​គ្រូ​ប្រវត្តិសាស្ត្រ ទទួលបាន​ការបណ្តុះបណ្តាល​ពី​មាតិកា​ប្រវត្តិសាស្ត្រ និង​វិធីសាស្ត្រ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​

2133
ចែករម្លែក

ដោយ​: សន ប៊ុន​ស៊ីម អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/​ភ្នំពេញៈ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានប្រកាស​បើក​វគ្គ បណ្តុះ​បណ្តាល​លើក​ទី​២៣​របស់ខ្លួន ដល់​គ្រូបង្រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា មកពី​ខេត្តស្វាយរៀង​និង​ព្រៃវែង ចំនួន​៥២​នាក់ អំពី​មាតិកា​ប្រវត្តិសាស្ត្រ និង​វិធីសាស្ត្រ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្តព្រៃវែង ក្រោម​អធិបតីភាព លោក​ស្រី ទន់ សា​អ៊ី​ម អនុរដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

លោកស្រីទន់សាអ៊ីុំម

​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំឡើង​សម្រាប់​រយៈពេល​៦​ថ្ងៃ​ពេញ ពីថ្ងៃ​ទី​២​រហូតដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ ២០១៨ ដើម្បី​ផ្តល់​ដល់​គ្រូបង្រៀន​នូវ​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ និង​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ និង​ជា​ផ្នែក​មួយ​នៃ​គម្រោង​សំណង​តាមផ្លូវ​តុលាការ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវបាន​ស្នើឡើង​ដើម្បី​ប្រយោជន៍​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​ជនរងគ្រោះ​ក្នុង​សំណុំរឿង ០០២/០២ ដែរ​។​

​លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​​ឲ្យ​ដឹងថា «​សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ក៏ដូចជា​វិធី​សាស្ត្រ​បង្រៀន ដើម្បី​ពង្រឹង​សម្ថ​ត​ភាព​និង​ជំនាញ​ក្នុង​ការបង្រៀន​ប្រវត្តិសាស្ត្រ​នេះ​សម្រាប់​សាលារៀន​នៅ​កម្ពុជា ស្រប​ទៅនឹង​ប្រសាសន៍​របស់​​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​គូសបញ្ជាក់ថា គ្រូបង្រៀន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការដឹកនាំ​សិស្សានុសិស្ស​ឲ្យ​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដើម្បី​ឆ្ពោះទៅកាន់​អនាគត​ដ៏​រុងរឿង​មួយ​ដែល​គ្មាន​អំពើ​ប្រល័យពូជសាសន៍​”​។​

​លោក ផេង ពង្ស​រ៉ាស៊ី បាន​បន្តថា «​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ម្នាក់ៗ​និង​ក្លាយជា​អ្នក​អប់រំ​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ​និង​មាន​ប្រសិទ្ធភាព ដែល​អាចដឹកនាំ​សិស្សានុសិស្ស​ឲ្យ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្លួនឯង និង​ពិភាក្សា​រឿងរ៉ាវ​ក្នុង​អតីតកាល​ជាមួយ​អ្នក​រស់រានមានជីវិត​ដែលមាន​ទីលំនៅ​ក្នុង​សហគមន៍​ជាមួយគ្នា​»​។​

​ក្រៅពី​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​គ្រូបង្រៀន វគ្គ​នេះ​ក៏​ជា​កម្លាំងចលករ​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​គ្រូបង្រៀន​កម្ពុជា​គិតគូរ​ពី​ការតភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​ជំនាន់​មុន (​អ្នក​ដែល​ឆ្លងកាត់​របប​ខ្មែរក្រហម​) និង​មនុស្ស​ជំនាន់​ក្រោយ តាមរយៈ​ការសន្ទនា​ពីបទ​ពិសោធ​ន៍​ដ៏​ជូរចត់ និង​ត្រិះរិះ​ពិចារណា​ពីបទ​ពិសោធន៍​ទាំងនោះ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់រៀន​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា លោកស្រី ទន់ សា​អ៊ី​ម មានប្រសាសន៍​ទាក់ទង​នឹងភាព​ឈឺ​ចាប់​​​ខ្លោចផ្សា​របស់​ប្រជាជន​កម្ពុជា រួមទាំង​លោកជំទាវ​ផង ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម ថា​ជា​ការពិត​ដែល​​មិនអាច​បំភ្លេចបាន ហើយ​មនុស្ស​ទាំងអស់​ត្រូវ​តែ​ចងចាំ និង​អភិវឌ្ឍ​គំនិត​នៃ​ការចងចាំ​នេះ​ទៅជា​គំនិត​នៃ​ការផ្សះផ្សា អត់ឱន និង​អធ្យាស្រ័យ​គ្នា​។ “​របប​ខ្មែរក្រហម​មាន​រយៈពេល​ខ្លី ប៉ុន្តែ​ការឈឺចាប់​របស់​ប្រជាជន​កម្ពុជា​វិញ គឺមាន​ទំហំធំធេង​ណាស់​… គ្រួសារ​ខ្ញុំ​ទាំងអស់​បាន​ស្លាប់​ក្នុង​របប​នោះ​។ ខ្ញុំ​ចងចាំ​មិន​ភ្លេច​ទេ​”​។

អ្នកគ្រូ ស្ងួតសំឡូត

​អ្នក​​គ្រូ ស្ងួន សំឡូត ជា​សិក្ខាកាម​មួយរូប ដែល​កំពុង​ពពោះ​កូន​ប្រាំបី​ខែ និង​មានបទពិសោធន៍​បង្រៀន​៨​ឆ្នាំ មក​ពី​ខេត្តស្វាយរៀង បាន​សម្តែង​អារម្មណ៍​រីករាយ​ក្នុងការ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ និង​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​បង្រៀន​ប្រវត្តិសាស្ត្រ​នេះ​ដល់​សិស្សានុសិស្ស​ដោយ​ភាពច្បាស់លាស់ និង​ស្របតាម​គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​។ អ្នកគ្រូ និយាយថា​៖ « នេះ​ជា​ឱកាស​ដែល​ខ្ញុំ​អាច​រៀន​ប្រវត្តិ​ខ្មែរក្រហម​បន្ថែមទៀត ជាមួយ​​អ្នកជំនាញ​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​និង​បទពិសោធន៍​រាប់​ឆ្នាំ លើ​ប្រវត្តិសាស្ត្រ​នេះ​។ ខ្ញុំ​នឹង​អាច​បង្រៀន​មេរៀន​ប្រវត្តិសាស្ត្រ​នេះ ទៅ​សិស្ស​ជំនាន់​ក្រោយ​ដោយ​ត្រឹមត្រូវ ច្បាស់លាស់ និង​ងាយស្រួល​យល់​។ ពួកគេ (​សិស្ស​) នឹង​ចងចាំ​ប្រវត្តិ​ជាតិ​ខ្លួនឯង និង​រូ​ម​គ្នា​ដើម្បី​កុំ​ឲ្យ​របបប្រល័យពូជ សាសន៍​កើតឡើង​ជាថ្មី​ម្តងទៀត​។​»

លោកគ្រូទេពសុផល

​លោកគ្រូ ទេព សុផល ជា​សិក្ខាកាម​ម្នាក់ទៀត​ដែល​បាន​ចំណាយពេល ២៩​ឆ្នាំ ប្រកបរ​បរជា​គ្រូបង្រៀន​មកពី​ខេត្តស្វាយរៀង និង​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​តាំងពី​លោក​អាយុ ៨​ឆ្នាំ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា គាត់​ពិតជា​ចង់​ឲ្យ​សិស្សានុសិស្ស​របស់គាត់​មានការ​ចងចាំ​បានល្អ​ពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​ពី​អតីតកាល ជា​ពិសេស​ការរំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​។ «​ខ្ញុំ​ពិតជា​ចង់ដឹង​ឲ្យ​បាន​ច្រើន និង​សិក្សា​ស្រាវជ្រាវ ក៏ដូចជា​ចែករំលែក​ចំណេះដឹង​អំពី​របប​នេះ​ទៅ​ក្មេងជំនាន់ក្រោយ ជាពិសេស​កូនសិស្ស​របស់ខ្ញុំ ដើម្បី​កុំ​ឲ្យ​ពួកគេ​ភ្លេច​របប​ប្រល័យពូជសាសន៍​មួយ​នេះ​។ ការសម្លាប់​មនុស្ស​និង​ធ្វើទុក្ខបុកម្នេញ គឺ​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់​ណាស់​»​។​

​គួរ​រំ​ឮ​កថា វគ្គ​បណ្តុះបណ្តាល​នេះ ទទួលបាន​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវា​គម្រោង និង​ទីភ្នាក់ងារ​សហរដ្ឋ​អារ​មេ​រិ​ក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖​គេហទំព័រ​www.khmerrougehistory.org។ហ្វេសប៊ុក​៖https://www.facebook.com/khmerrougehistory.org/៕មន