​គ្រូបង្រៀន​និង​គ្រូពេទ្យ​នៅ​ស្រុក​កំចាយមារ​ប្តេជ្ញា​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​

1757
ចែករម្លែក
  • 245
    Shares

​ដោយៈ​តារា​រិ​ទ្ធ​/​ព្រៃវែងៈ​គ្រូពេទ្យ​និង​គ្រូបង្រៀន​ប្រមាណ​ជាង​៥០០​នាក់​នៅ​ទូទាំង​ស្រុក​កំចាយមារ​នៅក្នុង​ពី​ធី​ជួបជុំ​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ​។​ពួកគាត់​បានបង្ហាញ​នូវ​សមានចិត្ត​ចំពោះ​គណបក្ស​ប្រជាជន​និង​បាន​ប្តេជ្ញា​ថា​នឹង​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​រដ្ឋាភិបាល​បន្តទៀត ។

​ការប្តេជ្ញា​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​បញ្ញាវន្ត​ទាំងអស់​បាន​ស្តាប់​នូវ​ការបកស្រាយ និង ការ​ហេតុផល ដែលមាន​ភាពប្រាក​ដ៏​និយម​និង​ច្បាស់លាស់​ពី​សំណាក់​លោក​ស្តើង​សុខុម​ប្រធានស្តីទី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ ។​

​នៅក្នុង​ពិធី​សំណេះសំណាល​ដែលមាន​រយៈពេល​ជិត​មួយ​ព្រឹក​ថ្ងៃទី ៣ ខែ កក្កដា​នេះ លោក ស្តើង សុខុម​សមាជិក​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធានស្តីទី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​បានលើកឡើង​នូវ​តថភាព​សង្គម​និង​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេស​ពី​គំនរ​ផេះផង់ ពី​ប្រទេស​មាន​សង្គ្រាម ទៅជា​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព​ពេញលេញ​។

​រាជរដ្ឋាភិបាល​បាន​នាំ​ប្រទេសជាតិ​ឱ្យ​ឈានឡើង​ពី​ប្រទេស​ក្រីក្រ​ទៅជា​ប្រទេសមួយ​ដែលមាន​ចំណូល​មធ្យម​កំរិត​ទាប​និង​មហិច្ឆតា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​ដឹកនាំ​ប្រទេស​ទៅកាន់​គោលដៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០ ។

​នៅក្នុង​ឱកាស​នោះ​លោក ស្តើង សុខុម បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ស្មារតី​ស្នេហា​ជាតិ របស់​លោកគ្រូ​អ្នកគ្រូ លោកគ្រូ​ពេទ្យ​អ្នកគ្រូ​ពេទ្យ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​លើ​ការបង្ហាត់បង្រៀន ការផ្ទេរ​ចំណេះដឹង​ដល់​កូនចៅ​ប្រជាជន​ដែល​នេះ​គឺជា​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​នៅ​ទូទាំងប្រទេស ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ។

​ចំណែក​លោកគ្រូ​ពេទ្យ​និង​អ្នកគ្រូ​ពេទ្យ ក៏បាន​ខិតខំ​ពុះពារ​ជម្នះ​និង​ព្យាយាម​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​នានា​របស់​រាជរដ្ឋាភិបាល​ហើយ​សម្រេចបាន​សមិទ្ធ​ផល​ជាច្រើន​គួរ​ជាទី​មោទនៈ​។​ជាពិសេស​លទ្ធផល​នៃ​ការផ្តល់សេវា​អប់រំ​សុខភាព ការពិនិត្យ​ព្យាបាល​និង​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​បានល្អ​។

សកម្មភាព​របស់​ផ្នែក​ទាំងពីរ​គឺអាច​ចាត់ទុកថា​ជា​ទង្វើ​ល​ស្នេហា​ជាតិ​ដូចគ្នា​ព្រោះថា​គ្រូពេទ្យ​ខិតខំ​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាជន​ធ្វើ​ឲ្យ​ប្រជាជនមាន​សុខភាព​ល្អ​។​នៅពេលដែល​ប្រជាជនមាន​សុខភាព​ល្អ​គឹ​បានផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​អាច​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​មួយ​ដ៏​ល្អ​ហើយ​និង​ក្លាយទៅជា​ធនធានមនុស្ស​ប្រកបដោយ​សម​ត្តភាព​ដែល​អាច​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​រីកលូតលាស់ និង សម​ត្តភាព​ប្រកួតប្រជែង​ខ្ពស់ ។​

​លោក​ប្រធានស្តីទី​ក្រុមការងារ​បាន​បន្ត​ថាបើ​គិត​អំពី​ចំណាយ​សម្រាប់តែ​វិស័យ​សម្រាប់​បម្រើអោយ​មនុស្ស​ដោយ​យក​គោលដៅ​មនុស្ស​ធ្វើជា​ស្នូល​គឺ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​ធនធាន​ថវិកាជាតិ​ធំ​ជាង​វិស័យ​ការពារជាតិ​និង​សន្តិសុខ រហូត​ទៅដល់ ៣ ដង​ឯណោះ​។

​គឺ​បម្រើឱ្យ​វិស័យ​សុខាភិបាល និង វិស័យ​អបរំ​ដែលជា​ចំនួន​មួយ​ដ៏​ច្រើន​បើ​ប្រៀបធៀប​ជាមួយ​ថវិកា​ដែល​បាន​ចាយ​សម្រាប់​មុខសញ្ញា​ផ្សេងៗ ដោយ​គ្រាន់តែ​វិស័យ​អប់រំ​មួយ ស្ទើរតែ​ជិត ១ ពាន់​លាន​ដុល្លារ ។​

​រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើន​ថវិកាជាតិ​ទៅលើ​វិស័យ​ទាំងពីរ​នេះ តាមរយៈ​ការសាងសង់​សាលារៀន អន្តេវាសិកដ្ឋាន​សម្រាប់​លោកគ្រូ​អ្នកគ្រូ សម្រាប់​សិស្ស ព្រមទាំង​ពង្រាយ​សាលារៀន និង គ្រូ​ទៅកាន់​មូលដ្ឋាន​ភូមិ​ឃុំ​ហើយ​ប្រាក់ខែ​គ្រូបង្រៀន​ក៏ត្រូវ​បាន​តម្លើង​ជា​បន្តបន្ទាប់​ដែរ​ប្រាក់ខែ​ទាប​បំផុត​ជាង​១​លាន​រៀល​នៅ​ឆ្នាំ​២០១៨​នេះ​គឺ​កើនឡើង​ពី​៤០​ម៉ឹ​ន​រៀល​ក្នុង​ឆ្នាំ​២០១៣​។​ដូចគ្នានេះ​គ្រូពេទ្យ​ក៏​ត្រូវបាន​យកចិត្តទុកដាក់​ដូចគ្នា ។

​លោក​ប្រធាន​ក្រុមការងារ​បាន​បន្តថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​គិតគូរ​យកចិត្ត​ទុកដាក់​ខ្ពស់​ផ្តល់​តម្លៃ​និង​សេចក្តីថ្លៃថ្នូរ​ជូន​គ្រូបង្រៀន​។​គ្រូបង្រៀន​នេះហើយ​បានរួម​ចំណែក​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា​ហើយ​រួមចំណែក​សំខាន់​ធ្វើឱ្យ​សង្គម​កម្ពុជា​បាន​ចាក​ផុតពី​ប្រទេស​ក្រីក្រ​និង​ឈាន​ទៅមុខទៀត​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ។

​រាជរដ្ឋាភិបាល​បានកំណត់​ច្បាស់​ថា​ការអភិវឌ្ឍ​ធនធានមនុស្ស​គឺ​ត្រូវ​ផ្តើមចេញពី​គ្រូបង្រៀន​ដែលជា​ផ្នែក​សំខាន់​មួយ​។​លើស​នេះ​ទៀត​ក្នុង​រយៈពេល​កន្លងមក​នេះ​រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​គិតគូរ​ពី​បញ្ហា​តម្រូវការ​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ថែមទាំង​បានគិត​គូរ​អំពី​កា​រលើ​កម្ពស់​សមត្ថភាព​និង​គុណវុឌ្ឍិ​គ្រូបង្រៀន​ថែម​ទៀតផង​។​

ថ្លែង​ដល់​ចំណុច​នេះ​លោក​ប្រធានស្តីទី​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំចាយមារ​បាន​លើក​ជា​សំណួរ​ទៅកាន់​លោកគ្រូ​អ្នកគ្រូ​ថា​៖​សួរថា​កំណែទម្រង់​វិស័យ​អប់រំ​និង​សុខាភិបាល​ត្រូវ​បញ្ចប់​ត្រឹមនេះ​ទេ ?

​ជា​ចម្លើយ​លោក​ប្រធាន​ក្រុម​បាន​ថ្លែងថា​គណបក្ស​ប្រជាជនមាន​មហិច្ឆតា​ធំធេង​ណាស់​មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ​។​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​បានដាក់​គោលដៅ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​។

ដូច្នេះ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅតែ​ជា​ចំណុច​អាទិភាព​ទី​១ ក្នុងចំណោម​អាទិភាព​ទាំង​៤ មនុស្ស ផ្លូវ ភ្លើង​និង​ទឹក​ហើយ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​សម្រាប់​ការដឹកនាំ​រាជរដ្ឋាភិបាល​និតិ​កាល​ទី​៦​នៅពេល​ខាងមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​នៅតែ​ចាត់ទុក​ធនធានមនុស្ស​ជា​ចំណុច​អាទិភាព​ទី​១​សម្រាប់​បំរើ​គោលដៅ​អភិវឌ្ឍ​ន៏​ប្រទេស ។​

​លោក​ស្តើង​សុខុម​បាន​បន្តថា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រទេសជាតិ​យើង​ប្រជាពលរដ្ឋ​យើង​ប្រាកដជា​ទទួលបាន​នូវ​សេចក្តីសុខ​ចម្រុងចម្រើន សម្បូរ​សប្បាយ ច្រើនជាង​ថែមទៀត ។ លោក​ប្រធានស្តីទី​បាន​បន្តថា​បងប្អូន​ត្រូវតែ​ជឿ​លើ​រឿងនេះ​ព្រោះ​យើង​បានរស់នៅ​និង​ទទួលផល​ពីអ្វី​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​តាំងពី​ឆ្នាំ ១៩៧៩ ។

​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជិត ៣៨ ឆ្នាំ​រួចមកហើយ ។ ប្រសិនជា​ការដឹកនាំរ​បស់​គណបក្ស​ប្រជាជន​មិន​ត្រឹមត្រូវ​និង​មិនល្អ មិន​បម្រើ​ប្រយោជន៍​ប្រជាជន​ទេនោះ​ប្រហែលជា​ប្រជាពលរដ្ឋ​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រហូតដល់​ស​ព្ធ​ថ្ងៃ​ទេ​។

​ដោយ​តែមាន​គោល​និ​យា​បាយ​ត្រឹមត្រូវ និង ចក្ខុវិស័យ​វែងឆ្ងាយ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជនមាន​ភាពរឹងមាំ និង​នូវតែ​បន្ត​ដឹកនាំ​ប្រទេស​ទៅមុខទៀត ។ លោក​ប្រធានស្តីទី​ក្រុមការងារ​ថ្នាក់កណ្តាល​បាន​បន្តថា បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​នាំមក​នូវ​សេចក្តីសុខ​សន្តិភាព​ការអភិវឌ្ឍ​លើកកម្ពស់​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​។​ភាពជាក់ស្តែង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ការរីកលូតលាស់​របស់​ប្រទេសជាតិ​កាន់តែ​ធំធេង ។

ជាក់ស្តែង​ស្រុក​កំចាយមារ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង មាន​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង មាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម ទៅកាន់​ភូមិ ឃុំ និង មាន​ភ្លើង​ប្រើប្រាស់ មាន​ទឹកស្អាត​ប្រើប្រាស់ និង​មាន​សាលារៀន​មាន​រហូតដល់​សាកលវិទ្យាល័យ​មាន​មណ្ឌល​សុខភាព​ដែល​ពីមុន​មិនមាន​ទាល់តែសោះ ។

ដូច្នេះ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បន្ត​ការរីកលូតលាស់​វែងឆ្ងាយ​ទៅមុខទៀត ។ លោក​បន្តថា​ប្រាក់ខែ​លោកគ្រូ​អ្នកគ្រូ​និង​បន្ត​កើនឡើង​ជាមួយ​ការពង្រឹង​គុណភាព​អប់រំ​និង​ការលើកកម្ពស់​សុខមាលភាព​របស់​ប្រជាជន ។ នៅក្នុង​កម្មវិធី​ជួប​សំណេះសំណាល​តាំង​ពីរលើក​នេះ​លោក ស្តើង សុខុម​ក៏បាន​ពាំ​នាំនូវ​ថវិកា​ផ្ទាល់​របស់​សម្តេច​ក្រឡាហោម​សខេង​ចែកជូន​ដល់​បងប្អូន​ជាការ​កំដរដៃ​ក្នុង​ម្នាក់ ១ ម៉ឺន​រៀល ដែល​សរុប​ទាំងពី​កម្មវិធី​នេះ​ចំណាយ​អស់​ថវិកា​ជាង ៥ លាន​រៀល ។

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​លោក​ប្រធានស្តីទី​ក្រុមការងារ​ថ្នាក់កណ្តាល​ក៏បាន​ជួប​ធ្វើ​ការងារ​ជាមួយ​គណៈកម្មាធិការ​ស្រុក​ដើម្បី​រៀបចំ​បើក​យុទ្ធ​ការឃោសនាបោះឆ្នោត​ថ្ងៃទី​៧​ខែកក្កដា​និង​បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ភូមិសាស្ត្រ​សម្រាប់​រៀបចំ​កម្មវិធី​ផងដែរ ៕S/​

​គ្រូបង្រៀន​និង​គ្រូពេទ្យ​នៅ​ស្រុក​កំចាយមារ​ប្តេជ្ញា​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា