​គ្រឿងញៀន បង្ក្រាប​មិនចេះ​អស់ អាចមកពី​ចាប់​មិន​ដល់​មេខ្លោង​!

348
ចែករម្លែក

នៅក្នុង​កិច្ចប្រជុំ​ដក​ពិសោធន៍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅតាម​ក្លិប​កម្សាន្ត និង​កន្លែង​សប្បាយដ្ឋាន កាលពី​ព្រឹក ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា​នៅ តែ​ជា​ប្រទេស បន្ត​រងគ្រោះ ដោយសារ​ការដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ដែលមាន ប្រភពពី​តំបន់ត្រីកោណមាស ពី​តំបន់​អា​ព្រិច អាមេរិក​ខាងត្បូង និង​អឺរ៉ុប​ឆ្លងកាត់​ព្រំដែន តាម​របៀង​ព្រំដែន​គោក ទឹក​នៃ​ភាគ​ឦសាន​ប្រទេស តាមផ្លូវ​អាកាស និង​តាម​កញ្ចក់ បញ្ញើ​ប្រៃសណីយ៍​ចូលមក​ផ្ទៃក្នុង​ប្រទេស ក្នុង​គោលដៅ​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ និង​សម្រាប់​ការជួញដូរ​បំរើ​ឲ្យ​ទីផ្សារ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មេ​ប៉ូលិស នេ​ត សាវឿន បាន​បញ្ជាក់ថា អាស្រ័យ​ដោយ និន្នាការ​នៃ​ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​តំបន់ និង​ពិភពលោក រហូតដល់​បច្ចុប្បន្ន នៅតែមាន​កំណើន​ឥតឈប់ឈរ​ជាហេតុ​ធ្វើ​ឲ្យ កម្ពុជា​នៅតែ​ជា​ប្រទេស​បន្ត​រងគ្រោះ​ដោយសារ​ការដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់ ដែលមាន​ប្រភពពី​តំបន់ត្រីកោណមាស ពី​តំបន់​អា​ព្រិច អាមេរិក​ខាងត្បូង និង​អឺរ៉ុប ឆ្លងកាត់​ព្រំដែន​តាម​របៀង​ព្រំដែន​គោក ទឹក​នៃ​ភាគ​ឦសាន​ប្រទេស តាមផ្លូវ​អាកាស និង​តាម​កញ្ចក់​បញ្ញើ​ប្រៃសណីយ៍​ចូលមក​ផ្ទៃក្នុង​ប្រទេស ក្នុង​គោលដៅ​បន្ត​នាំចេញ ទៅ​ប្រទេស​ទី​៣ និង​សម្រាប់​ការជួញដូរ​បំរើអោយ​ទីផ្សារ​ប្រើប្រាស់​ក្នុងស្រុក​ផងដែរ​។ តាមរយៈ​ការកត់សម្គាល់​ចំពោះ​ស្ថានភាព​នៃ​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ប្រទេស​នា​ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ កន្លងមកនេះ បានបង្ហាញ​ថា​មាន​សកម្ម ភាព​ចាត់តាំង​ឲ្យ​មានការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​រីកសាយ​ភាយ​នៅ តាម​រង្គសាល ក្លិប​កម្សាន្ត ខារ៉ាអូខេ ក្លិប​រាត្រី (​បារ​បរទេស​) …​។​

​របាយការណ៍​បង្ហាញថា រយៈពេល​ប្រាំ​ខែ ដើមឆ្នាំ​២០១៩​នេះ​កងកម្លាំង​អនុវត្ត​ច្បាប់ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៣.៣៣៥​ករណី ឃាត់ខ្លួន ៧.០៩៧​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៣១០,៩៨ គីឡូក្រាម កញ្ឆា​ស្រស់ ៤៧.១០៣ ដើម រួម​នឹង​មធ្យោបាយ​សម្ភារ​វត្ថុតាង​មួយចំនួនទៀត​។ ក្នុងនោះ​ករណី​ជួញដូរ​គ្រឿង ញៀន មាន​ចំនួន ២.០៣៩​ករណី ឃាត់ខ្លួន ៣.៨៧៣ នាក់​។​

​ប៉ូលិស​ក៏បាន​បញ្ជាក់ថា សកម្មភាព​បង្ក្រាប​ករណី​ធំៗ ដែលមាន​សារធាតុ​ញៀន​ចាប់ ពីមួយ​គីឡូក្រាម​ឡើង នៅក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០១៩ មាន​ចំនួន ២០​ករណី ដោយ​ប៉ូលិស​បាន​ចាប់យក​សារធាតុ​ញៀន​សរុប ២៨៨,៣៨ គីឡូក្រាម និង​ចាប់​មេ ខ្លោង​ចំនួន ១២​នាក់ ខ្សែរយៈ​បណ្ដាញ​ចំនួន ៥២​នាក់​។

​ផ្អែក​តាម​របាយការណ៍ នៅ​ទូទាំងប្រទេស ក្នុងចំណោម​គោលដៅ​អាជីវកម្ម​ក្លឹប​កំសាន្ត ទីតាំង​សប្បាយដ្ឋាន ចំនួន ៧.១១៣​ទីតាំង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ផ្សព្វផ្សាយ​អប់រំ ធ្វើ​កិច្ចសន្យា​ដើម្បី​ស្នើ សុំ​កិច្ចសហការ​ក្នុងការ​បង្ការ ទប់ស្កាត់​ការជួញដូរ និង​ការប្រើ ប្រាស់​គ្រឿងញៀន បាន​ចំនួន ៧.៧៤១ កន្លែង​។​

​ក្នុងនោះ​រយៈពេល ៥​ខែ​នេះ ប៉ូលិស​បាន​បើក​ប្រតិបត្តិការ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត សៀមរាប ដោយ​បង្ក្រាប​ទីតាំង​កម្សាន្ត និង​កន្លែង​សប្បាយដ្ឋាន ចំនួន ប្រាំ​ទីតាំង (​ក្លិប កម្សាន្ត បួន​ទីតាំង និង​ខារ៉ាអូខេ មួយ​ទីតាំង ) ។

​លទ្ធផល​កិច្ចប្រតិបត្តិការ ទាំង ប្រាំ​លើក នេះ​សមត្ថកិច្ច​បានសម្រេច​បិទ​ទីតាំង​ក្លិប កម្សាន្ត ចំនួន បួន​កន្លែង និង​ខារ៉ាអូខេ មួយកន្លែង​ដោយបាន​ចាប់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ស​រុ​ប ចំនួន ៥៤​នាក់ ក្នុងនោះ ម្ចាស់​ទីតាំង​ចំនួន​បីនាក់ បញ្ជូន​អ្នកប្រើប្រាស់​គ្រឿងញៀន ទៅ​មណ្ឌល​បន្សាប និង​ព្យាបាល​ស្តារនីតិសម្បទា ចំនួន ១០៩ នាក់ និង​បញ្ជូនទៅ​ព្យាបាល​បន្សាប នៅ​សហគមន៍ ចំនួន ២២៩​នាក់ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនបរទេស​ចេញ ចំនួន ៨០​នាក់ ចាប់យក​សារធាតុ​ញៀន សរុប ២២​គីឡូក្រាម និង ២៩៥,០៣ ក្រាម​ព្រមទាំង កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ តាម​ដីកា​តុលាការ ចំនួន ប្រាំមួយ​នាក់​។​

​យ៉ាងណាក៏ដោយ ប៉ូលិស​បាន​លើកឡើងថា អាស្រ័យ​ដោយ​និន្នាការ​នៃ​ការផលិត ការ​ចរាចរ ការជួញដូរ និង​តម្រូវការ​គ្រឿងញៀន នៅក្នុង​តំបន់ និង​លើ​ពិភពលោក នៅតែមាន​កំណើន គួបផ្សំ​ល្បិចកល ក្នុងការ​រៀបចំ​ចាត់តាំង​ខ្សែរយៈ​បណ្ដាញ​ជា​ប្រព័ន្ធ របស់​ក្រុម​គ្រប់​ជន​គ្រឿងញៀន ជាហេតុ​ធ្វើ​ឲ្យ​ការចាត់វិធានការ​បង្កា​រ​ទប់ស្កាត់​ការ លួច​នាំចូល​នូវ​សារធាតុ​ញៀន មក​ក្នុងប្រទេស​កម្ពុជា​ពុំទាន់​ឆ្លើយតប​ទៅនឹង​សភាព ការណ៍​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅឡើយ​ហើយក៏​ជា​កត្តា​ធ្វើ ឲ្យ​ប្រទេស​កម្ពុជា នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​ទាំងនេះ​។​

​មួយវិញទៀត ប៉ូលិស​អាជ្ញាធរ និង​សមត្ថកិច្ច បង្ក្រាប​គ្រឿងញៀន ក៏ត្រូវ​ធ្វើ​ឲ្យ​ដល់ ឫសគល់ ចាប់​ដល់​មេខ្លោង ដូច​អ្វីដែល​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​តេ​ជោ បានប្រកាស​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត រ៉ក់ កាលពី​ខែកុម្ភៈ​។

​គួរតែ​យក​គំរូ​ក្នុងការ​បង្ក្រាប​នៅ​រ៉ក់ ទៅ​អនុវត្ត​លើ​បទល្មើស​គ្រឿងញៀន​ដោយ​មិនគួរ អនុញ្ញាត​ឲ្យ​មេខ្លោង ថៅកែ ឬ​ម្ចាស់​ក្លិប​កម្សាន្ត ខារ៉ាអូខេ ឬក៏​ក្រុម​ឧក្រិដ្ឋជន​គ្រឿង ញៀន​ណា ដែល​អាង​ខ្សែ​អាងខ្នង រួចខ្លួន​បានឡើយ​។ បើសិនជា​យុទ្ធនា​ការបង្ក្រាប គ្រឿងញៀន ស្រាវ​តាំងពី​ក្រោម អ្នក​ចែកចាយ លក់​គ្រឿងញៀន​តូចតាច​រហូតដល់ រយៈ​បណ្តាញ​មេខ្លោង​ធំ ត្រូវ​ចាប់​ឲ្យ​អស់ ហើយ​បើ​អាច​ទៀត​នោះ​ក៏​គួរតែមាន​ច្បាប់ ពិសេស​មួយ លើ​ឧក្រិដ្ឋជន​គ្រឿងញៀន ដោយ​ត្រូវ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ និង​ដោយ​គ្មាន ការលើកលែង នោះ​ប្រហែលជា​ឧក្រិដ្ឋជន ខ្លាចញញើត​នឹង​ជំនួញ​គ្រឿងញៀន ដែល​បង្ក​ឲ្យ​ខូចអនាគត​ប្រជាពលរដ្ឋ ពិសេស​ក្រុមយុវជន​យើង​។​

​មួយវិញទៀត ករណី​លើកឡើង​របស់​ប្រជាពលរដ្ឋ ក៏​គួរតែ​លុបបំបាត់ នោះ​គឺ​ចោរ និង​ប៉ូលិស​តែមួយ​។ ពោលគឺ​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​ប៉ូលិស​ចាប់ មិនយូរប៉ុន្មាន ក៏​លែង​មកវិញ ហើយ​ប្រកប​របរ​ដដែល ដោយមាន​ប៉ូលិស​ខិលខូច​មួយចំនួន​តូច បែរជា​ចិញ្ចឹម​បទល្មើស ដើម្បី​ដាក់​ខែ យកលុយ​ពី​ជនល្មើស​។ ករណី​របស់​ប៉ូលិស ខិលខូច ដូចដែល​ប្រជាពលរដ្ឋ​លើកឡើង​នេះ គួរតែ​លុបបំបាត់ ហើយ​បើ​រកឃើញ ច្បាស់លាស់ គួរតែ​បណ្តេញ លុបឈ្មោះ​ប៉ូលិស​នោះ ចេញពី​ជួរ កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់ ប៉ូលិស​ស្អាតស្អំ​ដទៃទៀត​៕ ដោយៈ ម៉េង​ឆៃ​