​គ្រូពេទ្យ​ម្នា​ក់ថា​ប្រធាន​មន្ទីរពេទ្យ​​បញ្ឈប់​ខ្លួន​ពី​ការងារ​ផ្ទុយ​នឹង​ផ្លូវច្បាប់​

757
ចែករម្លែក
  • 132
    Shares

ដោយៈ​បូកគោ​/​កំ​ពតៈ​ក្រោយ​រង​នូវ​ការតម្រូវ​ឱ្យ​ផ្អាក​ការងារ​ទាំង​បង្ខំ​ពី​មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យ៉ា​ឃៀ​ល​គ្រប់គ្រង​ដោយ​ជនបរទេស​ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ​។

​គ្រូពេទ្យ​មួយរូប​បាន​ចោទប្រកាន់​ប្រធាន​មន្ទីរពេទ្យ​នេះ​ថា​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្នុង​បំណង​ទទួលបាន​នូវ​ភាពយុត្តិធម៌​សា​ម៉ី​ខ្លួន​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពត​ដើម្បី​ចុះ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ជា​លេស​បញ្ចប់​ការងារ​នៅ​មន្ទីរពេទ្យ​មួយ​នេះ​សម្រាប់​ហេតុផល​ផ្សេង​។​

​លោក​វេជ្ជបណ្ឌិត​លុយ​លីដា​ប្រធាន​ផ្នែក​កុមារ​នៃ​មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យ៉ា​ឃៀ​ល​បាន​រៀបរាប់ថា​កាលពី​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨​ខណៈពេល​កំពុង​បង្រៀន​សិស្ស​ពេទ្យ​ស្រាប់តែ​លោកស្រី​ខូ​នេ​លា​ហា​ន័​រ​ប្រធាន​មន្ទីរពេទ្យ​បាន​តម្រូវឱ្យ​លោក​ផ្អាក​ដើម្បី​ទៅ​ប្រជុំ​នៅ​បន្ទប់​ការិយាល័យ​រដ្ឋបាល​។​នៅ​ទី​នោះគេ​បានរៀបចំ​ជាមុន​ដោយមាន​ថ្នាក់ដឹកនាំ​ទាំង​បរទេស​ទាំង​ខ្មែរ​ចំនួន​ប្រាំពីរ​នាក់​រង់ចាំ​រួចជាស្រេច​។​

​ប្រភព​បាន​បន្តថា​ភ្លាមៗ​លោក​ឃេ​នី​ស៊ុ​ស​ស្ទ័​រ​ប្រធាន​រដ្ឋបាល​បាន​យក​ក្រដាស​មក​អាន​មាន​ខ្លឹមសារ​ថា​ក្នុងនាម​តំណាង​អង្គការ​ជាន់ខ្ពស់​នៃ​ក្តីសង្ឃឹម​ពិភពលោក​សូមជម្រាបថា​លោក​(​លុយ​លីដា​)​ត្រូវ​ផ្អាក​ការងារ​ជាបន្ទាន់​ហើយ​គ្មាន​ប្រាក់ខែ​ចាប់ពី​ម៉ោង​នេះ​ទៅ​។

​ដូច្នេះ​ត្រូវប្រគល់​សោ​ការិយាល័យ​និង​មាន​ពេល​ត្រឹម​មួយ​ម៉ោង​ដើម្បី​យក​សម្ភារៈ​ចេញពី​កន្លែង​ស្នាក់​នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​នឹង​ហៅ​នគរបាល​មក​នាំខ្លួន​ទៅហើយ​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា​ការបញ្ឈប់​លោក​ពី​ការងារ​នេះ​ដោយ​ចោទថា​លោក​បាន​រំលោភ​បទបញ្ជាផ្ទៃក្នុង​ច្បាប់​ការងារ​និង​បំភិតបំភ័យ​បុគ្គលិក​។​ជាមួយនឹង​ការផ្អាក​នេះ​ប្រធាន​រដ្ឋបាល​ក៏បាន​ព្រមាន​លោក​មិនឱ្យ​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​ទាំង​ប្រាំពីរ​រូបនោះ​ទៀតផង​។

លើសពីនេះ​ពួកគេ​បិទ​សិទ្ធិ​មិនឱ្យ​លោក​តវ៉ា​ឬ​សួរ​ហេតុផល​អ្វី​ទាំងអស់​។​លោក​លុយ​លីដា​បាន​បញ្ជាក់ថា​ពាក្យ​ចោទប្រកាន់​ទាំងនោះ​គ្មាន​ការពិត​ទាល់តែសោះ​។​ប៉ុន្តែ​អាចជា​លេស​ដើម្បី​បញ្ចប់​វត្តមាន​លោក​នៅ​មន្ទីរពេទ្យ​មួយ​នេះ​ក្នុង​ហេតុផល​ផ្សេង​។​

​លោក​មិនអាច​ទទួលយក​បានទេ​ហើយក៏​ដាក់​បណ្តឹង​ចូល​មន្ទីរ​ការងារ​និង​ថ្នាក់ដឹកនាំ​ខេត្ត​រួចរាល់​ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​រូបលោក​ព្រោះ​ទង្វើ​បែប​នោះ​ផ្ទុយ​នឹង​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង​។​លោក​អ៊ឹង​ប៉ូ​ហេង​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ខាង​លោក​បានទទួល​ពាក្យបណ្តឹង​ពី​លោក​វេជ្ជបណ្ឌិត​លុយ​លីដា​រួចហើយ​។​

​តែ​ក្រោយ​មួយថ្ងៃ​នៃ​បណ្តឹង​របស់​មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យ៉ា​ឃៀ​ល​ដែល​បានដាក់​ចូល​កាលពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៨​។​ខាង​មន្ទីរពេទ្យ​ចោទប្រកាន់​លោក​លុយ​លីដា​ថា​បាន​កំរាម​កំហែង​បំភិតបំភ័យ​អ្នក​នៅ​មន្ទីរពេទ្យ​ដោយ​បុគ្គលិក​ជាច្រើន​បាន​ប្តឹង​ចូល​រដ្ឋបាល​។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ពេលនេះ​លោក​កំពុង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​តាមដាន ស្រាវ ជ្រាវ​ផ្អែក​តាម​បណ្តឹង​នោះ​។ ​ក្នុងករណី​បើ​មានការ​ជេរ​គំរាមកំហែង​ឬ​បំភិតបំភ័យ​ពិតមែន​នោះ​នឹងមាន​ទោសកំហុស​ធ្ងន់​ស្របតាម​មាត្រា​៨៣​ច្បាប់​ស្តីពី​ការងារ​។​ប៉ុន្តែ​យ៉ាងណា​លោក​មានបំណង​កោះហៅ​សម្របសម្រួល​ដោយ​មិន​ចង់ឱ្យ​ខាង​ណាមួយ​ខាតបង់​ទេ​។ សប្តាហ៍​ក្រោយ​អាច​នឹង​បានមក​ជួបពិភាក្សា​គ្នា​នៅ​មន្ទីរ​ហើយ​។​
មេធាវី​របស់​មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យ៉ា​ឃៀ​ល​បានបញ្ជាក់​ដោយ​ខ្លី​ថា​ករណី​មន្ទីរពេទ្យ​ប្តឹង​លោក​លុយ​លីដា​ចូល​មន្ទីរ​ការងារ​ដោយសារ​លោក​វេជ្ជបណ្ឌិត​រូបនោះ​បំពាន​លក្ខខណ្ឌ​នៃ​ច្បាប់​ការងារ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បំផុត​។ យ៉ាងណា​ទុកឱ្យ​ក្រុម​ជំនាញ​ជា​អ្នកសម្រេច​ទៅ​ចុះ​ព្រោះ​ភស្តុតាង​បាន​ដាក់ជូន​អស់ហើយ ។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​វេជ្ជបណ្ឌិត​មួយរូប​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​អនុស្សាវរីយ៍​ស៊ុន​យ៉ា​ឃៀ​ល​បាន​រៀបរាប់ថា​រឿងរ៉ាវ​នៃ​ការគំរាមកំហែង​បំភិតបំភ័យ​នោះ​លោក​មិន​បានដឹង​ទេ​។​ព្រោះ​លោក​មិនឮ​ផ្ទា​ល់ហើយ​កើតឡើង​នៅពេលណា​។​ប៉ុន្តែ​សម្រាប់​លោក​លុយ​លីដា​ជា​វេជ្ជបណ្ឌិត​ដ៏​ល្អ​មួយរូប​សម្រាប់​អ្នកបម្រើ​ការងារ​ភាគច្រើន​ក្នុង​មន្ទីរពេទ្យ​។

​ប្រភព​ដែល​បាន​បញ្ជាក់ថា​កន្លងមក​ការបើក​បម្រើសេវា​របស់​មន្ទីរពេទ្យ​តាំងពី​ឆ្នាំ​២០១២​មក​នោះ​គ្មាន​ទាំង​បទបញ្ជាផ្ទៃក្នុង​ផង​គឺ​កិច្ចការងារ​ទាំងឡាយ​ធ្វើ​តែ​តាម​កាលវិភាគ​របស់​ម​ន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​ដោយ​បុគ្គលិក​ទាំងអស់​មិនបាន​ដឹង​ពី​ច្បាប់​ការងារ​យ៉ាងណាទេ​។​

លុះ​លោក​លុយ​លីដា​មក​ធ្វើ​ការងារ​ជិត​ប្រាំ​ឆ្នាំនេះ​ស្របពេល​លោក​វេជ្ជបណ្ឌិត​ជាប់ឆ្នោត​ជា​ប្រតិភូ​បុគ្គលិក​អាណត្តិ​ទី​ពីរ​ក៏​ទាមទារ​ឱ្យ​មន្ទីរពេទ្យ​អនុវត្តតាម​ច្បាប់​រដ្ឋ​ដូចជា​ការទទួលបាន​អត្ថប្រយោជន៍​បន្ថែម​សម្រាប់​ថ្ងៃ​សម្រាក​ឬ​បុណ្យទាន​ផ្សេងៗ​។​

​ចំពោះ​បុគ្គលិក​ណា​ដែល​បន្ថែម​ម៉ោង​ឬ​ធ្វើការ​ថ្ងៃ​ឈប់សម្រាក​នោះ​។​ជាមួយនេះ​លោក​លុយ​លីដា​ក៏បាន​ផ្តួចផ្តើម​បង្កើត​នូវ​បទបញ្ជាផ្ទៃក្នុង​ដូច​បណ្តា​មន្ទីរ​អង្គភាព​ឬ​គ្រឹះស្ថាន​រដ្ឋ​ផងដែរ​។​ប្រភព​ដដែល​បាន​ប្រាប់ឱ្យដឹង​ទៀតថា​ពេល​គេ​បញ្ឈប់​ការងារ​កាលពី​ថ្ងៃទី​១២​ខែធ្នូ​នោះ​មាន​កម្លាំង​សមត្ថកិច្ច​មកដល់​មន្ទី​រ​ពេទ្យ​ហាក់ដូចជា​គំរាម​និង​បំបាក់ស្មារតី​ធ្វើឱ្យ​លោកគ្រូ​ដ៏​ល្អ​ម្នាក់​ត្រូវ​បាត់បង់​កិត្តិយស​ដែល​ទង្វើ​បែបនេះ​តាម​អ្នកច្បាប់​ថា​ជាការ​ខុសឆ្គង​៕S/​