​គ្រូបង្វឹក​បាល់​ទឹក ចំនួន ២០ រូប មាន​៨៥​ភាគរយ ទទួលលទ្ធផល​ល្អ ពី​ការសិក្សា​

475
ចែករម្លែក
  • 165
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក​បាល់​ទឹក (Water Polo) ដែល​ចាប់ផ្ដើម ពីថ្ងៃ​ទី​៥ មក​នោះ បានបញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ នេះ ។​

​វគ្គ​នេះ​ទទួលបាន ការជួយឧបត្ថម្ភ​ទាំងស្រុង ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA) ដោយមាន​សិក្ខាកាម ចូលរៀន​ចំនួន ២០ រូប ដែល​មកពី​សមាគម កីឡាហែលទឹក​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និង សៀមរាប ។​

​វគ្គ​នេះ បង្រៀន​ដោយ​គ្រូ​ជនជាតិ គុយបា គឺ​លោក Alexander dela Celda Brokina ។

លោក នាង សុរិទ្ធី​យ៉ា អគ្គលេខាធិការរង សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានបញ្ជាក់​ឲ្យ​ដឹងថា កីឡា​បាល់​ទឹក (Water Polo) នេះ លេង​នៅក្នុង​អាង សម្រាប់​លោតទឹក គឺ​មិនមែន​នៅក្នុង​អាង សម្រាប់​ហែល​នោះទេ ។

ទីលាន មាន​បណ្ដោយ ប្រវែង ៣០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ កំពស់​ទី ០,៩០ ម៉ែត្រ បណ្ដោយ​ទី​ប្រវែង ៣ ម៉ែត្រ និង លេង​ម្ខាងៗ ៧ នាក់ ។ កីឡា​ប្រភេទ​នេះ ក្រៅពី​អាជ្ញាកណ្ដាល បញ្ជាការ​ប្រកួត​ចំនួន ២ រូបនោះ នៅមាន​អាជ្ញាកណ្ដាល​ទី​៣ អ្នក​កាន់​នាឡិកា​កំណត់​ម៉ោង ។ ការប្រកួត​មាន ៤ វគ្គ ដែល​មួយ​វគ្គ មាន ៨ នាទី ហើយ​នៅ​ចន្លោះ​វគ្គ​នីមួយៗ សម្រាក ២ នាទី ចំពោះ​អាជ្ញាកណ្ដាល ស្ថិតនៅ​លើគោក ។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​សិក្សា រយៈពេល ៣ ថ្ងៃនេះ នៅ​ថ្ងៃ​ដំបូង គឺ​សិក្សា​ទ្រឹស្ដី​សុទ្ធសាធ ហើយ​នៅ​ថ្ងៃទី​២ គឺ​អនុវត្តន៍​ផ្ទាល់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ។ នៅ​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​ចុងក្រោយ មានការ​អនុវត្តន៍ អាងទឹក​ពី​វិធី​បង្ហាត់ ការ​រំលឹក​ឡើងវិញ​ពី​ទ្រឹស្ដី និង​ការធ្វើ​តេស្ត ។​

​វគ្គ​សិក្សា​នេះ មាន​សិក្ខាកាម​ចំនួន ២០ រូបនេះ បន្ទាប់ពី​ការធ្វើ​តេស្ត មាន​សិក្ខាកាម ចំនួន ៨៥ ភាគរយ បានទទួល​និទ្ទេស​ល្អ និង ១៥ ភាគរយ បានទទួល​និទ្ទេស​មធ្យម ។​

​លោក Alexander dela Celda Brokina បាន​អះអាងថា នេះ​ជាការ​បើក​វគ្គ លើក​ទី​២​ហើយៗ សិក្ខាកាម ខ្លះ ជា​កីឡាករ​ហែល​ទឹក ខ្លះ​ជា​កីឡាករ​បាល់​ទឹក តែ​ពេលនេះ គេ​បាន​ក្លាយជា​គ្រូបង្វឹក​ហើយ ។ ពីមុន មាន​បច្ចេកទេស ជា​កីឡាករ តែ​ពេលនេះ មាន​បច្ចេកទេស ជា​គ្រូបង្វឹក ។ ជា​គ្រូបង្វឹក មានការ​ទទួលខុសត្រូវ​ផ្សេង ពី​កីឡាករ ព្រោះ​គ្រូ​ត្រូវ​យល់ ដឹង​ពី​ការបង្កើត ក្រុម​បាល់​ទឹក ការធ្វើ​កម្មវិធី​ហ្វឹកហាត់ តួនាទី​គ្រូ នៅ​មុនពេល​ប្រកួត ពេល​កំពុង​ប្រកួត និង​ក្រោយពេល​ប្រកួត ។​

​លោក ហែម គី​រី អគ្គលេខាធិការ សហព័ន្ធ បានទាមទារ​ឲ្យ សិក្ខាកាម​ទាំងអស់ ត្រូវបង្កើត​ឲ្យ​មាន​ក្រុមកីឡា​បាល់​ទឹក ប្រចាំ​ក្លិប​របស់ខ្លួន ប្រចាំ​សាលា ឬ ខេត្ត​របស់ខ្លួន ។ លោក​សន្យាថា ឆ្នាំនេះ​លោក នឹង​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​បាល់​ទឹក ឲ្យ​ខាងតែបាន​។​

​កាលពី​ទសវត្សរ៍​មុន កម្ពុជា​ធ្លាប់មាន​កីឡា​នេះដែរ តែ​បន្ទាប់ពី​សង្គ្រាម កីឡា​នេះ ទើបតែ​បង្កើតបាន ២ ឆ្នាំនេះ​ទេ ។ សព្វថ្ងៃ កម្ពុជា ទើប​តែមាន​ក្រុម​បាល់​ទឹក ចំនួន ២ ក្រុម​ប៉ុណ្ណោះ គឺ​មួយក្រុម នៅ​រាជធានី​ភ្នំពេញ និង មួយក្រុម​ទៀត នៅ​ខេត្តកំពង់ចាម​៕v

ទិដ្ឋភាព​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ដល់​សិក្ខាកាម​
ទិដ្ឋភាព​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ដល់​សិក្ខាកាម​