​គ្រោះថ្នាក់​ចរាចរ​តិចតួច​ប្រពន្ធ​ចេញ​ក្នុង​រថយន្ត​ដក​កាំភ្លើង​គំរាម​អ្នកជិះ​ម៉ូតូ​

1041
ចែករម្លែក

​(​ភ្នំពេញ​)៖​គ្រោះថ្នាក់​ចរាចរ​តិចតួច​មួយ​រវាង​រថយន្ត​និង​ម៉ូតូ​ប៉ះគ្នា​រហូត​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​ចេញមក​ដៃ​កាន់​កាំភ្លើងខ្លី​គំរាម​អ្នកជិះ​ម៉ូតូ​ថា​”​ឯង​ស្គាល់​ប្តី​អញ​អត់​?”​ធ្វើ​ឲ្យ​សភាពការណ៍​រីក​វែងឆ្ងាយ​។​ប៉ុន្តែ​ស្ត្រី​ជា​ប្រពន្ធ​ថា​ខ្លួន​កាន់​កាបូប​មិនមែន​កាន់​កាំភ្លើង​ទេ​។​ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ទុល​មុខ​ភោជនីយដ្ឋាន បី​ប្រាំ​ដើម ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​កាលពី​វេលាយប់ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ។​

សាក្សី​បាន​ឲ្យ​ដឹងថា​ដឹងថា​៖​មុនពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​ពីរ​នាក់ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៥៥៤៥ បានធ្វើ​ដំណើរ​តាមផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BW-៩២៥២ បានធ្វើ​ដំណើរ​តាមផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ស្របគ្នា​។ តែ​អ្នកបើក​ម៉ូតូ​បើក​ជែង​រថយន្ត​ខាងស្តាំ ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត ធ្លាក់​កាង​មុខ​ចំហៀង​ខាងស្តាំ​បន្តិច ។​

​ប្រភព​ដដែល​បាន​បន្តថា​ដោយឡែក​ខាង​ម៉ូតូ​វិញ រង​ការខូចខាត​តិចតួច ចំណែក​មនុស្ស​រងរបួស​រលាត់​ដៃ​រលាត់​ជើង​ស្រាល ។ ដោយឡែក​ប្រភពពី​ខាង​ម៉ូតូ​វិញ បាន​ឲ្យ​ដឹងថា​ខាង​រថយន្ត​ជា​អ្នកបើក​មក​កៀរ​ម៉ូតូ​របស់គាត់​។​ភ្លាម​នោះដែរ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះ​ពីលើ​រថយន្ត រួច​ដៃ​កាន់​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក មក​គំរាម​រូបគាត់​ជា​អ្នកបើក​ម៉ូតូ ដោយបាន​និយាយថា​”​ឯង​ស្គាល់​ប្តី​អញ​អត់​?”​ឃើញ​ដូចនេះហើយ ទើប​រូបគាត់​ខឹងសម្បា​កើតជា​ជម្លោះ​ពាក្យសម្តី​បន្តិចបន្តួច ។​

រីឯ​ខាង​រថយន្ត​វិញ​បាន​និយាយថា​នៅពេល​បង្ក​គ្រោះថ្នាក់​រួចហើយ រូបគាត់​ជា​ប្តី​បាន​ចុះ​ពីលើ​រថយន្ត​ទៅ​ជួយ​លើក និង​បម្រុង​យក​ថ្នាំ​ទៅ​ជូត​របួស​ឲ្យ​ជនរងគ្រោះ​។​ពេលនោះ​ប្រពន្ធ​របស់គាត់ បាន​កាន់​កាបូប​របស់​គាត់​ទៅជា​មួយ និង​មិនបាន​គំរាម​ដក​កាំភ្លើង​នោះទេ ។​

​ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​វិញ​បាន​និយាយថា​ពួកគាត់​ពិតជា​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ខាង​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​រួចហើយ​បាន​កាន់​កាំភ្លើង​មក​គំរាម​ខាង​ម៉ូតូ​ពិតមែន ។​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ក៏បាន​ឲ្យ​ភាគី​ទាំងសងខាង​សុំ​មិន​និយាយ​រឿង​អាវុធ ពីព្រោះ​សុទ្ធតែជា​អ្នកធ្វើការ​ដូចគ្នា ហើយ​ឲ្យ​មក​និយាយ​រឿង​ចរាចរ​វិញ​ម្តង​។​

ពេលនោះ​ខាង​ម៉ូតូ​ទារ​សំណង​ថ្លៃ​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ ចំនួន​៥០​ដុល្លារ​។ តែ​ខាង​រថយន្ត​អត់​ព្រម គឺ​សុំ​ស្មើគ្នា ដោយសារតែ​ការសម្របសម្រួល​គ្នា​អត់​ត្រូវ​គ្នា​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើងគោក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ៕S/​ដោយ​៖​ហូ​សាន់

​គ្រោះថ្នាក់​ចរាចរ​តិចតួច​ប្រពន្ធ​ចេញ​ក្នុង​រថយន្ត​ដក​កាំភ្លើង​គំរាម​អ្នកជិះ​ម៉ូតូ​(រូប៖វ៉េបសាយ)