​គ្រូបង្វឹក​យូ​ដូ ៤០ ភាគរយ បានទទួល​និទ្ទេស​ល្អ ក្រោយ​បញ្ចប់​វគ្គ​សិក្សា

132
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្ដីពី​បច្ចេកទេស គ្រូបង្វឹក​កីឡា​យូ​ដូ ដែល​បានចាប់ផ្ដើម​បើក កាលពី​ថ្ងៃទី​២ កញ្ញា មក​នោះ បានបញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បិទ​វគ្គ និង​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម​។​

ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម​

​វគ្គ​នេះ ត្រូវបាន​បង្រៀន ដោយ​លោក Menidja. AMAR ជនជាតិ​អាល់​ហ្សេ​រី ជា​គ្រូ​ជំនាញ​របស់ សហព័ន្ធ​កីឡា យូ​ដូ​អន្តរជាតិ បញ្ជូនមក​។ មាន​សិក្ខាកាម ចូលរួម ចំនួន ២៤ នាក់ មកពី​ក្ល​i​ប​កីឡា​យូ​ដូ បក្សី​ចាំ​ក្រុង ៧ នាក់ ក្រសួងមហាផ្ទៃ ៧ នាក់ ខេមរៈ​សហព័ន្ធ​យូ​ដូ ២ នាក់ ក្លិប​អង្គ​រយ៉ា​វ៉ា​រ៉ា​ក់ ៥ នាក់ ក្លិប​រាជសីហ៍ ២ នាក់ និង​ក្លិប​អូឡាំពិក ១ នាក់ ដោយ​សិក្សា​ចែកចេញជា ២ ផ្នែក គឺ​ផ្នែក​ទ្រឹស្ដី និង​ផ្នែក​អនុវត្ត​ជាក់ស្តែង​។​

​ឆ្លងកាត់​វគ្គ​សិក្សា​នេះ សិក្ខាកាម​ទាំងអស់ បង្កើនបាន​ការយល់ដឹង លើ​ផ្នែក​ទ្រឹស្ដី និង​លើកកម្ពស់​កម្រិត សមត្ថភាព​បច្ចេកទេស ដូចជា​ការបែងចែក​អាយុ ទៅតាម​វ័យ លំ​ហាត់​ទូទៅ លំ​ហាត់​ពិសេស លំ​ហាត់​ទាក់ទង​ល្បែង ផែនការ​បង្ហាត់​ប្រចាំថ្ងៃ និង​ទៅតាម​រយៈពេល ការអភិវឌ្ឍ​លំ​ហាត់​កម្លាំងកាយ​។​

ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ ដល់​សិក្ខាកាម​

​ឆ្លងកាត់​ការសិក្សា រយៈពេល ១០ ថ្ងៃ កន្លងមកនេះ ក្នុងចំណោម​សិក្ខាកាម ចំនួន ២៤ រូប មាន​សិក្ខាកាម ទទួល​និទ្ទេស​ល្អ ចំនួន ១០ រូប ស្មើនឹង ៤០ ភាគរយ និទ្ទេស​ល្អ​បង្គួរ ចំនួន ១០ រូប ស្មើនឹង ៤០ ភាគរយ និង​និទ្ទេស​មធ្យម ចំនួន ៣ រូប ស្មើនឹង ២០ ភាគរយ ហើយ​ក៏មាន​សិក្ខាកាម ដែលមាន​និទ្ទេស​ខ្សោយ ចំនួន ១ នាក់​ផងដែរ​។​

​បើតាម​គណៈ​គ្រប់គ្រង​វគ្គ បាន​ឲ្យ​ដឹងថា បើសិន​មានលទ្ធភាព ធ្វើការ​សិក្សា តាមរយៈ​ការបើក​វគ្គ​សិក្សា​បច្ចេកទេស ជា​រៀងរាល់ឆ្នាំ​នោះ គ្រូបង្វឹក និង​កីឡាករ -​ការិនី​ទាំងអស់ កាន់តែ​មានការ​យល់ដឹង និង​ជំនាញ លើកកម្ពស់​សិទ្ធិ​ផល ប្រភេទ​កីឡា​យូ​ដូ របស់​ព្រះរាជាណាចក្រ​កម្ពុជា ឈានទៅ​ទទួលបាន ជោគជ័យ ជូន​ប្រទេសជាតិ កាន់តែ​ប្រសើរ ជាងនេះទៀត ជាមិនខាន ៕v

#