​គ្រូ​តែង​និពន្ធ​ដែល​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​

2379
ចែករម្លែក
  • 163
    Shares

លោកគ្រូ វ៉ែន សុន នៅក្នុង​កម្មវិធី​មហោស្រព​កវី​អាស៊ាន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ឆ្នាំ​២០១៣ (​រូប​៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)​

វ៉ែន សុន មានឈ្មោះ​ដើម​ហៅថា រិត សុន្ទ​សារី​។ គាត់​បាន​ប្តូរ​មក​ប្រើ​ឈ្មោះ វ៉ែន សុន នេះ​បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​នៅ​ឆ្នាំ​១៩៧៩​។ គាត់​កើត​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​១៩៣៩ នៅ​ភូមិ​ខ្យ៉ា​ង ឃុំ​ស្វាយ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ ឪពុក​របស់គាត់​គឺជា​អតីត​មេស្រុក រីឯ​ម្តាយ​ជា​មេផ្ទះ​។ ជា​អកុសល ឪពុក​របស់គាត់​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៤៥ ដោយសារ​ជំងឺ​អាសន្នរោគ​។

​គាត់​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​បីនាក់ (​ស្រី​២​នាក់​)​។ នៅពេលដែល​គាត់​មាន​អាយុ​៦​ឆ្នាំ គាត់​ត្រូវបាន​ជីតា​ខាង​ឪពុក​យកទៅ​រៀន​នៅ​វត្ត​រហូតដល់​អាយុ​១៤​ឆ្នាំ ទើប​គាត់​សម្រេចចិត្ត​បួស​ជា​ព្រះសង្ឃ​។ បន្ទាប់ពី​បួស​រៀន​បាន​៤​ឆ្នាំ គាត់​ក៏បាន​សឹក រួចហើយ​បាន​សុំ​ម្តា​យមក​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​។ មកដល់​ភ្នំពេញ គាត់​បាន​ស្នាក់នៅ​ជាមួយ​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ព្រះ​សេរី ស​ង្គា​ម​មុនី អន ឡា​ច នៅ​វត្ត​កោះ​។ គាត់​រៀន​បាន​៥​ឆ្នាំ នៅ​ទីក្រុង​ភ្នំពេញ​។ ក្រោយមក គាត់​ក៏​ឈប់រៀន ដោយសារតែ​ឃើញ​ម្តាយ​លំបាក​។ មិនយូរប៉ុន្មាន គាត់​បាន​ចូលរៀន​ផ្នែក​តូរ្យតន្ត្រី​សម័យ នៅ​ទីស្នាក់ការ​តន្ត្រី​យុវជន​រាជ​សង្គមនិយម​ខ្មែរ ជាមួយ​គ្រូ ម៉ៅ វណ្ណា ដែលជា​ប្រធាន​ក្រុម​ភ្លេង ព្រមទាំង​បាន​ទៅ​រៀន​បន្ត​នៅក្នុង​ក្រុម​ក្លា​ស៊ិ​ក នៅក្នុង​ព្រះបរមរាជវាំង​។​

​នៅ​ឆ្នាំ​១៩៦៤ សុន ចាប់ផ្តើម​និពន្ធ​ទំនុក​ចម្រៀង​ជាមួយ​គ្រូ ស្វាយ ស នៅក្នុង​ក្រុម​តន្ត្រី​ព្រះរាជ​ទ្រព្យ​។ នៅក្នុង​ក្រុម​នេះ អ្នកចម្រៀង​មាន ដូចជា លោក ផាន់ សុ​កូ និង​អ្នក ស្រី ស៊ុន ណា​រី ជាដើម​។ ក្រៅពី​រៀន​តែង​និពន្ធ គាត់​បាន​រៀនអក្សរ​ភ្លេង និង​ទ្រឹស្តី​អក្សរ​ភ្លេង​ជាមួយ​គ្រូ​ជនជាតិ​បារាំង​ឈ្មោះ រី​កូ​។ នៅ​ឆ្នាំ​១៩៦៥ គាត់​បាន​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុម​តន្ត្រី​រាជ​តម្រួត​ភិរម្យ​នៅ​ទួលគោក​។ នៅពេលនោះ គាត់​ចាប់ផ្តើម​ដើរ​ដង្ហែ​តាម​សម្តេចព្រះ នរោត្តម សីហនុ ទៅ​គ្រប់ទិសទី ដើម្បី​ចែក​អំណោយ និង​សម្ពោធ​សាលារៀន​ជាដើម​។ គាត់​ធ្វើការ​បណ្តើរ រៀន​បណ្តើរ និពន្ធ​ចម្រៀង និង​លេងភ្លេង​ជាមួយ​គ្រូ មែរ ប៊ុន​ណា និង​គ្រូ ហាស់ សាឡ​ន​។ គាត់​លេង​ឧបករណ៍​សាក់​សូ​ហ្វូ​ន ហើយ​គាត់​ក៏បាន​និពន្ធ​ចម្រៀង​មួយចំនួន​ថត​នៅក្នុង​ស្ទូឌីយូ​វិទ្យុជាតិ ដែល​ច្រៀង​ដោយ​អ្នកស្រី សូ សាវឿន អ្នកស្រី ហៃ សុខុម លោក ផាន់ សុ​កូ លោក ជិន វ៉ាន់​ធួន អ្នកស្រី យន់ ស៊ី​ណាត កែវ សុខា និង​លោក ទេព សង្វារ ជាដើម​។ បទ​ចម្រៀង​ដែល​គាត់​បាន​និពន្ធ​នៅពេលនោះ​រួមមាន ខ្ទម​លោហិត រន្ទះ​ប៉ីអរ ជាដើម​។ សុន បាន​រម្លឹកថា នៅក្នុង​ក្រុម​របស់គាត់​នៅពេលនោះ​មាន​សមាជិក​ប្រហែល​៣០​នាក់ ទាំង​អ្នកភ្លេង អ្នកចម្រៀង និង​អ្នកកំប្លែង ដូចជា ទេព សង្វារ (​អ្នកចម្រៀង​បច្ចុប្បន្ន​រស់នៅ ខេត្តសៀមរាប​) សាន គឹម​សៀន (​អ្នកលេង​ហ្គី​តា​សូ​ឡូ បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ ល្បុក្កតោ​) ផាន់ សុ​កូ ជិន វ៉ាន់​ធួន កែ សុខា ហៃ សុខុម នួន សុខឿន សូ សាវឿន និង ពៅ សុ​ផេ​ន​។​ល​។​

​នៅ​ឆ្នាំ​១៩៧០ បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​សម្តេចព្រះ នរោត្តម សីហនុ ក្រុម​ទាហាន លន់ នល់ បាន​រឹបអូស​យក​ឧបករណ៍​ភ្លេង និង​បាន​បញ្ជូន​គាត់​ទៅ​អប់រំ​រយៈពេល​មួយខែ​។ បន្ទាប់ពី​ទទួល​ការអប់រំ គាត់​បាន​ចូល​បម្រើការ​នៅក្នុង​វិទ្យុផ្សាយសំឡេង យុទ្ធជន​៥​ឆ្នាំ នៅ​វិទ្យុជាតិ​។ នៅពេលនោះ គាត់​បានរៀបចំ​កម្មវិធី​បី​។ កម្មវិធី​ទីមួយ​គឺ កម្មវិធី​កំណាព្យ ដែល​សិស្ស និស្សិត និង​ព្រះសង្ឃ ផ្ញើមក​។ មុននឹង​ចាក់ផ្សាយ គាត់​បាន​កែ សម្រួល​ឃ្លោងឃ្លា​កំណាព្យ​ទាំងនោះ​។ ប្រសិនបើ​កំណាព្យ​ដែល​ផ្ញើមក​កម្មវិធី​មិន​គ្រប់​ចំនួន គាត់​ត្រូវ​សរសេរ​បន្ថែម​ដោយ​ខ្លួនឯង​។ កម្មវិធី​ទី​ពីរ​គឺ កម្មវិធី​រឿង​កំប្លែង​ខ្លី និង​កម្មវិធី​ទី​បី​គឺ កម្មវិធី​បទ​ភ្លេង​ប្រពៃណី​ខ្មែរ​។ នៅ​អំឡុង​ពេលនោះ ក៏​ចាប់ផ្តើម​មានការ​ផ្លោង​គ្រាប់​ពី​សំណាក់​យោធា​ខ្មែរក្រហម​រៀងរាល់ថ្ងៃ​ចូលមក​ទីក្រុង​ភ្នំពេញ​ដែរ​។​

នៅ​ឆ្នាំ​១៩៧៥ នៅពេល​ខ្មែរក្រហម​ចូលមក​ដល់ទី​ក្រុងភ្នំពេញ គាត់​បាន​ស្នាក់​នៅផ្ទះ ខាងក្រោយ​វត្ត​នាគ​វ័​ន្ត​។ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​១៩៧៥ ប្រហែល​ម៉ោង​៥ ឬ ៦​ព្រឹក យោធា​ខ្មែរក្រហម​បានមក​ដល់ផ្ទះ​របស់គាត់ ព្រមទាំង​បាន​បង្ខំ និង​ប្រាប់​គាត់​ឲ្យ​ចាក​ចេញពី​ទីក្រុង​ដើម្បី​អង្គការ​បោសសម្អាត​ខ្មាំង​។ នៅពេលនោះ កូន​របស់គាត់​នៅ​តូចៗ​នៅឡើយ​។ កូនច្បង​បង្អស់​របស់គាត់​មាន​អាយុ​៧​ឆ្នាំ​។ គាត់ និង​ក្រុមគ្រួសារ បានធ្វើ​ដំណើរ​សំដៅទៅ​ស្ពាន​ជ្រោយចង្វារ​។ នៅតាម​ផ្លូវ គាត់​បាន​ជួប​ព្រះសង្ឃ​មួយអង្គ​ដែល​ស្គាល់គ្នា​។ ព្រះសង្ឃ​អង្គ​នោះបាន​សួរ​គាត់​អំពី​គោលដៅ​នៃ​ការធ្វើដំណើរ ប៉ុន្តែ​គាត់​មិនទាន់បាន​ឆ្លើយ​ប្រាប់​ផង ក៏ត្រូវ​បាន​យោធា​ខ្មែរក្រហម​ភ្ជង់​កាំភ្លើង​បង្ខំ​ឲ្យ​បន្តដំណើរ​ទៅមុខ​។ ស្ថានភាព​ជម្លៀស​ប្រជាជន​នៅពេលនោះ​មាន​សភាព​ណែនណាន់តាន់តាប់​។ គាត់​មិនបាន​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ពី​ស្ពាន​ជ្រោយចង្វារ​ប៉ុន្មាន​ទេ ដោយសារតែ​គាត់​គិតថា បី​ថ្ងៃក្រោយ ខ្មែរក្រហម​នឹង​ឲ្យ​ប្រជាជន​វិល​ចូលមក​ក្រុង​វិញ​ជាមិនខាន​។ ប៉ុន្តែ ខ្មែរក្រហម​បែរជា​បន្ត​ដេញ​ប្រជាជន​ឲ្យ​ធ្វើដំណើរ​ទៅមុខ​។ គាត់​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥​។ នៅតាម​ផ្លូវ គាត់​បានឃើញ​យោធា​ខ្មែរក្រហម​សម្លាប់​អ្នកយាម​រោងចក្រ​ទឹកក្រូច​មួយ នៅ​ម្តុំ​ឫស្សីកែវ​។

​សុន បាន​រៀបរាប់ថា បី​ថ្ងៃក្រោយ​មកពី​ខ្មែរក្រហម​រំដោះ​ភ្នំពេញ លុយ​លែងមាន​តម្លៃ​ដូច​ពីមុន​ហើយ​។ ប្រសិនបើ​ប្រជាជន​ចង់បាន​អ្វី​ហូប ប្រជាជន​ត្រូវតែ​យក​មាស ឬ​របស់​របប​ផ្សេងៗ​ទៅ​ដូរ​ជាមួយ​។ ពេលធ្វើ​ដំណើរ​ទៅដល់​ព្រែក​ក្តាម គាត់ និង​ក្រុមគ្រួសារ​បាន សម្រាក​នៅ​វត្ត​គ្រោះ​មួយ​យប់​។ គាត់​មានបំណង​ធ្វើដំណើរ​កាត់​តាម​ឧ​ត្តុ​ង្គ ដើម្បី​បាន ជួបជុំ​ជាមួយ​ម្តាយ​របស់គាត់​។ ប៉ុន្តែ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​គាត់​ឆ្លងទន្លេ​ទៅ​ត្រើយម្ខាង​ទៀត​។ ខ្មែរក្រហម​មិនបាន​ផ្តល់​ទូក​សម្រាប់​ឆ្លងទន្លេ​នោះទេ​។ គាត់​ត្រូវ​រក​ទូក​ឆ្លង​ដោយ​ខ្លួនឯង​។ នៅពេលនោះ គាត់​បានឃើញ​ប្រជាជន​អ៊ុំ​ទូក ទើប​គាត់​សុំ​ឲ្យ​ម្ចាស់​ទូក​ជួយ​ចម្លង​ទៅកាន់​ត្រើយម្ខាង​ទៀត ដោយបាន​ឲ្យ​អង្ករ​ទៅ​ម្ចាស់​ទូក​ម្នាក់​ពីរ​កំប៉ុង​។ បន្ទាប់ពី ឆ្លងទន្លេ គាត់​បានធ្វើ​ដំណើរ​ទៅដល់​ស្រុក​បាធាយ ខេត្តកំពង់ចាម​។ នៅ​ទីនោះ ខ្មែរក្រហម​បាន​សួរ​ប្រវត្តិរូប​ប្រជាជន​ជម្លៀស រួមទាំង​គ្រួសារ​គាត់​។ គាត់​បាន​ខ្មែរក្រហម​ថា គាត់​ជា​កម្មករ​នៅ​ភ្នំពេញ​។ គាត់​ឆ្លើយ​ដូច្នោះ ដោយសារតែ​បងជីទួតមួយ​របស់គាត់​ដែល​រស់នៅ​ទីនោះ​បាន​ប្រាប់ និង​ណែនាំ​គាត់​មិន​ឲ្យ​ផ្លាស់ប្តូរ​ចម្លើយ​នោះឡើយ​។ បន្ទាប់មក ខ្មែរក្រហម​បាន​ឲ្យ​គាត់​រស់នៅ​ភូមិ​ប្រសូត ខាងជើង​ស្រុក​បាធាយ ខេត្តកំពង់ចាម​។ បន្ទាប់ពី​រស់នៅ​ទី​នោះបាន​រយៈពេល​មួយខែ គាត់​បាន​ស្នើសុំ​អង្គការ​ចេញពី​ភូមិ ពីព្រោះ​ពេលនោះ​អង្គការ​បាន​បែងចែក​ប្រជាជន រវាង​ប្រជាជន​ថ្មី និង​ប្រជាជន​មូលដ្ឋាន​។ ប៉ុន្តែ មេភូមិ​ដែលមាន​ចិត្តមេត្តា​បាន​ឃាត់​គាត់​ឲ្យ​បន្ត​រស់នៅ​ទីនោះ​មួយរយៈ​សិន ព្រោះ​អង្គការ​ចាប់ផ្តើម​សម្លាប់​មនុស្ស​យក​ខោអាវ​។ មួយអាទិត្យ​ក្រោយមក គាត់​បាន​សុំ​ការអនុញ្ញាត​ពី​ប្រធានភូមិ​ម្តងទៀត ហើយ​ប្រធានភូមិ​ក៏បាន​យល់ព្រម និង​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើដំណើរ​តាមផ្លូវ​ផ្សេង​។​

​នៅពេល​ទៅដល់​ភូមិ​ខ្យ៉ា​ង ឃុំ​ស្វាយ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អង្គការ បែងចែក​ប្រជាជន​ឲ្យ​ទៅ​រស់នៅ​ខ្ទម​តាម​វាលស្រែ​។ ផ្ទះសម្បែង និង​វត្ត​អារាម​ត្រូវបាន ខ្មែរក្រហម​ដុតបំផ្លាញ​ចោល ដោយឡែក​គម្ពីរ​សាស្ត្រា​ផ្សេងៗ​ក៏​ខ្មែរក្រហម​មិន​រក្សាទុក​ដែរ​។ នៅពេលនោះ គាត់​បាន​ជួបជុំ​ជាមួយ​ម្តាយ​របស់គាត់​។ ពេល​ម្តាយ​របស់គាត់ ឃើញ​គាត់​ភ្លាម មុខ​របស់​ម្តាយ​គាត់​បាន​ប្រែ​ទៅជា​ស្លាំង ព្រោះ​ស្មានថា គាត់​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។ បន្ទាប់ពី​ដុត​ផ្ទះសម្បែង​ប្រជាជន និង​វត្ត​អារាម ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ទៅខាង​លិច​ផ្លូវ​រទេះភ្លើង​។ គាត់​ត្រូវបាន​អង្គការ​ចាត់​ឲ្យ​ទៅ​ធ្វើការ​នៅក្នុង​កង​ទី​៩ នៅ​សហករណ៍​ឃុំ ដែល​ប្រជាជន​នៅក្នុង​កង​ភាគច្រើន​ជា​ប្រជាជន​ជាប់​និន្នាការ​ពី​សង្គមចាស់​។ មុនដំបូង អង្គការ​បាន​ចាត់តាំង​គាត់​ឲ្យ​ទៅ​ភ្ជួរស្រែ​។ បើទោះបីជា​គាត់​ធ្លាប់​រស់នៅ​ស្រុកស្រែ តែ​គាត់​មិន​ធ្លាប់ធ្វើ​ការងារ​នោះទេ​។ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ប្រកែក​នឹង​បញ្ជា​របស់​អង្គការ​ដែរ​។ នៅពេល​គាត់​កំពុង​ភ្ជួរ នង្គ័ល​បាន​ទាក់​ជាប់​ស្មៅ​ទៅមុខ​មិន​រួច ពេលនោះ គាត់​បាន​យក​ជើង​ធាក់​ស្មៅ​ចេញពី​ផាល​នង្គ័ល​។ តែដោយសារ​មិនបាន​ប្រយ័ត្ន គាត់​ក៏បាន​មុត​ជើង​នឹង​ផ្លែ​នង្គ័ល​។ ក្រោយមក អង្គការ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅធ្វើជា​ជាងឈើ សង់ផ្ទះ ផលិត​កណ្តៀវ និង​រទេះ​វិញ​។ សុន បាន​រម្លឹកថា ថ្ងៃមួយ នៅពេលដែល​គាត់​កំពុង​ធ្វើ​គ្រែ គាត់​បាន​ស្តាប់ឮ​ខ្មែរក្រហម​ជជែក​គ្នា​ថា «​បើ​យើង​ទុក​អា​ម្នាក់​ហ្នឹង​ក៏​មិន​ខាត​ដែរ ដាក់​ឲ្យ​ធ្វើ​អី​ធ្វើបាន​ហ្នឹង​»​។ បន្ទាប់ពី​ស្តាប់ឮ​សម្តី ខ្មែរក្រហម​និយាយ​ដូច្នេះ គាត់​មិន​ហ៊ាន​និយាយស្តី​អ្វី​ទាំងអស់ ក្រៅ​អំពី​ខិតខំ​ប្រឹងប្រែង​ធ្វើការ​តាម​បញ្ជា​របស់​អង្គការ​ដើម្បី​រក្សា​ជីវិត​។​

​រហូតដល់​ឆ្នាំ​១៩៧៩ គាត់​បានឃើញ​ឧទ្ធម្ភាគចក្រ​ហោះ​សំដៅទៅ​ទិស​ខាងជើង​។ ស្ថានភាព​នៅពេលនោះ​ចាប់ផ្តើម​ចលាចល​។ អង្គការ​បាន​ជម្លៀស​ប្រជាជន​ទៅ​ភ្នំ​ជ​ម្រា​យ និង​បាន​បង្គាប់​ឲ្យ​គាត់​ទៅ​ជួសជុល​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​អណ្តូងប្រេង ខាងលិច​រូង​ខ្លា​។ គាត់​បាន​គិតថា ការធ្វើដំណើរ​លើក​នេះ​ហាក់ដូចជា​ប្លែក ដោយសារតែ​អង្គការ​បានមក​ស្រង់​ប្រវត្តិរូប​របស់គាត់​ឡើងវិញ​។ គាត់​យល់ថា ប្រហែលជា​អង្គការ​មានបំណង​ចង់​បញ្ជូន​គាត់​ទៅ​សម្លាប់​។ នៅពេល​ទៅដល់​ទីនោះ ខ្មែរក្រហម​បាន​សួរ​គាត់​ថា មក​ទីនេះ​ធ្វើ​អ្វី​? គាត់​បាន​ឆ្លើយថា​មក​ជួសជុល​រោង​ម៉ាស៊ីនកិនស្រូវ​។ សំណាងល្អ កងទ័ព​រំដោះ​បាន​ផ្លោង​គ្រាប់​មក​ធ្លាក់​នៅ​ខាងលិច​រូង​ខ្លា ធ្វើ​ឲ្យ​ខ្មែរក្រហម​រត់គេចខ្លួន​អស់​។ ឃើញ​ដូច្នេះ គាត់​ក៏បាន​រត់​ត្រឡប់មក​ជួបជុំ​គ្រួសារ​នៅ​ភ្នំ​ជ​ម្រា​យ​វិញ​។
​បន្ទាប់ពី​ជួបជុំ​គ្រួសារ​ហើយ គាត់​បាននាំគ្នា​ទៅ​រស់នៅ​ខាង​លិ​ខ​ផ្សារ​ត្រាច​។ គាត់​បាន​បាត់បង់​សាច់ញាតិ​អស់​មួយចំនួន​នៅក្នុង​របប​ខ្មែរក្រហម ដូចជា ឪពុកមា​ឈ្មោះ រ៉ិ​ត ណៃ ប្អូនជីដូនមួយ​ឈ្មោះ កាន់ ណេ​ន និង​ក្រុមគ្រួសារ​បងថ្លៃ​របស់គាត់​។ រីឯ​ប្អូនជីដូនមួយ ឈ្មោះ កាន់ ប៉ាក់ ក៏​បាត់​ខ្លួន​រហូតដល់​សព្វថ្ងៃ​ដែរ​។​

​លុះដល់​ខែមេសា ឆ្នាំ​១៩៧៩ គាត់​បាន​ត្រឡប់មក​ភ្នំពេញ​វិញ​។ នៅ​ខែតុលា ឆ្នាំ ១៩៧៩ គាត់​បានដាក់​ពាក្យ​ចូល​បម្រើការ​ផ្នែក​សិល្បៈ​កងទ័ព​។ នៅពេលនោះ គាត់​ត្រូវបាន ចាត់តាំង​ឲ្យ​ធ្វើការ​នៅក្នុង​ក្រុម​ត្រែទ័ព ដែលមាន​នាទី​ជា​អនុប្រធាន​ភ្លេង​ត្រែទ័ព ចំណែក​លោក អ៊ុន ស៊ូ​យ៉េត ជា​ប្រធាន​។ ក្រុម​របស់គាត់​បាន​ប្រមូល​ឧបករណ៍​ភ្លេង​ចាស់ៗ​មក​ជួសជុល​និង​ប្រមូល​សមាជិក​ដែល​សល់ ពី​ការកាប់សម្លាប់​របស់​ខ្មែរក្រហម បាន​ចំនួន​៣៥​នាក់ និង​បាន​ចូលរួម​សម្តែង​នៅក្នុង​ក្បួន​ព្យុះ​ហយា​ត្រា​លើក​ទី​១ នៅ​ឆ្នាំ​១៩៧៩​។ បន្ទាប់មក តា ជ័យ សុភា អគ្គស្នងការ​នយោបាយ​បាន​ផ្ទេរ​ក្រុម​ភ្លេង​ត្រែទ័ព​ទៅ​ឲ្យ​មន្ទីរ​នយោបាយ​ក្រុង នៅក្នុង​ក្រុម​សិល្បៈ​មហាជន​។ គាត់​ត្រូវ​ផ្លាស់​មក​គ្រប់គ្រង​សិល្បៈ​មហាជន​យោធា​ក្រុង​។ សុន បាន​មានប្រសាសន៍ថា នៅពេលនោះ ក្រុម​សិល្បៈ​មហាជន បាន​ជំរុញ​ឲ្យ​មានការ​បង្កើត​ក្រុម​សិល្បៈ​មហាជន​គ្រប់​ខេត្ត ព្រមទាំង​បាន​បង្កើត​សិល្បៈ​យោធា​ក្រុង សិល្បៈ​សម័យ និង​ល្ខោននិយាយ​តាម​វិទ្យុ​។ គាត់​បាន​បង្កើត​ស្នាដៃ​ជាច្រើន ដូចជា និពន្ធ​ល្ខោននិយាយ​តាម​វិទ្យុ​រឿង «​ចំណងដៃ​ទឹកភ្នែក​» និង​ខ្សែភាពយន្ត​រឿង «​ផ្កា​ដុះ​លើ​ថ្ម​»​។ បន្ទាប់មក​គាត់​បាន​រៀន និង​ធ្វើការ​ជាមួយ​គ្រូ ស្វាយ ស ជា​អ្នកដឹកនាំ​ក្រុម​ភ្លេងសម័យ​របស់​យោធា​ក្រុង ព្រមទាំង​បាន​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​និពន្ធ​រៀបរៀង​បោះពុម្ព​សៀវភៅ ដឹកនាំ​សិល្បៈ មហាជន និង​និពន្ធ​ដឹកនាំ​រឿងល្ខោន​និយាយ​។ បទ​ភ្លេង​ទំនុក​ចម្រៀង​ល្បី​របស់គាត់​ពេលនោះ គឺ​បទ «​កន្សែង​ប៉ាក់​ជរ​»​។​

​នៅ​ឆ្នាំ​១៩៨៧ គាត់​បាន​ផ្លាស់​ទៅ​បម្រើការ​នៅ​អគ្គស្នងការ​នយោបាយ នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយបាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​ដូចដែល​គាត់​បាន​រៀនសូត្រ​ខាងលើ​។ មិនតែប៉ុណ្ណោះ គាត់​បាន​បន្ត​រៀន​ជាមួយ​គ្រូ យី ធន់ គ្រូ ពេ​ជ ទុំ​ក្រវិល គ្រូ ជ័យ ចាប និង​គ្រូ វ៉ាន់ ឌី​កា​អុន ផ្នែក​អក្សរសិល្ប៍ ក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកនិពន្ធ​ទូទាំង​កងទ័ព​។ បន្ទាប់ពី​រៀន​ចប់ គាត់​បាន​ចូលរួម​ប្រឡង​មហោស្រព​កំណាព្យ​ទូទាំងប្រទេស​អំពី​កំណាព្យ អប់រំ ដោយ​ទទួលបាន​មេដាយមាស​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ទទួលបាន​លិខិត​សរសើរ​ពី​ក្រុមប្រឹក្សារដ្ឋមន្ត្រី​។​

​នៅ​ឆ្នាំ​១៩៩៧ គាត់​បានទទួល​ពានរ​ង្វាន់​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ​សម្រាប់​ស្នា ដៃ​រឿង «​ឋានសួគ៌​ក្នុង​សុបិន​»​។ នៅ​ឆ្នាំ​២០១០ គាត់​បានទទួល​ពានរ​ង្វាន់​អក្សរសិល្ប៍ ទន្លេមេគង្គ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ សម្រាប់​ស្នាដៃ​រឿង «​ភ្នំ​ព្រះ​នាង​កែវ​» ដែលជា កំណាព្យ​អក្សរសិល្ប៍​ប្រវត្តិសាស្ត្រ​។ នៅ​ឆ្នាំ​២០១៣ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន ជ្រើសរើស​គាត់​ជា​ជ័យលាភី​ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​មហោស្រព​កវី​អាស៊ាន នៅ ទីក្រុង​បាងកក ប្រទេស​ថៃ​។ ក្រៅពី​ពានរង្វាន់ ដូចដែល​បាន​រៀបរាប់​ខាងលើ គាត់​បាន និពន្ធ​កំណាព្យ រឿង​ខ្លី និង​អត្ថបទ​វប្បធម៌​ជាង​៣០​ចំណងជើង ព្រមទាំង​រៀបរៀង​បោះពុម្ព សៀវភៅ​អក្សរ​ភ្លេង​បាន​មួយ​ភាគ​។​

​បច្ចុប្បន្ន ទោះបី​គាត់​បាន​ចូល​និវត្ត​ហើយក៏​ដោយ ក៏​គាត់​នៅតែ​បន្ត​ចែករំលែក​ចំណេះដឹង​ផ្នែក​តែង​និពន្ធ​ដល់​និស្សិត​មហាវិទ្យាល័យ​សិល្បៈ នាដ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុងនាម​ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា​។ គាត់​បាន​ឲ្យ​ដឹងថា «​នរណា​ក៏​អាច​តែង​និពន្ធ​បានដែរ ប៉ុន្តែ​អ្វី​ដែលជា​ឧបសគ្គ ចម្បង គឺ​គំនិត​បង្កើត​ថ្មី​»៕ ដោយ​៖ ម៉ែន ពិចិត្រ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​