី​ឲ្យ​មន្ត្រី​ទទួលបាន​នូវ​ការដកស្រង់​បទពិសោធន៍​ការងារ​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ ធ្វើ​ឲ្យ​មន្ត្រី​នៅក្នុង​អង្គភាព​ទាំងមូល​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ទូលំទូលាយ និង មានការ​សាមគ្គី​គ្នា​កាន់តែ​ល្អ ជាពិសេស​លប់បំបាត់​ក្រុមមន្ត្រី​ដែល​បាន​សហ​គ្នា​ប្រ​ព្រឹទ្ធ​អំពើ​ខុសឆ្គង​នៅតាម​គោលដៅ​នានា​នោះ​។​

​លោក​សែម គុ​ន្ធា​បញ្ជាក់ថា​ការ​ចល័ត​កម្លាំង​នៅតាម​គោលដៅ​ទាំង​នៅក្នុង ក្រុង​និង​ជាយក្រុង​នេះ​មិនមែន​ចល័ត​តែ​មេក្រុម​ឬ​អនុប្រធាន​ផ្នែក​នោះទេ​គឺ​ចល័ត​បំបែក​ទាំង​មន្ត្រី​នៅតាម​ក្រុម​ទាំងនោះ​ទៀត​នេះ​ជា​អ្វីដែល​អង្គភាព​ចរាចរណ៍​បានធ្វើ​កន្លងមក​។ ពេលនេះ​គោលដៅ​ខ្លាញ់​ឬ​មិន​ខ្លាញ់​មិនមែនជា​របស់​អ្នកណាម្នាក់​ទៀតឡើយ ព្រោះ​ការងារ​របស់​មន្ត្រី​តាម​គោលដៅ​បាន​ចល័ត​វិលជុំ ដូច្នេះ​រឿង​អី​គេ​ចាំបាច់​យកលុយ​មេ​ទៀត​។​

​លោក​ជ័យ​សុខ​គារ​មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​ធា្ល​ប់​ឈរជើង​នៅ​គោលដៅ​ពេទ្យ​លោកសង្ឃ​មាន​រយៈពេល​ច្រើនជាង​១០​ឆ្នាំ បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា​ពីមុន​កម្លាំង​ធ្លាប់​នៅ​គោលដៅ​ណា គឺ​នៅ​គោលដៅ​នឹង​បានជា​អចិន្ត្រៃយ៍​នោះ​ដោយសារ​អង្គភាព​មានការ​យោគយល់​ថា​អ្នកណា​មានផ្ទះ​នៅ​ជិត​គោលដៅ​ណា​ឲ្យ​ឈរជើង​នៅ​គោល​នឹង មិនមែន​ដោយសារ​បានមកពី​ការបង់ប្រាក់​ប្រចាំខែ​ឲ្យ​មេ​នោះទេ ។​តែ​ឥឡូវ​មិន​អញ្ចឹង​ទៀតឡើយ​គឺ​អង្គភាព​បាន​កែសម្រួល​ដោយ​ឲ្យ​មានការ​ចល័ត​កម្លាំង​វិលជុំ ។ ខែ​ខ្លះ​ចំ​កន្លែង​ស្រួល​ខែ​ខ្លះ​ប៉ះ​កន្លែង​ពិបាក​នោះ​ម្តងម្នាក់​ទេ។​

លោក​ឧ​ត្ត​ម​សេនីយ​ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​ផែន​ចរាចរណ៍​បាន​និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​៦​ខែមីនា​នេះ​ថាកម្លាំង​ឈរជើង​នៅតាម​គោលដៅ​ក្នុង​ក្រុង​ក៏​ដូច​ជាយក្រុង ត្រូវបានធ្វើ​ការកែសម្រួល​តាំងពី​ពីរ​បី​ឆ្នាំមុន​បន្ទាប់ពី​មានរឿង​អាស្រូវ​ស្រដៀង​គ្នា​នេះ​ម្តង​រួចមក ដោយ​ធ្វើការ​ផ្លាស់ប្តូរ​កងកម្លាំង​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយពេល​ខ្លះ​បី​ថ្ងៃ​ម្តង និង នៅ​គោលដៅ​ខ្លះ​មួយខែ​ចល័ត​វិលជុំ​ម្តង​។ ការ​ចល័ត​កម្លាំង​ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ​នៅពេលនេះ​បាន​បំបែក​ទាំង​ក្រុម​ទៀតផង​។​ដូច្នេះ​មានរឿង​អី​ដែល​អ្នក​ឈរ​តាម​គោលដៅ​ត្រូវ​យកលុយ​ទៅ​ឲ្យ​អ្នកណា​មួយ​នោះ​៕S/

នគរបាល​ចរាចរ​តាម​គោលដៅ​ត្រូវបាន​ធ្វើការ​ចល័ត​វិលជុំ​(​នគរបាល​)​