​គ្រោង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែ​១​ចំនួន​២៩​ស្រុក​ទៀត​ដោយ​ប្រើប្រាស់​ថវិកា​រដ្ឋបាលខេត្ត​

544
ចែករម្លែក
  • 49
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: ក្រសួងមហាផ្ទៃ​គ្រោង​នឹង​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ចំនួន ២៩ បន្ថែមទៀត ដោយ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត ដើម្បី​សាងសង់​អគារ និង​បំពាក់​សម្ភារ​: នៅ​ឆ្នាំ​២០១៩​នេះ​។​ដោយ​បច្ចុប្បន្ន​មាន​រាជធានី និង​ខេត្ត​ចំនួន បី បាន​បង្កើត​ការិយាល័យ​ដ៏​សំខាន់​ទាំងពីរ​នេះ​នៅ​គ្រប់​ក្រុង​ស្រុក​ខណ្ឌ​របស់ខ្លួន​គ្រប់​ចំនួន​ហើយ​។​

​ក្នុង​សិក្ខាសាលា​បូកសរុប​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ឆ្នាំ​២០១៩​នៃ​ការអនុវត្ត​ការងារ​ច្រកចេញចូល​តែមួយ​និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ចំពោះ​អ្នកចូលរួម​ចំនួន​ជាង​២០០ នាក់ នៅ​សាលាខេត្ត​កំពង់ចាម​នៅ​ថ្ងៃទី​២១​ខែកុម្ភ​:​ឆ្នាំ​២០១៩​។​

​លោក​ងី​ច័​ន្ទ្រ​ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា​ក្រោយពី​ដំណើរ​ការបង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នោះ​ឥឡូវនេះ​ទូទាំងប្រទេស​យើង​នៅសល់​ខេត្ត​ចំនួន​២២​ទៀត​ដែល​នៅ​មិនទាន់បាន​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​បាន​គ្រប់​ស្រុក​នៅឡើយ​។​

លោក​ងី​ច័​ន្ទ្រ​ផល​បាន​លើកឡើងថា​ដោយសារ​កា​រប​ង្កើ​ប​ការិយាល័យ​មួយ​នេះ​ទាមទារ​នូវ​ធនធាន​ផ្នែក​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​។ សម្រាប់​ឆ្នាំ​២០១៩ នេះ​យើង​មានតែ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មួយ​ប៉ុណ្ណោះ ដែល​មិនបាន​គ្រោង​កញ្ចប់​ថវិកា​សម្រាប់​ពង្រីក​ការិយាល័យ​ច្រកចេញចូល​តែមួយ​ទៅកាន់​ស្រុក​ផ្សេងទៀត​នោះ​។

ប៉ុន្តែ​ក្រសួងមហាផ្ទៃ​បានគ្រោង​កញ្ចប់​ថវិកា​ស​ម្រា​ប់​ស្រុក​ចំនួន ២៩ នៅក្នុង​ខេត្ត​ចំនួន ២១ ដើម្បី​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​។​ដោយ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត ក្នុងការ​សាងសង់​អគារ និង​បំពាក់​សម្ភារ​:​។​

​លោក​បាន​បន្តថា​បើទោះជា​យើង​មិនទាន់​អាចបង្កើត​ការិយាល័យ​ច្រកចេញ​តែមួយ​ឲ្យ​បាន​គ្រប់​ស្រុក​ទាំងអស់​ក្តី​ក៏​ក្នុង​អនុក្រឹត្យ​ទាំងពីរ​កាលពី​ឆ្នាំ​២០១៧​របស់​រាជរដ្ឋាភិបាល​ឲ្យ​យើង​ណែនាំ​ដល់​ស្រុក​ដែល​មិនទាន់មាន​ការិយាល័យ​នេះ មួយចំនួន​នោះ ត្រូវ​រៀបចំ​យន្តការ​ច្រក​នេះ​ដើម្បី​ឲ្យ​រដ្ឋបាល​ស្រុក​ទាំងនោះ មានលទ្ធភាព​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ឲ្យ​ដូច​ស្រុក​ដែលមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដែរ​។​

លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​ជា​ម្ចាស់ផ្ទះ​បាន​ថ្លែងប្រាប់​សិក្ខាសាលា​ដែលមាន​តំណាង​រាជធានី​ខេត្ត​ចំនួន​២៥​ថា​បច្ចុប្បន្ន​ខេត្តកំពង់ចាម​បាននិងកំពុង​ដំណើរកា​រ​អនុវត្ត​ផ្តល់​សេវាសាធារណ​:​តាម​ច្រកចេញចូល​តែមួយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។ នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត ,​ក្រុង​កំពង់ចាម និង​ស្រុក​ជើងព្រៃ ។​

ក្នុងនោះ​ការិយាល័យ​ច្រកចេញចូល​ក្រុង​កំពង់ចាម​បាន​បើក​ដំណើរការ​តាំងពី​ថ្ងៃទី ២៥​ខែមេសា​ឆ្នាំ​២០១៤​។​ដោយ​ទទួល​សេវា​សរុប​ចំនួន​១៨.១៨៦​សេវា​និង​ទទួលបាន​ចំណូល​សរុប​ចំនួន ១៦៧.៥២៦.០០០ រៀល​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក​ជើងព្រៃ បើក​ដំណើរ​ការទទួល​សេវា​ចាប់ពី​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០១៧ គឺ​ឆ្នាំ​២០១៨ កន្លងទៅ​ទទួល​សេវា​បាន​ចំនួន ៥.៩៦៧​សេវា​និង​ទទួលបាន​ចំណូល​ចំនួន​៤៣.៣២១.០០០​រៀល​។​ចំណែក​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្តកំពង់ចាម​វិញ គឺ​បាន​បើកទទួល​សេវា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី ២០ ខែ​កក្ត​ដា ឆ្នាំ​២០១៨​។​

លោក​បាន​បន្តថា រដ្ឋបាលខេត្ត​បាន​ប្តេជ្ញា​នឹងដាក់​ឲ្យ​ដំណើរការ​ច្រក​មួយ​នេះ នៅ​ស្រុក​ចំនួន បី បន្ថែមទៀត​នៅ​ឆ្នាំ​២០១៩​នេះ​។​ពិសេស​នឹងដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញ​តែមួយ​នៅ​គ្រប់​ស្រុក ក្រុង​ទាំង​១០​របស់​ខេត្ត​នេះ ក្នុង​ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៨ គឺមាន​ក្រុង ស្រុក ខណ្ឌ ជា​គោលដៅ​ចំនួន ៨៣ នៅ​ទូទាំង ២៥ រាជធានី ខេត្ត​ដែល​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​ប្រតិបត្តិ​ការផ្តល់សេវា​យ៉ាងសកម្ម​ចំនួន​៥២​គោលដៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​ក្នុងនោះ​៣១​គោលដៅ​ផ្សេងទៀត​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​២០១៩​នេះ​៕S/​